ភ្នំពេញៈលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំ​ពេញ បាន​ស្វាគមន៍​ចំពោះ​បណ្តាក្រុ​មហ៊ុន​ពីប្រទេស​វៀតណាម ដែល​មានបំណង​ធ្វើការ​វិនិយោគ​លើការ​កែ​ឆ្នៃ និង​បំប្លែង​កាក​សំណល់​សំរាម​ទៅ​ជាថាមពល​អគ្គិសនី និង​បំប្លែងទឹក​កខ្វក់​ទៅជាទឹក​ស្អាត ក៏ដូច​ជា​ការ​ទុក​ដាក់​សំរាម​បំបាត់​ក្លិន​ជាដើម​។


អភិបាលរាជ​ធានីភ្នំ​ពេញ បាន​លើក​ឡើង​ដូចនេះ ​​ក្នុង​ដំណើ​រទស្សន​កិច្ច​ផ្លូវការរបស់លោកនៅ​​ប្រទេស​វៀត​ណាម​​ចា​ប់​ពី​ថ្ងៃទី ​០៤ ដល់​ទី ៨ ខែកញ្ញា ក្នុង​គោល​ដៅរឹតចំណង​មិត្ត​ភាព សាមគ្គី​ភាព និង​កិច្ច​សហប្រតិបត្តិ​ការឱ្យ​កាន់​តែល្អប្រសើរ លើវិស័យ​បរិស្ថាន សំរាម អប់រំ ទេស​ចរណ៍ បណ្តុះ​បណ្តាល​និង​វិស័យ​សុខា​ភិបាល​ក្នុង​នាម​ទីក្រុងសម្ព័ន្ធ​មេត្រីភាព​ទាំង​២ រាជ​ធានី​ភ្នំពេញ​និង​រដ្ឋធានី​ហាណូយ​។​

​នា​ថ្ងៃទី ​៥ កញ្ញា ​​លោក ឃួង ស្រេង ​លោក ចាយ ​ណាវុធ ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំសា​ធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​លោក NGUYEN​​ TRONGDONG  អភិបាល​រង​រដ្ឋធានី​ហាណូយ បាន​ចុះ​ទស្សនកិច្ច​ទិដ្ឋភាព​ទូទៅនៃស​ម្ពន្ធ័ក្រុ​ម​ហ៊ុន CNTY.EUZY និង​គម្រោង​សាង​សង់រោង​ចក្រថា​មពលសកម្ម​ភាព និង​គម្រោង​បច្ចេក​ទេសរបស់​ក្រុ​មហ៊ុន​ថា​មពល​ពីកាក​សំណល់ SOC.SON នៃបរិស្ថាន​ធាន​អ៊ីហាណូយ និង​គម្រោង​រោង​ចក្រ​អគ្គិ​សនីបំប្លែង​ចេញ​ពីកាក​សំណល់ Soc Son។  ​​


យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាលរាជ​ធានីភ្នំ​ពេញ នៅ​ថ្ងៃទី​ ០៦ ខែកញ្ញា បាន​ឱ្យ​ដឹងថា ឆ្លងកាត់រ​យៈពេលជា​ច្រើន​ឆ្នាំដំណើរ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា បច្ចុប្បន្ន​សម្ព័ន្ធក្រុម​ហ៊ុន​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ​នៅលើពិ​​ភពលោក ក្នុង​វិស័យ​ប្រតិបត្តិ​ការ​បរិស្ថាន​ទីក្រុង​ដែល​មាន​វិសាល​ភាព​នៅក្នុង​ប្រទេស​ជាង​ ៣០ មាន​រោង​ចក្រ កម្ចាត់កាក​សំណង់​រឹងជាង​ ៣០០​ កន្លែង នៅ​ទូទាំង​ពិភព​លោក​។

​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ​មាន​សមត្ថ​ភាព​កែឆ្នៃសំរា​ម​រហូត​ដល់​ ៥ ម៉ឺន​តោន ​ក្នុង ​១ ថ្ងៃ ជាមួយ​បុគ្គលិក​សរុបជា​ង ៨ ម៉ឺននាក់ ក្នុង​នោះមាន​បុគ្គលិក​ជាង​៦ម៉ឺន​នាក់ជាជន​ជា​តិអឺរ៉ុប។ ជាមួយគ្នា​នេះក៏បាន​កាត់​បន្ថយ​កាក​សំណល់ ​លើកកម្ពស់​ប្រសិទ្ធ​ភាព​នៃការ​ប្រើប្រាស់​ដីធ្លី និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ផង​ដែរ។ 


នា​ឱកាស​នោះ​ដែរ បន្ទាប់​ពី​ធ្វើ​ទស្សន​កិច្ច​នៅក្រុម​ហ៊ុន​នេះ​រួច​មក លោក ឃួង ស្រេង បាន​លើកឡើង​ពីការស្វាគ​មន៍​របស់​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ ប្រសិន​បើបណ្តាក្រុម​ហ៊ុនពីវៀត​ណាម មានបំ​ណង​វិនិយោគ​លើការ​កែច្នៃ និង​បំ​ប្លែ​ងកាក​សំណល់​សំរាម​ទៅជា​ថាមពលអគ្គិ​សនី និង​បំប្លែង​ទឹកកខ្វក់​ទៅជាទឹ​កស្អាត​ ក៏ដូច​ជាការ​ទុកដា​ក់សំរា​មបំបាត់​ក្លិន​ជាដើម​។ 

