កំពង់ធំៈអ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏ល្បី​ល្បាញ​សញ្ជាតិ​ជប៉ុន​​៣រូប​​​ និង​​​អ្នក​ឌីហ្សាញ​អន្តរ​ជាតិ​ចំនួន​ ៦ នាក់ ដែល​មក​ពី​ប្រទេស​ឥណ្ឌា ថៃ ហ្វីលីពីន និង​ជប៉ុន បាន​សហ​ការគ្នា​​ជាមួយ​នឹងក្រុម​អ្នក​ច្នៃ​ប្រឌិត​​ក្នុង​ស្រុក​ ៤ នាក់ នៅ​រាជ​ធានីភ្នំ​ពេញ ដើម្បី​ស្វែង​រក​ចម្លើយ​នានា នៅប្រាសាទ​​បុរាណ​សំបូរ​ព្រៃគុក ដែល​ស្ថិតក្នុង​ខេត្ត​កំពង់​ធំ​។


គម្រោង DOOR to ASIA (DTA) គឺ​ជា​អ្នក​​ឌីហ្សាញ​ក្នុង​កម្មវិធី​និវេសនដ្ឋានដែល​តម្រូវ​ឱ្យក្រុម​អ្នក​ឌីហ្សាញទាំង​អស់​ ​មក​ពី​​ប្រទេស​ក្នុង​តំបន់​អាស៊ី​​ ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅក្នុង​សហគមន៍​មួយ ក្នុង​​​ ១ ​រយៈពេល​ ដើម្បី​បង្កើត «ទំនាក់ទំនង»​ សម្រាប់​ក្រុមហ៊ុន​​ក្នុង​ស្រុក តាមរយៈ​ការ​ប្រើប្រាស់​ថាម​ពល​នៃ​ភាព​ច្នៃ​ប្រឌិត ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​។​

ក្រុម​ការ​ងារ​មួយនេះ បាន​និង​កំពុង​តែ​​ធ្វើការ​នៅ​តំបន់​ជុំ​វិញប្រាសាទ​សំបូរ​ព្រៃគុក ចាប់​តាំង​ពី​សប្តាហ៍​ទី​១ នៃ​ខែ​កក្កដា ដោយ​ពួកគេ​បាន​ធ្វើការ​ងារ​ចាប់​ពី​សហ​គមន៍​ជន​ជាតិភាគ​តិច​កួយ រហូត​ដល់​សិប្បករ​ក្នុង​តំបន់ ក៏ដូច​ជា​ការ​ងារ​សង្គម​ជាច្រើន​ផ្សេង​ទៀត​។ ក្រុម​ការ​ងារ Door to Asia កំពុង​តែ​ព្យា​យាម​​ធ្វើការ​​ងារ​ដើម្បី​ធ្វើ​​​យ៉ាង​ណា​ឱ្យ​មានការ​រក្សា​ការ​បើក​ចំហទ្វារ​ជានិច្ច​ទៅកាន់​ខេត្ត​កំពង់​ធំ​។


នៅ​​ពាក់​កណ្តាល​ខែ​កញ្ញា ក្រុម​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ក្នុងស្រុក នឹង​វិល​ទៅកាន់​ខេត្ត​កំពង់​ធំ​វិញ ដើម្បី​រៀប​ចំ​សិក្ខា​សាលា​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​។ កាលពីមុន ពួក​គេ​បានធ្វើ​បទ​បង្ហាញ​រួច​រាល់ហើយ ប៉ុន្តែនៅ​ពេល​នេះ ពួកគេ​នឹង​​រក​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅមុខ​ ១ ​កម្រិត​ទៀត​​។

