ភ្នំពេញៈ អង្គភាព​ជំនាញ​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិនមាន​ការ​លើកលែង ចំពោះ​បុគ្គល​ណា​ដែល​រកឃើញ​ថា បាន​ក្លែងបន្លំ​ម៉ាក​ផលិតផល​ថ្នាំជក់ ខណៈ​កន្លង​មកនេះ អង្គភាព​ជំនាញ​នេះ​តែងតែ​ទទួល​បាន​ពាក្យ​បណ្តឹង​នៃ​ផលិតផល​ថ្នាំជក់​ក្លែងក្លាយ ឬ​ក្លែងបន្លំ​ម៉ាក​។​


​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​នា​ថ្ងៃទី ៨ ខែ​កញ្ញា ថា រយៈពេល​កន្លង​មកនេះ អគ្គនាយកដ្ឋាន​នេះ​តែងតែ​ទទួល​បាន​ពាក្យ​បណ្តឹង​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ផលិតផល​ថ្នាំជក់ ឬ​បារី​ក្លែងក្លាយ ឬ​ក្លែងបន្លំ​ម៉ាក​ដែល​ប្រព្រឹត្ត​ដោយ​បុគ្គល​មួយ​ចំនួន ដែល​បាន​និង​កំពុង​ធ្វើចរាចរ និង​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា​។

​ក​.​ប​.​ប បញ្ជាក់ថា សកម្មភាព​ទាំងនេះ ជាការ​បំពាន​ទៅនឹង​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់ ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល ទំនិញ និង​សេវា ច្បាប់​ស្តីពី​កិច្ច​ការពារ​អ្នកប្រើប្រាស់ ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង ព្រមទាំង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​នៅ​ជា​ធរមាន​ផ្សេងៗ​ទៀត​។​


​ក​.​ប​.​ប បញ្ជាក់ថា សកម្មភាព​ទាំងនេះ​អាចធ្វើឱ្យ​ខាតបង់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ និង​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគិន​ស្របច្បាប់​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​ក្រើនរំឭក​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និង​អ្នក​ចែកចាយ ផលិតផល​ថ្នាំជក់ អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​ច្បាប់ និង​ឯកសារ​គតិយុត្ត ដែល​កំពុង​មាន​ជាធរមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។


​អគ្គនាយកដ្ឋាន ក​.​ប​.​ប ក្រើនរំឭក​ដូច្នេះ​គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​អំពើ​ល្មើស​ពាក់ព័ន្ធ​នឹង​ផលិតផល​ថ្នាំជក់ ឬ​បារី​ក្លែងក្លាយ ឬ​ក្លែងបន្លំ​ម៉ាក ដែល​អាច​នៅតែ​បន្ត​កើត​មាន​ឡើង​ជាយថាហេតុ​។ អគ្គនាយកដ្ឋាន​នេះ​លើក​ទឹកចិត្ត​ដល់​ការ​ធ្វើ​ធុរកិច្ច​ប្រកបដោយ​សុចរិត​ភាព ការ​ប្រកួត​ប្រជែង ប្រកប​ដោយ​សមធម៌ និង​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប បញ្ជាក់ថា​៖ «​ក្នុង​ករណី រកឃើញថា បុគ្គល​ណាមួយ​បាន​ប្រព្រឹត្ត​ល្មើស​ពាក់ព័ន្ធ​នឹង​អំពើ និង​ការអនុវត្ត​មិន​សុចរិត​ណាមួយ​នោះ អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួង​ពាណិជ្ជកម្ម ដែលជា​ស្ថាប័ន​ផ្តល់​អាណត្តិ​ដោយ​ច្បាប់ នឹង​ចាត់​វិធានការ​ដោយ​អនុលោម​ទៅតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ផ្សេងៗ​ទៀត​ដោយ​មិនមាន​ការ​លើកលែង​»៕