ភ្នំពេញៈ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ (UN) លោក​ វិទិត មុនតាប៊ន បាន​លើកយក​បញ្ហា​ធំៗ​ចំនួន​ ៥ មក​ពិភាក្សា​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​បញ្ហា​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ និង​បញ្ហា​ផ្សេងទៀត ដើម្បី​រាយការណ៍​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ UN នា​ខែតុលា ឆ្នាំ​ ២០២២ ប៉ុន្តែ​ត្រូវបាន​ឆ្លើយតប​ថា បញ្ហា​ទាំងនេះ​ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ​។


ក្នុងជំនួប​កាលពី​ថ្ងៃទី​ ២៤ ខែសីហា បញ្ហា​ធំៗ​ចំនួន​ ៥ ដែល​លោក​ វិទិត មុនតាប៊ន បាន​លើកឡើង​នោះ រួមមាន​ទី ​១ ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ទី​ ២ ការរៀបចំ​គ្រប់គ្រង​ពន្ធនាគារ និង​យុត្តិធម៌​ព្រហ្មទណ្ឌ ទី​ ៣ ការស្ដារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។ ទី​ ៤ ការជួញដូរ​មនុស្ស ការជួញដូរ ពលកម្ម​ដោយ​បង្ខំ និង​ការកេងប្រវ័ញ្ច​លើ​ពលកម្ម និង​ទី​ ៥ កិច្ចសហប្រតិបត្តិការ និង ជំនួយ​អាទិភាព​ផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ការងារ​សិទ្ធិ​មនុស្ស ដែល​វិស័យ​ទាំងនេះ​ស្ថិត​នៅក្រោម​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​។

ឆ្លើយតប​នឹង​ចំណុច​ទី​ ១ លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ឆ្លើយតប​ថា កម្ពុជា​តែងតែ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​អ្វី ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក្នុងនោះ​ជា​ចំណុច​សំខាន់ គឺ​ការបោះឆ្នោត​យ៉ាង​ទៀងទាត់ រួមមាន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ការបោះឆ្នោត​ជាតិ ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា-​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ការបោះឆ្នោត​ព្រឹទ្ធសភា​។


ចំពោះ​សិទ្ធិ​នយោបាយ លោក ស ខេង លើកឡើង​ថា បច្ចុប្បន្ន​មាន​គណបក្ស​នយោបាយ​ចំនួន​ ៤៥​ គណបក្ស​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ និង​ក៏មាន​អង្គការ មិនមែន​រដ្ឋាភិបាល​ជាច្រើន​បាននិង​កំពុង​អនុវត្ត​សកម្មភាព​របស់​ខ្លួន​។ អង្គការ​ទាំងនោះ​មាន​ទាំង​អង្គការ ដែលមាន​ជំហរ​គាំទ្រ និង មិន​គាំទ្រ​រាជរដ្ឋាភិបាល ដែល​ពួកគេ​បំពេញ​ការងារ​ទៅតាម​មុខងារ​របស់គេ​រៀងៗ​ខ្លួន​។

ពាក់ព័ន្ធ​បញ្ហា​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធនាគារ និង​យុត្តិធម៌​ព្រហ្មទណ្ឌ លោក ស ខេង បញ្ជាក់ថា ជា​ការពិត​ណាស់ កិច្ចការងារ​នេះ​គឺ នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ក្រសួង​កំពុង​ខិតខំ​ដោះស្រាយ និង​រៀបចំ​ឱ្យបាន​ល្អប្រសើរ ហើយ​ថា បច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ កំពុង​យកចិត្ត​ទុកដាក់​កែលម្អ និង​កសាង​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។


លោក​ថ្លែងថា​៖ «​ទន្ទឹម​នោះ​ក្រសួង​មហាផ្ទៃ​ក៏​កំពុង​សហការ​ជាមួយ​នឹង​ក្រសួង​យុត្តិធម៌ ដើម្បី អនុវត្ត​នូវ​វិធានការ​មួយចំនួន ដូចជា ការដោះលែង​ក្រោម​លក្ខខណ្ឌ និង​ការតាមដាន​របស់​តុលាការ​»​។

