ភ្នំពេញៈ លទ្ធផល​បឋម​នៃ​របាយការណ៍​ ១ ​រកឃើញថា ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ចំនួន ​២ គឺ​ទំនប់​ដន​សា​ហុង និង​សា​យ៉ា​បូ​រី របស់​ប្រទេស​ឡាវ ​នៅតាម​ដង​ទន្លេមេគង្គ ​បាន​បង្កឱ្យមាន​ផលប៉ះពាល់​កម្រិត​មធ្យម​ដល់​លំហូរ​ទឹក កំណក​កករ និង​ជលផល​នៃ​ទន្លេ​នេះ​។ ក្រុម​អ្នក​អង្កេត​ស្នើឱ្យ​ធ្វើការ​តាមដាន ​២-៣ ​ឆ្នាំ​ទៀត​ ដើម្បី​ទាញ​ការសន្និដ្ឋាន​ដ៏​រឹងមាំ​មួយ​ពី​ផលប៉ះពាល់​ នៃ​ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី និង​សម្ពាធ​នានា​ដែល​បង្កឡើង​ដោយ​សកម្មភាព​មនុស្ស​។


សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ​(MRC) កាលពី​ថ្ងៃទី​ ២២ ខែសីហា បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​ថា​៖ «​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ ២ តាម​ដង​ទន្លេ​ដ៏​សំខាន់​ជាងគេ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​បង្កឱ្យមាន​ផលប៉ះពាល់​គួរឱ្យកត់សម្គាល់ តែ​ក្នុង​កម្រិត​មធ្យម​ទៅលើ​លំហូរ​ទឹក​កំណក​កករ និង​ជល​ផ​ល​»​។​


ជាមួយនឹង​ទិន្នន័យ​តាមដាន​រយៈពេល​ប្រមាណ​ ១ ​ឆ្នាំ ក្រុម​អ្នក​អង្កេត​លើកឡើងថា វា​លឿន​ពេក​ក្នុង​ការធ្វើ​សេចក្តីសន្និដ្ឋាន​ជាក់លាក់​ណាមួយ​។ ក្រុម​អ្នក​អង្កេត​ដែលមាន​ជាតិ​សាសន៍​ចម្រុះ​ដែល​ចូលរួម​ដំណើរការ​គម្រោង​សាកល្បង​កម្មវិធី​តាមដាន​បរិស្ថាន​រួម (JEM) របស់ MRC បាន​វាស់​ស្ទង់​លើ​សូចនាករ​សំខាន់ៗ​ចំនួន​ ៥ ​នៃ​សុខុមាលភាព​ទន្លេមេគង្គ ​រួមមាន​ជលសា​ស្ត្រ កំណក​កករ គុណភាព​ទឹក អេកូឡូស៊ី​ក្នុង​ទឹក និង​ជលផល​។


សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ​តាមរយៈ​ការសាកល្បង​កម្មវិធី​នេះ ​នៅតាម​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ថ្មីៗ​ទាំង ​២ ​គឺ​គម្រោង​ដន​សា​ហុង និង​សា​យ៉ាបូរី MRC មាន​គោលដៅ​បង្កើត​ឱ្យបាន​នូវ​វិធីសាស្ត្រ និង​បទដ្ឋាន​តាមដាន​នានា​ ដែល​ប្រតិបត្តិ​ករ​ទំនប់​ទាំងអស់​លើ​ទន្លេ​មេ ​នៃ​ទន្លេមេគង្គ​ អាច​នឹង​ប្រើប្រាស់​អនុវត្តបាន ​នាពេល​អនាគត​។​