អ្នក​ស្រី Mai Yoshikawa ​​អ្នក​រៀប​ចំ​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀប​ចំ​សញ្ជាតិ​ជប៉ុន​ទាំង​៣នាក់ ដែល​កំពុង​តែ​ដឹក​នាំ​គម្រោង​នេះ បាន​ឱ្យដឹងថា៖ «ដោយមាន​គោល​បំណង​ក្នុងការ​ផ្សារ​ភ្ជាប់​ទីក្រុង និង​អ្នក​ភូមិ អាហារ និង​ដែន​ដី ពល​រដ្ឋ និង​ពេល​រដ្ឋ យើង​កំពុង​តែ​រៀប​ចំ​ផែន​ការ​​​វិល​ទៅកាន់​ខេត្ត​កំពង់​ធំ ដើម្បី​បន្ត​ការ​ងារ​របស់​យើង​។ កាលពី​មុន យើង​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កំពង់​ធំ ហើយ​សមា​ជិក​ម្នាក់​ៗ បាន​បង្កើត​​ការ​ច្នៃ​ប្រឌិត​ជាច្រើនដើម្បី​ធ្វើ​ជា​ដំណោះស្រាយ​​មួយ​ទៅ​លើ​ប្រធាន​បទ​ដែលត្រូវ​បាន​កំណត់​។ នៅពេល​នេះ យើង​នឹង​ទៅ​ពិនិត្យមើល​​ពី​របៀប​ដែលយើង​អាច​ប្រើប្រាស់​សម្ភារ​ដែល​ត្រូវ​បាន​ច្នៃ​ប្រឌិតរួចហើយ​​ ដើម្បី​​បង្កើតឱ្យ​មាន​ឥទ្ធិ​ពល​បន្ថែមទៀត​»​។


អ្នក​ស្រី​បាន​ប្រាប់​បន្ត​ថា៖ «បច្ចុប្បន្ន នៅកម្ពុជាយើង​បង្កើត​សំណួ​រ ១​ ដែល​សួរ​ថា «តើ​អ្វី​ខ្លះ​ដែល​សំខាន់​សម្រាប់​យើង​ ក្នុងការ​រស់​នៅក្នុង​ពិភព​លោក​នេះ?»​។ អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ ១៩ មនុស្ស​ជាច្រើន​មាន​សំណួរ​ដូចគ្នា ហើយ​​​ខ្ញុំ​ជឿជាក់​យ៉ាង​មុត​មាំ​ថា ចម្លើយ​ទៅនឹង​សំណួរ​នេះ គឺស្ថិតក្នុង​ខេត្ត​​កំពង់​ធំ​តែម្តង​​។ ហេតុនេះ យើង​បាន​អញ្ជើញ​ក្រុម​អ្នក​ច្នៃ​ប្រឌិត​ទាំងក្នុង​ស្រុក និង​នៅ​អាស៊ី មក​ប្រមូល​ផ្តុំ​គ្នានៅ​កំពង់​ធំ សម្រាប់​រយៈពេល​ ១ ​សប្តាហ៍ ដើម្បី​ស្វែង​រក​ចម្លើយ​រួម​គ្នា​ កាលពី​ដើម​ខែកក្កដា​»​។

ប្រធាន​បទ​​ ៤​ សំខាន់​ៗ ដែលត្រូវ​ផ្តោត​​អារម្មណ៍​ គឺ​ទី១ កសិ​កម្ម និង​​ចំណី​អាហារ ដែល​សំដៅ​លើ​​ការ​បន្ត​រស់​នៅ​លើ​ទឹក​ដីនេះ។ ទី​២ ស្មារតី និង​ដួង​ព្រលឹង សំដៅលើ​ការ​រស់​នៅ​ជាមួយនឹង​រឿង​រ៉ាវ​នៃ​ដែន​ដីនេះ។

ទី​៣ លំនៅឋាន និងទស្ស​នីយភាព សំដៅលើ​ដួង​ព្រលឹង​ដែលស្ថិតនៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​ប្រធាន​បទទី​៤ ផ្តោត​លើ​ទី​ប្រជុំ​ជន និង​ទំនាក់ទំនង ដែល​សំដៅ​លើ​ការផ្សារ​ភ្ជាប់​រឿង​រ៉ាវ​នៃ​ទីប្រជុំ​ជន​នេះ​។

