ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន លើកឡើង​ថា សមាជិក​អាស៊ាន​ទាំងអស់​គួរ​ពិចារណា​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​តំបន់ និង​អន្តរជាតិ​ឡើងវិញ ប្រកប​ដោយ​ចីរភាព​នៃ​កំណើន​។


ក្នុង​កម្មវិធី​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​លោក ថោង ខុន លើកឡើង​ថា នៅ​ចំពោះមុខ​ វ៉ាក់សាំង​កូវីដ ១៩ នៅតែ​ជា​គន្លឹះ​ក្នុង​ការកសាង​នូវ​ទំនុកចិត្ត​ទេសចរ​ក្នុង​ការធ្វើ​ដំណើរ​។

លោក​បញ្ជាក់ថា​៖ «​ចំពោះមុខ​ដែល​ពិភពលោក​បាន​ទទួល​យក​ការរស់នៅ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ពោល​គឺ​រស់នៅ​ជាមួយ​កូវីដ​ ១៩ វ៉ាក់សាំង​ជា​ឧបករណ៍​តែមួយគត់​ចូលរួម​ដល់​ការធានា​អាយុជីវិត​ប្រជាពលរដ្ឋ ទេសចរ ក៏ដូចជា​ស្តារ​នូវ​ទំនុកចិត្ត​ និង​ភាពជឿជាក់​របស់​ទេសចរ​។ ដូចនេះ​គោលដៅ​ទេសចរណ៍​ទាំងឡាយ​គួរ​បន្ត​ និង​បង្កើន​ការចាក់​វ៉ាក់សាំង​»​។


នៅ​ចំពោះមុខ​លោក វុ ឌឹកដាម (Vu Duc Dam) សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស និង​ជា​ឧបនាយក​រដ្ឋមន្ដ្រី​វៀតណាម ព្រមទាំង​រដ្ឋមន្ត្រី​ទេសចរណ៍​វៀតណាម មីយ៉ាន់ម៉ា ឡាវ អនុរដ្ឋមន្ត្រី តំណាង​អាជ្ញាធរ​ទេសចរណ៍ អគ្គកុងស៊ុល​ប្រទេស​សមាជិក​អាស៊ាន និង​ផ្នែក​ឯកជន​អន្តរជាតិ​ប្រមាណ​ ៣៥០ ​នាក់ លោក​ជំរុញ​ឱ្យ​មាន​ការបើក​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ស្រប​តាម​បរិបទ​គន្លង​ប្រក្រតីភាព​ថ្មី ស្រប​ផែនទី​ចង្អុល​ផ្លូវ ឬ​យុទ្ធសាស្ត្រ និង​គោលការណ៍​ណែនាំ​នានា ដោយ​តម្កល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​អាទិភាព​ខ្ពស់បំផុត​។

លោក​ថ្លែងថា​៖ «​សមាជិក​អាស៊ាន​ទាំងអស់​គួរ​ពិចារណា​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន ស្របតាម​ចក្ខុវិស័យ «​អាស៊ាន​សម្រាប់​អាស៊ាន​» ក៏ដូចជា​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​អនុតំបន់​ដូចជា​បណ្ដា​ប្រទេស​អេកម៉ិក (ACMECS) និង​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​»​។


រដ្ឋមន្ត្រី​រូបនេះ​បន្តថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដៃគូ​អាស៊ាន និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទេសចរណ៍​ពិភពលោក​គួរ​បន្ត​ពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស ជំរុញ​ការតភ្ជាប់​ឌីជីថល ជំរុញ​នវានុវត្តន៍ និង​គំនិត​ច្នៃប្រឌិត​ក្នុង​បរិបទ​ឧស្សាហកម្ម​ជំនាន់​ ៤.០ និង​និន្នាការ​អនាគត​នៃ​វិស័យ​ទេសចរណ៍​៕