ជាមួយនឹងបទពិសោធជាង ១០ ឆ្នាំ នៅក្នុងវិស័យកសិកម្ម លោក សួង ណយ បានឱ្យដឹងថា មួយផ្នែកដែលចំណេញជាងគេពីការប្រើប្រាស់សូឡាគឺវាមានរយៈពេលកំណត់នៃការប្រើប្រាស់រហូតទៅដល់ ២០ ឆ្នាំ។ នៅក្នុងចន្លោះ ២០ ឆ្នាំ នៃការប្រើប្រាស់នេះទៀតសោត គឺអស់ថ្លៃចំណាយទាបបំផុត បើធៀបទៅនឹងការប្រើប្រាស់ម៉ាស៊ីនបូមទឹក ដែលត្រូវចំណាយលើប្រេងសាំងជាប្រចាំ។
លោក សួង ណយ បានមានប្រសាសន៍ថា៖ «ថ្វីដ្បិតតែ បងប្អូនកសិករត្រូវចំណាយច្រើនបន្តិចនៅក្នុងដំណាក់កាលដំបូងតែបន្ទាប់ពីដំឡើងសូឡារួចហើយ បងប្អូននឹងទទួលបានផលចំណេញមកវិញ»។
ស្រដៀងគ្នានេះ កសិករម្នាក់ឈ្មោះ ឌួង អឿន ដែលមានដីចម្ការ ២០ ហិកតា នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីអ្វីដែលលោកសង្កេតឃើញថា ខ្លួនលោកទើបតែទិញដី និងជ្រើសរើសដាំដំណាំដូងក្រអូប ព្រមទាំងជ្រើសរើសសូឡាមកប្រើតែម្ដង។ មូលហេតុដែលលោកសម្រេចចិត្តចំណាយទុនដំឡើង សូឡាជាច្រើនផ្ទាំងនៅលើដីចំការរបស់លោក ក៏ដោយសារតែលោកមានប្អូនប្រុសជាគំរូ។
ជាគំរូ មិនមែនដោយសារតែប្អូនរបស់លោកប្រើប្រាស់សូឡានោះទេ តែដោយសារប្អូនប្រុសរបស់លោក ប្រើម៉ាស៊ីនសម្រាប់បូមទឹក ហើយបានចំណាយប្រាក់អស់ជាច្រើនសម្រាប់ទិញប្រេងសាំង។
លោក ឌួង អឿន បានរៀបរាប់ថា៖ «ខ្ញុំឃើញប្អូនខ្ញុំគាត់ចំណាយលុយទិញប្រេងសាំងជារៀងរាល់ថ្ងៃ ត្រូវនឹងប៉ុន្មានខែមុនសាំងក៏ឡើងថ្លៃទៅទៀត។ ក្រោយមក ខ្ញុំក៏បានសិក្សារកវិធីផ្សេងក្រៅពីប្រើប្រេងសាំង ក៏ឃើញថា គេធ្វើបានជោគជ័យពិតមែន ទៅលើការប្រើសូឡា ហើយពេលនេះ មិនត្រឹមតែខ្ញុំដែលប្រើ សូម្បីប្អូនខ្ញុំក៏ចាប់ផ្ដើមដំឡើងសូឡាដែរ»។
លោក ឌួង អឿន ក៏បានបញ្ជាក់ផងដែរថា លោកបានចំណាយប្រាក់ដើម្បីដំឡើងសូឡានៅលើដីចម្ការរបស់លោកអស់ប្រមាណជាង ៩ ពាន់ដុល្លារឯណោះ ក៏ប៉ុន្តែលោកថា លោកមិនមានអ្វីត្រូវចាយបន្ទាប់ពីនោះទៀតទេ។ សំខាន់បំផុតគឺ លោកបានធូរចិត្តច្រើន ដោយសារទំហំទឹកដែលបូមបានគឺគ្រប់គ្រាន់សម្រាប់តម្រូវការដាំដុះ និងថែទាំដំណាំរបស់លោក។
មួយផ្នែកទៀត លោកក៏បានចំណេញទៅលើកម្លាំងពលកម្ម ព្រោះការប្រើសូឡានេះ មិនត្រូវការមនុស្សនៅចាំមើល ឬចាំចាក់សាំងឡើយ ពោលគឺកម្លាំងទាំងប៉ុន្មាន ត្រូវបានប្រើប្រាស់ទៅលើការមើលថែដំណាំ ដូងក្រអូបរបស់លោកសុទ្ធសាធតែម្ដង។
កសិករដាំដូងក្រអូបរូបនេះ ដាក់ការរំពឹងខ្ពស់ទៅលើផលដំណាំ របស់លោក ក្រោយការដំឡើងផ្ទាំងសូឡារួច ព្រមទាំងណែនាំបន្តទៅកសិករផ្សេងទៀត ឱ្យពិចារណា មកប្រើសូឡាវិញម្ដង ដើម្បីផលចំណេញរយៈពេលវែង៕