​លោក ឃួង ស្រេង មាន​ប្រសាស​ន៍ថា៖ «រា​ជធា​នីភ្នំ​ពេញ ដែល​កំពុងរី​កចម្រើន​យ៉ាង​លឿន​បែប​នេះ បញ្ហាប្រឈម​តែងកើត​មាន​ដូច​ជា​បញ្ហាច​រាចរណ៍, សំណង់, បញ្ហាបរិ​ស្ថាន, ប្រពន្ធ័​លូ ជាពិសេស​បញ្ហាសំរាម​ នេះតែ​ម្តងដែលរ​ដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ក្លាក្នុង​ការលើក​កម្ពស់​បរិស្ថាន​ទីក្រុង រួមជា​មួយ​ដៃគូអភិវ​ឌ្ឍមួយ​ចំនួន​ទៀត​ផង​ដែរ​»។  

លោក​បាន​បន្ថែម​ទៀត​ថា រាជ​ធានីភ្នំ​ពេញ​មាន​កំណើន​ប្រជាពល​រដ្ឋ យ៉ាង​ឆាប់​រហ័សប្រមាណ​ជាង​៣លាន​នាក់ ចំណែក​បរិមាណ​សំរាម​បាន​កើនឡើង​រហូត​ដល់ជាង​ ៣ ពាន់តោ​ន ក្នុង ១ ​ថ្ងៃ ហើយនៅ​ពេលខាង​មុខរា​ជធា​នីភ្នំពេ​ញ នឹង​បង្កើត​ទីលាន​ចាក់​សំរា​មថ្មីចំនួន ​២ ​កន្លែង​បន្ថែ​ម​ទៀត ស្ថិត​នៅប៉ែកខាង​ជើង និង​ខាង​លិចរាជ​ធានីភ្នំពេ​ញ និងមាន​ក្រុម​ហ៊ុនប្រមូ​លសំរា​មចំនួ​ន៣​កំពុងប្រ​តិបត្តិការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​នេះ។​​

លោក នេត្រ ភក្រ្តា អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាន​កាល​ពី​ថ្ងៃទី​ ៣០ ខែសីហា ថា ​បច្ចុប្បន្ន​នេះ កម្ពុជា​បង្កើត​សំណល់​រឹង​សំរាម​ចំនួន​ជាង ១ ម៉ឺន​តោន ​ក្នុង​ ១ ​ថ្ងៃ និង​ប្រមាណ​ជាង ៤ លានតោន​ ក្នុង​ ១ ​ឆ្នាំ ក្នុង​នោះ​សំណល់​សរីរាង្គ​ប្រមាណ​ ៦០% សំណល់​ប្លាស្ទិ​ក​ប្រហែល ២០% និង​សំណល់​ទូទៅ ១០%។

​លោក​បាន​ថ្លែង​ឱ្យដឹង​ថា ក្នុង ​១ ​ថ្ងៃៗ​ សំណល់​ដែលត្រូ​វបាន​ប្រមូលយ​កទៅចាក់​ចូល​ទីលានស​រុបប្រចាំថ្ងៃ​ប្រមាណ ៥ ៥១៧ តោន (២ ០១៣ ៩២៤ តោន​/ឆ្នាំ)។ នៅ​ទូទាំង​ប្រទេស​មាន​ទីលាន​ចាក់​សំរាម​សរុប​ចំនួន ២១៣ ក្នុងនោះ ទីលាន​ដែល​ជាកម្ម​សិទ្ធិ​របស់​រដ្ឋមាន​ចំនួន ១៤២ ស្មើនឹង​ ៦៦,៦% និងជា​កម្មសិទ្ធិ​របស់ឯក​ជន​មាន ៧០ ទីលាន​ ស្មើនឹ​ង ៣២,៧%។ ​

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «ក្រសួង​បរិស្ថាន ​កំពុង​បន្ត​ជំរុ​ញគោល​ការណ៍​ប្រតិបត្តិ​មេត្រីបរិស្ថាន​តាម​គ្រឹះ​ស្ថាន​អប់រំ វត្ត​អារាម និង​រៀបចំ​បន្ទប់​ទឹក​សាធារណៈ​ក្នុង​នោះ​បាន​ដំឡើង​ម៉ាស៊ីន​ចម្រោះ​ទឹក​នៅ​តាម​សាលា​រៀនដើម្បី​កាត់​បន្ថយ​សំណល់​ប្លាស្ទិក។ ជាមួយ​គ្នា​នេះ ក្រសួងក៏​បាននិង​ជំរុញ​លើកទឹក​ចិត្ត​ឱ្យប្រើប្រាស់​ជីវប្លាស្ទិ​ក ផលិត​ផល​ជំនួស​ប្លាស្ទិក និង​ការ​កែច្នៃ​សំណល់ប្លា​ស្ទិក​ផង​ដែរ​»៕

​​