លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ និងបញ្ជាជាថ្មីថា តំបន់ភ្នំតាម៉ៅត្រូវតែរក្សាទុកជាព្រៃអភិរក្ស ហើយលោកក៏បានឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើតាមរបៀបព្រះរាជក្រឹត្យដើម្បីរក្សាតំបន់នេះទៅជាតំបន់ព្រៃអភិរក្សសម្រាប់ការពារជារៀងរហូតតទៅ។
លោកបានបញ្ជាក់ដូចនេះតាមរយៈសារសំឡេងពិសេសនាយប់ថ្ងៃទី ១៦ ខែសីហា បន្ទាប់ពីមានការសង្ស័យពីជនមួយចំនួន ដោយបានវាយតម្លៃយ៉ាងឆាប់រហ័សថា ដីនេះនឹងត្រូវក្លាយជាដីរបស់ឯកជន។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «សម្រាប់ដីព្រៃនេះយើងសុទ្ធតែដាំកូនឈើប្រណីត ហើយដែលឥឡូវនេះខ្ញុំបានចេញបទបញ្ជាទៅមេបញ្ជាការកងអង្គរក្ស ក៏ដូចជាអ្នកដែលទទួលខុសត្រូវការងារដាំដុះនៅទីនោះ ប្រែក្លាយទៅជាតំបន់ឈូសឆាយនេះទៅជាសួនដាំដើមឈើ ឬក៏ចម្ការដាំដើមឈើ ដែលសុទ្ធតែជាឈើប្រណីត»។
ដើម្បីចៀសវាងនូវបញ្ហាភ័ន្តច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួន លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមព្រះរាជក្រឹត្យកំណត់និយាមការតំបន់ភ្នំតាម៉ៅ ដែលត្រូវជាតំបន់ការពារនេះចេញជាព្រះរាជក្រឹត្យដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ដែលត្រូវការពារតែម្តង។
ដើម្បីសម្រុកដាំដើមឈើឡើងវិញ ដើម្បីទាន់ក្នុងរដូវភ្លៀង កងកម្លាំងអង្គរក្សជាង ១ ពាន់នាក់ និងគ្រឿងចាក់ចំនួនជាង ១០០ គ្រឿង ដាក់ទៅតំបន់ភ្នំតាម៉ៅដែលត្រូវបានឈូសឆាយនោះ ដែលមានទំហំជាង ៥០០ ហិកតា។ នេះបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