អាជ្ញា​ធរជាតិ​អប្សរា​ ចង់​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ប្រា​សាទ​តូចៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​សៀម​រាប​

Content image - Phnom Penh Post
ទិដ្ឋភាពប្រាសាទចៅសាយទេវតា នៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី ១៤ សីហា ឆ្នាំ ២០២២។ រូបថត អាជ្ញាធរជាតិអប្សរា

សៀមរាបៈ មន្ត្រីអាជ្ញា​ធរ​ជាតិ​អប្សរា​អះ​អាង​ថា ​មាន​ប្រា​សាទ​បុរាណ​តូចៗ​ជា​ច្រើន​ក្នុ​ង​ខេត្ត​សៀម​រាប​ មិន​ទាន់ត្រូវបានភ្ញៀវទេសចរ​ស្គាល់​នៅ​ឡើយ​ទេ​ ហើយ​ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​បាន​ស្គាល់​កាន់តែ​ទូលំ​ទូលាយ​​អាជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​កែលម្អ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​​មួយ​ចំនួន​ និងបន្ថែម​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ជា​ដៃគូ​ផង​ដែរ​។​

​លោក​ ឡុង កុសល​ អ្នក​នាំ​ពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ សីហាថា ​មាន​ប្រា​សាទ​តូចៗ​ជាច្រើន​ទៀត​ក្នុង​ខេត្ត​សៀម​រាប​ គឺភ្ញៀវ​ទេស​ចរ​មិនសូវ​បាន​ស្គាល់​អស់​នៅ​ឡើយ​ទេ​។ ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​កាន់​តែ​​ងាយ​ស្រួល​ក្នុង​ការ​ចូលទៅ​ទស្សនា​តំបន់​ប្រា​សាទ​តូចៗ​នោះ ​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និង​កំពុង​តែ​កែលម្អ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ដូច​ជា​រៀបចំ​ឱ្យ​មាន​ទី​កន្លែង​ចំណត​រថ​យន្ត ការ​កែ​លម្អ​សម្រួល​ផ្លូវ​ ទៅ​កាន់​ប្រាសាទ​តូចៗ​ទាំង​នោះ​ ជា​ដើម​។

ទន្ទឹម​នឹង​នេះ​អាជ្ញាធ​រជាតិ​អប្សរា​បាន​ដាក់​នូវ​គ្រឿង​បរិក្ខា​រទេស​ចរណ៍​មួយ​ចំនួន​ ដើម្បី​ទ្រទ្រង់​នៅតំបន់​ប្រា​សាទ ​ជា​ពិសេសទីតាំង​ប្រា​សាទ​នៅ​ពេល​ដែល​មាន​ភ្ញៀវ​ទេស​ចរ​ចូលទៅ​ទស្សនា​ច្រើន​នឹង​ធ្វើ​ឱ្យមាន​ភាព​ចង្អៀត​ណែន​។ដូច្នេះ​ហើយ​ត្រូវធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សុវត្ថិ​ភាព ​ទាំង​ផ្លូវ​ដើរ ​ទាំង​ការ​ទស្ស​នានៅ​ក្នុង​ប្រា​សាទ​។​

​លោក​ថ្លែង​ថា​៖ «​អ៊ី​ចឹ​ងទេ​យើង​ត្រូវតែ​បំពេញ​កិច្ចការ​ទាំង​អស់​នោះ​​ឱ្យបាន​រួច​រាល់​សិន​មុននឹង​ឱ្យ​គាត់​អញ្ជើញ​ទៅ​ទស្សនា​បាន​។​ យើង​ខ្លួន​ឯង​សិក្សា​អំពី​ផ្លូវ​ទស្សនា​ចរណ៍​ថា ​តើ​នៅ​ក្នុង​ប្រា​សាទ​នោះ​គាត់​អញ្ជើញ​ទស្សនា​ពី​កន្លែង​ណា​ ទៅ​កន្លែង​ណា ​គឺ​យើង​ត្រូវ​គិត​អា​ហ្នឹង​មួយ​ជំហាន​មុន ​ព្រោះ​ភ្ញៀវ​ទេស​ចរ​គាត់​ចាំ​តែ​ទៅ​ទេ​»​។​

