​ភ្នំពេញៈ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ចាត់ទុក​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​គឺជា​វីរបុរស​ជួរមុខ ដែល​បានដាក់​ប្រយោជន៍​បុគ្គល​ដោយឡែក ហើយ​មក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូ​វីដ ​១៩​ ដើម្បី​បុព្វហេតុ​ប្រជាជន និង​សង្គមជាតិ​។


លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក និង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត និង​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សរុប​ប្រមាណ ៦ ០០០ នាក់ នា​ថ្ងៃទី​ ១១ ខែកញ្ញា​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធានកិត្តិយស​នៃ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផងដែរ​នោះ បានចាត់ទុក​ការជួបជុំ​នេះ​គឺជា​ការបញ្ជាក់​យ៉ាងច្បាស់​ពីស​មិទ្ធ​ភាពជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​អនុញ្ញាតឱ្យ​សមាជិក​ទាំងនោះ​បានមក​ជុំគ្នា​ដោយផ្ទាល់​ក្នុង​ទ្រង់ទ្រាយ​ធំ​បែបនេះ​។​


លោក​ថ្លែងថា​៖ «​លទ្ធផល​ដែល​ធ្វើឱ្យ​ពិធី​ជួប​សំណេះសំណាល​នេះ​កើតមានឡើង គឺ​បានមកពី​ការចូលរួម​១ផ្នែកធំ​ពី​ក្រុមការងារ​សម្ព័ន្ធ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​គ្រប់ៗ​រូប គឺជា​វីរបុរស​ជួរមុខ ដែល​បានដាក់​ប្រយោជន៍​បុគ្គល​ដោយឡែក មក​រួបរួមគ្នា​ដើម្បី​បុព្វហេតុ​ឧត្តុង្គឧត្តម​សម្រាប់​ប្រជាជន និង​សង្គមជាតិ​»​។​

លោក ហ៊ុន ម៉ា​នី បន្តថា បើទោះបីជា​សមាជិក​មាន​ការងារ​គោល​ផ្សេងៗ​គ្នា និង​មមាញឹក​យ៉ាងណាក្តី ក្រុមការងារ​នេះ​បានដាក់​ការងារ​ខ្លួន​ដោយឡែក ហើយ​មក​រួបរួមគ្នា​ដើម្បី​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ក្នុងការ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជាពិសេស​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​។​


​លោក​ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ១១ ខែកញ្ញាថា​៖ «​ភាពជោគជ័យ​នេះ ក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​គ្រប់ៗ​រូប​ដែល​វត្តមាន​នៅក្នុង​ពិធី​នេះ និង​នៅតាម​មូលដ្ឋាន ដែល​បាន​ឈរ​ជួរមុខ​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩»​។

លោក ហ៊ុន ម៉ា​នី ថ្លែងថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង​នោះបាន​លះបង់​ពេលវេលា​ក្នុង​បេសកកម្ម និង​សកម្មភាព​មនុស្សធម៌​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​បុព្វហេតុ​សង្គមជាតិ​។ សកម្មភាព​មនុស្សធម៌​នេះ​គឺ​កើតចេញពី​ទឹកចិត្ត​នៃ​ការស្រឡាញ់ និង​ការគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ផ្តល់​សេវា​សុខុមាលភាព​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ និង​ការចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​កូ​វីដ​១៩ និង​ការចាក់​វ៉ាក់សាំង​ផងដែរ​។​

លោក​បន្តថា ពី ១ ថ្ងៃ​ទៅ ១ ថ្ងៃ មហា​គ្រួសារ​ទាំង ​២ គឺ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត និង​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​រីក​ធំធាត់​ជា​បន្តបន្ទាប់ ព្រោះ​បាន​ប្រមូលផ្តុំ​យុវជន​ដែលមាន​ឆន្ទៈ​មោះមុត មានការ​ប្តេជ្ញាចិត្ត និង​លះបង់​ខ្ពស់ មក​ចូលរួម​ជួយ​សង្គមជាតិ​ជាមួយ​ចំណេះ​ជំនាញ​ដែល​ខ្លួន​មាន​។​

ប្រធាន​ ស​.​ស​.​យ​.​ក​. រូបនេះ បញ្ជាក់ថាៈ «​ឈរលើ​ស្មារតីជឿជាក់​លើ​ប្រទេសជាតិ​ខ្លួន​នេះហើយ ដែល​បានធ្វើឱ្យ​បេសកកម្ម​របស់​សហភាព​សហព័ន្ធ​យុវជន និយាយ​ជារួម និង​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត និយាយ​ដោយឡែក តែង​ទទួលបាន​ការគាំទ្រ ស្រឡាញ់រាប់អាន និង​ការទទួលស្គាល់​ពី​ស្រទាប់​មហាជន​គ្រប់​មជ្ឈដ្ឋាន​។ យើង​ស្វាគមន៍​ជានិច្ច​បងប្អូន​យុវជន​កម្ពុជា​ក្នុងការ​ចូលរួម​ដំណើរ​ជាមួយគ្នា​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ដើម្បី​អនាគត​កម្ពុជា​រុងរឿង​»​។​

លោក ហេង សុខ​គង់ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក​. និង​ជា​ប្រធាន​ក្រុមការងារ​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ផ្តួចផ្តើម​បង្កើតឡើង និង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី តែងតែ​ចុះទៅពិនិត្យ​ដោយផ្ទាល់​ដល់ទី​កន្លែងរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​។​

លោក ហេង សុខ​គង់ ប្តេជ្ញាចិត្ត​បន្ត​បេសកកម្ម​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​សង្គមជាតិ​បន្ថែមទៀត​៕