ភ្នំពេញៈ បើទោះបីជារថយន្តចង្អៀតត្រូវប្រជ្រៀតតោងគ្នាជិះទាំងឈរយ៉ាងណាក្តី កម្មករកាត់ដេរ នៅតែបង្ខំចិត្តប្រជ្រៀតគ្នាជិះ ដែលស្ថានភាពបែបនេះតែងតែជួបហានិភ័យ ខណៈអ្នកបើកបររថយន្តដឹកកម្មករមួយចំនួន ត្រូវបានគេរិះគន់ថា គ្រាន់តែចេះបើកបរស្ទើរៗក៏ទៅកាន់ដៃចង្កូតរថយន្ត ឬអ្នកបើកបរខ្លះ នៅក្មេង មិនបានចូលសាលារៀនបើកបរឱ្យបានត្រឹមត្រូវ ហើយមិន បានយល់ពីច្បាប់ចរាចរណ៍ផង។
ខណៈកំពុងអង្គុយដំកង់ហូបបាយជុំគ្នាជាមួយមិត្តរួមការងារវេលាថ្ងៃត្រង់នៅក្រោមម្លប់ដើមឈើ ដែលអ្នកខ្លះត្រូវកម្តៅថ្ងៃជះមកលើ ម្តងក្តៅខ្លាំង ម្តងតិចទៅតាមកម្លាំងខ្យល់បក់ស្លឹកឈើនោះ ស្ត្រីវ័យ ៤០ ឆ្នាំ ឈ្មោះបុប្ផាបាននិយាយថា នាងមានកូនប្រុសស្រីចំនួន ៣ នាក់។ រីឯប្តីរបស់នាងធ្វើការជាកម្មករសំណង់រស់នៅភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។ នាងធ្វើជាកម្មករកាត់ដេរជិត ១០ ឆ្នាំមកហើយ នៅម្តុំវត្តស្លែង ហើយបានជួលរថយន្តគេជិះទាំងទៅទាំងមកក្នុង ១ ខែ ២០ ដុល្លារ ប៉ុន្តែនាងជិះឈរទេ ព្រោះនាងជិះជាមួយកម្មករដូចគ្នាប្រមាណ ២០ នាក់។
បុប្ផាបន្តថា ទាំងរូបនាង ក៏ដូចជាអ្នកផ្សេងទៀតដែរ ត្រូវតែបង្ខំចិត្តជិះរថយន្តឈ្នួលមកធ្វើការ បើទោះជាឈរប្រជ្រៀតគ្នាយ៉ាងណាក្តី ក៏ចេះតែទ្រាំទៅ ព្រោះសេវាដឹកជញ្ជូនទាំងទៅទាំងមកក្នុង ១ ខែ ២០ ដុល្លារនេះ បើនាងជួលរថយន្តគេជិះម្នាក់ឯងក៏គេមិនយកដែរ។ ប៉ុន្តែបើនាងជិះរួមគ្នាជាមួយអ្នកផ្សេងទៀត សរុបទៅ គឺម្ចាស់រថយន្តបានថ្លៃឈ្នួលច្រើនដែរ។
បុប្ផានិយាយថា៖ «ខ្ញុំជិះរថយន្តឈរប្រជ្រៀតគ្នាបែបនេះខ្ញុំក៏មានក្តីព្រួយបារម្ភពីបញ្ហាគ្រោះថ្នាក់ដែរ ប៉ុន្តែខ្ញុំមិនដឹងធ្វើម៉េចបើកាលៈទេសៈតម្រូវបែបនេះទៅហើយ។ រឿងគ្រោះថ្នាក់នេះខ្ញុំក៏បានដឹងព័ត៌មានខ្លះៗដែរ រឿងក្រឡាប់ឡានដឹកកម្មករកាត់ដេររឿងអ្នកដឹកកម្មករទៅបុកគេ តែខ្ញុំគ្រាន់តែបានដឹងទេ បើឈប់ជិះឡាន គឺអត់មានអីធ្វើដំណើរទៅដេរទេ»។
ដោយឡែក លោក គង់ សាវ័ន្ត អាយុ ២៥ ឆ្នាំ ជាអ្នកបើករថយន្តដឹកកម្មករ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពាក់ព័ន្ធការបើកបររថយន្តដឹកកម្មករនេះ គាត់ទើបតែបើកបាន២ឆ្នាំទេ ហើយក៏មិនដែលជួបគ្រោះថ្នាក់អ្វីដែរ។ ចំពោះការផ្ទុកមនុស្សឱ្យជិះក្នុងរថយន្តច្រើននាក់នេះ តាមពិតទៅ គាត់ក៏មិនចង់ធ្វើដូចនេះដែរ ព្រោះធម្មតាទេ បើរថយន្តលើសទម្ងន់ គាត់ក៏ពិបាកទប់ចង្កូតដែរពិសេសនៅពេលមានរថយន្តគេបើកមកពីមុខ។ ប៉ុន្តែគាត់ក៏ត្រូវបានខាងរោងចក្រកាត់ដេរ អញ្ជើញទៅស្តាប់ការពន្យល់ណែនាំពីការបង្រៀនរបស់នគរបាលចរាចរណ៍ដែរ។