​​អ្នក​ឌីហ្សាញ និង​សិល្បករ​ក្នុង​ស្រុក​ ៤ នាក់ ដែល​រួម​មាន​លោក ប៉ែន ឧត្តម អ្នក​ឌីហ្សាញ​ធ្លាប់​ធ្វើ​ការ​​នៅ​សាលា​ វប្បធម៌ ដែល​ជា​សិល្បៈ​ប្រពៃណីខ្មែរនៅ​ខេត្តកំពត លោក​ធ្យូ មនោ​រម្យ សហ​គ្រិន Compost City​លោក Miguel Jeronimo អ្នក​ថត​រូប​សញ្ជាតិ​ព័​ទុយ​ហ្គាល់រស់​នៅ​ភ្នំ​ពេញ និង​អ្នក​ស្រី ឱក សុចិន្តា ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​​ដំណឹង​ល្អ​ស្តីពី​ជីវិត​គ្មាន​សំរាម មកពី​អង្គការ Zerow ជ្រើស​រើស​យក​ប្រធានបទ​ទី​៤ ស្តីពី ទី​ប្រជុំ​ជន និង​ទំនាក់ទំនង ដោយ​​សហ​ការ​ជាមួយនឹង​អ្នក​ឌីហ្សាញ​សញ្ជាតិ​ថៃម្នាក់​​។

អ្នកស្រី Mai បាន​ទៅ​ទស្ស​ន​កិច្ច​នៅ​ប្រាសាទ​សំបូរ​ព្រៃគុក កាល​ពី​ ១៧ ​ឆ្នាំមុន ហើយអ្នក​ស្រី​បាន​គិត​ថា៖ «ខ្ញុំ​​មាន​អារម្មណ៍​​ថា ខ្ញុំ​បាន​កើត​មក​ដើម្បីមក​ទី​នេះ និង​សិក្សា​ពី​ចំណុច​សំខាន់​ៗ​សម្រាប់​យើង​ទាំង​អស់​គ្នា​»។ អ្នក​ស្រី​បាន​ចាប់​អារម្មណ៍​​ទី​នោះ​យ៉ាង​ខ្លាំង និង​​បាន​ឈ្វែងយល់​ពី​សារៈ​សំខាន់​​សម្រាប់ប្រជា​ជន ក្នុងការ​រស់​នៅ ចាប់​ពី​ពេល​នេះ​ត​ទៅ​។

អ្នក​ស្រី​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី «ផ្លូវ​​ជីវិត​មួយ​ទៀត» សម្រាប់​ប្រជា​ពល​រដ្ឋ​ក្នុងការ​រស់​នៅ​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់ និង​កក់​ក្តៅ តាមរយៈ​វត្ថុ​ដែលមាន​តម្លៃ​ពី​ធម្ម​ជាតិ និង​គ្មាន​កន្លែង​ណា ដែល​មាន​លក្ខខណ្ឌដូច​​គ្នា​នេះ​។ អ្នក​ស្រី នឹង​និយាយ​ពី​ជិវិត​របស់​អ្នក​ស្រី នៅកម្ពុជា ហើយជា​​ការ​ងារ​ដែល​អ្នក​ស្រីកំពុង​តែ​ធ្វើ​ក្នុង​ទីប្រជុំ​ជន​មួយ អំឡុង​​ពេល​នៃ​ការ​រត​ត្បាត​នៃ​វីវុស​កូវីដ ១៩​។

