ភ្នំពេញៈ ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​សម្ដែង​ការខកចិត្ត «​យ៉ាងខ្លាំង​» ចំពោះ​សេចក្តីថ្លែងការណ៍​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដោយ​ចាត់ទុក​សេចក្តីថ្លែងការណ៍​នេះ​នៅតែមាន​ភាពលម្អៀង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​


​តាមរយៈ​សេចក្តីថ្លែងការណ៍​បិទ​បញ្ចប់​ការវាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រយៈពេល​ ១១ ​ថ្ងៃ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​យក​ជា​ប្រញាប់ និង​ឱ្យមាន​ប្រសិទ្ធភាព​នូវ​របៀបវារៈ​ស​កម្ម​ភាព​សិទ្ធិមនុស្ស​របស់​កម្ពុជា ដែល​រួមមាន​ការបើក​លម្ហ​សិទ្ធិសេរីភាព​ពលរដ្ឋ និង​នយោបាយ ផ្អាក និង​កែទម្រង់​ច្បាប់​ដែលមាន​លក្ខណៈ​រឹតត្បិត ធានាថា​ អ្នកពាក់ព័ន្ធ​ក្នុង​ដំណើរការ​បោះឆ្នោត​ត្រូវ​ផ្តាច់​ចេញពី​គណបក្សនយោបាយ និង​បញ្ចប់​ការកាត់ទោស​សមាជិក​គ​ណ​បក្សប្រឆាំង និង​អ្នកការពារ​សិទ្ធិមនុស្ស​។​

​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​នា​ថ្ងៃទី​ ២៦ ខែសីហា ក៏បានផ្តល់​អនុសាសន៍​ឱ្យមាន​ការដោះលែង​អ្នក​ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ និង​ទម្លាក់​ការចោទប្រកាន់​លើ​អ្នក​ដែល​ត្រូវបាន​មើលឃើញថា ​ជា​គូប្រជែង​របស់​អាជ្ញាធរ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​អ្នកអនុវត្ត​ច្បាប់ និង​រក្សា​គម្លាត​ពី​អំណាច​នយោបាយ​។​


​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ២៦ ខែសីហាថា បើទោះជា​មានការ​ទទួល​ស្គាល់​តិចតួច​ស្តីអំពី​វឌ្ឍនភាព និង​សមិទ្ធផល​នានា​ដែល​កម្ពុជា​សម្រេចបាន សេចក្តីថ្លែងការណ៍​រប​ស់លោក វិ​ទិ​ត មុន​តា​ប៊​ន នៅតែមាន​ភាពលម្អៀង មានការ​រើសអើង​យ៉ាងខ្លាំង និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នៅលើ​បញ្ហា​មួយចំនួន​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​ជាការ​គួរឱ្យ​សោកស្តាយ​យ៉ាងខ្លាំង បើទោះជា​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ពី​រាជរដ្ឋាភិបាល​យ៉ាងណាក៏ដោយ ក៏​អ្នករាយការណ៍​ពិសេស​នៅតែ​បន្ត​ខកខាន​មិន​អើពើ​ចំពោះ​ការព្រួយបារម្ភ​អំពី​បញ្ហា​ប្រឈម​ផ្នែក​សិទ្ធិមនុស្ស​ដែល​កម្ពុជា​កំពុង​ជួបប្រទះ ដូចជា​ការប្រើប្រាស់​ពាក្យសម្តី​អសុរ​ស ការ​បង្កាច់បង្ខូច ការ​ប្រឌិត​ព័ត៌មាន ការ​អុចអាល​ឱ្យមាន​ការរើសអើង​ពូជសាសន៍ និង​ការ​ញុះញង់​ឱ្យមាន​ការបះបោរ​ក្រោមរូបភាព​សេរីភាព​នៃ​ការបញ្ចេញមតិ​»​។


​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ចំពោះ​បញ្ហា​អស់ទាំង​នេះ​អ្នករាយការណ៍​ពិសេស​នៅ​ស្ងៀមស្ងាត់ ដោយមាន​ហេតុផល​ជាក់លាក់​។ កម្ពុជា​នៅតែ​តាំងចិត្ត​មុតមាំ​ក្នុងការ​បន្តការងារ​ជាមួយ​ដៃគូ​ទាំងអស់​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​សម្រាប់​គ្រប់ៗ​គ្នា​ក្រោម​ក្របខ័ណ្ឌ​នីតិរដ្ឋ និង​បន្តដំណើរ​លទ្ធិប្រជាធិបតេយ្យ ដែល​កម្ពុជា​មិន​ត្រលប់​ក្រោយ ឈរលើ​ពហុភាគី​និយម រួមទាំង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ ដោយ​សេរី យុត្តិធម៌ ប្រកបដោយ​សណ្តាប់ធ្នាប់ សន្តិភាព និង​តម្លាភាព​៕​