លោក សាវ័ន្ត និយាយថា៖ «រឿងនេះខ្ញុំឮគេនិយាយក៏ដូចជាដឹងព័ត៌មានខ្លះៗដែរ គេថា អ្នកបើករថយន្តដឹកកម្មករកាត់ដេរមិនសូវយកចិត្តទុកដាក់ទេ ឡានដឹកមនុស្សច្រើនហើយបើកលឿនទៀត។ តែសម្រាប់ខ្ញុំអត់អ៊ីចឹងទេ ខ្ញុំតែងតែគិតពីសុវត្ថិភាពអ្នកជិះលើរថយន្តខ្ញុំជានិច្ច»។
ពាក់ព័ន្ធរថយន្តដឹកកម្មករនេះដែរ កាលពីខែសីហា ឆ្នាំ ២០២២ មានរថយន្តកូរ៉េ ១ គ្រឿង ចំណុះ ២ តោនកន្លះ បានដឹកកម្មករកាត់ដេរចំនួន ៤៧ នាក់ ក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកជាមួយរថយន្តតួរីស ១ គ្រឿងទៀតក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឱ្យកម្មករម្នាក់ ដែលជិះឈរលើរថយន្តស្លាប់ និងកម្មករចំនួន ៦ នាក់ទៀត ត្រូវរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចកំណាត់ផ្លូវជាតិលេខ ៤១ ក្នុងភូមិពោធិ៍ខ្ញែរ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះ ទាំងអ្នកបើកបររថយន្តកូរ៉េ និងអ្នកបើកបររថយន្តតួរីស បាននាំគ្នារត់គេចខ្លួនបាត់។ ប៉ុន្តែលោកថា កំណត់មុខសញ្ញាបានខ្លះៗហើយ ដើម្បីស្វែងរកចាប់ខ្លួន។
លោកប្រាប់ថា៖ «អ្នកបើកបររត់គេចខ្លួនបាត់ យើងទៅអត់ទាន់ យើងបានត្រឹមតែឃាត់ទុកនូវវត្ថុតាង ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។ បើតាមព័ត៌មានបឋម ឮថា ជនបង្កហេតុនៅកំពត យើងដឹងអត្តសញ្ញាណខ្លះៗហើយ ទាំង ២ នាក់ហ្នឹង»។
អ្នកស្រី ម៉ន ចន្នា អនុប្រធានសហព័ន្ធសហជីពកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បងប្អូនជាកម្មករ កម្មការិនីកាត់ដេរ ត្រូវឈរក្នុងរោងចក្រ ក្នុង ១ ថ្ងៃ ពី ៨ ម៉ោង ទៅ ១០ ម៉ោង ហើយពេលចេញពីធ្វើការពួកគាត់គួរតែត្រូវបានសម្រាក។ ប៉ុន្តែបន្ថែមពីលើការឈររបស់គាត់ក្នុងរោងចក្រហើយ គាត់ក៏ត្រូវឈរជិះរថយន្តបន្តទៀត ដែលជួនកាល រយៈពេលប្រមាណ ១ ម៉ោង ឬ ២ ម៉ោងទើបទៅដល់ផ្ទះ។ ទាំងនៅខេត្ត និងរាជធានីភ្នំពេញ រថយន្តដឹកកម្មករខ្លះគ្មានកៅអីសម្រាប់ឱ្យបងប្អូនកម្មករកាត់ដេរអង្គុយបានស្រួលទេ។