ក្នុង​ឆ្នាំ​ ២០១៥ អ្នក​ស្រី​បាន​បង្កើត​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ដើម្បី​ចែក​រំលែក​ពី​ដំណើរ​ផ្សង​ព្រេង​របស់​អ្នក​ស្រី ហើយ​​ចាប់​ពី​ឆ្នាំ​ ២០២០ អ្ន​ក​ស្រី​បាន​កាន់​កាប់​សណ្ឋា​គា​រ ១ ដែល​បាន​បិទ​ទ្វារ ដោយ​សារ​តែ​វិបត្តិ​កូវីដ ១៩ និង​​បាន​​ជួស​ជុល​​សណ្ឋា​គា​រនោះ​ទៅ​ជា​មូលដ្ឋាន​មួយ​សម្រាប់​ដំណើរ​ផ្សង​ព្រេង​របស់​អ្នកស្រី​។

មក​ទល់ពេលនេះ គម្រោង Door to Asia បាន​រៀប​ចំ​កម្មវិធី​​​ចំនួន​១៤លើក​មក​​ហើយ ជាមួយនឹង​ក្រុម​អ្នក​ឌីហ្សាញ​​ចំនួន​៩៦នាក់ មក​ពី​ប្រទេស​ចំនួន​២២ និង​៤៦ក្រុមហ៊ុន/រដ្ឋា​ភិបាល​ក្នុង​តំបន់ ប៉ុន្តែ អ្នក​ស្រី Mai​ចង់​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​ ដើម្បីរ​ក្សា​ទំនាក់ទំនង សូម្បី​តែ​ក្នុង​ពេល​​រឹតត្បិត​ការ​ធ្វើ​ដំណើរ​។

អ្នកស្រី Mai បានឱ្យដឹងថា៖ «ហេតុនេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​​រៀប​ចំ​កម្ម​វិធី​អន​ឡាញ​សរុប​ចំនួន ​១០​។ ទស្ស​ន​ទាន​នៃ​កម្មវិធី​នោះ គឺ «តួនាទី​នៃ​ការ​រចនា​សម្រាប់​បញ្ហា​សង្គម ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រាតត្បាត»​​។ កម្មវិធី​នេះ ទទួលបាន​ការ​គាំទ្រ​ដោយ​មូលនិធិ The Toyota Foundation»​។

ចំពោះ​សកម្មភាពនានា ដែល​ពួក​គេ​គ្រោង​សម្រាប់​​ការ​ធ្វើ​ទស្ស​នកិច្ច​ជាលើក​ទី​២​ ពួកគេ​​នឹង​ធ្វើ​ដំណើរ​ទៅកាន់​សហគមន៍​ជន​ជាតិ​កួយ និង​ផលិត​​ជា​វីដេ​អូមួយ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​​របស់​​ជន​ជាតិ​ដើម​ភាគ​តិច​។ ​ពួក​គេ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​​​​ស្រឡាញ់ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​​​ត្រឡប់​ទៅ​ធម្ម​ជាតិ​វិញ និង​រៀន​ពី​របៀប​ដែល​​ជន​ជាតិ​ដើម​ភាគ​តិច​​​អាច​រស់​នៅ​ជាមួយ​នឹង​​ធម្ម​ជាតិ ដូច​ជា​ សហគមន៍​​ជន​ជាតិកួយ​ជា​ដើម​។

ពួក​គេ​​បាន​​ធ្វើ​បទ​បង្ហាញ​ស្តីពី​​របក​គំឃើញ​ដែលពួកគេ​បាន​រក​ឃើញ នៅតំបន់​ជុំ​វិញ​ប្រាសាទ​សំបូរ​ព្រៃគុក កាលពី​ថ្ងៃ​ទី​ ១៦ ខែ កក្កដា ឆ្នាំ ​២០២២ នៅ​មជ្ឈមណ្ឌល Factory Phnom Penh​។

