តាកែវៈ លោក ​ហ៊ីង ប៊ុន​ហៀង អគ្គមេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូ​មិន្ទ និង​ជាមេបញ្ជាការ នៃ​បញ្ជាការ​ដ្ឋាន​អង្គរ​ក្ស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បានឱ្យ​ដឹងថា ការដាំកូន​ឈើនៅ​តំបន់ភ្នំតា​ម៉ៅសម្រេច​បាន ៨០ ភាគរយ​ហើយ នៅសល់​តែ​ជីកស្រះ មិន​ទាន់​ធ្វើរួច​រាល់​នៅ​ឡើយ​។


លោក​ ហ៊ីង ប៊ុនហៀង បាន​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ២៩​ ខែសីហា តាម​រយៈ​បណ្តញ​សង្គម​តេឡេក្រាម​ថា៖ «​​ជិតច​ប់ហើយ សម្រេច​បាន​ ៨០​ ភាគ​រយ តែនៅ​សល់​ជី​កស្រះមិនទា​ន់​ហើយ​ទេ​»។

យោង​តាម​ហ្វេស​ប៊ុក​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស ដែល​បានដក​ស្រង់សម្តី​លោក ហ៊ីង ប៊ុន​ហ៊ាង នៅថ្ងៃទី​ ២៦ ខែ​សីហា បាន​ឱ្យដឹង​ថា ​នៅ​ការ​ដ្ឋាន​ដាំកូន​ឈើ​នេះ ពុំ​មាន​ការ​ហាម​ឃាត់​នូវកា​រ​ចេញ-ចូល​របស់​សាធារណជន​ឡើយ​ ពោលគឺ​សាធារណ​ជន​ អាច​ចេញចូ​ល​តាម​ច្រក​ណាមួយ​ក៏បាន​ក្នុង​ច្រក​ចេញ​ចូ​លទាំង​ ៥ គ្រាន់តែ​មុន​នឹង​ចេញ​ចូល ត្រូវ​ជូន​ដំណឹង​ដល់​អ្នកប្រចាំការ​នៅ​ទីនោះ​។


ហ្វេស​ប៊ុកដដែល​បាន​ឱ្យដឹង​ទៀត​ថា ​នៅទី ​២៩ ខែ​សីហា ​លោក ជ្រុន ថេរ៉ាវ៉ាត់ ​តំណាងលោក​​ ហ៊ុន ម៉ាណែត បាន​ចូលរួម​ដាំកូន​ឈើ និង​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ជូន​ដល់​កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​បំពេញ​ភារកិច្ច​នៅភ្នំតា​ម៉ៅ ​ដែល​មាន​កម្លាំង ​អង្គរក្ស​ប្រមាណ ១ ២០០ នាក់ និង​គ្រឿង​ចក្រ ជាង​១០០​គ្រឿង ឈូសឆាយ​ឫស​ឈើ មែក​ឈើ និង​ដាំកូន​ឈើ ដាំ​បង្គោល​របងការ​ពារ​សត្វ ពិសេស​នោះ​ គឺកំពុងជីកអា​ងស្តុក​ទឹក​សម្រាប់​ស្រោច​ស្រពកូន​ឈើ នៅរដូវ​ប្រាំង តបតាម​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

​​ដោយ​ឡែក​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏បាន​បាន​ចុះសាក​សួរ​សុខ​ទុក្ខ និងនាំ​យក​គ្រឿង​ឧប​ភោគ​បរិភោគ​មួយ​ចំនួន មក​ជូន​កង​កម្លាំង​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ ដែល​កំពុង​ចូល​រួមយ៉ាង​សកម្ម​ក្នុងការ​ដាំកូនឈើ​នៅ​តំប​ន់​ភ្នំ​តាម៉ៅ​ផងដែរ។


លោក​រដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​តាម​រយៈ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី ២៦​ ខែសី​ហាថា៖​«សកម្មភា​ព​នេះស្ថិត​ក្រោម​កា​រដឹក​នាំ និង​​អនុវត្ត​ផ្ទាល់​ដោយ​លោក ហ៊ីង ប៊ុន​ហៀង អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​កង​អង្គ​រក្ស និង​ទទួល​បាន​កិច្ច​សហការ​ជា​មួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ​»។

លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុម​ហ៊ុន​ម៉ុង​ឫទ្ធីគ្រុប បាន​ឱ្យដឹង​ដែរ​ថា នៅថ្ងៃទី​ ២៦​ ខែសីហា ​លោកក៏​បាន​សហការ​ជាមួយ​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បានរួមគ្នា​ចុះ​ទៅ​​សាកសួរ​សុខទុក្ខ ព្រម​ទាំង​នាំយក​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ជូន​ដល់​កង​កម្លាំង​អង្គរក្ស​នៅភ្នំ​តាម៉ៅ និង​ផ្តល់​កូន​ឈើ​ប្រណីត​បន្ថែមទៀត​​​​សរុប​បាន​ចំនួន​ ៤៧ ៧៧០ ដើមហើយ​​ ។

លោក​ថ្លែង​ថា៖ «រូបខ្ញុំ​ពិតជា​មាន​មោទន​ភាព​រីករាយ​ខ្លាំង​ណាស់​ ដែល​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យរូបខ្ញុំ​បាន​ចូលរួម​ចំណែក​ ក្នុង​កិច្ចការ​ដ៏​មាន​សារៈសំខាន់​បំផុតនេះ។​ ខ្ញុំ​បាទសូម​សម្តេច​​តេជោ​មេត្តា​ខន្តី​​អភ័យទោស​ដល់ខ្ញុំ​បាទ​ នូវ​រាល់​កំហុសឆ្គង​ដោយ​អចេតនា​ណា​មួយ​ ដែល​បាន​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន​» ៕​