​បាត់ដំបងៈ​ លោក ​មាស នី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ថ្លែង​ថា ​ការ​ប្រើ​ក្មេង​ឱ្យ​ទៅ​ទិញ​គ្រឿង​ស្រវឹង​ជា​បច្ច័យ​នាំ​ឱ្យ​ក្មេង​នោះ​ក្លាយ​ជា​អ្នក​ផឹក​នៅ​ពេលអ​នា​គត​ ខណៈ​ការ​ផ្សព្វ​ផ្សាយ​ជា​កត្តា​ដ៏​ធំ​ក្នុង​ការជំរុញ​ឱ្យ​មាន​ការ​បរិភោគ​គ្រឿង​ស្រវឹង​ហើយ​ថារដ្ឋាភិ​បាល​គួរតែ​បញ្ឈប់​កុំឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​រឿង​នេះ​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិ​បាល​អះអាង​ថា​ មិន​អាច​ហាមឃាត់​ទាំងស្រុង​បានទេ តែ​អាច​កម្រិត​ម៉ោង​ផ្សាយ​បាន​។


​លោក មាស ​នី ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥​ ខែកញ្ញា​ថា ​បច្ចុប្បន្ន​ការផ្សព្វ​ផ្សាយ​ពី​គ្រឿង​ស្រវឹង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា មិន​ត្រូវបាន​ហាម​ឃាត់​នោះ​ទេ​។ ដោយ​ឡែក​តាម​កា​រស​ង្កេត​មើល​ជាក់​ស្តែង​នៅ​តាម​ដងផ្លូវ​ មាន​ផ្ទាំង​ផ្សព្វ​ផ្សាយ​ពី​គ្រឿង​ស្រវឹង​ច្រើន​រាប់​មិន​អស់ ជាក់​ស្តែង​ស្លាក​ស្រា​បៀ​រមាន​ច្រើនជាង​ស្លាក​គណ​បក្ស​ ១០០ ​ដង ឯ​ណោះ​។

​លោក​ថ្លែង​ថា​៖ «​ការ​ផ្សព្វ​ផ្សាយ​ជា​កត្តា​ជំរុញ​មួយ​ធំ​ណាស់​ឱ្យ​មនុស្ស​ផឹក ​ជាពិសេស​គឺ​ផឹក​យក​រង្វាន់​ហ្នឹង​តែម្ត​ង ហើយ​ការប្រើ​ក្មេង​ឱ្យទៅ​ទិញ​ស្រា ហ្នឹង​វា​ជា​បច្ច័យ​មួយ​នាំ​ឱ្យ​ក្មេង​នោះ​ក្លាយ​ជា​អ្នក​ផឹក​នៅ​ពេល​ខាង​ក្រោយ​»​។


​អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​នេះ​ប្រាប់​ថា ​លោក​បានធ្វើ​ការ​ស្ទង់​មតិ ​សិស្ស​ថ្នាក់​ទី១២ ​ចំនួន ​១ ០៩០​ នាក់​នៅ​ទូទាំង​ខេត្ត​បាត់​ដំបង ដោយ​ការ​ស្រាវ​ជ្រាវ​នេះ​ជា​កិច្ច​ផ្តួច​ផ្តើម​របស់​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ឌូ​វី (DIU)​។ តាម​រយៈ​លទ្ធផល​នៃ​ការស្ទង់ម​តិ​នេះ ​បង្ហាញ​ថា មាន​សិស្ស ២០ ភាគរយ​ក្នុង​ចំណោម​សិស្ស​ទាំង​អស់​សុទ្ធតែ​បាន​ពាក់​ព័ន្ធ​ជាមួយ​ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​។

​លោក​បាន​ឱ្យដឹ​ងថា សិស្ស​ជាង៥០ភាគរយ​ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​សិស្ស​ថ្នាក់​ទី​១២ វក់​វង្វេង​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​ភាគ​ច្រើន​ដោយ​សារ​ការផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ផ្សេងៗ ខណៈ​មួយផ្នែក​ទៀត​គឺ​ដោយ​សារ​មិត្តភក្តិ​អូស​ទាញ ហើយ​អ្នក​ផឹក​មាន​អាយុ​ជា​មធ្យម​ ១៧ ឆ្នាំ​។ ក្នុង​ចំណោម​អ្នក​ផឹក ២០​ ភាគ​រយ​នោះ ​មាន ​៩០​ ភាគ​រយ ​បាន​ចាប់​ផ្តើម​ផឹក​គ្រឿង​ស្រវឹង​ជាង​៣​ឆ្នាំមក​ហើយ ​មាន​ន័យ​ថា ការ​សម្ភាស​ក្នុង​អាយុ ​១៧​ ឆ្នាំ គឺ​សិស្ស​នោះ​ចាប់​ផ្តើម​ផឹក​គ្រឿង​ស្រវឹង​តាំង​ពី​ អាយុ​ ១៤ ឆ្នាំ។ ​ក្នុង​ចំណោម​អ្នក​ផឹក​២០​ភាគ​រយ​នោះ​ដែរ​ មាន ​៧ ​ភាគ​រយ​ បាន​ចាប់​ផ្តើម​ផឹក​តាំង​ពីមុន​អាយុ ១៤​ ឆ្នាំផង​ដែរ​។


