ភ្នំពេញៈ​ កម្មវិធី​ App​ របស់​ក្រសួង​ព័ត៌មាន​បាន​បង្កើត​ Menu (ម៉ឺនុយ​) ថ្មី​មួយ​គឺ «​ទស្សនា​វ​ដ្តី​កម្ពុជា (Kambuja)​ ដែល​មាន​ដើម​កំណើត​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​តែ​ក្រោយ​មក​ក្រសួង​ព័ត៌មាន​បាន​បន្ត​កេរ​ដំណែល​នេះ​តាំងពី​ក្រោយ​ឆ្នាំ​ ១៩៧៩ រហូត​មកទល់ប​ច្ចុប្បន្ន ដើម្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ឱ្យកាន់​តែ​ទូលំ​ទូលាយ​។​


​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​តាម​រយៈ​គេហ​ទំព័រ​កាល​ពី​ថ្ងៃទី​ ២៩​ ខែសីហា​ថា​ «​ក្រសួង​ព័ត៌មាន​បាន​បង្កើត​ម៉ឺ​នុយ​មួយ​ចង​ក្រង​នូវ​ទស្សនា​វ​ដ្តី​កម្ពុជា​ Kambuja ​ចេញ​ផ្សាយ​ប្រចាំខែ​មាន​ចំនួន​ ១០០​ ទំព័រ ​ដែល​ទស្សនា​វ​ដ្តី​នេះ​មានកំណើត​តាំងពី​សម័យ​សង្គម​រាស្ត្រ​និយម​ឈ្មោះ​ថា Kambuja​ ហើយ​ក្រោយ​មក​ក្រសួង​ព័ត៌មាន​ក៏បាន​បន្ត​កេរ​ដំណែល​នេះ​ ក្រោយ​ឆ្នាំ​​ ១៩៧៩ ​រហូត​មក​ដល់​បច្ចុប្បន្ន​ បាន​ចេញ​ផ្សាយ​រាប់​រយ​លេខ​មកហើយ ដែល​ចេញ​ជា​ប្រចាំ​ថ្ងៃ ​ឬក៏​ប្រចាំ​ខែ​ដែល​រាជ​រដ្ឋាភិ​បាល​ដាក់​ចេញ​»​។​

​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ​«​ក្នុងនោះ ​[Kambuja] ក៏បាន​និយាយ​អំពី​សកម្ម​ភាព​របស់​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិ​បាល​ និង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​វិស័យ​ឯកជន​លើ​គ្រប់​វិស័យ​ក្រោម​ម្លប់​សន្តិភាព​។ ​ទស្សនាវដ្ដី​កម្ពុជា​ គឺជា​ឯកសារ​គោល​មួយ​សម្រាប់​មិត្ត​អ្នក​អាន​ក៏​ដូចជា​យុវវ័យ​របស់​យើង​ត្រូវការ​ស្រាវជ្រាវ​ឯកសារ​ឬ​ចង់​ក្រង​ឯកសារ​ផ្សេងៗ​របស់​ពួកគេ​ផង​ដែរ​»​។​


​ដើម្បី​ចូលទៅ​កាន់​ទស្សនា​វ​ដ្តី​កម្ពុជា​បាន​គឺ​ត្រូវ​ទាញយក APP ក្រសួង​ព័ត៌មាន​តាម​រយៈ​ប្រតិ​បត្តិ​ការ​ទូរ​សព្ទ​ដៃ​វៃ​ឆ្លាត ​IOS ​និង Android រួច​ចូលទៅ​កាន់​ម៉ឺនុយ (Icon) ខាង​ឆ្វេង ដែល​មាន​សញ្ញា​ត្រេៗ​​ ៣ ដង ​ហើយ​បន្ទាប់​មក​ចូល​ទៅ​កាន់​ទស្សនា​វ​ដ្តី​កម្ពុជា ​Kambuja​ ។​

​ក្រសួង​ព័ត៌មាន​បាន​បង្កើត​ APP ​របស់ខ្លួន​ដើម្បី​ពង្រីក​បណ្តាញ​ផ្សព្វ​ផ្សាយ​កម្មវិធី​របស់​ទូរ​ទស្សន៍​ជាតិ​កម្ពុជា វិទ្យុ​ជាតិ​កម្ពុជា ទីភ្នាក់ងារ​សារ​ព័ត៌​មាន​កម្ពុជា (AKP) និង​វិទ្យុ​ជាតិ (FM 96MHz) និង​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​ដែលកំពុង​ពេញ​និយមរបស់​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ដៃ​វៃឆ្លាត ​(Smart Phone)​។​