ក្នុងចំណោម​ការរកឃើញ​សំខាន់​បំផុត​នៃ​ការសាកល្បង​នេះ ​ក្រុមអ្នក​តាមដាន​ បាន​សង្កេតឃើញថា​ លំនាំ​លំហូរ​ទន្លេ ជារួមមិនមាន​ការប្រែប្រួល​នោះទេ​។ នៅ​តំបន់​ផ្នែក​ខាងលើ​ទំនប់ ​សុខុមាលភាព​អេកូឡូស៊ី​របស់​ទន្លេ មាន​កម្រិត​ «​ល្អ​» និង​«​មធ្យម​» ក្នុង​តំបន់​អាង​ស្តុក ក៏ដូចជា​តំបន់​ផ្នែក​ខាងក្រោម​នៃ​ទំនប់​ទាំង​២​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រុម​អ្នកតាមដាន ​បាន​សង្កេតឃើញថា​ គុណភាព​ទឹក​ស្ថិតក្នុង​ស្ថានភាព «​ល្អ​» សម្រាប់​ការប្រើប្រាស់​របស់​មនុស្ស​។ ក្នុង​តំបន់​អាង​ទំនប់ មិនមាន​ភ័ស្តុតាង​បង្ហាញ​ពី​ការបង្កើត​ស្រទាប់​កករ ដែល​អាច​ជះឥទ្ធិពល​ដល់​ទាំង​គុណភាព​ទឹក និង​ជលផល​ទេ​។ ប៉ុន្តែ​នៅពេល​ទឹក​ហូរ​កាត់​តាម​ទំនប់ វា​មាន​ភ័ស្តុតាង​តិចតួច​ បង្ហាញ​ពី​ការប្រែប្រួល​គុណភាព​ទឹក​នៅ​ផ្នែក​ខាងក្រោម​ទន្លេ​។​

​នៅ​ផ្នែក​ខាងក្រោម​នៃ​គម្រោង​សា​យ៉ាបូ​រី ក្នុងប្រទេស​ឡាវ ​ក្រុមអ្នក​តាមដាន ​ក៏បាន​ប្រទះឃើញ​ការប្រែប្រួល​កម្រិត​ទឹក​ប្រចាំថ្ងៃ ​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ផងដែរ​។ ក៏ប៉ុន្តែ បញ្ហា​នេះមិន​បានកើត​មាននៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​ដន​សា​ហុង​ទេ​។

ក្រុមអ្នក​តាមដាន ​ក៏បាន​សង្កេតឃើញ​លំនាំ​ដែល​បានចាប់ផ្តើម​កើតមាន​កាលពី​ឆ្នាំ​ ២០១៨ នោះ​គឺ​ការធ្លាក់ចុះ​នៃ​បណ្តុំ​កករ និង​ការផ្ទុក​នូវ​កំណក​កករ ​ដែល​នាំមក​នូវ​អាហារូបត្ថម្ភ​ចិញ្ចឹម ​និង​ធ្វើឱ្យ​ច្រាំងទន្លេ​មាន​លំនឹង​។ ក៏ប៉ុន្តែ ការ​ថមថយ​ចុះ​នេះ អាច​នឹង​បណ្តាល​មកពី​ការ​បង្ខាំង ឬ​ការកកស្ទះ​នៃ​កំណក​កករ តាម​តំបន់​គម្រោង​វា​រី​អគ្គិសនី​តាម​ដៃទន្លេ​មេ និង​ទន្លេមេគង្គ​។​

​ក្រុម​តាមដាន ​ក៏បាន​សង្កេតឃើញ​ពី​ការប្រែប្រួល​ខ្លះៗ​លើ​ភាព​ចម្រុះ​នៃ​មច្ឆា​នៅ​ផ្នែក​ខាងលើ​ទំនប់​សា​យ៉ាបូរី ដោយ​វា​មាន​កម្រិត​ថេរ​ចាប់ពី​ឆ្នាំ​ ២០១៧ ដល់​ ២០១៩ និង​ការធ្លាក់ចុះ​ក្នុង​ឆ្នាំ​ ២០២០​។ នៅ​ផ្នែក​ខាងក្រោម​នៃ​អាង​ស្តុក ភាព​ចម្រុះ​នេះ នៅតែមាន​កម្រិត​ខ្ពស់​។ ផ្ទុយ​មកវិញ ផល​ចាប់​ (Fish Catch) ហាក់ដូច​ជាមាន​កម្រិត​ថេរ ដែល​គេ​បាន​រាយការណ៍​ថា​កើនឡើង​នៅ​ឆ្នាំ​ ២០១៧ ធ្លាក់ចុះ​នៅ​ឆ្នាំ​ ២០១៨ និង​ ២០១៩ ហើយ​កើន​ឡើងវិញ​នៅ​ឆ្នាំ​ ២០២០​។

