ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​ហាមឃាត់​ការផ្សព្វផ្សាយ​លក់​ផលិតផល NSP OXYMETAZOLINE NASAL SPRAY ដែល​គ្មាន​លេខ​បញ្ចិកា និង​គ្មាន​ការទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នា​ថ្ងៃទី​ ១៦ ខែកញ្ញា ថា គណនី​ហ្វេសប៊ុក​ឈ្មោះ NSP Italy កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ប្រភេទ​នេះ​ដោយ​គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល ហើយ​ក្រសួង​សុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ រួមទាំង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បញ្ឈប់​ការលក់​ផលិតផល​នេះ​ជាបន្ទាន់​។

ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​ទិញ និង​ប្រើប្រាស់​ឱសថ​គ្រប់​ប្រភេទ​ដែល​លក់​តាម​ប្រព័ន្ធ​អនឡាញ​ឡើយ ព្រោះ​ផលិតផល​ទាំងនេះ​ភាគច្រើន​ជា​ផលិតផល​ខុសច្បាប់ ហើយ​អាចជា​ផលិតផល​ក្លែងក្លាយ​ទៀតផង​។


ការអំពាវនាវ​របស់​ក្រសួង​សុខាភិបាល​នេះ​ធ្វើឡើង​ ដើម្បី​បង្ការ​កុំឱ្យ​កើតមាន​គ្រោះថ្នាក់​បណ្តាលពី​ការប្រើប្រាស់​ផលិតផល​នេះ ក៏ដូចជា​ការពន្យារ​ពេលវេលា​ក្នុង​ការព្យាបាល​ត្រឹមត្រូវ និង​ខាតបង់​ប្រាក់កាស​របស់​ប្រជាពលរដ្ឋ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​៖ «​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ស្គាល់​ម្ចាស់​គណនី បណ្តាញ​សង្គម​ហ្វេសប៊ុក​ខាងលើ ឬ​ជន​ពាក់ព័ន្ធ ឬ​បាន​ស្គាល់​ទីតាំង​ដែល​កំពុង​ចែកចាយ ឬ​លក់ ផលិតផល NSP OXYMETAZOLINE NASAL SPRAY គ្មាន​លេខ​បញ្ឆិកា និង​គ្មាន​ការទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល សូម​សហការ​ផ្តល់​ព័ត៌មាន​មក​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង​គ្រឿងសំអាង​»៕