លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការ​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​បានសម្រេច​ធ្វើការ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ថ្នាក់ជាតិ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ដែល​មិនមែន​ដោយសារតែ​រាជរដ្ឋាភិបាល​មិនមាន​ថវិកា​នោះទេ ប៉ុន្តែ​ដោយសារ​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩ និង​កម្ពុ​ជាមាន​កម្មវិធី​សំខាន់ៗ​ជាច្រើន​ក្នុងអំឡុង​ខែវិច្ឆិកា​នោះ​ផងដែរ​។​


​តាមរយៈ​សារ​សំឡេង​ពិសេស​របស់លោក ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី ​១៥ ខែកញ្ញា​នេះ លោក​បាន​ថ្លែងថា បញ្ហា​ធំ​ គឺ​លោក​មិន​ចង់ឱ្យមាន​ការប្រមូលផ្តុំ​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ​សម្រាប់​ទីក្រុង​ភ្នំពេញ​ច្រើន​ហួសហេតុ​ពេក​នោះទេ​។​

​លោក​មានប្រសាសន៍ថា ៖«​ប្រសិនបើ​មានការ​ឆ្លង​រីក​រាលដាល​កូ​វីដ​ ១៩ ​ម្តងទៀត វា​នឹង​បង្កើត​នូវ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយទៀត​។ យើង​មិន​បានធ្វើ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ ២០២០ ​និង​ ២០២១ ​ដោយសារតែ​បញ្ហា​កូ​វីដ ឯ​ឆ្នាំ ២០២២ ក៏មាន​មូលហេតុ​កូ​វីដ​ផងដែរ​»​។​


​លោក ហ៊ុន សែន ក៏បាន​បញ្ជាក់​ពី​មូលហេតុ​មួយ​ផ្សេងទៀត​ផងដែរ​ថា ពិធីបុណ្យ​អុំទូក​ឆ្នាំ​ ២០២២ ​នេះ ត្រូវ​នឹង​ថ្ងៃទី​ ៧ ទី ​៨ និង​ទី​ ៩ ខែវិច្ឆិកា ដែល​តាម​ការគ្រោងទុក​គឺ​ការប្រជុំ​អាស៊ាន​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ហើយ​នៅ​ថ្ងៃទី​ ១០ ទី​ ១១ និង​ទី​ ១៣ នឹងមាន​ការប្រជុំ​ដ៏​ធំ​ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន មកកាន់​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេច​ប្រកាស​ផ្អាក​ពិធីបុណ្យ​អុំទូក នៅក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ ២០២២ ​នេះ កាលពី​ថ្ងៃទី​ ០៩ ខែកញ្ញា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​លោក​ធ្វើការ​ពន្យល់​ពី​មូលហេតុ​នេះ ដោយសារ​អ្នកវិភាគ​មួយចំនួន​បានលើកឡើង​ថា ដោយសារ​រាជរដ្ឋាភិបាល​មិនមាន​ថវិកា​គ្រប់គ្រាន់​។​


​លោក ហ៊ុន សែន បាន​បញ្ជាក់ថា ៖«​យើង​មិន​ខ្វះ​ថវិកា​សម្រាប់ធ្វើ​ពិធីបុណ្យ​អុំទូក ដែល​ចាយ​ត្រឹមតែ​ពី ​៤​ ទៅ​ ៥​ លាន​ដុល្លារ​នោះទេ​»៕​

វីដេអូ៖