ភ្នំពេញៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បានឱ្យដឹងថា ការនេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​គ្រប់គ្រង​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ និង​កោះកុង និង​តំបន់​គ្រប់គ្រង និង​អភិរក្ស​ជីវៈចម្រុះ​ជលផល​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង មានការ​ថយចុះ​ជា​បន្តបន្ទាប់ ចាប់តាំងពី​អង្គការ WCS និង​អង្គការ​ក្រុម​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា (CRDT) បាន​អនុវត្ត​គម្រោង​អភិរក្ស និង​កម្មវិធី​លើកស្ទួយ​ជីវភាព​សហគមន៍​។


​អង្គការ WCS បានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ​២៦ ខែសីហា ថា វារីវប្បកម្ម​គឺជា​កម្មវិធី​មួយ​ដែល​បាន​អនុវត្ត​នៅក្នុង​ភូមិ​ចំនួន​ ១៤ ចាប់តាំងពី​ឆ្នាំ ២០១៩​។ គម្រោង​នេះ​បានរៀបចំ​ការបណ្តុះបណ្តាល​កសិករ​គំរូ​អំពី​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​តាម​ផ្ទះ​បាន​ចំនួន ៤៥៤​ គ្រួសារ​។

WCS បន្តថា ក្នុងចំណោម​កសិករ​ទាំង​អស់ មាន​កសិករ​ចំនួន ៩៨ ​គ្រួសារ​ ដែល​ពឹងផ្អែក​ជា​ចម្បង​លើ​មុខរបរ​នេសាទ បានទទួល​ការគាំទ្រ​លើកទឹកចិត្ត​ផ្ទា​ល់ពី​គម្រោង​នេះ​ដើម្បី​ចិញ្ចឹម​ត្រី​អណ្តែង និង​ត្រី​ប្រា ព្រមទាំង​ដាំ​បន្លែ​នៅតាម​ផ្ទះ​។​


WCS បាន​ដកស្រង់​សម្ដី​លោក កង បួរ ប្រធាន​សហគមន៍​នេសាទ កោះ​ក្រូច ស្ថិតក្នុង​ភូមិ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ថា លោក​បាន​យក​ចំណេះដឹង​ដែល​លោក​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​មក​អនុវត្ត​ចិញ្ចឹម​ត្រី​អណ្តែង​និង​ដាំ​បន្លែ​នៅផ្ទះ​។ កម្រិតជីវភាព​រស់នៅ​គ្រួសារ​របស់លោក មាន​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់​ចាប់តាំងពី​គាត់​បាន​ចូលរួម​ជាមួយ​គម្រោងកា​លពី​ខែមិថុនា ឆ្នាំមុន​។

​លោក បួរ ត្រូវបាន​ដកស្រង់​សម្ដី​ថា​៖ «​ខ្ញុំ​មិន​ត្រឹម​តែមាន​ត្រី​និង​បន្លែ​ហូប​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែមទាំង​អាច​រកប្រាក់​ចំណូល​បាន​មួយចំនួន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់ខ្ញុំ​ដែលមាន​សមាជិក ៨​នាក់ ទៀតផង​»​។


​បើតាម WCS លោក បួរ បាន​ឈប់​ប្រកប​របរ​នេសាទ​ទៀតហើយ​ចាប់តាំងពី​ការចិញ្ចឹម​ត្រី​របស់លោក​ទទួលបាន​ជោគជ័យ​មក​។

​គម្រោង​វារីវប្បកម្ម​នេះ​ទទួលបាន​ការគាំទ្រ​មូលនិធិ​ពី​សហភាព​អឺរ៉ុប​តាមរយៈ​គម្រោង​ភាពជា​ដៃគូ​ប្រឆាំង​បទល្មើស​សត្វព្រៃ និង Margaret A. Cargill Philanthropy និង​អនុវត្ត​ដោយ​អង្គការ WCS៕​