យុទ្ធនាការអន្ទាក់សូន្យ ដើម្បីឱ្យបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃកំពុងទទួលបានប្រជាប្រិយភាព

កំពង់ធំៈ យុទ្ធនាការអន្ទាក់សូន្យ ដែលធ្វើឡើងនៅខេត្តកំពង់ធំទទួលបានប្រជាប្រិយភាព ដោយមានការចូលរួមពីសំណាក់សិល្បករ អង្គការដៃគូ និងពលរដ្ឋយ៉ាងច្រើនកុះករលើសពីការរំពឹងទុក ខណៈក្រសួងបរិស្ថាននឹងធ្វើយុទ្ធនាការស្រដៀងគ្នានេះនៅតាមបណ្តាខេត្តនៅជាប់ជួរភ្នំក្រវាញបន្តទៀត។
យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានប្រកាសចាប់ផ្តើមដំណើរការនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ១២ ខែសីហាដែលមានអ្នកចូលរួមរាប់រយនាក់ក្នុងនោះមានសិស្សានុសិស្ស សិល្បករ អង្គការដៃគូ អាជ្ញាធរខេត្ត និងមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានដើរក្បួននៅជុំវិញផ្សារកំពង់ធំ ដោយមានសរសេរពាក្យស្លោក ចងបដានៅតាមដើមឈើស្តីពីការបញ្ឈប់ការដាក់អន្ទាក់។ កំពង់ធំ គឺជាខេត្តទី៥ ហើយដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការនេះ បន្ទាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ហើយនឹងបន្តទៅខេត្តរតនគិរីក្នុងខែកញ្ញា។ គិតត្រឹមរយៈពេលជាង ៥ ខែមកនេះ មានភោជនីយដ្ឋានចំនួន ៤៧ បានប្រកាសពហិការមិនលក់សាច់សត្វព្រៃ ដោយក្នុងនោះភោជនីយដ្ឋានខេត្តមណ្ឌលគិរី ៣២ ក្រចេះ ៥ ព្រះវិហារ ៥ និងកំពង់ធំចំនួន ៥។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថា គោលបំណងសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសត្វព្រៃនៅតំបន់ការពារធម្មជាតិមានសុវត្ថិភាព និងចៀសផុតពីបញ្ហាគំរាមកំហែងដោយសារអន្ទាក់។ បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ ក្រសួងនឹងធ្វើការវាយតម្លៃអំពីលទ្ធផលដែលទទួលបាន ថាតើយុទ្ធនាការរយៈពេល ៦ ខែនេះបានផ្តល់ផលអ្វីខ្លះ។ ជាការកត់សម្គាល់រយៈពេល ៥ ខែ ដែលបានអនុវត្តកន្លងទៅទទួលបានចំណុចវិជ្ជមានជាច្រើនដែលចេញពីលទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យ ជាពិសេស គឺការយល់ដឹងពីសាធារណជនអំពីផលប៉ះពាល់នៃអន្ទាក់ ការចូលរួមក្នុងការកាត់បន្ថយពីការហូបសាច់សត្វព្រៃ ហើយប្រជាពលរដ្ឋបានដឹងពីសារៈប្រយោជន៍នៃជីវចម្រុះ។
លោកថា៖ «អ៊ីចឹងលទ្ធផលរួមដែលយើងធ្វើហើយ យើងពិនិត្យមើលថែមទៀត ការវាយតម្លៃបែបវិជ្ជាសាស្ត្រជាមួយភាគីពាក់ព័ន្ធនានា ក្នុងការរៀបចំផែនការបន្ទាប់»។ ក្រៅពី ៦ ខេត្តនេះ ក្រសួងបរិស្ថានក៏នឹងចាប់ដៃគូជាមួយអង្គការដៃគូផ្សេងទៀត គឺនៅទិសភ្នំក្រវាញ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង និងខេត្តកំពង់ឆ្នាំង ដែលជាខេត្តមានតំបន់ការពារធម្មជាតិធំ ហើយក៏ជាទីតាំងដែលមានការដាក់អន្ទាក់ ជាពិសេសពីជួរភ្នំក្រវាញចាប់ពីខេត្តកោះកុងមក។
លោកថា៖ «យើងកំពុងធ្វើការងារសម្របសម្រួលជាមួយអង្គការដៃគូ យើងនឹងជួបជាមួយអង្គការដៃគូទាំងនោះ ដើម្បីរៀបចំទម្រង់ដូចគ្នាទៅនឹងយុទ្ធនាការអន្ទាក់សូន្យ ហើយយុទ្ធនាការនេះយើងនឹងធ្វើជាលក្ខណៈភ្លៀងរលឹម ដើម្បីផ្សព្វផ្សាយ អប់រំ និងផ្ញើសារជាបន្តបន្ទាប់ជូនទៅដល់សាធារណជនអំពីចំណុចនេះរហូតដល់យុទ្ធនាការបានជោគជ័យ»។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្កដា មានប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយក្រោមប្រធានបទ “អន្ទាក់សូន្យ” ដែលជាប្រធានបទដ៏រសើប និងជាប្រវត្តិសាស្ត្រ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