សម្រាប់​ការ​​ធ្វើ​ទស្ស​ន​កិច្ច​ជាលើក​ទី​២ ពួក​គេ​ក៏​បាន​ធ្វើ​បទ​បង្ហាញ​នៅ​សាលារៀន​ ១ ស្តីពី​​សៀវ​ភៅ​រឿង​ ១ ​​ដែលក្រុម​ការ​ងារ​​របស់​ពួក​គេ​បាន​​តាក់តែង​ឡើង​។ សៀវភៅ និយាយ​ពី​រឿង​ប្រឌិត​បែប​អប់​រំ ដែលកុមារ​ចូល​ចិត្ត​អាន និង​រៀន​ទាក់ទង​នឹង​ភូមិ​របស់​ពួក​គេ​​ក្នុង​ពេល​តែមួយ​។

ប្រាសាទ​សំបូរ​ព្រៃគុក បាន​​បំផុសគំនិត​​ឱ្យ​មាន​​​ការ​ឌីហ្សាញ​ពាក្យ នៅ​ណា នៅ​លើ​អាវ​យឺត​សម្រាប់កម្ម​វិធី​សិក្ខា​សាលា ស្រប​ពេល​ដែល​សិស្ស-និស្សិត​​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ផ្សព្វ​ផ្សាយ និង​អភិរក្ស​វប្បធម៌របស់​ខ្លួន​។​

អ្នក​ស្រី​សុខចិន្តា បានឱ្យដឹងថា៖ «ខ្ញុំ​​ជា​អ្នក​បង្កើត​មាតិកា និង​ជា​ស្ថាបនិក​អង្គការ Zerow។ នៅ Zerow កំពុង​តែ​ធ្វើ​ការ​លើ​ការ​បង្កើន​ការ​យល់​ដឹង​លើ​ការផ្លាស់ប្តូរ​អាកាស​ធាតុ និងសកម្មភាព​ទាក់ទងនឹង​អាកាស​ធាតុ​»​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា អ្នក​ស្រី​ត្រូវ​បាន​គេ​ជ្រើ​សរើសឱ្យ​ធ្វើ​ការ​ក្នុងកម្មវិធី​នេះ​ជាមួយនឹង​គម្រោង DTA ក្នុង​នាម​ជា​​អ្នក​ឌីហ្សាញ និង​អ្នក​បង្កើត​ក្នុង​ស្រុក​។ DTA គឺ​ជា​កម្មវិធី​ដ៏អស្ចារ្យ​​មួយ ដែក​ផ្សារភ្ជាប់​​ប្រជា​ពល​រដ្ឋ​ទូ​ទាំ​ងតំបន់​អាស៊ី ឱ្យ​ធ្វើ​ការ​​លើ​ប្រធាន​បទ​/បញ្ហា​ដែល​ជាក់​លាក់ និង​​បង្កើតឱ្យ​មាន​ការ​ច្នៃ​ប្រឌិត​នានា ដើម្បី​បង្កើតឱ្យ​បាន​​នូវអត្ថ​ប្រយោជន៍​​សម្រាប់​សង្គម​​។

អ្នក​ស្រីបាន​ឱ្យដឹងថា៖ «នៅ​មុន​ពេល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើការ​ជាមួយនឹង​គម្រោង DTA ខ្ញុំ​មិនបាន​ដឹង​ច្បាស់​អំពី​អ្វី​ដែលយើងនឹង​​ធ្វើ​ក្នុង​កម្មវិធី​នេះ​ឡើយ​។ ខ្ញុំ​បាន​សួរគេ​ឯង ប៉ុន្តែហាក់គ្មាន​នរណា​​អាច​ផ្តល់​ចម្លើយ​ដ៏ច្បាស់​លាស់​ឡើយ​។ ប៉ុន្តែយើង​ទាំង​អស់​គ្នា​បាន​ដឹងថា វា​នឹង​ក្លាយ​ជា​គម្រោង​ដ៏អស្ចារ្យ​។ យើង​បាន​ដឹង​ថា យើង​​ក្លាយ​ជាផ្នែក​ ១ ​នៃ​គម្រោង​ដ៏អស្ចារ្យនេះ​»​​។

