ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​លុប​ចោល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ ដែល​នឹង​មក​ដល់​នា​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ ដោយ​មិនមែន​មូលហេតុ​ខ្វះ​ថវិកា ដូច​ការ​លើក​ឡើង​របស់​អ្នកវិភាគ​មួយចំនួន​ឡើយ ប៉ុន្តែ​ដោយសារ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ហើយ​កម្ពុជា​ក៏មាន​កម្មវិធី​សំខាន់ៗ​ជាច្រើន​ក្នុង​អំឡុង​ពេល​ដូចគ្នា​នោះ​ផងដែរ។​


​មូលហេតុ​សំខាន់​ចំនួន ២ នេះ ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​តាមរយៈ​សារ​សំឡេង​ពិសេស​មួយ នា​ថ្ងៃទី ១៥ ខែ​កញ្ញា ដោយ​លោក​បាន​ធ្វើការ​ពន្យល់ និង​បញ្ជាក់​យ៉ាង​លម្អិត ព្រមទាំង​បាន​ធ្វើការ​បដិសេធ​ទៅលើ​ការវិភាគ ដែល​លោក​ចាត់​ទុកថា ជាការ​វិភាគ និង​វាយតម្លៃ​ដ៏ឆ្កួត​លេលា។​

​លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​ទទួល​ស្គាល់ថា ប្រទេស​កម្ពុជា ពិតជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​នៃ​រដ្ឋ​ក្ស័យធន​នោះទេ គឺ​យើង​នៅ​តែមាន លទ្ធភាព​ក្នុងការ​​ចំណាយ​ទៅលើ​ពិធីបុណ្យ​អុំទូក​មួយ ប្រសិនបើ​ត្រូវ​រៀបចំ​ឡើង​។ ប្រសិន​បើ​មាន​ការ​ ឆ្លងរីក​រាលដាល​កូវីដ ១៩ ម្តង​ទៀត វា​នឹង​បង្កើត​នូវ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ​ទៀត​ជា​មិនខាន»។​


លោក​ហ៊ុន សែន ក៏បាន​បញ្ជាក់​ពី​មូលហេតុ ១ ផ្សេងទៀត​ផងដែរ គឺ​ការ​រក្សាសន្តិសុខ​ដែល​កម្ពុជា​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១០ ដល់​ទី ១៣ ខែវិច្ឆិកា និង​មាន​កិច្ច​ប្រជុំធំៗ​ផ្សេង​ទៀត ដោយ​មាន​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល និង​ដៃគូ​ជាច្រើន​មក​កាន់​រាជធានី​ភ្នំពេញ។

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី គឺ​មិនអាច​លៃលក​ពេលវេលា​ដើម្បី​គ្រប់គ្រង​ជាមួយ​នឹង​សភាពការណ៍​បុណ្យ​អុំទូក​ដែល​មាន​មនុស្ស​ដ៏ច្រើន​នៅ​ក្នុង​ពេលវេលា ដែល​យើង​ត្រូវ​ត្រៀម​ការពារ​សន្តិសុខ សម្រាប់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និង​ដៃគូ​អាស៊ាន ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ដែល​មក​ប្រជុំ​នៅ​ភ្នំពេញ​នោះទេ»។​


​លោក​បានឱ្យ​តម្លៃ​ខ្ពស់​លើ​ការធានា​សន្តិសុខ សុវត្ថិភាព​របស់​ថ្នាក់​ដឹកនាំ​ជុំវិញ​ពិភពលោក ដែល​នឹង​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​នេះ​។ កម្ពុជា​ក៏​កំពុង​ទទួល​នូវ​សំណូមពរ​នៃ​ទស្សនកិច្ច​ផ្សេងៗ​ទៀត​ដែរ ក្នុង​នោះ​មាន​នាយក​រដ្ឋមន្ត្រី​វៀតណាម នាយករដ្ឋមន្ត្រី​ចិន និង​ប្រធានា​ធិបតី​ហ្វីលីពីន សម្រាប់ ថ្ងៃទី ៧, ៨ និង​ទី ៩ ខែវិច្ឆិកា។

​ការសម្រេច​ផ្អាក​ព្រះរាជ​ពិធី​បុណ្យអុំទូក​នៅ​ភ្នំពេញ​នេះ ត្រូវ​បាន​អនុម័ត​ដោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​គណៈរដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពិស្ដារ ដែល​នាំឱ្យ​មាន​ការ​ផ្អាក​ពិធី​បុណ្យ​អុំទូក​នេះឡើយ ទើប​ធ្វើ​ឱ្យ​មាន​មតិ​សាធារណៈ​កត់សម្គាល់​ផ្សេងៗ​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន។​

