ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សុខា​ភិបាល​បាន​លើក​ឡើង​ថា រដ្ឋាភិបាល និង​ប្រជាជន​អេស្ប៉ាញ​បាន​ផ្តល់​​ជំនួយទ្វេ​ភាគី​ ​ជា​វ៉ាក់សាំង​កូវីដ ១៩ ប្រភេទ Pfizer ចំនួន​ ៣០ ​ម៉ឺន​ដូស ​មកដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​វ៉ាក់​សាំងទាំង​នេះ​ជាប្រភេទ​សម្រាប់​ចាក់​ជូនក្មេង​ៗ។


លោក​ស្រី យក់​ សម្បត្តិ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​នៅ​យប់ថ្ងៃទី​ ១៦ ខែសីហាថា វ៉ាក់សាំង​កូវីដ ១៩ ប្រភេទ Pfizer នេះ​ ​នឹង​ដឹកមក​ដល់​ប្រទេស​កម្ពុជា នៅ​​ថ្ងៃទី​ ១៦ ឈាន​ចូល​ថ្ងៃទី​ ១៧​ ខែសីហា​ ហើយ​ពិធី​ប្រគល់​និង​ទទួលជា​ផ្លូវការ​ នឹង​ត្រូវ​ធ្វើ​ឡើង​ នាថ្ងៃទី​ ១៨ ខែ​សីហា ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។​

កម្ពុជា​ទទួល​បាន​វ៉ាក់សាំងកូវីដ​ ១៩​ ទាំង​ជំនួយ​ និង​ការបញ្ជា​ទិញ​ដោយរាជ​រដ្ឋាភិបាល​មាន​ចំនួនជាង​ ៧០ លានដូស​ ហើយ​មក​ដល់​ពេលនេះ​​វ៉ាក់សាំង​ដែល​នៅសល់ក្នុង​ឃ្លាំងមាន​ជាង​ ៧ លានដូស​ទៀត។ នេះ​បើតាម​ការ​បញ្ជាក់ពី​លោក​ស្រី យក់ សម្បត្តិ។


រដ្ឋលេខា​ធិការ​ក្រសួង​សុខា​ភិបាលនិង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ​.​វ​.​ក-១៩) លោកស្រី​ ឱ វណ្ណឌី​ន កាល​ពីថ្ងៃទី​ ១៤ ខែសីហា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ ដោយលោកស្រី​បាន​អំពាវនាវ​ ដល់​​ប្រ​ជា​ពល​រដ្ឋ​កុំ​ធ្វេសប្រហែស​ឱ្យសោះពីជំងឺ​កូវីដ​ ១៩ ដោយ​ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣​ ការពារ និង ៣ ​កុំ រួម​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ដូ​ស​ជំរុញ​ផង​ដែរ។

​លោកស្រី​ថ្លែងថា​៖ «យោងតាម​សេចក្តី​ជូន​ព័​ត៌​មាន​ប្រចាំថ្ងៃនៅ​តែ​បង្ហាញថា កូ​វីដ​ ១៩ កំពុងតែ​នៅមាន​ការឆ្លង​នៅក្នុង​ប្រទេស​នៅឡើយ​ ជាពិសេស​ពួក​អូ​មី​ក្រុង​ ដែលជា​វីរុស​កូ​វីដ​ ១៩ បំប្លែ​ង​ថ្មីហើយ​នៅតាម​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​នៅលើ​សកល​លោក ក៏​នៅតែមាន​ការឆ្លង​បន្ត​និង​មាន​ករណី​ស្លាប់​បន្ថែម​ទៀត​ផង​ដែរ​»​។


​​​យោង​តាម​ការ​វាយ​តម្លៃ​របស់​សារព័​ត៌​មាន Neikki Asia សម្រាប់ COVID-19 Recovery Index គិត​ត្រឹម​ថ្ងៃទី ​៣១ ខែ កក្កដា ឆ្នាំ​ ២០២២ កម្ពុជា​ឈរ​នៅលើ​ចំណាត់ថ្នាក់​លេខ ២ នៅក្នុង​ចំណោម​ប្រទេស​ប្រមាណ ១២១​​ដែល​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ​ ១៩ ​បាន​ច្រើន​ជាង​គេ​។​

​យោង​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែសីហា អត្រា​ចាក់វ៉ាក់​សាំង​កូវីដ​ ១៩ នៅ​កម្ពុជា ធៀ​ប​នឹងចំនួន​ប្រជាជន​សរុប ១៦ ​លាន នាក់ មាន​ចំនួន​ ៩៤,៦៩% បាន​ចាក់វ៉ាក់​សាំង​ ដោយ​ក្នុង​នោះ​ អ្នក​ដែល​បាន​ចាក់ដូស​ទី១​ បាន​ចំនួន​ជាង​ ១៥ លាន​នាក់ ដូសទី​២ បាន​ចំនួន​ជាង​ ១៤ ​លាន​នាក់។

ក្រសួង​បាន​បន្ត​ទៀត​ថា សម្រាប់​អត្រា​អ្នក​ដែល​បាន​ចាក់ដូ​សទី​៣ មាន​ចំនួន​ជិត​ ១០​ លាន​នាក់​ អ្នក​ចាក់​ដូស​ទី​៤ មាន​ចំនួន​ជិត ​៤​ លាន​នាក់ និង​អ្នក​ដែល​បាន​ចាក់​ដូស​ទី​៥ មាន​ចំនួន​ជាង​ ៥៥ ម៉ឺន​នាក់​៕