ភ្នំពេញៈ បេឡា​ជាតិ​សន្តិសុខ​សង្គម ​(បសស) ​បន្តចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ​ជាមួយ​អង្គភាព​ធានារ៉ាប់រង​សុខ​ភាព​ជាតិ​ (NHIS) ​នៃ​សាធារណរដ្ឋ​កូរ៉េ ​រយៈពេល​៥ឆ្នាំ​បន្តទៀត ​រហូតដល់​ឆ្នាំ ២០២៦ ​ដើម្បី​បង្កើន​ទំនាក់​ទំនង​ វិជ្ជាជីវៈ​ និង​ផ្ទេរ​ចំណេះដឹង​ផ្នែក​ប្រតិបត្តិការ ​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ជំនាញ​ហិរញ្ញវត្ថុ ​និង​បច្ចេកទេស។


ការប្រកាស​បន្ត MoU​ នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​អង្គភាព​នេះ ​រយៈពេល ​៣ ថ្ងៃ​នៅ​កម្ពុជា ​ចាប់ពី​ថ្ងៃ​ទី ១៤-១៦ ​ខែកញ្ញា​ នៅ​សាលប្រជុំ​ធំ​ នៃ ​ប.ស.ស​. រាជធានី​ភ្នំពេញ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ ប.ស.ស.​ រួមទាំង​គណៈប្រតិភូ​នៃ​អង្គភាព​ NHIS ​និង ​ក្រុមហ៊ុន ​KPMG​ នៃ​សាធារណរដ្ឋ​កូរ៉េ​ជាច្រើន​រូប។

MoU ​រវាង ​ប.ស.ស.​កម្ពុជា ​និង​អង្គភាព ​NHIS ​កូរ៉េ ​បានធ្វើ​ឡើង​ចំនួន​២លើក​ គឺ​លើក​ទី១​ មាន​សុពលភាព​ចាប់ពី​ខែមិថុនា ​ឆ្នាំ ២០១៩ ​រហូតដល់​ខែធ្នូ​ ឆ្នាំ ២០២១ ​និង​លើក​ទី២ ​មាន​សុពលភាព​ចាប់ពី​ខែមករា ​ឆ្នាំ ២០២២​ រហូតដល់​ខែធ្នូ​ ឆ្នាំ ២០២៦។


លោក​ ហេង សុផាន់​ណារិទ្ធ ​អគ្គនាយករង ​ប.ស.ស. ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ ​កញ្ញា​ថា ​MoU ​រវាង​ ប.ស.ស.​កម្ពុជា ​និង​អង្គភាព ​NHIS ​កូរ៉េ​នេះ​ នឹង​បន្ត​ជាថ្មីទៀត​ដោយ​ស្វ័យប្រវត្តិ​ សម្រាប់​រយៈពេល ​៥ ឆ្នាំ​ម្តង។ MoU​នេះ ​បាន​ជួយ​ឱ្យ​ភាគី​ទាំង ២ ​មាន​កិច្ចសហ​ប្រតិបត្តិការ​ល្អ ​ដើម្បី​បង្កើន​នូវ​ជំនាញ​ទំនាក់ទំនង ​រវាង​ ប.ស.ស. ​និង​អង្គភាព​ធានា​រ៉ាប់រង​សុខភាព​ជាតិ ​នៃ​សាធារណរដ្ឋ​កូរ៉េ។

លោក​បានថ្លែងថា​៖ «ការផ្ទេរ​ប្រតិបត្តិ​ការទាក់ទង​នឹង​ចំណេះដឹង​ ទៅលើ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ ​និង​ជំនាញ​បច្ចេកទេស​ ជាមួយ​ការជួយ​សម្រួល​ដល់​ដំណើរការ​រៀនសូត្រ ​ដែល ​ប.ស.ស. ​អាច​អភិវឌ្ឍ​ស្ថាប័ន​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធភាព ​តាមរយៈ​ឧទាហរណ៍​ជាក់ស្តែង ​និង​បទពិសោធ​អនុវត្ត ​ដែល​ត្រូវ​បានផ្តល់​ដោយ​ដៃគូ​សហការ​ដែល​មាន​បទពិសោធ»។


