សៀមរាប: Walker Hedgepath​​ មិន​ទាន់​ស្គាល់​ទឹក​ដី​កម្ពុជា​នៅ​ឡើយ ​ខណៈ​រូប​គេ​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​អាមេរិក​។ យុវជន​រូប​នេះ​បាន​ស្គាល់​ជនជាតិ​ខ្មែរ​ជា​អ្នក​ក្បែរ​ខាង និង​ស្រាប់តែ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការសិក្សា​ភាសា​ខ្មែរ​តែម្ដង។


Walker បាន​ប្រើ​ភាសាខ្មែរ​សរសេរ​មក​កាន់​ ភ្នំពេញ​ ប៉ុស្ដិ៍ថា​៖ ​«​បាទ! ជម្រាប​សួរ​ខ្ញុំ​ឈ្មោះ​វ៉ក​ឃើរ ខ្ញុំ​អាយុ ២៦ ​ឆ្នាំ​ ហើយ​ខ្ញុំ​ជា​ជនជាតិ​អាមេរិក​។ ខ្ញុំ​បាន​រៀន​ភាសាខ្មែរ​រយៈពេល​ ៣​ ឆ្នាំ​ហើយ​ ជាមួយ​សាលា​និយាយ​ដូច​ខ្មែរ (Be Like Khmer) នៅ​ក្រុង​សៀមរាប​ ហើយ​កន្លះ​ឆ្នាំ​ទៀត​ រៀន​នៅ​សាកល​វិទ្យាល័យ​នៅ​អាមេរិក​»។ «​ខ្ញុំ​ចាប់​អារម្មណ៍​ជាមួយ​ការសិក្សា​ភាសាខ្មែរ​តាំងពី​ខ្ញុំ​ចូល​រៀន​បរិញ្ញបត្រ​នៅ​អាមេរិក​ព្រោះ​បន្ទប់​គេង​ខ្ញុំ​នៅ​សាកល​វិទ្យាល័យ​គឺ​ក្បែរ​បន្ទប់​របស់​ជនជាតិ​ខ្មែរ​ ២ ​នាក់​ ហើយ​ពួកគេ​ចាប់​ផ្ដើម​បង្រៀន​ខ្ញុំ​អំពី​ប្រទេស​កម្ពុជា​ រហូតដល់​​ឥឡូវ​ខ្ញុំ​ព្យាយាម​រៀន​ភាសាខ្មែរ​ ដើម្បី​ស្គាល់​មនុស្ស​​ហើយ​យល់​អំពី​វប្បធម៌​គេ​»។ នេះជា​សំណេរ​របស់​យុវជន​អាមេរិក​ដែល​សរសេរ​ជា​ភាសាខ្មែរ​បាន​យ៉ាង​ល្អ​តាមរយៈ​ការ​សិក្សា​នៅ​សាលា​បង្រៀន​ភាសាខ្មែរ​ដល់​​ជន​បរទេស​​​នៅ​ទីក្រុង​សៀមរាប​។

សាលា Be Like Khmer (BL-​​K) មិន​ត្រឹម​តែ​បង្រៀន​ភាសាខ្មែរ​ដល់​ធុរជន​អ្នក​បម្រើការ​នៅ​តាម​អង្គការ​ និង​ភ្ញៀវ​ទេសចរ​គ្រប់​កម្រិត​ប៉ុណ្ណោះ​ទេ​ប៉ុន្ដែ​សាលា​នេះ​ក៏​បាន​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ប្រពៃណី​ និង​ទំនៀម​​ទម្លាប់​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ដល់​ជនបរទេស​ផង​ដែរ​។

លោក សេង គឹមហុង ស្ថាបនិក​សាលា BLK ​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​យើង​មាន​វគ្គ​សិក្សា​ស៊ី​ជម្រៅ (intensive course​) ដែល​​រៀន​ជាច្រើន​ខែ​រហូត​ដល់​ឆ្នាំ ​និង​វគ្គ​សិក្សា​បណ្ដោះអាសន្ន​ ជាមួយ​ការសិក្សា​ ១​ អាទិត្យ​ ១ ឬ ២ ​ម៉ោង​ រយៈពេល​ ២ ​ខែ»។ លោក​​ឱ្យដឹង​ថា ទៅ​តាម​លទ្ធភាព​​របស់​សិស្ស​បរទេស​ពួកគេ​អាច​ជ្រើសរើស​ការសិក្សា​ថ្នាក់​ក្រៅ​ម៉ោង និង​ពេញ​​ម៉ោង​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ក្នុង​ការ​រស់​នៅ​រហូត​ដល់​ទំនាក់ទំនង​ការងារ​។