អ្នកស្រីបន្តថា ចំណែកអ្នកបើករថយន្តវិញ គាត់ត្រូវការបានលុយច្រើន គាត់ត្រូវការដាក់មនុស្សច្រើន។ ហេតុដូច្នេះហើយគាត់ត្រូវតែញាត់កម្មករចូល ដែលធ្វើឱ្យកម្មករជាស្ត្រីមានការពិបាក។ ដូចជាកម្មការិនីមានផ្ទៃពោះ កម្មការិនីទើបតែសម្រាលកូន ឬមានកូនខ្ចី គាត់មានការពិបាកសព្វគ្រប់ ដែលអ្នកខ្លះមានជំងឺឈឺល្មមៗ ក៏ក្លាយទៅជាឈឺខ្លាំង។ បើរថយន្តមានផ្ទុកមនុស្សច្រើន ធ្វើឱ្យទម្ងន់រថយន្តកាន់តែធ្ងន់ ហើយបើផ្លូវមានជង្ហុក និងមានភ្លៀងផង ធ្វើឱ្យរថយន្តរេចង្កូតដោយសារមិនអាចទប់លំនឹងបាន។ ជួនកាលរអិលផ្លូវក្រឡាប់ធ្លាក់ភ្លឺស្រែក៏មាន។ អ្នកស្រីបានឮកម្មករកាត់ដេរត្អូញត្អែរច្រើនណាស់ពីបញ្ហានេះហើយក៏មិនមែនជាការត្អូញត្អែរធម្មតាដែរ។
អ្នកស្រីថ្លែងថា៖ «បើយើងគិតពីរឿងហ្នឹង គឺកម្មករជិះរថយន្តមានហានិភ័យខ្ពស់ណាស់។ ហានិភ័យតាំងពីសុវត្ថិភាព ហានិភ័យតាំងពីសុខភាពរបស់គាត់ ដែលចេញទៅមិនបានអង្គុយស្រួលបួល ហើយថែមទាំងត្រូវភ្លៀង ត្រូវខ្យល់ទៀត។ បើគាត់ជិះរហូតមិនអីទេ តែដល់កន្លែងមួយឈប់ដាក់មនុស្សបន្តគ្នា ហើយបើពុលឡានទៀត រឹតតែពិបាក ហើយបើដាក់ច្បាប់គឺខាងក្រុមហ៊ុនជំរុញឱ្យឈប់តែម្តង»។
ក្នុងនាមអ្នកស្រីជាអនុប្រធានសហព័ន្ធសហជីពកម្ពុជា ដែលធ្វើការងារជាមួយបងប្អូនកម្មករ កម្មការិនីកាត់ដេរ អ្នកស្រីស្នើដល់ក្រសួង ឬស្ថាប័នពាក់ព័ន្ធប្រាប់ឱ្យរថយន្តដឹកកម្មករ ធ្វើការកែសម្រួលដាក់កៅអីទៅតាមលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវដើម្បីសម្រួលដល់បងប្អូនកម្មករ។ ពាក់ព័ន្ធបញ្ហានេះ អ្នកស្រី ក៏ធ្លាប់បានឮ អំពីគម្រោងការកែសម្រួលរថយន្តដឹកកម្មករនេះដែរពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬពីបេឡាជាតិសន្តិសុខសង្គម(បសស) ក៏ប៉ុន្តែអ្នកស្រីមិនទាន់ឃើញមានដំណើរការទេ។
អ្នកស្រីថា៖ «ឡានដឹកកម្មករសព្វថ្ងៃនេះដូចឡានដឹកជ្រូកទៅហើយហ្នឹង ហើយបើនិយាយពីសត្វជ្រូកវិញ បើទោះជាគេដឹកយ៉ាងណា ក៏វាមានទ្រុងរបស់វាទូលាយជាងមនុស្ស តែនេះមនុស្សចង្អៀតជាងសត្វជ្រូកទៅទៀត។ បើមើលព័ត៌មាន ឃើញថា កម្មករ កម្មការិនីកាត់ដេរជួបគ្រោះថ្នាក់តែញឹកញយដែរ»។
អ្នកស្រីអំពាវនាវដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ បសស ដែលធ្វើការងារពាក់ព័ន្ធសុវត្ថិភាពរបស់កម្មករកាត់ដេរ។ សូមមេត្តាធ្វើយ៉ាងណាជួយជំរុញឱ្យរថយន្តដឹកកម្មករកាត់ដេរ កែសម្រួលយ៉ាងណា មានកន្លែងអង្គុយសម្រាប់កម្មករកាត់ដេរបានស្រួលបួល។ ម្យ៉ាងទៀត ក្នុង ១ រថយន្ត គួរធ្វើយ៉ាងណាតម្រូវឱ្យផ្ទុកចំនួនមនុស្ស ឱ្យមានកម្រិត មិនត្រូវថាគាត់ចង់បានលុយគាត់ត្រូវតែផ្ទុកមនុស្សច្រើន ឬថា ប្រេងសាំងឡើងថ្លៃ ត្រូវតែដាក់ច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់កម្មករកាត់ដេរ។
