ភ្នំពេញៈ ក្រសួងកិច្ចការនារី បង្កើតកម្មវិធី GBV Safe App ដើម្បីរាយការណ៍អំពីការរំលោភបំពានសិទ្ធិស្ត្រី និងការបៀតបៀនផ្លូវភេទដែលមន្ត្រីចាត់ទុកថា កម្មវិធីនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន ដែលអាចនឹងកើតឡើងក្នុងចំណោមស្ត្រី និងកុមារីងាយរងគ្រោះ ជាពិសេសកម្មកររោងចក្រ។
កាលពីថ្ងៃទី ២២ ខែសីហា ក្រសួងកិច្ចការនារីបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន និងអង្គការដៃគូ ដើម្បីគាំទ្រការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយឌីជីថល នៃកម្មវិធី GBV Safe App និង Chatbot នាទីស្តីការក្រសួងកិច្ចការនារី។
ក្នុងឱកាសនោះ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា កម្មវិធីលើទូរស័ព្ទវៃឆ្លាត GBV Safe App នឹងផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានអំពីករណីរំលោភបំពានសិទ្ធិស្ត្រី ដែលអាចនឹងកើតឡើង រួមទាំងការបៀតបៀនផ្លូវភេទ ក្នុងចំណោមស្ត្រី និងកុមារី ដែលងាយរងគ្រោះ ជាពិសេសកម្មកររោងចក្រ។
លោកស្រីបន្តថា ការធ្វើបរិវត្តកម្មឌីជីថល ដើម្បីទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើស្ត្រី ដោយគោរពតាមគោលការណ៍សិទ្ធិ និងតម្រូវការរបស់ជនរងគ្រោះ គឺជានវានុវត្តន៍មួយ ដែលក្រសួងកិច្ចការនារី និងអង្គការដៃគូ បាននិងកំពុងអនុវត្ត ជាពិសេសក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ ១៩។
លោកស្រីបញ្ជាក់ថា៖ «កម្មវិធី Mobile Application GBV Safe App មានគោលដៅចូលរួម ដើម្បីទប់ស្កាត់ការ រំលោភបំពានលើស្ត្រី ដែលអាចនឹងកើតឡើង រួមទាំងការបៀតបៀនផ្លូវភេទ នៅក្នុងចំណោមស្ត្រី និងកុមារី ដែលងាយរងគ្រោះ ជាពិសេសកម្មកររោងចក្រ តាមរយៈយន្តការសម្របសម្រួល និងគាំទ្រដល់ជនរងគ្រោះ និងការសាកល្បងបឋមជាមួយនិស្សិត និងអ្នកផ្តល់សេវានានា»។
ក្រសួងកិច្ចការនារី ក្រោមជំនួយបច្ចេកទេសរបស់អង្គការ UNFPA កំពុងសិក្សាការអភិវឌ្ឍកម្មវិធីលើទូរស័ព្ទវៃឆ្លាតដែលមានឈ្មោះថា GBV Safe App។ កម្មវិធីនេះ នឹងកាន់តែផ្តល់ភាពងាយស្រួលជាងមុនក្នុងការផ្តល់ព័ត៌មានអំពីសេវាដល់ជនរងគ្រោះដោយអំពើហិង្សា ងាយស្រួលក្នុងការរាយការណ៍ និងបញ្ជូនករណីមានអំពើហិង្សា ដើម្បីផ្តល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា។ កម្មវិធីនេះ នឹងផ្តល់ប្រឹក្សាតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវឯកជនភាព និងការរក្សាការសម្ងាត់របស់ជនរងគ្រោះផងដែរ។
គម្រោង GBV Safe App មានរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤។ គម្រោងនេះ រំពឹងទុកថា ព័ត៌មានសំខាន់ៗក្នុងការលើកកម្ពស់ការយល់ដឹងពីអំពើហិង្សា និងការបៀតបៀនផ្លូវភេទ ដែលកើតមានឡើងក្នុងក្រុមគោលដៅ និងបណ្តាញសុវត្ថិភាព Hotline/Helpline នឹងត្រូវបានរាយការណ៍។
អង្គការ UNFPA បានឱ្យដឹងថា គម្រោង GBV Safe App នេះ គឺជាការតភ្ជាប់បណ្តាញទំនាក់ទំនងសម្រាប់ការបញ្ជូនជនរងគ្រោះទៅកាន់សេវាផ្សេងៗដែលសមស្រប និងកំពុងដំណើរការនាពេលបច្ចុប្បន្ន។ អង្គការនេះបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា ក្នុងគម្រោងនេះ ក៏នឹងបង្កើតមុខងារថ្មីមួយ ដែលហៅថា GBV Chatbot ដែលតភ្ជាប់ទៅនឹងទម្រង់ផ្សេងៗនៃបណ្តាញទំនាក់ទំនង រវាងអ្នកទទួលសេវា តាមរយៈប្រព័ន្ធអនឡាញជាមួយអ្នកផ្តល់សេវា រួមមាន ដូចជា GBV Safe App និងប្រអប់សារ នៅក្នុង Facebook page របស់ក្រសួងកិច្ចការនារីជាដើម។
អង្គការ UNFPA បញ្ជាក់ថា៖ «ដើម្បីបង្កើតប្រព័ន្ធឆ្លើយតបដោយស្វ័យប្រវត្តិ Chatbot/Automatic Intelligence (AI) នឹងបង្ហាញអក្សរ និងសំឡេងជាភាសាខ្មែរ ដើម្បីជួយសម្រួលដល់ការចូលប្រើរបស់ស្ត្រី និងក្មេងស្រីអាចទទួលបានព័ត៌មាន និងសេវាកម្មសំខាន់។ Chatbots នឹងគាំទ្រអតិថិជននៅគ្រប់ដំណាក់កាល នៃលំហូរសេវាកម្ម ក្នុងការការពារ ការកាត់បន្ថយហានិភ័យ ការកំណត់អត្តសញ្ញាណ និងការផ្តល់សេវាបញ្ជូនបន្តតាមជម្រើស ដែលបង្ហាញដោយជនរងគ្រោះ»៕