ភ្នំពេញៈ ក្រសួងបរិស្ថាន ​និង​អង្គការ​ស្បៀង និង​កសិកម្ម នៃអង្គការ​សហប្រជាជាតិ ​(FAO)​ ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​ ១២ ​កញ្ញា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ «ការលើកកម្ពស់​ការគ្រប់គ្រង​ទឹក​ក្រោម​ដី​ឆ្លងដែន​ប្រកបដោយ​ចីរភាព​​រវាង​តំបន់​ទំនាប​ទន្លេមេគង្គ ​នៃ​ប្រទេស​កម្ពុជា ​និង​ដែនដី​សណ្តនៃ​តំបន់​មេគង្គ​ប្រទេស​វៀតណាម» ខណៈ​ធនធានទឹក​ក្រោម​ដី​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ​និង​ការចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​។


ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ លោក​ សៅ សុភាព ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ​និង​ជា​ប្រធាន​ក្រុមការងារ​សហប្រតិបត្តិការ​ ផែនការ ​និង​ថវិកា ​ជាមួយ​លោកស្រី​ Rebekah Bell ​តំណាង​អង្គការ​ស្បៀង ​និង​កសិកម្ម ​នៃ​អង្គការសហប្រជាជាតិ ​(FAO) ​ប្រចាំ​កម្ពុជា​។​

លោក ​សៅ សុភាព​ ដែលជាជន​បង្គោល​នយោបាយ​នៃ​មូលនិធិ​បរិស្ថាន​សកល​នៃ​ក្រសួងបរិស្ថាន ​លើកឡើងថា​ ផ្នែក​ខាងក្រោម ​នៃ​តំបន់​ទំនាប​អាង​ទន្លេមេគង្គ ​មាន​ប្រព័ន្ធ​ស្រទាប់​ទឹក​ក្រោម​ដី​ឆ្លងដែន ​ដែល​គ្របដណ្តប់​លើ​ ប្រទេស​កម្ពុជា ​និង​វៀតណាម​។ ប្រព័ន្ធ​ស្រទាប់​ទឹក​ក្រោម​ដី​ឆ្លងដែន​នេះ​ (ហៅ​កាត់​ថា​TBA) ​ត្រូវបាន​កំណត់​ជា​ប្រព័ន្ធ​ស្រទាប់​ទឹក​ក្រោម​ដី ​នៃ​ដីសណ្ត​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា ​ដែលមាន​ទំហំ​ប្រមាណ​២២៣ ០០០​គីឡូម៉ែត្រ​ការ៉េ​។


ការសិក្សា​របស់​អង្គការ​យូណេស្កូ​បង្ហាញថា ​ការដកហូត​ការប្រើប្រាស់​ទឹក​ក្រោម​ដី​ពី​ប្រព័ន្ធ​ស្រទាប់​ទឹក​ក្រោម​ដី​ឆ្លងដែន​នេះ​មាន​ប្រមាណ ​៥ ៣៨៧ ​លាន​ម៉ែត្រគុប ​ក្នុង​ ១ ​ឆ្នាំៗ​។ ធនធានទឹក​ក្រោម​ដី​នៃ​ប្រព័ន្ធ​ស្រទាប់​ទឹក​ក្រោម​ដី​ឆ្លងដែន​នេះ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ​និង​ការចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ ​ដោយ​ធនធាន​ទឹក​ក្រោម​ដី​នេះ​បាន​ជួយ​បម្រើ​ដល់​ផលិតកម្ម​កសិកម្ម ​ជាពិសេស​ដំណាំ​ស្រូវ ​និង​សកម្មភាព​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​ ២។​

លោក​បានថ្លែងថា​៖ «កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​សម្បូរ​ទឹក ​ហើយ​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​ទឹក។ តាមពិត​ ប្រទេស​កម្ពុជា ​ជា​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ធនធានទឹក​ក្រោម​ដី ​ដើម្បី​បំពេញបន្ថែម​នូវ​ការប្រើប្រាស់​ទឹក​ក្នុង​អំឡុង​ពេល​ខ្វះខាត​ទឹក ​នា​រដូវប្រាំង»។​


​ទឹក​ក្រោម​ដី​ជា​ធនធាន​ដ៏​មាន​សារៈសំខាន់ ​ខណៈដែល​ទឹក​លើដី​កាន់តែ​ថមថយ ​ហើយ​ទឹក​ក្រោម​ដី​ត្រូវបាន​ប្រើ​ប្រាស់​យ៉ាងច្រើន​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅតាម​ជនបទ​។ នេះ​បើតាម​លោក​សៅ សុភាព​។​