អគ្គនាយករង ប.ស.ស. លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹង នៅក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែសីហាថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ ចំពោះអ្នកបើកបរយានយន្តភាគច្រើននៅតែបន្តបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរបញ្ច្រាសទិស និងការបត់មិនបានត្រឹមត្រូវ។ រថយន្តដែលដឹកកម្មករនិយោជិត ចំនួន ១ ៦២ ០គ្រឿង ជាប្រភេទរថយន្តដឹកទំនិញ យកទៅដឹកកម្មករ ហើយរថយន្តប្រភេទដឹកទំនិញចំនួន ១ ២៣២ គ្រឿងពុំទាន់កែច្នៃកៅអី សម្រាប់ឱ្យកម្មករនិយោជិតអង្គុយនៅឡើយទេ។
លោកថ្លែងថា៖ «កម្មករនិយោជិតភាគច្រើនបែរមកប្រើប្រាស់ម៉ូតូ បានបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើនឡើង ដែលមួយចំនួនមិនពាក់មួកសុវត្ថិភាព។ ពេលនេះ (បសស) ជំរុញឱ្យអ្នកបើករថយន្ត ដែលមិនទាន់មានកៅអីឱ្យធ្វើកៅអីសម្រាប់កម្មករនិយោជិតអង្គុយឱ្យបាននៅដំណាច់ឆ្នាំ ២០២៣»។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ២០១៣ បានបង្កើតក្រុមការងារមួយឈ្មោះថា ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ក្នុងគោលបំណងចូលរួមចំណែកធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលកើតមានឡើងចំពោះកម្មករនិយោជិត។
ក្រុមការងារនេះមានសមាសភាពមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងកម្មករនិយោជិត និងមានតួនាទីភារកិច្ចកសាងរៀបចំផែនការអប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងស្រង់ស្ថិតិអ្នកបើកបរមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត។ លោកបន្តថា ជាលទ្ធផលរបស់ក្រុមការងារខាងលើបានធ្វើការផ្សព្វផ្សាយអប់រំ ពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់កម្មករនិយោជិត និងអ្នកបើករថយន្តដឹកកម្មករ តាមរោងចក្របាន ៣៥៩ ៨៤៨ នាក់។ ក្នុងនោះមានអ្នកបើកបររថយន្តដឹកកម្មករចំនួន ១១១ ៦៦៨ នាក់ និងចែកបណ្ណបើកបរដល់ពួកគេបាន ៤ ៨២៨ នាក់៕
វីដេអូ៖