ភ្នំពេញៈ ក្រសួង​ធម្មការ​និង​សាសនា បាន​ចេញ​សេចក្តី​ណែនាំ​ដល់​មន្ទីរ​ធម្មការ និង​សា​សនា​គ្រប់​បណ្តា​រាជ​ធានី ខេត្ត​ត្រូវ​បំផុស​ចលនា ស្មារតី​ចូលរួម​ជំរុញ​កម្ម​វិធី​អក្ខរ​កម្ម និង​ណែនាំ​ដល់​គ្រប់​វត្ត​អា​រាម ​អាស្រម ​មណ្ឌល​វិបស្ស​នា អង្គការ សមា​គម រៀបចំ​តុប​តែង​លម្អ​ដោយ​ទង់​ជាតិ ទង់​សាសនា ទង់​ព្រះមហា​ក្សត្រ បដា​ពាក្យ​ស្លោក​ទៅ​តាម​អង្គភាព​ដើម្បី​អបអរ​សាទរ​ទិវា​អក្ខ​រកម្ម​ជាតិ​ ៨ កញ្ញា ឱ្យ​បាន​ផុស​ផុល​។​


​សេចក្តី​ណែនាំ​របស់​ក្រសួង​ធម្មការ ​និង​សាសនា ដែ​ល ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​នៅ​ថ្ងៃទី​ ៣០​ ខែសីហា ​បាន​ឱ្យដឹងថា ​ការណែ​នាំ​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​ការ​រៀបចំ​ទិវា​អក្ខរកម្ម​ជាតិ ៨ កញ្ញា ប្រព្រឹត្ត​ទៅ​ស្រប​តាម​ព្រះរាជ​ក្រឹត្យ សា​រាចរ​ណែនាំ ព្រម​ទាំង​បំពេញ​តាម​សំណូម​ពរ​នៃ​ប្រធាន​បទ «​អក្ខរ​កម្ម​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សិក្សា​ពេញ ​១ ជីវិត​» និង​ចូលរួម​បដិបត្តិ​តាម​សេចក្តី​ណែនាំ​នានា​របស់ រាជ​រដ្ឋាភិ​បាល ក្រសួង​សុខាភិ​បាល និង​អាជ្ញា​ធរ​ដែនដី តាម​សភាព​ជាក់​ស្តែង​នៃ​ទី​កន្លែង​នីមួយៗ​។

​ក្រសួង​ធម្ម​ការ​បាន​ណែនាំ​ថា​៖ «​ត្រូវ​ចូល​រួម​បំផុស​ចលនា​ ព្រះសង្ឃ ​បព្វ​ជិត​ពុទ្ធ​សាសនា​ អាចារ្យ ​សីលវន្ត សីលវ​តី ឱ្យចូល​រួម​ ជំរុញ​កម្មវិធី​អក្ខ​រកម្ម តាម​រយៈ​ការ​សម្តែង​ធម៌​ទេស​នា​ជា​ដើម ​ដោយ​អនុវត្ត​តាម​វិធាន​ការ “៣​ការ​ពារ​ ៣កុំ របស់​រាជរ​ដ្ឋាភិ​បាល​ និង​ក្រសួង​សុខាភិ​បាល សំដៅ​បង្ការ​ការ​ឆ្លង​រាល​ដាល​ជំងឺ​វីដ ​១៩»​​។


​លោក​ គុណ សម្បត្តិ​មុនី​រតន៍ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា ​ខេត្ត​បាត់​ដំបង​ថ្លែង​នៅ​រសៀល​ថ្ងៃទី ៣០​ ខែសីហា​ថា មន្ទីរ​ធម្មការ​ខេត្ត​បាត់​ដំបង​ទើប​ទទួល​បាន​ការណែ​នាំ​នៅ​ព្រឹក​ថ្ងៃទី ​៣០ ​ខែសីហា​ តាមរយៈ​តេ​ឡេ​ក្រាម​។ លោក​ថា ខេត្ត​បាត់​ដំបង​មិន​មាន​រៀបចំ​ពិធី​អ្វី​ធំដុំ​ទេ ​ប៉ុន្តែ​នឹង​ធ្វើ​ការ​ផ្សា​ព្វ​ផ្សាយ​តាម​បណ្តា​វត្ត​អារាម ដោយ​ដាក់តាំង​ពាក្យស្លោក​តាម​របង​វត្ត និង​ខ្លោងទ្វារ​ជាពិសេស​គឺ​នៅ​ថ្ងៃសីល​។