លោក​ គឹម​ហុង ​អាយុ​ ៣៣​ ឆ្នាំ​ដំបូង​ឡើយ​ ជា​គ្រូ​​បង្រៀន​ភាសា​អង់គ្លេស នៅ​អង្គការ​មួយ​ក្នុង​ក្រុង​បាត់ដំបង ពី​ឆ្នាំ​ ២០០៨​ ដល់​ឆ្នាំ​ ២០១២ ​ដែល​លោក​ធ្វើការ​ជាមួយ​ជនបរទេស​ជា​ច្រើន​។ ដោយ​​មាន​ការ​សំណូមពរ​ពី​ជនបរទេស​ ជា​មិត្ដ​រួម​អាជីព​ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ឱ្យ​លោក គឹមហុង ​បង្រៀន​ពួកគេ​នូវ​ភាសាខ្មែរ ការ​រស់នៅ​បែប​ខ្មែរ ក៏​ដូចជា​ប្រពៃណី​ និង​វប្បធម៌​ខ្មែរ​ លោក​បាន​ចាប់ផ្ដើម​បង្រៀន​ភាសា​ជាតិ​ដល់​ពួកគេ​ចាប់តាំង​ពី​ឆ្នាំ​ ២០១២ ​​។


«ពេល​បង្រៀន​យូរៗ​ទៅ​ខ្ញុំ​ស្រាវជ្រាវ​ និង​​ស្រឡាញ់​ពី​វប្បធម៌​ខ្លួនឯង​។ យើង​ជួយ​គាត់​ឱ្យ​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​កាន់តែ​រលូន​ជាង​មុន​ តាមរយៈ​ការ​ស្គាល់​ចេះ​ដឹង​អំពី​វប្បធម៌ និង​ប្រពៃណី​ខ្មែរ។​ យើង​ចង់​ចែករំលែក​វប្បធម៌ និង​ភាសា​របស់​យើង​ទៅកាន់​បរទេស​ហើយ​ក៏​មើល​ឃើញ​បញ្ហា​មួយចំនួន​របស់​បរទេស ដែល​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ពិបាក​រក​សាលា​រៀន​​»។

បុរស​ដែល​វិវឌ្ឍ​ខ្លួន​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​មក​ជា​គ្រូ​បង្រៀ​ន​​ខ្មែរ​ដល់​ជន​បរទេស​រូប​នេះ ​ឱ្យ​ដឹង​ថា សិស្ស​បរទេស​ទាំង​នេះ​មាន​ចម្រុះ​ជាតិ​សាសន៍​ដែល​ភាគច្រើន​​ធ្វើ​ការងារ​តាម​អង្គការ​។ «​យើង​មាន​មោទនភាព​ ដែល​គ្នា​យើង​តែ​ប៉ុន្មាន​នាក់​អាច​ជួយ​ឱ្យ​ជនបរទេស​យល់​ថា កម្ពុជា​គឺជា​ផ្ទះ​ទី​២​ របស់​ពួកគាត់​។ ខ្ញុំ​ចាប់ផ្ដើម​ឈប់​ធ្វើការ​អង្គការ និង​បង្រៀន​ភាសាខ្មែរ​ពេញ​ម៉ោង​នៅ​បាត់ដំបង»​។

ប៉ុន្ដែ​អំឡុង​ឆ្នាំ​ ២០១៦ ​ចំនួន​ជនបរទេស​នៅ​បាត់ដំបង​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​បង្ខំ​ឱ្យ​​លោក​ គឹមហុង ផ្លាស់ប្ដូរ​ទីតាំង​​មក​ខេត្ដ​សៀមរាប​វិញ​។ ដោយ​មើល​ឃើញ​ពី​សក្ដានុពល​ខ្លាំង​​នៅ​សៀមរាប​​លោក​​ចាប់​ផ្ដើម​មាន​បំណង​បើក​សាលារៀន​ភាសាខ្មែរ និង​ធ្វើការ​បណ្ដុះបណ្ដាល​​យុវជន​ឱ្យ​ចេះ​បង្រៀន​ភាសាខ្មែរ​ដល់​ជនបរទេស​​។