លោកបន្តថា សត្វព្រៃកំពុងរងការគំរាមកំហែង ដោយសារដាក់អន្ទាក់ និងកត្តាខ្វះចំណេះដឹង ទោះបីមន្ត្រីឧទ្យានុរក្សខិតខំប្រឹងប្រែងចុះល្បាតទាំងថ្ងៃ យប់ក៏ដោយ ខណៈលោកប្តេជ្ញាទប់ស្កាត់ ការដាក់អន្ទាក់ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកថា៖ «មន្ទីរបរិស្ថានខេត្តកំពង់ធំនៅតែប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ រួមទាំងសត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិទាំង ៦ កន្លែង ក្នុងកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន អង្គភាព និងអង្គការដៃគូពាក់ព័ន្ធ»។
មន្ត្រីឧទ្យានុរក្សនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក សេង សុគន្ធ ដែលចូលបម្រើការងារនេះរយៈពេល ៤ ឆ្នាំមកហើយបានថ្លែងថា លោកពេញចិត្តជាមួយការងារនេះ និងបានចូលរួមដើរល្បាតទាំងយប់ ទាំងថ្ងៃ ក្រោមមេឃភ្លៀងរលឹម ដើម្បីទប់ស្កាត់ការដាក់អន្ទាក់នេះ។ លោកថា៖ «ចុះល្បាត ១ ក្រុមៗមានគ្នា ១០ នាក់ ពេលខ្លះឃើញព្រានព្រៃយើងដេញ ពេលខ្លះមិនឃើញ ប៉ុន្តែយើងឃើញអន្ទាក់ក៏ដោះចេញ ជនខិលខូចពេលឃើញយើងមានគ្នាច្រើនក៏មិនសូវហ៊ានចូលដែរ»។
តារាចម្រៀងដ៏មានប្រជាប្រិយភាពអ្នកនាង មាស សុខសោភា បានថ្លែងថា ទាក់ទងកិច្ចការពារធនធានធម្មជាតិនេះ អ្នកនាងបានបង្កើត Meas Soksophea Heart Foundation កាលពីឆ្នាំ ២០១០ ដើម្បីជួយលើការអភិរក្ស។ អ្នកនាង សប្បាយចិត្តដែលបានចូលរួមជាផ្នែកមួយនៃយុទ្ធនាការនេះ ហើយនឹងខិតខំបន្តទៀតទៅតាមសកម្មភាពដូចជា ការផលិត MV និងបង្កើតជាមាតិកាបង្ហោះនៅលើបណ្តាញសង្គម។ អ្នកនាងថា៖ «ព្រោះវាជាការស្រឡាញ់ហើយខ្ញុំចង់ឱ្យហ្វេនៗ បងប្អូនខ្មែរដាក់ចិត្តស្រឡាញ់ធម្មជាតិ សត្វព្រៃ ប្តូរឥរិយាបថមកធ្វើរឿងដែលល្អៗជួយដល់សង្គមជាតិ»។
តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ FFI លោក ចន្ថា ណាសាក់ ថ្លែងថា FFI ពិតជាមានមោទនភាពដែលបានចូលរួមនៅក្នុងយុទ្ធនាការអន្ទាក់សូន្យ និងគាំទ្រនូវយុទ្ធនាការនេះ។ លោកថា៖ «អន្ទាក់ខុសច្បាប់គ្រប់ប្រភេទបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ មិនត្រឹមតែប៉ុណ្ណោះប្រឈមដល់មនុស្សដែលចុះទៅប្រមូលអនុផលព្រៃឈើ និងបម្រើវិស័យទេសចរណ៍។ អ៊ីចឹងអន្ទាក់ពិតជាបង្កើនវិបត្តិដ៏ធ្ងន់ធ្ងរដល់ជីវចម្រុះ ហើយតាមរយៈយុទ្ធនាការនេះនឹងចូលរួមដោះស្រាយបញ្ហាទាំងនេះ»។
លោក ឡូន ឈួង អ្នកសម្របសម្រួលសហគមន៍ទេសចរណ៍ប្រាសាទសម្បូរព្រៃគុកថ្លែងថា ជាការពិតយុទ្ធនាការអន្ទាក់សូន្យនេះពិតជាបានរួមចំណែកសំខាន់ក្នុងការកាត់បន្ថយការបរបាញ់សត្វព្រៃដោយបានផ្លាស់ប្តូរឥរិយាបថសហគមន៍ប្តូរមកប្រកបរបរត្រឹមត្រូវ។
លោកថា៖ «ពីមុនពលរដ្ឋដើរចូលព្រៃបរបាញ់សត្វ មានដូចជា ជ្រូកព្រៃ ពង្រូល ឈ្លូស ប៉ុន្តែតាំងពីយើងចងក្រងជាសហគមន៍មកគាត់មិនប្រព្រឹត្តសកម្មភាពនេះទៀតនោះទេ ណាមួយក្រសួង និងអង្គការបានជួយបង្កើតសេដ្ឋកិច្ចមូលដ្ឋានដូចជា ការផ្តល់ចំណេះដឹង ជំនួយបច្ចេកទេស និងផ្តល់ពូជសត្វ ដើម្បីចិញ្ចឹម»៕