​លោក​ប្រធាន​មន្ទីរ​ប្រាប់ថា ពលរដ្ឋ​មិនចេះ​អក្ស​មិនសូវមាន​ទេ​ក្នុងពេល​បច្ចុប្បន្ន សូម្បី​ព្រះសង្ឃ​ក៏មាន​កម្រិត​ល្អប្រសើរ​ជាង​មុន។ ពលរដ្ឋ​បច្ចុប្បន្ន​មាន​ជីវភាព​ធូរធា​រជាង​មុន និង​បានឱ្យ​កូន​ទៅ​សិក្សា​រៀនសូត្រ​មិន​ត្រឹមតែ​សាលា​រដ្ឋ​ទេ ពោលគឺ​បាន​រៀន​ទាំង​សាលា​ឯកជន​ទៀតផង​។ ចំណែក​ព្រះសង្ឃ​តូចៗ​ក៏បាន​ឆ្លងកាត់​សាលា​មត្តេយ្យ ​សាលា​បឋម ​រហូត​ដល់​មហា​វិទ្យា​ល័យ​ព្រះ​សង្ឃ​សិក្សា​ក៏​មាន​ផង​ដែរ​។


​លោក​ថ្លែង​ថា​៖ «​ឥឡូវ​តាម​បណ្តា​ខេត្ត​មាន​ដល់​មហា​វិទ្យា​ល័យ​អស់​ហើយ ​នៅ​ខេត្ត​បាត់​ដំបង​មាន​មហា​វិទ្យា​ល័យ​លោក​សង្ឃ ហើយ​អនុ​វិទ្យា​ល័យ​មាន​ដល់​៣​កន្លែង​ឯ​ណោះ ​មាន​ស្រុក​ថ្មគោល​ និង​ស្រុក​មោង​ឫស្សី​ អ៊ីចឹង​ងាយ​ស្រួល​បំផុត​ហើយ ​លោក​សង្ឃ​មិន​ពិបាក​ទេ​»​។

​លោក​ រស់ សុ​វាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ថ្លែង​នៅ​ថ្ងៃទី​ ៣០ ​ខែសីហាថា ​អត្រា​អក្ខរ​កម្ម​ ជន​ពេញ​វ័យ​ចាប់ពី ១៥ ​ឆ្នាំ​ឡើង​ មាន​ជាង​ ៨៧​ ភាគ​រយ ​ដែល​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់រាជ​រដ្ឋាភិ​បាល​ក្នុងការ​កាត់​បន្ថយ​អន​ក្ខ​រ​ជន​។ នេះ​ជាការ​ឆ្លើយ​តប​នូវ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ស្រប​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​ក្រសួង​អប់រំ​ យុវជន​ និងកី​ឡា​ផង​ដែរ ។​

​លោក​ថ្លែង​ថា​៖ «​តាម​ការ​អង្កេត​សេដ្ឋកិច្ច​-​សង្គម​កិច្ច​ឆ្នាំ ២០១៩-​២០២០ ​បង្ហាញ​ថា អត្រា​អក្ខរ​កម្ម​ ជន​ពេញ​វ័យ​ចាប់​ពី ១៥ ​ឆ្នាំ​ឡើង​ មាន ​៨៧,៨ ​ភាគ​រយ ​ប្រការ​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់រាជ​រដ្ឋាភិ​បាល​ក្នុងការ​កាត់​បន្ថយ​អន​ក្ខ​រ​ជន តាម​រយៈទិវា​អក្ខរ​កម្ម​ជាតិ​ ៨​ កញ្ញា ដែល​ជា​កម្លាំង​ចលករ​ជួយ​ជំរុញ​ឱ្យ​កម្ម​វិធី​នេះ​កាន់​តែមា​ន​ប្រសិទ្ធ​ភាព​»​។​