សាលារៀន​ភាសាខ្មែរ BLK​ត្រូវ​​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៧ ​នៅ​ក្រុង​សៀមរាប ​និង​បន្ដ​រហូត​ដល់​បច្ចុប្បន្ន​ ដោយ​ឆ្លង​ផុត​​សម័​យកាល​កូវីដ​ប្រកប​ដោយ​ជោគជ័យ​​។ ស្ថាបនិក BLK ​ថា​៖ «​ប្រាកដ​ណាស់​មនុស្ស​រស់នៅ​ទីក្រុង​ ចេះ​ភាសា​អង់គ្លេស​​ច្រើន។ ដូច្នេះ​ជនបរទេស​មិន​ចាំបាច់​ចេះ​ភាសាខ្មែរ​សម្រាប់​ទំនាក់ទំនង​ក៏​បាន​។ ប៉ុន្ដែ​ពួកគាត់​មាន​ដួងចិត្ដ​គោរព​វប្បធម៌​ និង​គោរព​ប្រទេស​យើង​។ ការ​រស់នៅ​ក្នុង​ប្រទេស​យើង​ចេះ​ភាសា​យើង​គឺជា​​ការគោរព និង​ផ្ដល់​តម្លៃ​ដែល​ជំរុញ​ចិត្ដ​គាត់​ខំ​រៀន»​។

លោកថា​៖ «​ដោយសារ​ពួកគាត់​រស់នៅ​ខ្មែរ​គាត់​ធ្វើការ​នៅ​អង្គការ​​ជួយ​លើ​កិច្ចការ​អប់រំ​អនាម័យ​ សុខភាព​តាម​ភូមិ​ប្រាកដ​ណាស់​អ្នក​រស់នៅ​តាម​ភូមិ ៨០​ ទៅ ៩០​% អត់​ចេះ​ភាសា​អង់គ្លេស​ទេ​។ វា​ធ្វើឱ្យ​ការងារ​របស់​ពួកគាត់​ជួប​ការលំបាក​ដែល​ទាមទារ​ឱ្យ​ពួកគាត់​រៀន​ភាសាខ្មែរ​»។

ការ​សិក្សា​ឆាប់​ចេះ ឬ​ក្រ​ចេះ​​វា​​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គល​ផ្ទាល់​ ដោយ​មិន​ផ្ដោ​ត​​លើ​ជាតិសាសន៍​ណាមួយ​នោះ​ទេ។ Be Like Khmer ​មាន​​​សិស្ស​ជនជាតិ​ជប៉ុន​ កូរ៉េ អ៊ីតាលី​បារាំង​ អង់គ្លេស​ និង​អាមេរិក​។

Shelli បាន​និយាយ​ ថា៖ «​សួស្ដី​ខ្ញុំ​ឈ្មោះ Shelli ខ្ញុំ​មក​ពី​អាមេរិក ខ្ញុំ​ជនជាតិ​អាមេរិក​ ខ្ញុំ​អាយុ​ ៣៤ ​ឆ្នាំ​។ ខ្ញុំ​រស់នៅ​ស្រុក​ខ្មែរ​ ៤ ​ឆ្នាំ​កន្លះ​ហើយ ប៉ុន្ដែ​ខ្ញុំ​រៀន​ភាសាខ្មែរ​បាន​ ៣ ​ឆ្នាំ​កន្លះ​ ពីព្រោះ​​ខ្ញុំ​មក​ប្រទេស​កម្ពុជា​ដំបូង ខ្ញុំ​ប្រហែលជា​អត់​ត្រូវការ​និយាយ​ខ្មែរ​ពីព្រោះ​ខ្ញុំ​អត់​ត្រូវ​ការរស់នៅ​ស្រុក​ខ្មែរ​។ ប៉ុន្ដែ​ខ្ញុំ​រស់នៅ​ស្រុក​ខ្មែរ​យូរ​ជាង​ខ្ញុំ​គិត​ពី​ពេល​មុន​។ ដូច្នេះខ្ញុំ​ត្រូវការ​រៀន​ភាសា​ពីព្រោះ​វា​សំខាន់​សម្រាប់​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ខ្មែរ​»។