ក្រៅពី​ប្រកាស​បន្ត​ MoU ​លោក​ ហេង សុផាន់​ណារិទ្ធ ​ក៏បាន​ឱ្យដឹង​ដែរ​ថា​ ការមក​បំពេញ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​អង្គភាព​ធានា​រ៉ាប់រង​សុខភាព​ជាតិ ​និង​ក្រុមហ៊ុន​ KPMG នៃ​សាធារណរដ្ឋ​កូរ៉េ​នេះ ​ក៏មាន​បំណង​ដើម្បី​សិក្សា​ពី​គម្រោង​ ស្តីពី​ការគាំទ្រ​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​អាស៊ាន ​ដែល​អាច​បត់បែន​បាន ​(ASEAN Adaptive Financial Risk Management System Support) ផងដែរ។

លោក​អះអាងថា​៖ «គម្រោង​នេះ​ផ្តោតលើ​ការគ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​លើ​មូលនិធិ ​នៃ​របប​ថែទាំ​សុខភាព​ លំហូរ​ការងារ​ និង​បុគ្គលិក​ប្រតិបត្តិការ ​និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់ ​ប.ស.ស. ​ជាពិសេស​ទៅលើ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​នៃ​របប​ថែទាំ​សុខភាព»។

លោក ​In-Ju Baek​ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​អង្គភាព​ NHIS ​បានបង្ហាញ​ការគាំទ្រ​ដល់​ស្ថាប័ន​ ប.ស.ស.​ និង​បានលើកឡើង​ពី​សារៈសំខាន់ ​នៃ MoU របស់​ស្ថាប័ន​ទាំង២ ​ដោយ​ចាត់ទុក​ ជា​ធាតុ​ចូល​ សម្រាប់​ការអនុវត្ត​គម្រោង​ពិគ្រោះ​យោបល់​ក្រោយៗ​ទៀត ​ប្រកប​ដោយ​ភាពរលូន ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោករំពឹង​ថា​ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​លោក ​នឹង​បាន​ចូលរួម​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព ​និង​ឈ្វេង​យល់​បឋម​អំពី​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​នៅ​កម្ពុជា​ផងដែរ។

ជាមួយ​គ្នានេះ ​លោក ​ហេង សុផាន់​ណារិទ្ធ ​ក៏បាន​ស្នើឱ្យ​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ ​នៃ ​ប.ស.ស. ​ត្រូវ​បង្កើន​កិច្ចសហ​ប្រតិ​បត្តិការ ​និង​ការផ្លាស់ប្ដូរ​បទពិសោធ​គ្នាជាមួយ​គណៈប្រតិភូ​នៃ​អង្គភាព ​NHIS ​និង​KPMG ​ក្នុង​ការសិក្សា​សម្រាប់​គម្រោង​ថ្មី​ប្រកប​ដោយ​ភាពជា​ដៃគូ ​និង​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត ​ដើម្បី​បង្កើន​ការរួមចំណែក​ការពារ​ផលប្រយោជន៍​របស់​កម្មករ​និយោជិត ​និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អង្គភាព​ទាំង ២ ​លើ​ផ្នែក​មួយ​នេះ​ ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង។

គិត​ត្រឹម​ខែ​មិថុនា ​បសស ​បាន​ទទួល​ចុះបញ្ជី​សហគ្រាស​ គ្រឹះស្ថាន​ក្នុង​វិស័យ​ឯកជន​ប្រមាណ ​១ ម៉ឺន​ស្ថាប័ន​ ដោយ​ក្នុង​នោះ​ មាន​បុគ្គលិក​ប្រមាណ ២ លាន​នាក់ ​បាន​និង​កំពុង​ស្ថិតក្នុង​បញ្ជី​របស់ ​បសស ​ដើម្បី​ទទួល​អត្ថ​ប្រយោជន៍​ផ្នែក​ហានិ​ភ័យ​ការងារ ​និង​ផ្នែក​ថែទាំ​សុខភាព៕