នៅ​ជុំវិញ​ទំនប់​ដន​សា​ហុង​វិញ ​ក្រុមអ្នក​តាមដាន​បាន​ប្រទះឃើញ​ទិន្នន័យ​គួរឱ្យ​ភ្ញាក់ផ្អើល​មួយ នោះ​គឺ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ទិន្នផល​ចាប់​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ ប៉ុន្តែ​វា​បាន​កើនឡើង​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​ទៅវិញ​។

ទោះជា​យ៉ាងនេះ​ក្តី លទ្ធផល​ទាំងនេះ ​បានមកពី​វដ្ត​តាមដាន​មួយ​ប៉ុណ្ណោះ​។ ក្រុម​អ្នក​សង្កេត ​JEM ​ស្នើឱ្យ​ធ្វើការ​តាមដាន ២-៣ ​ឆ្នាំ​បន្ថែមទៀត ​ដើម្បី​ទាញ​ឱ្យបាន​នូវ​ការសន្និដ្ឋាន​ដ៏​មុតមាំ​មួយ​ពី​ផលប៉ះពាល់ ​នៃ​ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី ​និង​សម្ពាធ​នានា​បង្កើត​ឡើង​ដោយ​សកម្មភាព​មនុស្ស​។

លោក​ អានុ​ល័ក​ ខិធិ​ឃួន ​នាយក​ប្រតិបត្តិ ​នៃ​លេខាធិការដ្ឋាន​ MRC ​ថ្លែងថា ​ខណៈដែល​របាយការណ៍​នេះ ​បង្ហាញ​ពី​ផល​ប៉ះពាល់​ខ្លះៗ​នៃ​ទំនប់​វារី​អគ្គិសនី វា​លឿន​ពេក​ក្នុងការ​វាយតម្លៃថា ​រាល់​ផលប៉ះពាល់​ទាំងអស់ ​សុទ្ធតែ​បណ្តាល​មកពី​ទំនប់​វា​រី​អគ្គិសនី​។ ការប្រែប្រួល​អាកាសធាតុ ​និង​ការអភិវឌ្ឍ​ផ្សេងទៀត ក៏​អាចជា​កត្តា​ផងដែរ។

លោក​ថ្លែងថា​៖ «យើង​ត្រូវ​ដឹង​ពី​កម្រិត​នៃ​បញ្ហា​ប្រឈម​របស់​យើង និង​ធ្វើ​ការកំណត់​ពី​វិធីសាស្ត្រ ដែលមាន​ប្រសិទ្ធភាព​បំផុត ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់​នេះ»។​

របាយការណ៍​តាមដាន​បរិស្ថាន​រួម​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ធំ​មួយ​របស់ MRC ដែល​តំណាងឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក ​រួមមាន ​កម្ពុជា ​ឡាវ ថៃ ​និង​វៀតណាម ដើម្បី​សំដៅ​បង្កើតឱ្យមាន​តុល្យភាព​មួយ​រវាង​អត្ថប្រយោជន៍​សេដ្ឋកិច្ច​និង​សង្គម និង​ផលប៉ះពាល់​ពី​ទំនប់​វា​រី​អគ្គិសនី​ មិន​ត្រឹមតែ​លើ​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​ក្រុមគ្រួសារ​នេសាទ និង​កសិករ​រាប់លាន ដែល​ពឹង​អាស្រ័យ​លើ​ទន្លេមេគង្គ សម្រាប់​ការចិញ្ចឹម​ជីវិត។​

