ភ្នំពេញៈ ​ថ្វីដ្បិតតែ​ក្នុង​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​ធំៗ ប៉ុន្តែ​ការនេសាទ​ចាប់ ក្ដាម​នៅតែ​បន្ត ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នក​បរិភោគ​នៅ​គ្រប់ទិសទី​ទូទាំងប្រទេស​កម្ពុជា​។ ជា​មធ្យម​ក្ដាមសេះ​ប្រមាណ​ជាង​ ៥​ តោន​ ក្នុង​ ១ ​ថ្ងៃ ត្រូវបាន​ប្រជា​នេសាទ​ក្នុង​ខេត្ត​នៃ​តំបន់ឆ្នេរ​ចាប់​លក់​បោះ​ដុំ និង​លក់រាយ​ទៅឱ្យ​ក្រុមអាជីវករ​យកទៅលក់​បន្ត​នៅ​ទូទាំងប្រទេស​។​


យោងតាម​ការអះអាងរ​បស់​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ក្នុង​វិស័យ​ជលផល ក្ដាម​មេ ​១​ ក្បាល មាន​ពង​ជាង​ ១ ​លាន​គ្រាប់ ហើយ​អត្រា​ញាស់​ជា​កូន​ក្ដាម និង​អាច​រស់រាន​រហូតដល់​ធំ​ក្លាយជា​ក្ដាម​ជំទង់ ដែល​អាច​បង្កាត់​ពូជ​បាន​វិញ​នោះ មាន​ប្រមាណ​ ៤០​ ភាគរយ​។

ទោះជា​បែបណាក៏ដោយ ការចាប់​ក្នុង​ចំនួន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ អាចធ្វើឱ្យ​ធនធាន​ក្ដាមសេះ​នៅក្នុង​ប្រទេស​កម្ពុជា​ធ្លាក់ចុះ ឬអាចឈាន​ទៅរក​ការបាត់បង់​ពូជ​ក្ដាមសេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​បាន ប្រសិនបើ​គ្មាន​ការការពារ​និង​អភិរក្ស​ក្ដាម​មេ​ពូជ​ឱ្យ​បានល្អ​ទេនោះ​។​ ប៉ុន្តែ​តាមរយៈ​គម្រោង​ធនាគារ​ក្ដាម ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០០៨ ដោយ​សហគមន៍​នេសាទ​ចំនួន​ ២៨​ ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ ដូចជា​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង បានធ្វើឱ្យ​ទិន្នផល​ក្ដាមសេះ​ក្នុងប្រទេស​កម្ពុជា​ «​ចាប់​មិនចេះ​អស់​»​។ នេះ​បើតាម​ការអះអាង​របស់​ប្រជា​នេសាទ និង មន្ត្រី​ជំនាញ​ក្នុង​វិស័យនេះ ។


តើ​ធនាគារ​ក្ដាម ពិតជា​បាន​ចូលរួម​បង្កើន​ចំនួន​ក្ដាម​នៅក្នុង​ស្តុក​ធម្មជាតិ​មែនឬ​? តើ​ប្រជា​នេសាទ​ក្នុង​តំបន់ឆ្នេរ ត្រូវបំពេញ​កាតព្វកិច្ច​អ្វីខ្លះ ដើម្បីឱ្យ​ធនធាន​ក្ដាមសេះ​អាច​ចាប់បាន​ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ បាន​ប្រកបដោយ​និរន្តរភាព​?

ជុំវិញ​បញ្ហា​នេះ លោក ចក់ វិនាថ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កែបប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ធនាគារ​ក្តាម​មាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​។ ការបង្កើត​ធនាគារ​ក្តាម គឺ​ដើម្បី​បង្កើន​ផល​ក្តាម​ក្នុង​ស្តុក​ធម្មជាតិ និង​ដើម្បី​ធានា​ការប្រើប្រាស់​ធនធាន​ក្តាម ប្រកបដោយ​និរន្តរភាព ដោយ​ទុកឱ្យ​ក្តាម​ដែលមាន​ពង ជម្រុះ​ពង​ចេញ​សិន មុនពេល​ធ្វើការ​លក់ដូ​រ​។