​លោក​ថ្លែង​ថា​៖ «​ចំណុច​ចាប់​អារម្មណ៍​ ២ ទី​១​គឺ នៅ​ក្នុង​អ្វីដែល​យើង​រក​ឃើញ​នោះ ​មាន​៦៣​ភាគ​រយ នៃ​ក្មេង​ដែល​ត្រូវ​បាន​សម្ភាស​នោះ គឺ​គាត់​បាន​ឃើញ ​គេ​ប្រើ​ក្មេង​តូចៗ​ទៅ​ទិញ​គ្រឿង​ស្រវឹង ​ដែល​គាត់​ថា​រឿងនេះ​មិនគួរ​កើត​មាន​ ប៉ុន្តែ​មាន​សិស្ស ១២ ភាគ​រយ​ យល់​ឃើញ​ថា ​នេះ​ជា​រឿង​ធម្មតា​មិន​មាន​អ្វី​ប្លែក​ទេ​​»។

​បើតាម​លោក​ មាស នី ភ័ស្តុ​តាង​ជាក់​ស្តែង​ទាក់​ទង​នឹង​កត្តា​ជំ​រុញ​ឱ្យ​មាន​ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​មាន​កាន់​តែច្រើន​នោះ​គឺ​តម្លៃ​លក់ដូរ ផង​ដែរ​។​កម្ពុជា​មិន​មាន​ការ​កំណត់​អាយុ​ត្រឹម​ត្រូវ​សម្រាប់​ប្រជា​ជន​ដែល​អាច​ទៅ​ជាវ​គ្រឿង​ស្រវឹង​នោះទេ​។ លោក​បាន​ឱ្យដឹង​ទៀត​ថា​ ទី​កន្លែង​នៃ​ការលក់​ដូរ​គ្រឿង​ស្រវឹង​កើន​ឡើង​ច្រើន​ជាង​មុន​ បើ​ប្រៀប​ធៀបពេល​បច្ចុប្បន្ន ​និងរយៈ​ពេល ​១០​ ឆ្នាំមុន។ លោក​បញ្ជាក់​ថា កាល​ពី​ ១០ ឆ្នាំ​មុន ​កន្លែង​លក់​គ្រឿង​ស្រវឹង​នៅ​ចម្ងាយ ៣​០០ ទៅ ​៥០០ ម៉ែត្រ ពី​ផ្ទះ​អ្នក​ស្រុក ​ប៉ុន្តែ​បច្ចុប្បន្ន​ នៅ​ចម្ងាយ​តែ ​១៥០ ម៉ែត្រ​ពី​ផ្ទះ​ប៉ុណ្ណោះ​។​

​លោក​ថ្លែង​ថា​៖ «​នេះ​ជាស​ញ្ញា​មួយ​ដែល​បង្ហាញ​អំពី​ការកើ​នឡើងនៃ​ការលក់​ដូរគ្រឿង​ស្រវឹង ​ឆ្លើយត​ប​នឹង​ការប្រើ​ប្រាស់​។​បាន​ន័យថា​ ការ​លក់​ដូរ​គ្រឿង​ស្រវឹង​ហ្នឹង​អត់​មាន​អ្នក​ណា​ត្រួត​ពិនិត្យ​ត្រួ​តត្រា​អី​ទេ គឺមាន​កាន់​តែច្រើ​ន​ទៅ​ច្រើន​ទៅ​​»។

​លោក​បាន​លើក​ឡើង​ថា ដើម្បី​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ​ដែល​ជះឥទ្ធិ​ពល​ខ្លាំង​ដល់​សិស្សា​នុសិស្ស ​និង​យុវវ័យ​ជំនាន់​ថ្មី រដ្ឋាភិ​បាល ​គួរតែប​ញ្ឈប់​លែង​ឱ្យ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អំពី​គ្រឿង​ស្រវឹង ហើយ​គួរតែ​បង្កើន​កា​រអប់រំ​ផ្សព្វ​ផ្សាយ​តាម​សាលា​រៀន​ផង​ដែរ​។​

​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិ​បាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គ​នាយកនៃ​អគ្គ​នាយ​កដ្ឋាន​ព័ត៌​មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌​មាន ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ ​ខែកញ្ញា​ថា ​ក្រសួង​ព័ត៌មាន មាន​ផែនកា​រ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​និង​កំណត់​កម្រិត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​គ្រឿង​ស្រវឹង​នេះ ​ប៉ុន្តែ​កន្លង​មក​ដោយ​បញ្ហា​កូ​វីដ​ទើប​ការងារ​នេះ​បាន​អាក់​ខាន​នៅ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​។

