ភ្នំពេញៈ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​អបអរសាទរ​ព្រះអង្គ​ឆា​លស៍​ ទី​៣ (CHARLES III) ដែល​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ប្រកាស​ជា​ផ្លូវការ​ថា​ ជា​ព្រះមហាក្សត្រ​ថ្មី​នៃ​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ខាងជើង​ថ្មីៗ​នេះ​។​


ព្រះអង្គ​មាន​ព្រះបន្ទូល​ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី​ ១២ ខែកញ្ញា​ ជា​ភាសា​អង់គ្លេស​ដែលមាន​ខ្លឹមសារ​ថា​៖ «​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ការប្រកាស​ជា​ផ្លូវការ​ដោយ​ក្រុមប្រឹក្សារាជសម្បត្តិ​ថា ទ្រង់​គឺជា​ព្រះមហាក្សត្រ​ថ្មី​នៃ​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ខាងជើង​ខ្ញុំ​សូម​សម្ដែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត​និង​ជូនពរ​សព្វ​សារ​ធុ​ការ​សម្រាប់​ប្រទេស​របស់​ទ្រង់​សម្រាប់​វិបុលភាព​ដ៏​អស្ចារ្យ​និង​សេចក្តីសុខក្សេមក្សាន្ត​»​។​

ព្រះអង្គ​ជឿជាក់ថា ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំង​ ២ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​នឹង​បន្ត​រីកចម្រើន​ក្រោម​រជ្ជកាល​របស់​ ឆា​លស៍​ ទី​៣​។​


ព្រះអង្គ​ ឆា​លស៍ ​ទី​៣ ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ប្រកាសថា​ ជា​ព្រះមហាក្សត្រ​ថ្មី កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា បន្ទាប់ពី​ព្រះមហាក្សត្រី​ អេ​លីហ្សា​ប៊ែ​ត ទី​២ (Elizabeth II) នៃ​ចក្រភព​អង់គ្លេស​ដែល​បាន​សោយ​ទិវ​ង្គ​ត​ក្នុង​ព្រះ​ជន្មាយុ ៩៦ ព្រះវស្សា​កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា​។​

នា​ថ្ងៃទី​ ១២ ខែកញ្ញា នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី​ អេ​លីហ្សា​ប៊ែ​ត ទី​២ នៅ​ទូត​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា​។​


លោក​បាន​សរសេរ​នៅក្នុង​សៀវភៅ​រំលែក​ទុក្ខ​ថា ​លោក​ពិត​ជាមាន​ក្តី​ក្រៀមក្រំ​យ៉ាងខ្លាំង នៅពេល​បានទទួល​ដំណឹង​នៃ​ការយាង​សោយ​ទវ​ង្គ​តរបស់​ព្រះមហាក្សត្រី​ អេ​លីហ្សា​ប៊ែ​ត ទី​២ នៅ​ព្រះរាជដំណាក់ ប​ល​ម៉ូ​រ៉​ល (Balmoral) នៅ​ស្កុតឡែ​ន​ដ៍​ (Scotland)​។ ការយាង​សោយ​ទវ​ង្គ​ត​នេះ​គឺជា​ការបាត់បង់​ដ៏​មហិមា​មិន​ត្រឹមតែ​ចំពោះ​អង់គ្លេស​និង​បណ្តា​ប្រទេស កំ​មិន​វែ​ល ​Commonwealth)​ ប៉ុណ្ណោះ​ទេ ​តែ​ជាការ​បាត់បង់​ចំពោះ​ពិភពលោក​ទាំងមូល​ផងដែរ​។​

លោក ហ៊ុន សែន សរសេរថា ព្រះមហាក្សត្រី អេ​លីហ្សា​ប៊ែ​ត ទី​២ គឺជា​ឥស្សរជន​ក៏​គួរឱ្យ​ស្ញប់ស្ញែង ១ អង្គ ដែល​តែងតែ​ប្រកាន់​ខ្ជាប់​ខ្លួន​នូវ​រាជកិច្ច រាជ​វិន័យ និង​ប្រកបដោយ​ព្រះរាជ​បញ្ញាញាណ​។ ព្រះមហាក្សត្រី​​ អេ​លីហ្សា​ប៊ែ​ត ទី​២ នឹង​គង់នៅ​ក្នុង​ការចង់​ចាំ​របស់​ប្រជាជន​អង់គ្លេស​គ្រប់ៗ​រូប និង​ពលរដ្ឋ​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​ជា​រៀងរហូត​។

លោកសរសេរថា​៖ «​ក្នុងឱកាស​ប្រកបដោយ​ក្តី​សង្វេគ​នេះ តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​នូវ​សមាន​ទុក្ខ​ក៏​ក្រៀមក្រំ​បំផុត​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស និង​ជាពិសេស​ជាមួយ​ព្រះរាជវង្សានុវង្ស​របស់​ទ្រង់​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ ខ្ញុំ​សូម​ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី​​ អេ​លីហ្សា​ប៊ែ​ត ទី​២ សូម​ទ្រង់​យាង​ទៅកាន់​សុគតិភព​»៕