តាកែវៈ​ បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សារ​សំឡេង​កាល​ពី​​យប់​ថ្ងៃទី​ ១៦ ​ខែ​សីហា​ ឱ្យ​ក្រសួង​កសិ​កម្ម​រៀប​ចំ​ព្រះរាជ​ក្រឹត្យ​ដើម្បី​រក្សា​តំបន់​ភ្នំ​តា​ម៉ៅ​រួចមក​ រដ្ឋមន្ត្រី​កសិកម្ម​លោក វេ​ង​ សាខុន បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ​១៨ ​ខែសីហា​ថា សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ​នោះ ​ក្រសួង​បាន​រៀបចំ​ឯកសារ​រួច​រាល់​អស់​ហើយ​ និង​កំពុង​រៀបចំ​បញ្ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ដើម្បី​ធ្វើការ​ពិនិត្យ​ចុងក្រោយ​។​


​លោក វេ​ង សាខុន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃទី​ ១៨​ ខែ​សីហា​ថា​៖ «​យើង​កំពុង​រៀបចំ​បញ្ជូន [​ឯកសារ​ព្រាង​ព្រះរាជ​ក្រឹត្យ​]​ ទៅ​សម្តេច​តេ​ជោ យើង​រៀប​ចំ​ឯក​សារ​រួច​អស់​ហើយ​រង់ចាំ​តែ​ការ​ពិនិត្យ​ចុង​ក្រោយ​»​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម​បាន​ឱ្យដឹង​ទៀតថា ​លោក​បាន​បញ្ជូន​មន្ត្រី​ចុះទៅ​ពិនិត្យ​មើល​ប្រភព​ទឹក​ដើម្បី​នាំ​យក​ទៅ​ស្រោច​ស្រព​ដំណាំ​កូន​ឈើ​នៅ​រដូវ​ប្រាំ​ងដើម្បី​ថែរក្សា​ឱ្យមាន​ការ​លូត​លាស់​ល្អតាម​ការណែ​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​។ លោក​ថា ​ប្រភព​ទឹក​ដែល​អាច​យកទៅ​ស្រោច​ស្រព​បាន​នៅ​លើ​ផ្ទៃដី​ដាំ​ដុះ​កូនឈើ​នេះ គឺ​យក​ចេញពី​ទន្លេ​បាទី​។ ក្រុម​ការងារ​ដែល​ចុះ​ទៅ​បាន​និង​កំពុង​គូស​វាស​ផែន​ការ​ក្នុង​ការ​រៀបចំ​កន្លែង​ស្តុក​ទឹក និង​ប្រព័ន្ធ​ទុយោ​ទឹក ដែល​អាច​នឹង​បញ្ចប់​ការងារ​គ្រោង​ប្លង់​ក្នុង​ពេល​ឆាប់ៗ​នេះ​។​


​លោក​ថ្លែង​ថា​៖ «​យើង​បាន​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ​រួចហើយ​ដោយ​ជ្រើស​រើស​យក​ទីតាំង​បឹង​ទន្លេ​បាទី​ធ្វើជា​ស្តុកបូម​ពី​ស្តុក​ហ្នឹង​ទៅ​តាម​ទុយោ​ហើយ​យើង​នឹង​រៀប​ចំ​ធ្វើជា​បា​សាំង​មួយ ​ដើម្បី​បង្ហូរ​ទៅ​តាម​ដើមឈើ​នីមួយៗដាក់​ទុយោ​ទៅតាម​គល់ឈើ​នីមួយៗ​ដែល​យើង​ដាំ​ហើយ​»​។

​គួរ​រំឭក​ថា ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​សា​កល​វិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ​ដែល​បាន​ធ្វើ​ឡើង​នៅ​អគារ​ពាណិជ្ជ​កម្ម និង​ពិព័រណ៍​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​ ១៧​ ខែសីហា លោក​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ប្រែ​ក្លាយ​តំបន់​ដែល​ត្រូវ​បាន​ឈូស​ឆាយ​រួច​​ និង​កំពុង​ដាំ​កូនឈើ​នៅក្បែរ​សួនសត្វ​ភ្នំ​តា​ម៉ៅ​នោះ​ឱ្យ​ក្លាយ​​ជា​តំបន់​ឧទ្យាន​ព្រៃ​ឈើ សួន​ព្រៃ​ឈើ និង​សួន​ដាំ​ដើម​ឈើ ​ដែល​មាន​សុទ្ធ​តែ​ប្រភេទ​ឈើ​ប្រណីត​ដូច​ជា​ ធ្នង​ បេង ​នាងនួន​ ជា​ដើម​។​


​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​បញ្ជាក់​ថា ការដាំ​ដុះ​កូន​ឈើ​មិន​លំបាក​ទេ ប៉ុន្តែ​អ្វីដែល​ត្រូវ​គិតគូរ​ចំពោះ​មុខ​គឺ​ការ​សម្អាត​ដី​យក​ឫស​ឈើ​ គល់​ឈើ​ចេញ​ឱ្យ​អស់​ ដើម្បី​ដាំ​ដុះ​ឱ្យ​រួច​រាល់​ទាន់​រដូវ​ភ្លៀង​និង​ជា​ពិសេស​ដោះ​ស្រាយ​ទឹក​ស្រោច​ស្រព​កូន​ឈើ​សម្រាប់​ត្រៀម​ទុក​ស្រោច​ស្រព​ក្នុង​រដូវ​ប្រាំង​។លោក​បាន​ចេញ​បទ​បញ្ជា​ឱ្យ​កម្លាំង​អង្គរក្ស​ជាង ​១​ ពាន់​នាក់ប្រើ​គ្រឿង​ចក្រ​ចំនួន​ ១១៣ ​គ្រឿង​ ទៅ​ជួយ​ឈូស​ឆាយ​ដី ​និង​ដាំ​កូន​ឈើ​ក្នុង​តំបន់ភ្នំ​តា​ម៉ៅ​ឱ្យបាន​លឿន​ទាន់​ពេល​វេលា​។

​កញ្ញា ​ស៊ូវណ្ណា ​ហ្គោ​ន​ឡែ​ត នាយិកា​ប្រតិ​បត្តិ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​បាន​សម្តែង​ក្តី​រីករាយ​និង​បាន​គោរព​ថ្លែង​អំណរ​គុណ​អស់ពីដួង​ចិត្ត​ចំពោះ​ការសម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ការចេញ​ព្រះរាជ​ក្រឹត្យ​ដាក់​ព្រៃ​ឈើ​តំបន់ភ្នំ​តា​ម៉ៅ​ជា​ព្រៃ ​ដែល​ត្រូវ​ការ​ពារ​ជា​រៀង​រហូត​។

​កញ្ញា​ថ្លែង ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​ ១៧​ ខែសីហា​ថា​៖ «​ដែន​ជម្រក​ស​ត្វព្រៃ​នេះ​គួរតែ​ជា​កេរម​រតក​របស់​សម្តេច​ និង​ភ្ជាប់​ជាមួយ​នូវ​ឈ្មោះ​សម្តេច “​ព្រៃ​ការពារ​ភ្នំ​តា​ម៉ៅ​-​តេ​ជោ​ហ៊ុន​សែន​”​។ ​នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ការប្តេជ្ញា​ចិត្ត​របស់​សម្តេច​ក្នុងការ​អភិរក្ស​ព្រៃ​ឈើ​ដ៏​អស្ចារ្យ​នេះ​ ដែល​ជា​លំនៅ​ឋាន ​[ជម្រក] នៃ​សត្វ​ព្រៃ​ជា​ច្រើន​ពាន់​ក្បាល​»​៕