ភ្នំពេញៈ អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ (UN) លោក Vitit Muntarbhorn មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១៥ ​ដល់​ ២៦ ខែ​សីហា ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។


តាម​ការផ្សព្វផ្សាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ១៤ ខែសីហា ឱ្យដឹងថា លោក Vitit Muntarbhorn នឹង​ធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​ឱ្យ​មាន​បរិយាកាស​អំណោយផល​ សម្រាប់​ការទទួល​បាន​សិទ្ធិមនុស្ស រួមទាំង សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ បន្ទាប់ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក Vitit ថ្លែងថា​៖ «​ខ្ញុំ​ទន្ទឹង​រង់ចាំ​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​រួមទាំង​តំណាង​រាជរដ្ឋាភិបាល អ្នកការពារ​សិទ្ធិមនុស្ស និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការអនុវត្ត​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​»​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​នៅពេលនេះ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។ លោក​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ តំណាង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ​។

ជាមួយ​គ្នា​នេះ លោក Vitit នឹង​បង្ហាញ​ការអង្កេត​បឋម​របស់​លោក​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី ​២៦ ខែសីហា វេលា​ម៉ោង ១៤:០០ ម៉ោង​នៅ​ប្រទេស​កម្ពុជា​។ លោក​ក៏​នឹង​បង្ហាញ​របាយការណ៍​បន្ទាប់​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្នុង​អំឡុង​ខែតុលា ឆ្នាំ​ ២០២២​។


លោក​ នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ សីហា​ថា សមាគម​លោក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នឹង​ជួប​ជាមួយ​លោក Vitit Muntarbhorn ដើម្បី​រាយការណ៍​ពី​បញ្ហា​ស្ថានភាព​វិវឌ្ឍន៍​ចុងក្រោយ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បរិយាកាស​នយោបាយ​ជាដើម​។

លោក​បន្តថា ការធ្លាក់ចុះ​នៃ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា គឺ​ការព្រួយបារម្ភ​មួយ​យ៉ាងខ្លាំង​នៅ​មុនពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ហើយ​ករណីនេះ​ក៏​នឹងត្រូវ​បង្ហាញ​ជូន​លោក​ Vitit ផងដែរ​។

លោក​ថ្លែងថា​៖ «​សិទ្ធិ​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ មាន​ដូចជា​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ជួបជុំ​របស់​សមាគម គឺជា​រឿង​មួយ​សំខាន់​ដែល​យើង​ត្រូវ​យក​ទៅ​ពិភាក្សា​គ្នា​ដែរ និង​ដើម្បី​លើក​ជា​ព័ត៌មាន​ជូន​អ្នករាយការណ៍​ពិសេស​ដែរ​»​។

លោក កត្តា អ៊ន សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ១៤ សីហា​ថា តាម​កាលវិភាគ​នៅ​រៀងរាល់​ខែកញ្ញា អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​របាយការណ៍​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ ដូច្នេះ នៅមុន​ខែ​កញ្ញា អ្នករាយការណ៍​ពិសេស​របស់ UN តែងតែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ដែល​ខ្លួន​ទទួល​បន្ទុក​។ តាម​កាលវិភាគ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ជួបពិភាក្សា​ជាមួយ លោក Vitit Muntarbhorn នៅ​ថ្ងៃទី​ ១៧ ខែសីហា ឆ្នាំ​ ២០២២ ដើម្បី​ពិភាក្សា​គ្នា​អំពី​វឌ្ឍនភាព​ពី​បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​ផ្សេងៗ ដែល​លោក Vitit ចង់ដឹង​។

លោក​ថ្លែង​ថា​៖ «​ជាទូទៅ នៅ​រៀងរាល់​ឆ្នាំ នៅពេល​ដែល​យើង​ជួប យើង​តែងតែ​លើក​ពី​វឌ្ឍនភាព​សិទ្ធិមនុស្ស​របស់​រាជរដ្ឋាភិបាល យន្តការ​សិទ្ធិមនុស្ស​នៃ​ការធ្វើ​របាយការណ៍​តាម​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ជា​សមាជិក និង​បញ្ហា​មួយចំនួន​ទៀត ដែល​លោក​ចង់បាន​នៅក្នុង​អំឡុង​ពេលនេះ​»​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ សីហា​ថា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ គឺជា​អ្នក​ជំនាញការ​ឯករាជ្យ ដោយ​មាន​ការសិក្សា និង​ស្រាវជ្រាវ ហើយ​ការចេញ​របាយការណ៍ គឺជា​ទស្សនៈ​ផ្ទាល់ខ្លួន មិន​តំណាង​ឱ្យ​អង្គការ​សហប្រជាជាតិ​ទេ​។ ទោះជា​យ៉ាងណា របាយការណ៍​ដែល​អ្នករាយការណ៍​ពិសេស​រូបនេះ​ចេញ​មក​យ៉ាងណា​នោះ គឺ​កម្ពុជា​គ្មាន​សិទ្ធិ​បង្ខំ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុងជំនួប​នាពេល​កន្លងមក ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ គាត់​នឹង​ធ្វើ​របាយការណ៍​មួយ​ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ ហើយ​របាយការណ៍​នោះ គឺ​មាន​ការបង្ហាញ​ទស្សនៈ​យល់ឃើញ ការសង្កេត​ឃើញ និង​ការស្រាវជ្រាវ​របស់គាត់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយក៏​គាត់​នឹង​ផ្តល់​អនុសាសន៍​មួយចំនួន​ផងដែរ​»​។

បើតាម លោក ជិន ម៉ាលីន កម្ពុជា រីករាយ​នឹង​ធ្វើការ​បំភ្លឺ​រាល់​ចម្ងល់ និង​បន្ថែម​លើ​បញ្ហា​ណាមួយ ដែល​អ្នករាយការណ៍​ពិសេស​រូបនេះ​ចង់ដឹង​ក្នុង​ការយក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ព័ត៌មាន ឬ​របាយការណ៍​ដែល​ទទួល​បាន​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ដែលមាន​និន្នាការ​ប្រឆាំង​។ ចំពោះ​អនុសាសន៍​ផ្សេងៗ​របស់​អ្នករាយការណ៍​ពិសេស​នេះ កម្ពុជា​នឹង​ពិចារណា​លើ​ចំណុច​ណា ដែល​អាច​យក​មក​អនុវត្ត និង​មិនអាច​អនុវត្ត បើ​អនុសាសន៍​នោះ​ខុសពី​ស្ថានភាព​ជាក់ស្តែង និង​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​៕