លោក ស ខេង បញ្ជាក់​ថា​៖ «​មួយទៀត គឺ​ការសិក្សា​ទៅលើ​ការអនុវត្ត​នូវ​យន្ដការ​ទោស​សហគមន៍​ជំនួស​ឱ្យ​ការ​ឃុំឃាំង ដោយ​កិច្ចការ​ទាំងនេះ​ត្រូវតែ​អនុវត្ត ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​យន្ដការ ក៏ដូចជា រួមចំណែក​កាត់បន្ថយ​នូវ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ផង​»​។

ចំពោះ​បញ្ហា​ការស្ដារ​នីតិសម្បទា អ្នកញៀន​គ្រឿងញៀន លោក ស ខេង ប្រាប់​អ្នករាយការណ៍​ពិសេស ថា​ជាង​ ៥០​ ភាគរយ​នៃ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ គឺជា​អ្នក​ដែល​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​គ្រឿងញៀន​។ ក្រសួង​មហាផ្ទៃ​កំពុងតែ​យកចិត្ត​ទុកដាក់ ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការខិតខំ​ពង្រីក​មជ្ឈមណ្ឌល-​ស្ដារនីតិសម្បទា​គ្រឿងញៀន និង​ការលើកទឹកចិត្ត​ដល់​រាជធានី​-​ខេត្ត ក្នុង​ការបន្ត​គាំទ្រ​ដល់​ការបង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា នៅ​រាជធានី​-​ខេត្ត​នីមួយៗ និង​បន្ត​កៀរគរ​រក​ការចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​គាំទ្រ​ដល់​កិច្ចការ​នេះ​។

ជាមួយ​គ្នា​នេះ លោក​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ភ្នាក់ងារ​ពាក់ព័ន្ធ​នៅក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ព្រមទាំង​ដៃគូ​នានា​ក្នុង​កិច្ចការ​ស្ដារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ក៏ដូចជា​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់នូវ​លទ្ធភាព​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នេះ​។

ដោយឡែក បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ការប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ និង​ការកេងប្រវ័ញ្ច​លើ​ពលកម្ម លោក ស ខេង ប្រាប់​ថា កម្ពុជា​ក៏​ជា​ប្រទេស ដែល​រងគ្រោះ​ដោយសារ​អំពើ​ទាំងនេះ ដោយ​ហេតុថា ពួកឧក្រិដ្ឋជន បាន​ឆ្លៀត​ការកេង​ចំណេញ​ទៅលើ​ចំណុចខ្សោយ​មួយចំនួន ហើយ​យក​កម្ពុជា ជា​កន្លែង ដើម្បី​ធ្វើការ​ឆបោក​ប្រព្រឹត្ត​អំពើ​ជួញដូរ​រត់ពន្ធ​មនុស្ស​។

ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដូចជា​ក្រសួង​មហាផ្ទៃ​ប្តេជ្ញា ចាត់​វិធានការ​ជា​បន្តបន្ទាប់ ហើយ​បាន​បង្ក្រាប ក៏ដូចជា​ជួយសង្គ្រោះ ជនរងគ្រោះ​បាន​ជាច្រើន​នាក់​ក្នុង​រយៈពេល​កន្លងមក និង​ក៏បាន​បន្តធ្វើ​កិច្ចការ​នេះ​ជាប្រចាំ​ផងដែរ​។ នាពេល​ឆាប់ៗ​នេះ លោក​នឹង​បន្ត​ដឹកនាំ ដើម្បី​ដាក់ចេញ​ផែន​ការតស៊ូ​បង្ក្រាប និង​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​នេះ ព្រមទាំង​កៀរគរ​ការចូលរួម​ចំណែក​ផ្តល់​កិច្ចសហការ​ពី​បណ្ដា​ភាគី​ពាក់ព័ន្ធ​ឈាន​ទៅ​បង្ក្រាប​មេខ្លោង​ប្រព្រឹត្ត​បទល្មើស​នេះ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​។

បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស​ផ្សេងៗ​វិញ លោក ស ខេង ថ្លែងថា លោក​នឹង​បន្ត​គាំទ្រ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការជជែក​ពិភាក្សា​បន្ថែមទៀត​ពី​សំណាក់​តំណាង​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ​ជាក់ស្តែង​ទៅលើ​អ្វី ដែល​ជា​តម្រូវការ និង​អាចឱ្យ​ភាគី​ទាំង​ ២ ធ្វើការ​សហការ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​។