ក្រោម​ការ​ចាប់​ដៃគូ​ជា​មួយនឹង Chatchai Sukanan Mean មក​ពី​ប្រទេស​ថៃ អ្នក​ទាំង​ ២​ បាន​ធ្វើ​ការ​ទាក់ទង​នឹង​អគារ​បុរាណ​ជាច្រើន ដូច​ជា​អគារ​​សល់​ពី​អាណា​និគម​និយម​បារាំង ក្នុង​ទីក្រុងជា​ដើម​។ សកម្មភាព​បន្ថែម​ទៀត​ទាក់ទង​នឹង​ប្រធាន​បទនេះ គឺ​នាំ​​​ម្ចាស់​ផ្ទះ​នៅ​ទីក្រុង​ភ្នំ​ពេញ ទៅ​ទស្ស​ន​កិច្ច​នៅ​សហ​គមន៍​មួយ ដែល​ត្រូវ​បាន​សាង​សង់​​ឡើង​ពី​លើ​ផ្ទះ​អាណា​និគម​​និយម​បារាំង ដូច​ជា ផ្ទះ​ចាស់ ជា​ដើម​។

សុចិន្តា បាន​និយាយ​ថា៖ «សកម្ម​ភាព​នេះ នឹង​បំផុស​លើក​ទឹក​ចិត្ត​ដល់ពួក​​គាត់ និង​បង្ហាញ​ឱ្យ​ពួក​គាត់​​ឃើញពី​តម្លៃ​​នៃ​ប្រភេទ​ផ្ទះ​របស់​គាត់​។ គម្រោង​នេះ នឹង​កើត​ឡើងនៅ​ពេល​បន្ទាប់​ទៀត ក្រោយពី​ការ​ធ្វើដំណើរ​ទៅ​កាន់​ខេត្តកំពង់​ធំ​ជា​លើក​ទី​២ ​របស់យើង​។ នោះ​គឺ​ជា​មូល​ហេតុ​ដែល​គ្មាន​ការ​​លើក​ឡើង​ពី​ផែន​ការ​សកម្មភាព​»​។

ការ​វិល​ត្រឡប់​ទៅ​ខេត្ត​កំពង់​ធំ និង​ធ្វើ​ការ​ជាមួយនឹង​សហ​គមន៍​ជន​ជាតិកួយ គឺ​បេស​កកម្ម​ដ៏ពិសេស​មួយ​សម្រាប់ DTA​។ អ្នក​ស្រីសុចិន្តា បាន​និយាយ​ថា វា​ក៏​មាន​ការ​បើក​ចំហ​លើ​ការ​ធ្វើ​ការ​ងារ​លើ​សពី​ប្រធាន​បទ​ដែល​ត្រូវ​បាន​កំណត់​ផង​ដែរ​។

បច្ចុប្បន្ន អ្នក​​ស្រី​​កំពុង​តែ​ធ្វើ​ការ​ក្នុង​យុទ្ធ​នា​ការ​សង្គម​មួយ​​ដែល​មាន​ឈ្មោះ​ថា #showmeyourtree (បង្ហាញឱ្យខ្ញុំ​ឃើញ​ពី​ដើម​ឈើ​របស់​អ្នក)​។ ហេតុនេះ អ្នកស្រី​​ធ្វើ​ការ​ជាមួយនឹង​គម្រោង​ទាំង​ ២ ពោល​គឺ​ទាំង​ជាមួយនឹង DTA និងទាំង​យុទ្ធនាការ #showmeyourtree ស្តីពី​របៀប​ដែល​សហ​គមន៍​ជន​ជាតិ​កួយរស់​នៅ​ជាមួយនឹង​ធម្មជាតិ​។