បើ​យោងតាម​ការសិក្សា​របស់​សាកលវិទ្យាល័យ ​សាន់​ហ្វដ ​(Sandford University) ​ការប្រើប្រាស់​ទឹក​ក្រោម​ដី​ក្នុង​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​ ១០% ​ជា​រៀងរាល់​ឆ្នាំ​។ ជាមួយ​គ្នា​ផងដែរ ​ការប្រែប្រួល​អាកាសធាតុ ​ក៏​បាននិង​កំពុង​ក្លាយជា​បញ្ហា​ចម្បង​មួយ​ក្នុងការ​គ្រប់គ្រង​ទឹក​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​ សៅ សុភាព​ បន្ថែមថា ​បញ្ហា ​និង​ក្តីកង្វល់​នានា ​ដែល​បាននិង​កំពុង​កើតមាន ​សម្រាប់​ទឹក​ក្រោម​ដី ​រួមមាន​ ការហូរ​ច្រោះ​ទឹកប្រៃ​ និង​ការធ្លាក់ចុះ​នៃ​បរិមាណ​ស្តុក​ទឹក​។ ការបំពុល​និង​ការកើនឡើង​នៃ​សារធាតុ​អាសេនិច​។ ការបាត់បង់​ដី ​និង​ព្រៃឈើ ​ការបាត់បង់​តំបន់​ដី​សើម​។ ការបាត់បង់​ធនធាន​ជលផល ​ព្រមទាំង​ទីជម្រក ​ដែល​កំពុងតែ​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​។ ការប្រើប្រាស់​ដី​កាន់តែ​ច្រើន ​និង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាស​ធាតុ​។

លោក​ថា​៖ «បញ្ហា​ទាំងនេះ ​គឺជា​បញ្ហា​ចម្បងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​សហគមន៍​មូលដ្ឋាន ​តាម​តំបន់​វាល​លិច​ទឹក​នៃ​តំបន់​ទន្លេមេគង្គ​កម្ពុជា​»។​

ដើម្បី​ឆ្លើយតប​នឹង​បញ្ហា ​និង​ក្តីកង្វល់​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​តាក់តែង​គោល​នយោបាយ ​និង​យុទ្ធសាស្ត្រ​សំខាន់ៗ​ជាច្រើន​ដូចជា ​ផែនការ​យុទ្ធសាស្ត្រ​បម្រែបម្រួល​អាកាសធាតុ​កម្ពុជា​ ២០១៤-២០២៣ ​(ក្រសួង​បរិស្ថាន)​ ច្បាប់​ស្តីពី​កិច្ចគាំពារ​បរិស្ថាន ​និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ ​១៩៩៦ ​(ក្រសួងបរិស្ថាន) ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព ​២០១៣-២០៣០​ (ក្រសួងបរិស្ថាន) ​និង​យុទ្ធសាស្ត្រ​មួយចំនួន​ទៀត​។​

លោកស្រី​ Rebekah Bell ​តំណាង​អង្គការ ​FAO ​ប្រចាំ​កម្ពុជាថ្លែងថា ​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស ​១ ​ក្នុង​ចំណោម​ប្រទេស​សម្បូរ​ទឹក​បំផុត​ក្នុង​តំបន់​។ ទន្លេ ​ស្ទឹង ​បឹង​ អាងទឹក​ និង​ទឹកសមុទ្រ ​គឺជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ក្នុង​វិស័យ​ជាច្រើន ​ដូចជា ​កសិកម្ម ​ផលិតកម្ម ​និង​ឧស្សាហកម្ម​ខ្នាតតូច ​វារីអគ្គិសនី​ នាវាចរណ៍ ​ទេសចរណ៍ ​និង​ជា​គន្លឹះ​សម្រាប់​កិច្ចគាំពារ​បរិស្ថាន ​និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​

លោកស្រី​ថ្លែងថា​៖ «គម្រោង​នេះ​ នឹងត្រូវ​បាន​អនុវត្ត​តាមរយៈ​ដៃគូ​ល្អ​ និង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ប្រទេស​ទាំង ​២ ​គឺ​កម្ពុជា ​និង​វៀតណាម​។ សម្រាប់​កម្ពុជា ​មាន​ក្រសួង​បរិស្ថាន ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ​ដែលជា​ក្រសួង​ដៃគូ​ដ៏​សំខាន់​ក្នុង​គម្រោង​នេះ»។

លោកស្រី​ Rebekah Bell ​បាន​បន្ថែមថា ​អង្គការ ​FAO ​នឹង​ក្លាយជា​ទីភ្នាក់ងារ​អនុវត្ត ​និង​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ​ (IUCN)​ ដែល​ត្រូវបាន​ជ្រើសរើស​ជា​ភ្នាក់ងារ​ប្រតិបត្តិ​នាំមុខ ​(ដៃគូ​ប្រតិបត្តិការ​នាំមុខ)​ និង​អង្គការ​យូណេស្កូ​ជាទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​៕