សម្រាប់​គម្រោង​សាកល្បង ​JEM ​នេះ ក្រុមអ្នក​តាមដាន ​បានធ្វើការ​សាកល្បង​ពិធីការ​របស់​គេ​ រយៈពេល​ប្រមាណ​ ១​ ឆ្នាំ បន្ទាប់ពី​ការពន្យារ​ពេល​យ៉ាងយូរ ​ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​ របាយការណ៍​នេះ នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​សកម្មភាព​នានា ​ទាំង​ផ្នែក​គោល​នយោបាយ ​និង​តាមដាន នាពេល​អនាគត​។ ដូចដែល​របាយការណ៍​ផ្ទាល់​បានបញ្ជាក់ របប​គំហើញ​ទាំងនេះ ​អាចជា​ជំនួយ​ដល់​ការរៀបចំ​ប្លង់ និង​ទីតាំង​គម្រោង​ទំនប់​វា​រី​អគ្គិសនី នាពេលខាងមុខ ការ​ព្យាករ​ពី​ការប្រែប្រួល​នានា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​គម្រោង និង​ការអភិវឌ្ឍ ​ការប្រើប្រាស់ និង​ការវាយតម្លៃ​នៃ​យន្តការ​គ្រប់គ្រង និង​កាត់បន្ថយ​ផល​ប៉ះពាល់​។ លើសពីនេះ របាយការណ៍​នេះ​អាច​ផ្តល់​ជា​មូលដ្ឋាន​មួយ​សម្រាប់​កិច្ចពិភាក្សា​បែប​ស្ថាបនា​ រវាង​សហគមន៍​តាម​ដង​ទន្លេ ​និង​សមាជិក​របស់ MRC​។​

ក្នុងចំណោម​អនុសាសន៍​ជាច្រើន​ផ្តល់ទៅឱ្យ​ MRC ប្រទេស​ជា​សមាជិក ​និង​ប្រតិបត្តិ​ករ​ទំនប់​វា​រី​អគ្គិសនី​របាយការណ៍​នេះ​បាន​លើកឡើងថា​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​ជលសា​ស្ត្រ កំណក​កករ និង​ជលផល ភាគី​ពាក់ព័ន្ធ​ទាំងអស់​គប្បី​ដាក់​ការស្នើ​ជារួម នូវ «​គោលដៅ ឬ​កំហិត​នានា​លើ​អត្រា នៃ​បម្រែបម្រួល​កម្រិត​ទឹក​» ក្នុង​ទន្លេ​មេ នៃ​ទន្លេមេគង្គ ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​រួម​សម្រាប់​ការជូនដំណឹង ប្រតិបត្តិ​រួមគ្នា​នូវ​ច្រកទ្វារ​កម្រិត​ទាប​សម្រាប់​ចរាចរ​កំណក​កករ ហើយ​ក្នុងករណី​ទំនប់​ដន​សា​ហុង ធ្វើឱ្យ​ច្រកចូល​សម្រាប់​ច្រក​ចរាចរ​ណ៍ត្រី​កាន់តែ​ជ្រៅ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្រក​ប្រឡាយ​ទាំងនេះ​។

សម្រាប់​គម្រោង​នាពេល​អនាគត​ របាយការណ៍​ក៏បាន​អំពាវនាវ​ឱ្យមាន «​ការតាមដាន​ទឹកជា​ប្រព័ន្ធ ​ក្នុង​អំឡុង​ពេល​ នៃ​គ្រប់​ដំណាក់កាល​សាងសង់ និង​ប្រតិបត្តិការ​ទាំងអស់ ​ដើម្បី​ចាត់​វិធាន​សមស្រប ក្នុងករណី​ស្ថានភាព ​គុណភាព​ទឹក​មិនល្អ​កើតឡើង​»​។

MRC ក៏​កំពុង​ជជែក​ពិភាក្សា​ពី​របៀប​ដាក់បញ្ចូល​ការតាមដាន JEM នៅក្នុង​បណ្តាញ​ស្នូល​ថ្មី សម្រាប់​ការតាមដាន​ទន្លេ ធានា​ឱ្យមាន​ការតាមដាន​រយៈពេល​យូរ ​ការធ្វើ​របាយការណ៍ ​និង​ការគ្រប់គ្រង​បែប​ប​ន្សុំា ដែល​ចាំបាច់​ក្នុងការ​ថែរក្សា​ការពារ​ទន្លេមេគង្គ​នេះ៕