​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «APP ក្រសួង​ព័ត៌មាន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុងការ​បញ្ជូន​ព័ត៌មាន​ទាន់​ហេតុ​ការណ៍ ព្រឹត្តិ​ការណ៍​ជាតិ អន្តរ​ជាតិ នយោ​បាយ​សំខាន់ៗ មាន​ទាំង​រូប​ភាព វីដេអូ ​អត្ថបទ សំឡេង ​និង​ផ្សាយ​បន្ត​ផ្ទាល់​រាល់​កម្មវិធី​សម្ដេច​នៅ​លើ TV APP»​។​

​ក្រសួង​បន្តថា​ APP ក្រសួង​ព័ត៌មាន​ជា​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់​ជាតិដ៏​មាន​សក្តានុ​ពល​ដែល​បរទេស​ដក​ស្រង់​ប្រើ​ជា​ផ្លូវ​ការ​។ លើស​ពីនេះ​អ្នកប្រើ​ប្រាស់​អាច​ទស្សនា​កា​រ​ផ្សាយ​ផ្ទាល់​ប៉ុស្តិ៍​ទូរ​ទស្សន៍ និង​ស្ដាប់ ​វិទ្យុ​ប្រមាណ​ ​១០០ ​ប៉ុស្តិ៍​ ព្រម​ទាំង​អត្ថ​ប្រយោ​ជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

​បើ​តាម​ក្រសួង​ព័ត៌​មាន ការ​បង្កើត​ឱ្យមាន​កម្មវិធី​ទូរ​ស័ព្ទ​ដៃ​វៃឆ្លាត ​APP គឺជា​ការ​ពង្រីក​បណ្តាញ​ផ្សព្វ​ផ្សាយ​ឌីជីថល ​(Digital)​ គ្មាន​ដែន​កំណត់​ទៅ​កាន់​ពិភព​លោក ជាពិសេស​ត្រៀម​ខ្លួន​ដើរ​តួនាទី​បន្ថែម​ឱ្យទាន់​បច្ចេក​វិទ្យា​បដិវត្តន៍​ឧស្សា​ហកម្ម​ ៤.០ នៃ​សម័យ​បច្ចេក​វិទ្យា​។​

​លោក ​ផុស សុវណ្ណ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០​ ខែ​សីហា ​ថា ​App របស់​ក្រសួង​ព័ត៌មាន​ គឺជា​កន្លែង​សម្រាប់​ដាក់​ផ្សព្វ​ផ្សាយ​ឡើង​វិញ​នូវ​បណ្តា​ប្រភេទ​ព័ត៌មាន​ទាំង​អស់​ដែល​ក្រសួង​ព័ត៌មាន​ផលិត ដូចជា​ វិទ្យុ​ ទូរទស្សន៍ ទស្សនា​វ​ដ្តី​ Kambuja​ជា​ដើម​ ព្រម​ទាំង​ជា​កន្លែង​ដាក់​ផ្សព្វ​ផ្សាយ​នូវ​គ្រប់​អង្គ​ភាព​របស់​ក្រសួង​ព័ត៌​មាន ​ដើម្បី​ងាយ​ស្រួល​ដល់​មន្ត្រី​ក្នុងការ​ស្វែងរក​ត្រឡប់​មក​វិញនិង​សម្រាប់​សាធា​រណជន​ដែល​អាច​ចូល​មើល​តាម​អ្វី​ដែលជា«​មុខ​ម្ហូប​ប៊ូ​ហ្វេ (Buffet)» ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​រៀបចំ​ឡើង​ដោយ​មន្ត្រី​គ្រប់​ផ្នែក​របស់​ក្រសួង​ព័ត៌​មាន​»​។​

​លោក​ថ្លែង​ថា​៖ «Kambuja ​ខ្ញុំ​គិត​ថា​មាន​ការ​ទទួល​ការគាំទ្រ​ហើយ​ជា​ទស្សនា​វ​ដ្តី​មួយ​ដែល​មាន​វ័យ​ចំណាស់ជាងគេ​ក្រោម​រចនា​សម្ព័ន្ធ​របស់​ក្រសួង​ព័ត៌មាន​។ [Kambuja] មានការ​គាំទ្រ​ច្រើន​ដែរ ​ជា​ពិសេស​ឥឡូវ​នេះ​ស្ថាន​ទូត​ហើយ ​និង​អង្គភាព​មួយ​ចំនួន​អី​ ក៏​សុទ្ធតែ​មក​សុំ​ប្រភេទ​ទស្សនា​វ​ដ្តី​នេះ​ទៅ​ផ្សព្វ​ផ្សាយ​បន្ត​ដែរ​»៕