លោក​បាន​បន្តថា ក្ដាម​មេ​មួយ​ក្បាលមាន​ពង​ដល់​ទៅ​ ១,២​ លាន​គ្រាប់ ដែល​ពង​ទាំងនេះ​អាចញា​ស់បាន​ដល់​ទៅ​ ៨០ ​ភាគរយ ហើយ​អត្រា​រស់រាន​ដល់​ធំ​ពេញវ័យ​ប្រមាណ​ ៤០​ ភាគរយ ប្រសិនបើ​មានការ​ការពារ​ និង​អភិរក្ស​វា​បានល្អ​។ ក្នុង​គោលដៅ​អភិរក្ស​ធនធាន​សមុទ្រ​ប្រកបដោយ​និរន្តរភាព សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​ឱ្យមាន​ភាពប្រសើរឡើង សហគមន៍​នេសាទ​នីមួយៗ ត្រូវ​រៀបចំ​ដាក់លូ​ប្រអប់​សិប្ប​និមិត្ត នៅក្នុង​តំបន់​ដែន​អភិរក្ស​ស្មៅ​សមុទ្រ​របស់ខ្លួន ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​ធ្វើជា​ជម្រក​លាក់ខ្លួន​របស់​ព​ពួក​ក្ដាម ត្រី និង​សត្វ​សមុទ្រ​ផ្សេងទៀត​រស់នៅ និងបង្កាត់​ពូជ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​សហគមន៍​នេសាទ​មួយ បើ​មានការ​ចូលរួម​បរិច្ចាគ ក្ដាម​មេ​ពូជ​ដែលមាន​ពង​ឱប​ជាប់​ខាងក្រៅ​ស្នូក​ចំនួន​ ១ ០០០​ ក្បាល​ ក្នុង​ ១ ​ឆ្នាំ ដើម្បី​ភ្ញាស់​ពង​រប​ស់វា ហើយ​យក​កូន​ក្ដាម​ដែល​ញាស់​ទៅ​លែង​ក្នុង​តំបន់​ការពារ​និង​អភិរក្ស​របស់​សហគម​ន៍ ក្រោយពី​ពួកវា មាន​អាយុ​ជាង​ ១​ សប្ដាហ៍​នោះ យើង​នឹងមាន​ក្ដាម​ក្នុង​រង្វង់​មិនតិចជាង ​៣០ ​លាន​ក្បាល​ឡើយ​ ក្នុង​ ១​ ឆ្នាំៗ​»​។​

បើតាម​លោក វិនាថ នៅក្នុង​ខេត្ត​កែប មាន​សហគមន៍​នេសាទ​ចំនួន​ ៣ ដែល​បាន​រួមគ្នា​បង្កើត​គម្រោង​ធនាគារ​ក្ដាម ក្នុងនោះ​រួមមាន​សហគមន៍​នេសាទ​ភូមិ​ថ្មី សហគមន៍​នេសាទ​អ​ង្កោ​រ និង​សហគមន៍​នេសាទ​អូរ​ក្រសា​។

លោក​បាន​បន្តថា មាន​វិធីសាស្ត្រ​៣​ប្រភេទ រួមមាន​ការបរិច្ចាគ​ក្តាម ការទិញ​ក្តាម​ដែលមាន​ពង និង​ការ​បង្កើតជា​ឥណទាន ត្រូវបាន​គេ​យកមកអនុវត្ត​ក្នុង​គម្រោង​ធនាគារ​ក្តាម​។ សមាជិក​ធនាគារ​ក្តាម​របស់​សហគមន៍ ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកទៅលើ​សមត្ថភាព​នៃ​ការនេសាទ សមត្ថភាព​ក្នុង​ការសង​ឥណទាន និង​ឆន្ទៈ​ក្នុងការ​ផ្តល់​ឱ្យនូវ​ក្តាម​ដែលមាន​ពង​ចំនួន ១ ​ក្បាល​ រៀងរាល់ ២-៣ ​ថ្ងៃ​ម្ដង​។