Shelli ដែល​បង្រៀន​ច្រៀង​ និង​លេង​ព្យ៉ាណូ​បាន​បន្ដ​ថា ដោយសារ​ខ្លួន​ធ្វើការ​ជាមួយ​ជនជាតិ​ខ្មែរ​ទាំងអស់​ដែល​ភាគច្រើន​អត់​ចេះ​និយាយ​ភាសា​អង់គ្លេស​។ ដូច្នេះ Shelli ​គិត​ថា ខ្លួន​ត្រូវ​ចេះ​និយាយ​ភាសាខ្មែរ ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ​។ ​អ្នកគ្រូ​បង្រៀន​ភ្លេង​រូប​នេះ​បាន​ឱ្យ​ដឹង​ថា លោក​គ្រូ​នៅ BLK ជួយ​ខ្លួន​ច្រើន​ទាំង​ការ​ប្រើប្រាស់​ភាសា​ និង​​វប្បធម៌​ខ្មែរ​ អំពី​ស្ថានភាព​នៅ​ស្រុក​ខ្មែរ​។ Shelli ​និយាយ​ជា​សំឡេង​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ជា​អ្នក​ច្រៀង ហើយ​ខ្ញុំ​ចង់​ច្រៀង​​ជា​ភាសាខ្មែរ ដើម្បី​ឱ្យ​ជនជាតិ​ខ្មែរ​យល់​ ហើយ​និង​ក្រុម​ខ្ញុំ​បាន​បកប្រែ​បទ​ចម្រៀង​ខ្លះ​។ ឥឡូវ​ខ្ញុំ​រៀន​សរសេរ​ និង​អាន​ភាសាខ្មែរ​។ ខ្ញុំ​រៀន​ថ្នាក់​ ៥ ឥឡូវ​»។

លោក គឹមហុង ​លើក​ឡើង​ថា​​ បើ​មាន​ពេល​អនុវត្ដ​ច្រើន​ ​ពួកគេ​​អាច​ចាប់​បាន​លឿន​។ ឧទាហរណ៍​ថា​ ពេល​មក​ខ្មែរ​ដំបូង​ពួកគេ​​ផ្ដោតលើ​ ៦ ​ខែ​រៀន​ភាសាខ្មែរ​​ រាល់ថ្ងៃ​ពួកគេ​ចាប់​បាន​រហ័ស​ ដែល​​​អាច​​សន្ទនា​ជាមួយ​ជនជាតិ​ខ្មែរ​បាន​និង​យល់​វេយ្យាករណ៍​ ក៏ដូចជា​ទំនាក់ទំនង​សាមញ្ញ​ប្រចាំថ្ងៃ​។

ស្ថាបនិក​សាលា​បង្រៀន​ភាសាជាតិ​ដល់​ជនបរទេស​ទាំង​ថ្នាក់​​ក្រៅ​ម៉ោង និង​ពេញ​ម៉ោង​ ដែល​ផ្ដោត​លើ​ភាសា​សម្រាប់​ការងារ​រូបនេះ​បាន​និយាយ​ថា​៖​​ «ករណី​សិស្ស​មួយ​ចំនួន​ទោះ​ពួកគាត់​នៅ​វ័យ​ក្មេង​មែន​តែ​ដោយសារ​គាត់​ធ្វើការ​អង្គការ​ពេញ​ម៉ោង​ការ​រៀន​របស់​ពួកគាត់​ ១​ ថ្ងៃ​ឬ ២ ​ថ្ងៃ​​ឬ ១ ​សប្ដាហ៍​ ហើយ​គាត់​អត់​មាន​អនុវត្ដ​កម្រិត​នៃ​ការ​យល់ដឹង​​ក៏​នៅ​ខ្សោយ​តាម​ហ្នឹង​ដែរ​»​។

លោក​បន្ថែម​ថា​៖ «ចំពោះ​វគ្គ​សិក្សា​ស៊ីជម្រៅ​ពួកគាត់​ចេះ​អាន​កាសែត​ស្ដាប់​​ព័ត៌មាន ​និង​សរសេរ​ខ្មែរ​បាន​។ គាត់​អាច​មាន​ទំនាក់ទំនង​យ៉ាង​រលូន​ជាមួយ​ខ្មែរ​យើង​បាន​ដោយ​ចេះ​ទាំង​គ្រាម​ភាសា​​។ ដើម្បី​ឈាន​ដល់​កម្រិត​នេះ​ពួកគាត់​អាច​​ចំណាយ​ពេល​សិក្សា​ពី​ ១ ​​ឆ្នាំ​កន្លះ​ដល់​ ២​ ឆ្នាំ​»។

ទោះបី​ស្ថិត​ក្នុង​ការ​បិទខ្ទប់​ដោយសារ​កូវីដ​យ៉ាងណា​ក៏ដោយ​ក៏​សាលា BLK​នៅ​បន្ដ​ដំណើរការ​​តាមរយៈ​ការសិក្សា​ពី​ចម្ងាយ​។ ដោយសារ​សិស្ស​បរទេស​ទាំង​នោះ ​​បន្ដ​គាំទ្រ និង​ស្រឡាញ់​ភាសាខ្មែរ​​ ក៏​ដូចជា​ចង់​ជួយ​ឧបត្ថម្ភ​ដល់​គ្រូៗ​ជួប​ការ​លំបាក​ពី​ការ​បិទ​ទ្វារ​ ពួកគេ​នៅតែ​បន្ដ​ការ​សិក្សា​អនឡាញ​តាម Zoom។