​បើតាម​លោក​ ឡុង ​កុសល ​ពីមុនៗ​មក​ ភ្ញៀវ​ទេសច​រ​មិនសូវ​ស្គាល់​ប្រាសាទ​តូចៗ​ប៉ុន្មាន​ទេ​។ព្រោះ​បញ្ហា​ទី​១ ​គឺ​បណ្តាល​មកពី​ក្រុម​ហ៊ុន​ទេស​ចរណ៍​ដែល​គាត់​រៀបចំ​កញ្ចប់​ទេសច​រ​តម្រង់​ទៅ​តែ​គោលដៅ​​ទេស​ចរណ៍​ធំៗ​។ ដូច្នេះ​អាជ្ញា​ធរ​ជាតិ​អប្សរា​ត្រូវតែ​ធ្វើការ​ជាមួយ​ខាង​ក្រុម​ហ៊ុន​ទេស​ចរណ៍​ ដែលជា​អ្នករៀប​ចំ​កញ្ចប់​ទស្សនា​ឱ្យ​បង្វែរ​ភ្ញៀវ​ទេស​ចរទៅ​មើល​ទីតាំង​ទេស​ចរណ៍​កន្លែង​ផ្សេង​ទៀត​ ឬក៏​អ្នក​ដើរ​ទេស​ចរណ៍​ឯករាជ្យ​ដែល​គាត់​ដើរ​ដោយ​ខ្លួន​ឯង​ឱ្យ​គាត់​បាន​ដឹង​នូវ​ព័ត៌​មាន​ហ្នឹង​ឱ្យ​បាន​ច្រើន ​គឺ​គាត់​នឹង​ទៅ​ទី​នោះ​បាន​កាន់​តែ​ច្រើន​។​

​លោក​បន្ត​ទៀត​ថា ដើម្បី​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ បាន​ដឹង​ពី​ប្រា​សាទ​តូចៗ​ទាំង​នោះ​កាន់​តែច្រើន ​​​គឺ​ខាង​អាជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ដែល​គាត់​ធ្វើ​ប្រតិប​ត្តិ​ការ​​លើ​វិស័យ​ទេស​ចរណ៍​តាមរយៈ​ការដឹកនាំ​ភ្ញៀវ​ឬ​ជូន​ភ្ញៀវ​ជាដើម​។ ម្យ៉ាង​វិញទៀត​អា​ជ្ញាធរជាតិ​អប្សរា​ខ្លួនឯង​ក៏ត្រូវ​ផ្សព្វ​ផ្សាយ​ទៅ​តាម​លទ្ធ​ភាព​ដែលមានផងដែរ​ ក៏ប៉ុន្តែ​មិន​អាច​ខាន​បានទេ​ចំពោះ​ស្ថាប័ន​ពាក់​ព័ន្ធ​ជាពិ​សេស​វិស័យ​ឯក​ជន​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ទីផ្សារ​ទេស​ចរណ៍​។​

​ពាក់ព័ន្ធ​​នឹង​ការ​ជំរុញ​ភ្ញៀវ​ទេស​ចរ​ឱ្យ​ងាក​ទៅ​ទស្សនាប្រាសាទតូ​ចៗ​វិញ​នោះ​លោក ​ឡុង កុសល ​បានបញ្ជាក់ថា ​គឺ​អាជ្ញាធរជាតិ​អប្សរាមានគោល​បំណង​សំខាន់​មួយចំនួន​គឺ​ទី​១​ ចង់​ពន្យា​រ​ឱ្យមាន​ពេល​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ ព្រោះ​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប​មាន​ច្រើន​។​ ទី​២​ អាជ្ញាធរជាតិ​អប្សរា​ចង់ឱ្យ​ភ្ញៀវ​ទេសចរបាន​ទៅដល់​គ្រប់​ទីកន្លែង​ផ្សេងៗ​ទៀត​ ដែល​មិន​សំដៅលើ​តែ​តំបន់​ទេស​ចរណ៍​ធំៗ​ទេ​ គឺ​អាជ្ញាធរ​ជាតិ​អប្សរា​មា​នបំណង​ឱ្យ​ភ្ញៀវ​ទេសចរបង្វែរ​ទៅ​មើល​ប្រាសាទ​ផ្សេងៗ​ទៀត​។​

យ៉ាង​ណា​ក្ដី លោក ​កុសល ​មិន​អាច​បញ្ជាក់​បានទេ​ថា ​ប្រា​សាទ​តូចៗ​នៅ​ក្នុង​ខេត្ត​សៀម​រាប​សរុប​មាន​ចំនួន​​ប៉ុន្មាន​នោះ​ទេ​ ដោយ​លោក​គ្រាន់​តែ​ដឹង​ថា​ នៅ​មាន​ច្រើន​ទៀត​៕

ព័ត៌មានថ្មីៗ