លោក វិទិត មុនតាប៊ន បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក ស ខេង ដែល​បាន​ចំណាយ​ពេលវេលា​ជួបពិភាក្សា​ជាមួយ​លោក​ក្នុង​រយៈពេល​កន្លងមក ទាំង​តាម​ប្រព័ន្ធ​អនឡាញ និង​ជំនួប​ដោយផ្ទាល់​នាពេល​នេះ ជាពិសេស​បាន​ផ្តល់​នូវ​ពេលវេលា ដើម្បី​ឆ្លើយឆ្លង និង​ផ្ដល់ព័ត៌មាន​ផ្សេងៗ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល និង​ស្ថាបនា​គ្នា​ទៅវិញ​ទៅមក​ជាមួយ​លោក​ទៅលើ​បញ្ហា​នានា ដែល​លោក​បាន​លើកឡើង​។

លោក ផាត សុផានិត អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែសីហា ថា​ជារួម​ក្នុង​ជំនួប​មិនមាន​អ្វី​ក្រៅពី​រង្វង់​នៃ​ចំណុច​ធំៗ​ទាំង​ ៥​ នេះ​ទេ​។ ប៉ុន្តែ​គ្រាន់តែ​ចំណុច​មួយចំនួន លោក​ វិទិត លើក​ជា​យោបល់​បន្ថែម​ចំពោះ​ករណី​ខ្លះ​ដូចជា ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​សម្តែង​មតិ និង​ការតវ៉ា​ផ្សេងៗ​។

លោក​ថ្លែងថា​៖ «​ចំណុច​នេះ​សម្តេច​ក្រឡាហោម ​[​ស ខេង​] តែង​បាន​ជម្រាបជូន​បណ្តា​មិត្តភក្តិ​បរទេស​រួចមក​ដែរ គឺ សម្តេច​ក្រឡាហោម​គាំទ្រ​ដល់​បញ្ហា​នេះ​។ ក៏ប៉ុន្តែ​ស្នើ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ដោយ​សន្តិវិធី និង​អត់ធ្មត់​ចៀសវាង​នូវ​បាតុភាព​នានា ដូចជា​អំពើហិង្សា អសន្តិសុខ ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ជាដើម​»​។

លោក​បន្តថា ដោយឡែក​ពាក់ព័ន្ធ​ការងារ​ពន្ធនាគារ លោក​ វិទិត លើក​ទឹកចិត្ត​ឱ្យ​បន្ត​ខិតខំ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ផ្អែកលើ​ច្បាប់​ជា​ធរមាន និង​ការបង្កើន​កិច្ចសហការ​ទស្សនកិច្ច​តាម​ពន្ធនាគារ​។ ចំណុច​នេះ លោក​ ​ស ខេង គាំទ្រ និង​បាន​ជម្រាប​ថា ក្រសួង​មហាផ្ទៃ​កំពុង​សហការ​អនុវត្ត​ជាមួយ​ក្រសួង​យុត្តិធម៌​លើ​ការងារ​ទាំងនេះ​។

ពាក់ព័ន្ធ​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​វិញ លោក​ វិទិត ​ក៏បាន​ផ្តល់​យោបល់​មួយ​ចំនួន រួមចំណែក​ដល់​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​នេះ​។ លោក​​ ស ខេង បាន​អរគុណ និង​គាំទ្រ ហើយ​ក៏បាន​ជម្រាប​ជូន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការដាក់​ចេញ​ផែនការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​នេះ​ផងដែរ​។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ សីហា ថា អ្វីដែល​លោក​ វិទិត បាន​លើកឡើង​ពី​បញ្ហា​ក្នុង​ជំនួប​ជាមួយ​លោក ស ខេង គឺជា​ការប្រមូល​បាន​ព័ត៌មាន​ទាក់ទង​ទៅនឹង​ទិដ្ឋភាព​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ផ្សេងៗ ដើម្បី​ឱ្យ​ជួយ​កែលម្អ និង​អន្តរាគមន៍​ចំពោះ​បញ្ហា​ទាំងនោះ​ឱ្យទាន់​ពេលវេលា​។

លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​បាន​លើកឡើង​នេះ គឺ​នៅពេល​ដែល​អ្នករាយការណ៍​ពិសេស​រកឃើញ​។ អ៊ីចឹង គឺ​លោក​លើកឡើង​ជា​បញ្ហា​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឱ្យមាន​ដំណោះស្រាយ ឬ​ឱ្យមាន​យន្តការ​ក្នុង​ការទប់ស្កាត់ ការកែលម្អ និង​ការការពារ​បន្ថែមទៀត​»៕