ស្ថាបនិក​​អង្គ​ការ Zerow រូប​នេះ ចង់​​ឱ្យ​ជន​ជាតិ​​ដើម​ភាគ​តិច និង​ប្រជា​ពលរដ្ឋ​មិនមែន​ជា​ជន​ជាតិដើម​ទាំង​អស់ដឹង​ថា ជន​ជាតិ​ដើម​ភាគ​តិច មាន​មធ្យោ​បាយ​ដ៏ល្អ​បំផុត​ក្នុង​ការ​​រស់​នៅ​ប្រកប​ដោយ​ភាព​សុខដុម​រមនា​ជាមួយ​នឹង​ធម្ម​ជាតិ​។

អ្នក​ស្រី​បាន​កត់​សម្គាល់​ថា៖ «[ជន​ជាតិកួយ] មាន​គន្លឹះ ធម្ម​ជាតិ និង​ព្រៃពឹ្រក្សា ជា​ផ្ទះ​របស់​ពួក​គេ ប៉ុន្តែ ពួក​គេ​ជា​ក្រុម​មនុស្ស​ដំបូង​គេ​​ដែល​​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​កាប់​ព្រៃ (ដែល​ជា​មូល​ហេតុ​មួយ​នាំ​ឱ្យ​មានការផ្លាស់​ប្តូរ​អាកា​ស​ធាតុ) ធ្វើ​សម្បទាន​ដីធ្លី និង​ការ​អភិវឌ្ឍដែល​គ្មាន​ការ​អភិរក្ស​។ បើ​ទោះ​បី​អរិយ​ធម៌ ចូល​ជ្រួត​ជ្រាប​គ្រប់មនុស្ស​ទាំង​អស់​ក៏ដោយ ប៉ុន្តែ យើង​ភ្លេច​ថា ព្រៃឈើ មិនត្រឹម​តែ​ជា​ជម្រក​សម្រាប់​សត្វ​ព្រៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​សម្រាប់​មនុស្ស​ផងដែរ​»​។

នេះ​គឺ​ជា​​ចំណុច​ដែល Door to Asia ​កំណត់​ទស្ស​ន​វិស័យ​របស់​ខ្លួន ដើម្បី​ធ្វើ​ដំណើរ​វិល​ទៅកាន់​ខេត្ត​កំពង់ធំ ប្រទេស​កម្ពុជា​វិញ ​ជា​ទី​​កន្លែង​របស់​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​ប្រមូល​​ផ្តុំ​ដោយ​​ទី​តាំង​​ប្រវត្តិ​សាស្ត្រ​​ជាច្រើន មាន​អាយុ​កាល​ច្រើន​ជាង ​១ ០០០ ​ឆ្នាំ និង​ជា​ទី​តាំង​បេតិ​កភណ្ឌ​​ពិភព​លោក​​ទី​៣ នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ ប្រាសាទ​សំបូរ​ព្រៃគុក ក៏​ជា​ទីកន្លែង​​មាន​លក្ខណពិសេស​ដាច់​គេ និង​ប្រមូល​ផ្តុំ​ដោយ​ទិដ្ឋ​ភាព​ ចំណី​អាហារ និង​ការ​រស់​នៅ​​របស់​ប្រជា​ពលរដ្ឋ​ ដ៏​សម្បូរ​បែប​ផងដែរ​។ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ពេល​ដែលមាន​​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ក្នុង​សង្គម​សម័យ​ទំនើប​នេះ «រឿង​រ៉ាវ ​ដួង​ព្រលឹង និង​​ទស្ស​ន​វិជ្ជា​នានា ដែល​ស្ថិត​នៅ​ក្នុង​ដែន​ដី​នេះ និង​ស្ថិតក្នុង​ជីវិត​រស់​នៅ​​របស់​ប្រជា​ពល​រដ្ឋ» ពិត​ជា​​កម្រ​ស្តែង​ចេញ​ឱ្យ​​ឃើញ​ណាស់ ដែលនាំ​ឱ្យ​មានការ​លំបាក​ក្នុងការ​​បញ្ជ្រាប និង​ប្រឈម​នឹងគ្រោះថ្នាក់​នៃ​ការ​បាត់បង់​។ នេះ​បើយោង​​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី Mai​។