ប្រធាន​ធនាគារ​ក្តាម​នៃ​សហគមន៍​នេសាទ​ភូមិ​ថ្មី លោក ប្រាក់ សាន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ចាប់តាំងពី​ឆ្នាំ​ ២០០៨ ​មក សហគមន៍​មាន​សមាជិក​ចំនួន​ ២៨​ គ្រួសារ បាន​ចូលរួម​នៅក្នុង​គម្រោង​ធនាគារ​ក្ដាម ដែល​គាំទ្រ​ដោយ​អង្គការ CORIN FAO និង EU តាមរយៈ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប​។ សមាជិក​ទាំងអស់​ត្រូវ​បាន​តម្រូវឱ្យ​បរិច្ចាគ​ក្ដាម​មេ ដែលមាន​ពង​ខាងក្រៅ​ស្នូក ចំនួន​ពី​ ១០-១៥ ​ក្បាល ក្នុង​ ១​ ខែ​ ដើម្បី​ភ្ញាស់​ និង​យកទៅ​លែង​ក្នុង​តំបន់​អភិរក្ស​ស្មៅ​សមុទ្រ​របស់​សហគមន៍​។ ចាប់តាំងពី​នោះមក ទិន្នផល​ក្តាម មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ បើ​ប្រៀបធៀប​ទៅនឹង​ពេល​មិនទាន់មាន​ធនាគារ​ក្តាម​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ក្តាម​បាន​កើនឡើង​ច្រើនជាង​មុន ព្រោះ​យើង​លែង​កូន​ក្ដាម ដែល​យើង​បាន​ភ្ញាស់​ទៅក្នុង​តំបន់​អភិរក្ស​ស្មៅ​សមុទ្រ​ធម្មជាតិ​រាប់លាន​ក្បាល​ក្នុង​ ១​ ឆ្នាំៗ​។ ម្យ៉ាងទៀត​ពីមុន​ទូក​នេសាទ​មួយ​អាច​ចាប់​ក្ដាម​បាន​ប្រមាណ​ ១០ ​គីឡូក្រាម​ក្នុង ​១ ​ថ្ងៃ ដោយ​ប្រើ​លប​ចាប់​ក្ដាម​ចំនួន​ ១​ ពាន់ តែ​ឥឡូវ​គេ​អាច​ចាប់​ក្ដាម​បាន​ដល់​ ១៥ ​គីឡូក្រាម ជាមួយនឹង​ចំនួន​លប​និង​រយៈពេល​ ១ ​ថ្ងៃ​ដូចគ្នា​»​។​

ចំណែក​លោក ទិ​ត្យ រី​ន ប្រធាន​ធនាគារ​ក្ដាម​នៃ​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ នៅ​សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ប្រជា​នេសាទ​ដែល​បាន​ចូលរួម​ជា​សមាជិក​ធនាគារ​ក្ដាម​អាច​ខ្ចីប្រាក់​ពី​សហគមន៍​ចាប់ពី ​៥០​ ម៉ឺន​រៀល​ ដល់​ ១​ លាន​រៀល ក្នុង​រយៈពេល​ពី​ ៦ ​ខែ​ ទៅ​ ១​ ឆ្នាំ​ម្ដង ដោយ​មិន​គិត​អត្រា​ការប្រាក់ ប៉ុន្តែ​តម្រូវឱ្យ​សមាជិក​បរិច្ចាគ​ក្ដាម​មេ ដែលមាន​ពង​ចំនួន​ពី​ ៤-៦ ​ក្បាល​ ក្នុង​ ១ ​ខែ អាស្រ័យ​លើ​ទំហំ​ទឹកប្រាក់​ដែល​បាន​ខ្ចី​ពី​សហគមន៍​។

លោក​ថ្លែងថា​៖ «​ក្ដាម​មេ​ដែលមាន​ពង​នោះ យើង​យក​រក្សាទុក​ដើម្បីឱ្យ​វា​ជម្រុះ​ពង សម្រាប់​ភ្ញាស់​យក​កូន​វា​ទៅ​លែង​ក្នុង​តំបន់​អភិរក្ស​ស្មៅ​សមុទ្រ​និង​ផ្កាថ្ម​របស់​សហគមន៍​។ ចំណែក​មេ​ក្ដាម គឺ​យើង​ថែបំប៉ន​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ក្រោយពី​វា​ជម្រុះ​ពង ដើម្បី​លក់​យកប្រាក់​មក​ទ្រទ្រង់​និង​អភិវឌ្ឍ​សហគមន៍​»​។

បើតាម​ការពណ៌នា​រប​ស់លោក ទិ​ត្យ រី​ន ការ​ភ្ញាស់​ពង​ក្ដាម ត្រូវការ​ពេលវេលា​យ៉ាងតិច​ពី ១​ សប្ដាហ៍ ទៅ​ ៣​ សប្ដាហ៍ អាស្រ័យ​លើ​ពណ៌​សម្បុរ​របស់​វា បើ​ពង​ក្ដាម​នោះ​មាន​ពណ៌​លឿង​គឺជា​ពង​ខ្ចី ត្រូវការ​ពេលវេលា​ប្រមាណ​៣​សប្ដាហ៍​ទើប​ញាស់ ខណៈ​ពង​ក្ដាម​ដែលមាន​ពណ៌​លឿងទុំ ត្រូវការ​ពេល​២​សប្ដាហ៍​ទើប​ញាស់​។ ចំណែក​ពង​ក្ដាម​ដែលមាន​សម្បុរ​ប្រផេះ ត្រូវការ​ពេល ​១ ​សប្ដាហ៍ និង ពង​ក្ដាម​សម្បុរ​ខ្មៅ​ត្រូវការ​ពេល​ពី​៣​ទៅ ​៥​ ថ្ងៃ​ទើប​ញាស់​។

