ភ្នំពេញៈ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានប្រកាស​ថា កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​រហូតដល់​ចុង​សប្ដាហ៍​នេះ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​ដែល​អាច​នឹង​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​កើតឡើង​សាជាថ្មី នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដែល​ស្ថិតនៅ​ទី​ទំនាប​ជាប់​មាត់ទឹក ជាពិសេស​ខេត្ត​កំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧត្តរមានជ័យ​។


យោងសេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ចុះ​ថ្ងៃទី​ ១៤ ខែសីហា ឆ្នាំ​ ២០២២ បាន​ឱ្យដឹងថា ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​នឹង​រំកិល​ធ្លាក់ចុះ​ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដោយ​ភ្ជាប់​ជាមួយ​នឹង​សម្ពាធ​ទាប​ស្ថិត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​របប​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ អាកាសធាតុ​បែបនេះ​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី ​១៩ ខែសីហា ឆ្នាំ​ ២០២២ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ​។

ក្រសួង​បាន​គូសបញ្ជាក់​ថា​ «​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ​អាច​ធ្វើឱ្យ​បណ្តា​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង និង​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​កន្លងមក​ទទួល​បាន​នូវ​បរិមាណ​ទឹកភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន​រួចមកហើយ​នោះ អាច​នឹង​កើតមាន​ជំនន់​ទឹកភ្លៀង​សាជាថ្មី​ម្ដងទៀត ជាពិសេស​ខេត្ត​កំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​​ឧត្តរមានជ័យ​»​។

បើតាម​ក្រសួង​ធនធាន​ទឹក អាជ្ញាធរ​ពាក់ព័ន្ធ និង​សាធារណជន​នៅក្នុង​បណ្ដា​ខេត្ត​ទាំង​ ៨ ​នោះ គប្បី​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​ទឹកជំនន់ ខណៈ​កម្ពស់​ទឹកទន្លេ​មេគង្គ ទន្លេសាប និង ទន្លេបាសាក់ បាន​ជន់​ឡើង​នៅ​គ្រប់​ស្ថានីយ​ជលសាស្ត្រ​ទាំងអស់​។ ក្នុងនោះ ស្ថានីយ​ជលសាស្ត្រ​ទន្លេមេគង្គ ស្ទឹងត្រែង គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែសីហា កម្ពស់​ទឹកបាន​ហក់ឡើង​ដល់​កម្រិត​ ៩,៣៩​ ម៉ែត្រ ខណៈ​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​គឺ​ ១០,៧០ ​ម៉ែត្រ រីឯ​នៅ​​ក្រចេះ ទឹក​មាន​កម្ពស់ ១៩,៧៥ ​ម៉ែត្រ ខណៈ​កម្រិត​ត្រូវ​ប្រកាសអាសន្ន​គឺ​ ២២​ ម៉ែត្រ ... និង​នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់ ១៣,០៤​ ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ត្រូវ​ប្រកាសអាសន្ន គឺ​ ១៥,២០ ​ម៉ែត្រ​។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេស្រែពក​ក្នុង​ខេត្ត​រតនគិរី​បាន​ស្រក​ចុះ​ទៅរក​ស្ថានភាព​ប្រក្រតី​វិញ​ហើយ ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ដោយ​គ្រោះ​ទឹកជំនន់​កាលពី​យប់​ថ្ងៃទី​ ១០ និង ព្រឹក​ថ្ងៃទី​ ១១ ខែសីហា​ឆ្នាំ​ ២០២២ ​នោះ បាននាំគ្នា​វិលត្រឡប់​ទៅ​លំនៅឋាន​របស់​​ពួកគេ​វិញ​អស់​ហើយ​ដែរ​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​អាជ្ញាធរ​មូលដ្ឋាន​។


លោក នូ ថេរ អភិបាលស្រុក​លំផាត់​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី​ ១៤ ខែសីហា​ថា នៅពេល​នេះ កម្ពស់​ទឹក​ទន្លេ​ស្រែពក បាន​ស្រក​មក​នៅក្នុង​កម្រិត​ ៧​ ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ទឹក​ដែល​បាន​ជន់​លិច​ផ្លូវ​ និង​ដីស្រែ ចម្ការ​ប្រជាពលរដ្ឋ​ក៏បាន​ស្រក​ចុះទៅ​វិញ​អស់​ដែរ​។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឱ្យ​ដឹងថា ទឹកជំនន់​ និង​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​ ១៦ ​នៅ​ទូទាំង​ប្រទេស និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​ ២ ៧០៨ ​គ្រួសារ និង​ខូចខាត​ស្រូវ​ប្រមាណ​ជាង ១​ ម៉ឺន​ហិកតា​៕

វីដេអូ៖