ក្នុង​នាម​ជា​​អ្នក​ឌី​ហ្សាញម្នាក់ ដែល​បាន​ទៅ​ទស្ស​ន​កិច្ច​នៅ​​តំបន់​​បុរាណ​វិទ្យា​នេះ អ្នក​ស្រី Mai បង្កលក្ខណៈ​ងាយ​ស្រួល​​ ១ ​កម្រិត​ទៀត​សម្រាប់​​គ្រប់គ្នា តាមរយៈ​ថាមពល​នៃ​ការ​រចនា​ ដើម្បី​ពន្យល់​ពី​អត្ថ​ន័យ​នៃ​ពាក្យ​ប្រជា​ពលរដ្ឋ គ្រួ​សារ អ្នក​ជិត​ខាង សហ​គមន៍ ទីក្រុង និង​សង្គម ស្រប​ពេល​ដែល​​ការ​រចនា​មិនមែន​សំដៅ​តែ​លើ​​​ផលិត​ផល​នៃ​ការ​រចនា​តែ​ ១ ​មុខ​ឡើយ ប៉ុន្តែ ក៏​ផ្តោត​លើ​ការ​រច​នា​បែប​ទំនាក់ទំនង និង​ការផ្សារ​ភ្ជាប់​ជា​មួយនឹង​មនុស្ស ផងដែរ​។

អ្នក​ស្រីបញ្ជាក់​ថា សហ​គមន៍​​ជន​ជាតិកួយ បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​ចាប់​អារម្មណ៍​លើ​របៀប​រស់នៅ​ក្នុង​ព្រៃ​របស់​ពួក​គេ អស់​រយៈពេល​ដ៏​យូរ ហើយ​អ្នក​ស្រី​បាន​គិត​ថា ទស្សនៈ​របស់​ពួក​គេ​លើ​ការ​រស់​នៅ​បែប​នេះ ពិត​ជា​សំខាន់​សម្រាប់​សង្គម​បច្ចុប្បន្ន​។

អ្នក​ស្រី Mai បាន​ឱ្យដឹងថា៖ «ពួក​គេ​គឺ​ជាមនុស្ស​ជំនាន់​មុន​របស់​យើង​។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​កន្លែង​ដែល​មនុស្ស​​អាច​រៀន​ពី​ជីវិត តាមរយៈ​ការផ្សារ​ភ្ជាប់​សម័យ​បុរាណ​ជាមួយនឹង​សម័យ​ទំនើប​»​។

នេះ​គឺ​ជាមូលហេតុ​ដែល​អ្នក​ស្រី បាន​​មក​រស់​នៅ​កម្ពុជា ដោយ​សារ​តែ​អ្នក​ស្រី​ចង់​ចែក​រំលែក​ចំណេះ​ដឹង​ជា​មួយនឹង​​អ្នក​ផ្សេង​ទៀត ស្តីពី​អត្ថ​ន័យ​នៃ​ការ​រស់​រាន​មាន​ជី​វិត ដែល​អ្នក​ស្រី​បាន​រៀន​សូត្រ​នៅ​ក្នុង និង​ជុំ​វិញ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​។

សម្រាប់​ព័ត៌​មាន​លម្អិត​បន្ថែម សូម​ចូល​ទៅកាន់​ផេច Facebook៖ @door.2.asia ហើយ​ដំណើរ​ទស្ស​នកិច្ច​ជា​លើក​ទី​២​ទៅកាន់​ខេត្ត​កំពង់​ធំ គឺ​ចាប់​ពីថ្ងៃទី​ ១ ខែកញ្ញា ដល់ថ្ងៃទី​ ៤ ខែ កញ្ញា ឆ្នាំ​ ២០២២​៕