​លោក​ហ៊ុន សែន ថ្លែងថា​៖ «​អ្នក​ដែល​វិភាគ​ថា រដ្ឋាភិបាល​អត់លុយ​សម្រាប់​រៀបចំ​ពិធី​បុណ្យ​ អុំទូក​នេះ ក៏​សុំ​វិភាគ​តាម​ការគួរ​និង​ចិត្ត​ចង់ ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា ប្រជាពលរដ្ឋ​របស់​យើង នឹង​យល់​នូវ​អ្វីដែល​យើង​បាន​ធ្វើ និង​បម្រុង​ធ្វើ​។ ខ្ញុំ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​យើង នឹង​យោគយល់​នូវ​ពេលវេលា ដែល​យើង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកបដោយ​មោទនភាព»។​

​លោក​អះអាងថា រដ្ឋាភិបាល​មិន​ខ្វះ​លុយ​សម្រាប់​ដោះស្រាយ បញ្ហា​ត្រឹម​រៀបចំ​បុណ្យ​អុំទូក​នោះទេ ពីព្រោះ​ក្នុង ១ ខែៗ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ប្រមាណ ៤០ លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ​។ ដូចនេះ រដ្ឋាភិបាល​មិន​ខ្វះ​ថវិកា​ត្រឹមតែ​រៀបចំ​ពិធី​បុណ្យ​អុំទូក ដែល​ចំណាយ​ត្រឹមតែ ៤ ទៅ ៥ លាន​ដុល្លារ​ប៉ុណ្ណោះទេ។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ សម្រាប់​ឆ្នាំ ២០២២ នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ នា​ថ្ងៃទី ៧-៩ ខែ​វិច្ឆិកា​។ ពិធី​បុណ្យជាតិ​មួយ​នេះ ធ្លាប់​ត្រូវបាន​ផ្អាក​ជា​ហូរហែ ដោយសារ​ស្ថានភាព​ចាំបាច់​ផ្សេងៗ រាប់ទាំង​ស្ថានភាព​កម្ពស់​ទឹក​ទាប បញ្ហា​ប្រឈម​ដោយ​គ្រោះ​ទឹកជំនន់ និង​ចុងក្រោយ គឺ​ក្ដីបារម្ភ នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដែល​កម្ពុជា​បាន​ផ្អាក​ពិធី​នេះ​ជាប់ៗ គ្នា​ដែរ គឺ​ឆ្នាំ ២០២០ ឆ្នាំ​២០២១ និង​នៅ​ឆ្នាំ ២០២២ នេះ។​

​ទោះបីជា​នៅ​រាជធានី​ភ្នំពេញ មិនមាន​ពិធី​អុំទូក ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា នៅតែ​អាច​រៀបចំ​ពិធី​ប្រណាំង​ទូក​បាន ដែល​មកដល់​ពេលនេះ​ក៏មាន​ខេត្ត​ខ្លះ​បាន​និង​កំពុង​រៀបចំ​ទូក និង​ការណែនាំ​ពី​ការរៀបចំ​ពិធី​នេះ​ជា​បណ្តើរៗ​ផងដែរ។​

​លោក​ម៉ែន វិបុល អភិបាល​ខេត្តស្វាយរៀង ឱ្យដឹងថា ខេត្ត​ស្វាយរៀង នឹង​រៀបចំ​ពិធី​ប្រណាំង​ ទូក​ខ្នាត​អន្តរជាតិ និង​ទូកក្តារ ៣ សន្លឹក នៅ​ទន្លេ​វ៉ៃ​គោ ដែល​នឹង​ធ្វើ​ពីថ្ងៃ​ទី ២៩-៣០ ខែតុលា ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អកអំបុក ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​តាំងពី​យូរលង់​មកហើយ និង​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​កម្សាន្ត។​

​ចំណែក រដ្ឋបាល​ខេត្តកណ្តាល ក៏​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ​ផងដែរ គឺ​នៅ​ថ្ងៃទី ២២-២៣ ខែ​តុលា​។ រដ្ឋបាល​ខេត្ត​កណ្តាល បាន​ឱ្យដឹង​ថា​៖ «​ឆ្នាំនេះ ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អកអំបុក នាពេល​ខាងមុខ​នេះ រដ្ឋបាល​ខេត្ត​កណ្តាល បាន​សម្រេច​រៀបចំ​ពិធី​ប្រណាំង​ទូក នៅ​មាត់​ទន្លេបាសាក់ ក្រុង​តាខ្មៅ រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២២-២៣ ខែតុលា​»។

​ក្នុង​រយៈពេល​នៃ​ពិធី​នេះ រដ្ឋបាល​ខេត្ត​កណ្តាល ក៏​នឹងមាន​រៀបចំ​ការប្រគំ​តន្ត្រី​របស់​សមាគម​សិល្បករ​ខ្មែរ និង​ការ​ដាក់​តាំង​ពិព័រណ៍ លក់​ផលិតផល​ក្នុង​ស្រុក​ជាច្រើន ព្រមទាំង​មាន​ការ​បាញ់​កាំជ្រួច នៅ​ល្ងាច​ថ្ងៃទី ២៣ ខែ​តុលា ឆ្នាំ ២០២២ ផងដែ