យ៉ាងណាក៏ដោយ នៅក្នុង​រដូវ​កាល​នេះ អាកាសធាតុ​មិន​អំណោយផល​ដល់​អ្នកនេសាទ​សមុទ្រ​គ្រប់គ្នា​ឡើយ​។ អ្នក​ដែលមាន​ទូក​និង​ម៉ាស៊ីន​តូចៗ ភាគច្រើន​មិន​ចេញទៅ​នេសាទ​នោះទេ ព្រោះ​មាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ធំៗ ដែល​អាច​បង្ក​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ប្រជានេសាទបែកចែកប្រភេទក្ដាម ក្រោយពីនេសាទបានពីសមុទ្រ។ រូបថត សហការី

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី ការនេសាទ​ក្តាម ដើម្បី​ទ្រទ្រង់​តម្រូវការ​ក្នុង​ខេត្ត និង​លក់​ចេញទៅ​ក្រៅ ត្រូវបាន​ធ្វើឡើង​ជាប្រចាំ​ដោយ​អ្នកនេសាទ​សមុទ្រ​។ បរិមាណ​ក្តាមសេះ​ជាច្រើន​ត្រូវបាន​នេសាទ ហើយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃបុណ្យ​ឈប់សម្រាក ការផ្គត់ផ្គង់​ក្តាមសេះ​នៅ​ខេត្តកំពត អាច​ឈានដល់​ប្រមាណ ២ ​តោន ​ក្នុង​ ១ ​ថ្ងៃ​។

​ប្រជា​នេសាទ​នៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ លោក គង់ ឆ​យ អាយុ​ ៥៦ ​ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រជា​នេសាទ​ដែល​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់ ចេញ​ទូក​នេសាទ​ទៅរក​ចាប់​ក្ដាម​នៅក្នុង​រដូវ​កាល​នេះ ពួកគេ​អាច​ចាប់​ក្ដាម​បាន​ច្រើន ហើយ​យកមក​លក់​ក៏បាន​ថ្លៃ​ផងដែរ​។

លោក ​ឆ​យ និយាយថា​៖ «​ក្នុង​រដូវ​នេះ​ពុំ​សូវ​មាន​អ្នកចេញ​ទៅរក​ក្ដាម​ទេ ព្រោះ​ខ្លាច​ខ្យល់​និង​រលក​សមុទ្រ​បោក​ពន្លិច​ទូក ម្ល៉ោះហើយ​អ្នក​ដែល​គេ​ហ៊ាន​ គឺ​គេ​ចាប់​ក្ដាម​បាន​ច្រើន ហើយ​លក់​ក៏បាន​ថ្លៃ​ផងដែរ គឺ​ក្នុងតម្លៃ​ពី​៣​ម៉ឺន​រៀល​ទៅ​ ៦ ​ម៉ឺន​រៀល ​ក្នុង ​១​ គីឡូក្រាម អាស្រ័យទៅលើ​ប្រភេទ​ក្ដាម​ធំ​ឬ​តូច​»​។​

អាជីវករ​លក់​ក្ដាមសេះ​នៅ​កំពង់ផែ​កណ្ដាល ដែលមាន​ទីតាំងនៅ​ចម្ងាយ​ប្រមាណ​ ៣០០​ ម៉ែត្រ ពី​សាលា​ខេត្តកំពត អ្នកស្រី កែម ដា អាយុ​ ៥១ ​ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចាប់តាំងពី​មាន​ធនាគារ​ក្ដាម​មក ការផ្គត់ផ្គង់​ក្ដាមសេះ​ដល់​អតិថិជន​នៅ​ទូទាំង​ខេត្ត​នេះ​គឺ​គ្រប់គ្រាន់ និង​មាន​សល់​ខ្លះ​សម្រាប់​លក់​បោះ​ដុំ​ទៅឱ្យ​អតិថិជន​មកពី​ខេត្ត​ផ្សេងៗ យកទៅលក់​បន្ត​ផងដែរ​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​បើទោះជា​នៅក្នុង​រដូវវស្សា​នេះ អាកាសធាតុ​មិន​អំណោយផល ដោយមាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ធំ ធ្វើឱ្យ​អ្នកនេសាទ​មួយចំនួន​មិនអាច​ចេញ​ទូក​ទៅ​នេសាទ​នៅ​ឆ្ងាយៗ​បាន ប៉ុន្តែ​យើង​នៅតែមាន​ក្ដាម​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដដែល​»។​

លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅ​ខេត្តកំពត​មាន​សហគមន៍​នេសាទ​ចំនួន​ ៨ បាន​បង្កើត​ធនាគារ​ក្ដាម ហើយ​ពាក់ព័ន្ធ​នឹង​ធនាគារ​ក្ដាម​នេះ ជា​រៀងរាល់ឆ្នាំ មេ​ក្ដាម​ដែល​ពង​ខាងក្រៅ​ស្នូក​ជាង​ ១ ​ពាន់​គីឡូក្រាម ឬ​ស្មើ​ ១​ ម៉ឺន​ក្ដាម ត្រូវបាន​សហគមន៍​ក្រុម​ធនាគារ​ក្ដាម​ប្រមូល​យកមក​ដាក់​នៅក្នុង​បែ​មួយរយៈ​ដើម្បី​ជម្រុះ​ពង​។

លោក​ថ្លែងថា​៖ «​ចំនួន​នេះ​មិនតិច​នោះទេ បើសិនជា​យើង​គណនា​មេ​ក្ដាម​ ១ ​ក្បាល មាន​ពង ១,២​ លាន​គ្រាប់ ហើយ​អត្រា​ញាស់​ជា​កូន​ក្ដាម​បាន​ ៨០​ ភាគរយ និង​អត្រា​រស់​ធំធាត់​ដល់​ពេញវ័យ​ ៤០​ ភាគរយ អ៊ីចឹង​កូន​ក្ដាម​ដែល​សហគមន៍​យកទៅ​លែង​នៅក្នុង​តំបន់​ស្មៅ​សមុទ្រ​ និង​ផ្កាថ្ម​ក្នុង​ដែនសមុទ្រ​ខេត្តកំពត ដើម្បីឱ្យ​រស់នៅ​តាមបែប​ធម្មជាតិ​វិញ​នោះ មិន​ក្រោម​ពី​ ៣០០​ លាន​ក្បាល​នោះទេ ​ក្នុង​ ១ ​ឆ្នាំ​»​។​

ប្រជានេសាទរៀបចំក្ដាមទុក ក្រោយពីនេសាទបានពីសមុទ្រ។ រូបថត សហការី

ទោះជា​យ៉ាងនេះ​ក្ដី អាជីវករ​លក់​គ្រឿង​សមុទ្រ​នៅ​តំបន់​ឆក​វាលរេញ ក្នុង​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អ្នកស្រី វ៉ាន់ ស្រី​អេង បាន​និយាយថា តម្រូវការ​ក្ដាម​នាពេល​បច្ចុប្បន្ន មានការ​កើនឡើង​ទ្វេដង បើ​ធៀប​ទៅនឹង ​៤-៥​ឆ្នាំមុន​។ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន អ្នកនេសាទ​មួយចំនួន បាន​ល្មើ​សនឹង​បម្រាម​របស់​រដ្ឋ​បាលជ​ល​ផល និង​កិច្ចព្រមព្រៀង​របស់​សហ​គម​ន៍​ដែល​មិន​អនុញ្ញាតឱ្យ​ចាប់​ក្ដាម​តូចៗ​យកមក​លក់​នៅលើ​ទីផ្សារ​។​

អ្នកស្រី​ថ្លែងថា​៖ «​ការចាប់​កូន​ក្ដាម​តូចៗ​យកមក​លក់ នឹង​ធ្វើឱ្យ​ទិន្នផល​ក្ដាម​ថយចុះ ជាពិសេស​ការលក់ដូរ​ក្ដាម​មេ​ដែលមាន​ពង​នៅក្រៅ​ស្នូក​ជិត​នឹង​ញាស់ គឺជា​មហន្តរាយ​ដ៏​ធំ​បំផុត​»​។

