​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ហេង សួរ ជំរុញ​ដល់​កសិដ្ឋាន​គិរី​សួ​គ៍​ដែល​ជាក​សិ​ដ្នា​ន​កែច្នៃ​ទឹកដោះគោ​ស្រស់​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បន្ត​សក្តានុពល​របស់ខ្លួន ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​។​


​ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​ឱកាសលោក ហេង សួរ រួមជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​របស់​សមាគម​មិត្ត​យើង បាន​ចុះ​ទស្សនកិច្ច​ស្វែងយល់​ពី​ចង្វាក់​ផលិតកម្ម​ផលិតផល​កែច្នៃ​ចេញពី​ទឹកដោះគោ នៃ​កសិដ្ឋាន​គិរី​សួ​គ៍ ស្ថិតក្នុង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃទី​១​ខែកញ្ញា​នេះ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការវិនិយោគ​របស់​កសិដ្ឋាន ដែល​បាន​ជួយ​បង្កើត​ការងារ​ជូន​ប្រជាជន​ក្នុងស្រុក ក៏ដូចជា នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការកែច្នៃ​ផលិតផល​នានា​ចេញពី​ទឹកដោះគោ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។


​ជាមួយគ្នានេះដែរ លោក​ស្នើឱ្យ​កសិដ្ឋាន​រក្សា​វិធាន​អនាម័យ ដើម្បី​ធានាបាន​នូវ​គុណភាព​ផលិតផល​នានា​របស់​កសិដ្ឋាន ជាពិសេស​ស្នើឱ្យ​បងប្អូន​បុគ្គលិក​ទាំងអស់​ត្រូវខិតខំ​ធ្វើការ ស្វែងយល់​អំពី​បច្ចេកទេស និង​ជំនាញ​ក្នុង​ការផលិត ដើម្បី​ខ្មែរ​យើង​អាចធ្វើ​ដោយ​ខ្លួនឯងបាន​។​

​លោក ហេង សួរ ក៏បាន​ជំរុញ​ដល់​សមាគម​មិត្ត​យើង ក៏ដូចជា​កសិដ្ឋាន​គិរី​សួ​គ៍ បន្ត​បង្កើត​ឱកាស​ការងារ អាជីវកម្ម មិត្តភាព សាមគ្គីភាព និង​បន្ត​កសាង​បណ្ដាញ​គាំទ្រ​រវាង​អ្នក​ប្រកបការងារ ឬ​មុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន អ្នកជំនាញ​បច្ចេកទេស អ្នកបម្រើ​ផ្នែក​សេវាកម្ម និង​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ​ទាំង​នៅក្នុង និង​ក្រៅប្រទេស ជាពិសេស​ការងារ​សង្គម ដើម្បី​បន្ត​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ពលរដ្ឋ​បន្ថែមទៀត​។​


​លោក គួច សុខលី ប្រតិភូ​សមាគម​មិត្ត​យើង​ទទួលបន្ទុក​សាធារណរដ្ឋ​កូរ៉េ និង​ជា​ម្ចាស់​ភាគហ៊ុន កសិដ្ឋាន​គី​រី​សួ​គ៍ បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ន កសិដ្ឋាន​គិរី​សួ​គ៍​គឺជា​កសិដ្ឋាន​ទឹកដោះគោ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា ដែលមាន​ប្រតិបត្តិការ​ពេញលេញ​លើ​ផ្ទៃដី ៣០០​ ហិកតា ក្នុងនោះ​មាន​ផ្ទៃដី​ដាំ​ស្មៅ​សម្រាប់​សត្វ​គោ​ជាង ១ ០០០​ ក្បាល និង​រោងចក្រ​ផលិតផល និង​កែច្នៃ​ទឹកដោះគោ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប​។​

​លោក​បន្តថា កសិដ្ឋាន​មាន​បុគ្គលិក​ចំនួន ១១០​ នាក់ (​បរទេស ៤​ នាក់​) ដែល​កំពុង​បម្រើ​ការងារ និង​ទទួលយក​ចំណេះដឹង​បច្ចេកទេស និង​វិជ្ជាជីវៈ​ថ្មីៗ​ពី​ជំនាញការ​ប្រទេស​អ៊ីស្រាអែល ដើម្បី​ចូលរួម​ផលិតកម្ម​ក្នុងស្រុក​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕​