ភ្នំពេញៈ លោក វិ​ទិ​ត មុន​តា​ប៊​ន អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ បាន​លើកយក​បញ្ហាសំខាន់ៗ ចំនួន ៣ ពិភាក្សា​ជាមួយ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។​


​តាម​ការផ្សព្វផ្សាយ​រប​ស់​ក្រសួងយុត្តិធម៌​ក្រោយ​ជំនួប​ពិភាក្សា​កាលពី​ម្សិលមិញ បានឱ្យដឹងថា​បញ្ហាសំខាន់​ទាំង ៣ រួមមាន​ទី១ អំពី​ការអនុវត្ត​អនុសាសន៍​នៃ​សេចក្តី​សង្កេត​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​សិទ្ធិ​កុមារ​នៃ​អង្គការសហប្រជាជាតិ ទី​២ អំពី​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ទី​៣ អំពី​ការបង្កើតឱ្យមាន​តុលាការ​អនីតិជន​។​

​បញ្ហា​ទី​១ លោក កើត រិ​ទ្ធ បញ្ជាក់ថា ក្រសួងយុត្តិធម៌ តែងតែ​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​ស្របតាម​អនុសាសន៍​នានា ប៉ុន្តែបច្ចុប្បន្ន អនុសាសន៍​នៃ​សេចក្តី​សង្កេត​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​សិទ្ធិ​កុមារ​នេះ កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​កុមារ ហើយ​ក្រសួងយុត្តិធម៌​នឹងចូលរួម​ពិនិត្យ និង​អនុវត្ត​អនុសាសន៍​ទាំងឡាយណា​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​ក្រោយពី​ទទួលបាន​នូវ​អនុសាសន៍​ទាំងនោះ​។​


​ដោយឡែក​បញ្ហា​ទី២ អំពី​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ត្រូវបាន​លោក កើត រិ​ទ្ធ បញ្ជាក់ថា ការដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ត្រូវ​ចាប់​ផ្តើមចេញពី​ការរក​ឱ្យឃើញ​នូវ​ឫសគល់​ពិតប្រាកដ​នៃ​បញ្ហា ហើយ​ត្រូវតែ​ដោះស្រាយ​ដោយ​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ កន្លងទៅនេះ ក្រសួងយុត្តិធម៌ បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដោយបាន​ដាក់ចេញ​នូវ “​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​” ដែលជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់ ក្នុងការ​រួមចំណែក​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។

​ចំពោះ​បញ្ហា​ទី៣ អំពី​ការបង្កើតឱ្យមាន​តុលាការ​អនីតិជន លោករដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ក្នុងការ​បង្កើតឱ្យមាន​តុលាការ​ជំនាញ​ក្នុងការ​ដោះស្រាយ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​វិស័យ​នានា ដូចជា តុលាការ​រដ្ឋប្បវេណី​, តុលាការ​ព្រហ្មទណ្ឌ​, តុលាការ​ការងារ​, តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​អនីតិជន ប៉ុន្តែបច្ចុប្បន្ន ធនធានមនុស្ស​នៅ​កម្ពុជា ជាពិសេស ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា នៅ​មិនទាន់​ឆ្លើយតប​នឹង​ទំហំ​ការងារ​នៅឡើយ ហេតុនេះ កម្ពុជា​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​បង្កើតឱ្យមាន​តុលាការ​ជំនាញ​ទាំងនេះ​។​


​ជាមួយគ្នានេះ លោក កើត រិ​ទ្ធ ថា កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ជំហានៗ ផ្អែកលើ​លទ្ធភាព ធនធាន និង​តថភាព​ជាក់ស្តែង​របស់​សង្គម​កម្ពុជា​។

​បើតាម លោក កើត រិ​ទ្ធ រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ជាច្រើន​ក្នុង​កិច្ចការពារ​និង​លើកស្ទួយ​សិទ្ធិមនុស្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល និង​បានស្នើ​សុំឱ្យ លោក វិ​ទិ​ត មុន​តា​ប៊​ន រៀបចំ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា​នេះ ឱ្យមាន​តុល្យភាព យុត្តិធម៌ និង​ត្រឹមត្រូវ ព្រមទាំង​ឆ្លុះបញ្ចាំង​ផងដែរ​អំពី​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា ក៏ដូចជា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បាន​ប្រឹងប្រែង និង​បាន​សំណូមពរ​ផងដែរ​ឱ្យ​លោក វិ​ទិ​ត មុន​តា​ប៊​ន​ជួយ​ក្នុងការ​សម្របសម្រួល​ជាមួយ​ភាគី និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​បន្ត​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ថែ​ម​ទៀត​៕