ដោយសារ​មាន​បែ​សម្រាប់​ជម្រុះ​ពង​ក្ដាម និង​អាង​ចិញ្ចឹម​ក្ដាម​ទំហំ​ ១០​ម ​x ២០​ម នៅជាប់​មាត់​ឆ្នេរ​នៃ​តំបន់​ឆក​វាលរេញ អ្នកស្រី វ៉ាន់ ស្រី​អេង បាន​ប្រមូល​ទិញ​ក្ដាម​តូចៗ និង​ក្ដាម​ដែលមាន​ពង​ខាងក្រៅ​ស្នូក​យកមក​រក្សាទុក​ក្នុង​បែ និង​អាង​របស់ខ្លួន ដើម្បី​ជម្រុះ​ពង​ចេញ​និង​ថែបំប៉ន​ឱ្យ​ធំធាត់ សម្រាប់​លក់​ដល់​អតិថិ​ជន​។​

អ្នកស្រី​បាន​ថ្លែងថា​៖ «​ពង​ក្ដាម​ដែល​ញាស់ ខ្ញុំ​ប្រគល់ឱ្យ​ទៅខាង​សហគមន៍​ក្រុម​ធនាគារ​ក្ដាម​ក្នុង​តំបន់​កោះ​ខ្យង​និង​ឆក​វាលរេញ​ខ្លះ ដើម្បី​យកទៅ​លែង​នៅក្នុង​សមុទ្រ​ឱ្យ​រស់នៅ​តាមបែប​ធម្មជាតិ និង​រក្សាទុក​ចិញ្ចឹម​ខ្លួនឯង​ខ្លះ ដើម្បី​លក់ដូរ​ដល់​អតិថិជននៅពេល​វា​ធំ​»​។

ស្រដៀង​គ្នា​នេះ លោក ឆឹង ចេង ប្រធាន​សហគមន៍​នេសាទ​ជ្រោយ​ប្រោះ ក្នុង​ខេត្តកោះកុង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ជាទូទៅ​នៅក្នុង​រដូវភ្លៀង​ធ្លាក់ អ្នកនេសាទ​ភាគច្រើន​មិន​ចេញ​ទូក​ទៅណា​ឆ្ងាយ​ពី​តំបន់​នេសាទ​របស់​សហគមន៍​នោះទេ ហេតុដូច្នេះ​ហើយ​ពួកគេ​ក៏​មិនអាច​ចាប់បាន​ក្ដាមសេះ​ធំៗ​នោះដែរ​។​

លោក ឆឹង ចេង បាន​និយាយថា​៖ «​បច្ចុប្បន្ន នៅ​ខេត្តកោះកុង ចាប់​បានតែ​ក្ដាមថ្ម​តូចៗ មិនសូវ​បាន​ក្ដាមសេះ​នោះទេ ព្រោះ​ប្រជា​នេសាទ​យើង​មិន​ហាន​ចេញ​ទូក​ទៅ​ឆ្ងាយៗ ព្រោះ​ខ្លាច​ជួប​ព្យុះ​បក់​ពន្លិច​ទូក​»​។​

បើតាម​លោក ​ឆឹង ចេង ប្រជា​នេសាទ​ដែលមាន​ទូក​ធំៗ គឺ​គេ​ទៅរក​នៅតាម​ប្រជុំ​កោះ​ទឹក​ជ្រៅ គេ​ចាប់បាន​ក្ដាម​ធំៗ​ច្រើន​ដែរ ប៉ុន្តែ​ ២-៣ ​ថ្ងៃ​ម្ដង​ ទើប​ពួកគេ​ត្រឡប់​ចូល​ផែ​ទូក​វិញ ដូច្នេះហើយ​ការផ្គត់ផ្គង់​ក្ដាមសេះ​នៅក្នុង​ខេត្តកោះកុង នា​រដូវភ្លៀង​ធ្លាក់​នេះ មាន​ថ្ងៃ​ខ្លះ​ខ្វះខាត ថ្ងៃ​ខ្លះទៀត​ក៏​គ្រប់គ្រាន់​តាម​តម្រូវការ​។

លោក​បាន​បន្ថែមថា ជាទូទៅ​នៅក្នុង​រដូវ​កាល​នេះ អ្នក​ខេត្តកោះកុង និយម​ហូ​ម​ក្ដាមថ្ម ជាង​ក្ដាមសេះ ព្រោះ​វា​សម្បូរ​និង​ធូរ​ថ្លៃ​ជាង​ក្ដាមសេះ ប៉ុន្តែ​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែមិថុនា គេ​និយម​ហូ​ម​ក្ដាមសេះ ជាពិសេស​នៅក្នុង​រដូវរំហើយ ព្រោះ​ក្ដាម​វា​ធាត់ មាន​សាច់​និង​ខ្លាញ់​ច្រើន​៕