​លោក ​រស់ សុ​វាចា បាន​ឱ្យដឹង​​ទៀត​ថា ក្រសួង​អប់រំ យុវជន ​និង​កីឡា​នឹង​ប្រារព្ធ​ទិវា​អក្ខរ​កម្ម​ជាតិ​ ៨ ​ខែ កញ្ញា ឆ្នាំ​ ២០២២​ នេះ ​ក្រោម​ប្រធាន​បទ «​អក្ខរ​កម្ម​ជា​ស្ពាន​ឆ្ពោះ​ទៅ​រក​ជំនាញ ​មុខ​របរ និង​ការ​សិក្សា​បន្ត​» នៅ​ថ្ងៃទី​ ៨​ ខែ កញ្ញា​ ឆ្នាំ​ ២០២២ ​នៅបរិវេណ​សួន​មាន​ជ័យ (​វេទិកា​ខេត្ត​) ខេត្ត​បន្ទាយ​មាន​ជ័យ​។​

​ទិវា​អក្ខរ​កម្ម​ជាតិ​ ៨ កញ្ញា ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ​៨ ខែ​កញ្ញា ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោល​បំណង​បង្កើន​ការយល់​ដឹង​ឱ្យបាន​ទូលំ​ទូលាយ​អំពី​សារៈ​សំខាន់​ នៃ​កម្ម​វិធី​អក្ខរ​កម្ម និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ ​សំដៅ​លើកក​ម្ពស់​សមត្ថ​ភាព​រប​ស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប ក្នុង​ការ​ចាប់​យក​ជំនាញ​ មុខ​របរ​ និង​សិក្សា​បន្ត​។

​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ ​អន្តរ​ជាតិ នៅ​ថ្ងៃទី ៨​ ខែសីហា បាន​ណែនាំ​ពាក្យ​ស្លោក​ចំនួន ៣៦​ ពាក្យ​ស្លោក​សម្រាប់​អង្គភាព​ពាក់​ព័ន្ធ​ធ្វើការ​ផ្សព្វ​ផ្សាយ​។ ពាក្យ​ស្លោក​ទាំង​នោះ​មាន អប​អរសាទរ ​ទិវា​អក្ខរ​កម្ម​ជាតិ​ ៨ កញ្ញា រៀន​ហើយ រៀន​ទៀត​ រៀន​ពេញ ​១ ជីវិត អប់រំ​សម្រាប់​ទាំង​អស់​គ្នា ទាំង​អស់គ្នា​​ដើម្បី​ការ​អប់រំ រៀន​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង គ្រួសារ និង​ស​ង្គ​ម​ជាតិ អក្ខ​រកម្ម ជា​ពន្លឺ​នៃ​សុភ​មង្គល អក្ខរ​កម្ម ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ អក្ខរ​កម្ម​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ អក្ខរ​កម្ម​ទប់​ស្កាត់​អេដស៍ អក្ខរ​កម្ម​ទប់​ស្កាត់​ការ​កេង​ប្រវ័ញ្ច​ពល​កម្ម​កុមារ អក្ខរកម្ម​កាត់​បន្ថយ​ការប្រើ​គ្រឿង​ញៀន អក្ខរ​កម្ម ជា​មធ្យោ​បាយ​បំបាត់​អំពើ​ហិង្សា ​និង​មាន​អក្ខរ​កម្ម មាន​ចំណេះ​ដឹង មាន​ការ​អភិ​វឌ្ឍ ជា​ដើម​៕