លោក​បញ្ជាក់​ថា ​បញ្ហា​ការ​ផ្សព្វ​ផ្សាយ​ពី​ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នេះ​ក្រសួង​ព័ត៌មាន​នឹង​អនុវត្ត​ភ្លាមៗ​ នៅ​ពេល​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង​ចូល​ជា​ធរ​មាន​។​

​លោក​ថ្លែងថា​​៖ «​ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ស្រា​បៀរ ឬ​គ្រឿង​ស្រវឹង​នេះ ​អាហ្នឹង​ ជំហរ​ឯកឧត្តម​រដ្ឋ​មន្ត្រី ​គាត់​ថា​ ឱ្យតែ​ច្បាប់​ស្តី​អំពី​អាល់​កុល​ដែល​គេ​រៀបចំឡើ​ង​ចូល​ជា​ធរមាន​យើង​នឹង​អនុវត្ត​ហើយ ​ពីព្រោះ​ក្រសួង​ព័ត៌មាន​ចាំតែ​អនុវត្ត​តាម​ ដូច​ករណី​ផ្សព្វ​ផ្សាយ​បារី​អ៊ីចឹង​​» ។

​លោក ​ផុស សុវណ្ណ ​បាន​បញ្ជាក់​ថា ក្រសួង​ព័ត៌មាន​មិន​អាច​បញ្ឈប់​មិនឱ្យ​មាន​ការ​ផ្ស​ព្វផ្សាយ​តែម្តង​បាន​នោះ​ទេ ​ប៉ុន្តែកន្លង​មក​ធ្លាប់​មាន​ការ​កម្រិត​ម៉ោង​សម្រាប់​ការ​ផ្សាយ​អំពី​គ្រឿង​ស្រវឹង ​គឺ​ម៉ោង​មាស​មិន​អនុញ្ញាត​ឱ្យ​មានកា​រ​ផ្សព្វ​ផ្សាយ​ឡើយ​​។

​លោក ​រស់ សុវាចា អ្នក​នាំពា​ក្យ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​ឱ្យដឹង​នៅ​ថ្ងៃទី ១៥ ខែក​ញ្ញា​ថា ក្រសួង​សាធារ​ណការ និ​ង​ដឹក​ជញ្ជូន ក្រសួង​អប់រំ​ យុវ​ជន និង​កីឡា និង​ក្រសួងសុ​ខាភិបាល​​កំពុង​បន្ត​ពិភាក្សា​អំពី​កំណត់​អាយុ​អប្បបរមា​​សម្រាប់​ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង ​ប៉ុន្តែ​នៅ​មិនទា​ន់មាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ លោក​បញ្ជាក់​ថា ក្រសួង​ពាក់​ព័ន្ធ​នឹង​ជម្រា​បជូន​លទ្ធ​ផល​នៃ​ការ​ពិភាក្សា​​នៅពេ​ល​ខាង​មុខ​។​

​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នេះ​ដែរ លោក​ស្រី ខៀវ បូរី រដ្ឋ​លេខាធិ​ការ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជ​ន និង​យុវនីតិ​សម្បទា​ និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ បាន​ថ្លែង​ក្នុង​សិក្ខាសា​លា​ស្តីពី​ផលប៉ះ​ពាល់​នៃ​គ្រឿង​ស្រវឹង​លើ​កុមារ​កាល​ពី​ល្ងាច​ថ្ងៃទី ​៩​ ខែកញ្ញា​ថា ការ​ប្រើប្រា​ស់​គ្រឿង​ស្រវឹង​នាំឱ្យមាន​ផល​ប៉ះពាល់​ច្រើន​សម្រាប់​យុវ​វជន​ ជាពិ​សេស​ប៉ះ​បាល់​ដល់​សុខ​ភាព និង​ការ​សិក្សា​រៀន​សូត្រ​តែ​ម្តង​។

​លោក​ស្រី​ថ្លែង​ថា​៖ «​យើង​ដឹងថា ​គ្រឿង​ស្រវឹង ​និង​គ្រឿង​ញៀន​ជា​បញ្ហា​ធំ​សម្រាប់​យុវជន​ ហើយ​ប្រសិន​បើ​ពួកគេ​​ធ្វើពួកគេ​នឹងមាន​ផល​ប៉ះ​ពាល់​ជាច្រើ​នដូចជា​ បញ្ហា​សុខភា​ព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត គ្រោះថ្នា​ក់​ចរាច​រណ៍ អំពើ​ហិង្សា ចលា​ចល​ក្នុង​គ្រួសារ​ និង​ការ​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​​»៕