ក្នុង​រយៈពេល​ ៥ ឆ្នាំ​នេះ​សាលា BLK ទទួល​សិស្ស​បរទេស​ប្រមាណ​​ជិត ១ ​ពាន់​នាក់​រួមទាំង​អ្នក​​សិក្សា​ហ្មត់ចត់ និង​អ្នក​សិក្សា​សម្រាប់​ទំនាក់ទំនង​តិចតួច។ លោក គឹមហុង ​ឱ្យ​ដឹង​ថា​៖«បច្ចុប្បន្ន​នេះ យើង​មាន​សិស្ស​ចន្លោះ​ពី ៦០ ​ទៅ ៧០ ​នាក់ ដែល​បាន​និង​កំពុង​បន្ដ​ការ​សិក្សា​នៅ​សាលារៀន​ ជាមួយ​គ្រូ​បង្រៀន​ចំនួន ១០ ​នាក់​​។ សិស្ស​របស់​យើង​ខ្លះ​ បន្ដ​ការ​សិក្សា​តាម​អនឡាញ​ ដូចជា​នៅ​អង់គ្លេស ​សហរដ្ឋអាមេរិក​ អូស្ដ្រា​លី​ បារាំង​ និង​អ៊ីតាលី​»។

ក្រៅពី​ការ​បង្រៀន​ភាសា BLK​ តែងតែ​បញ្ជ្រាប​ចំណេះដឹង​ផ្សេងៗ​ តាមរយៈ​សិក្ខាសាលា​ផ្សេងៗ​​។ ជាក់ស្ដែង​នៅ​ខែ​កញ្ញា​ នេះ​កម្ពុជា​ប្រារឰ​​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ សាលា​មាន​សិក្ខាសាលា​និយាយ​អំពី​ពិធី​បុណ្យ​នេះ​ក៏​ដូចជា​​បុណ្យ​អុំទូក​។ ស្ថាបនិក​សាលា ​ដែល​ផ្ដល់​ការ​សិក្សា​ ១​ ម៉ោង​ឥត​គិត​ថ្លៃ​រៀងរាល់​ថ្ងៃ​សុក្រ ​ដល់​ជនបរទេស​ដែល​ចង់​សិក្សា​ជាមួយ​គ្រូ​ជនជាតិ​ខ្មែរ​រូប​នេះ ​និយាយ​ថា​​​៖«យើង​ពន្យល់​ពួក​គាត់​អំពី​ចរិត​លក្ខណៈ​ខ្មែរ​របស់​យើង​ វប្បធម៌​ខ្មែរ និង​ម្ហូប​ខ្មែរ»។

យុវជន Walker បាន​បន្ដ​សំណេរ​ជា​ភាសាខ្មែរ​ទៀត​ថា​៖ «​ក្រៅពី​ភាសា​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ជនជាតិ​ខ្មែរ​គឺ​រួសរាយ​ រាក់ទាក់​ព្រោះ​នៅពេល​ខ្ញុំ​ជួប​ជនជាតិ​ខ្មែរ​ហើយ​ចាប់​ផ្ដើម​និយាយ​ភាសាខ្មែរ ពួកគាត់​តែងតែ​ញញឹម​ ហើ​យ​លើក​ទឹក​ចិត្ដ​ខ្លាំង​ឱ្យ​ខ្ញុំ​ព្យាយាម​និយាយ​ និង​ស្ដាប់​ពួកគាត់​»។ «​ម្យ៉ាង​ទៀតខ្ញុំ​បាន​ដឹង​ច្បាស់​ថា ជនជាតិ​ខ្មែរ​ មាន​វប្បធម៌​គួរ​ឱ្យ​គោរព​ព្រោះ​ពួកគាត់​ព្យាយាម​ឱ្យ​ខ្ញុំ​ប្រើ​ពាក្យ​ត្រឹមត្រូវ​ទាក់ទង​នឹង​តួនាទី​មនុស្ស​ ដែល​ធ្វើឱ្យ​ខ្ញុំ​ដឹង​អំពី​សង្គម​ខ្មែរ។ សូម​អរគុណ​ចំពោះ​សំណួរ​ ហើយ​ខ្ញុំ​ចង់​លើក​ទឹកចិត្ដ​បរទេស​ឱ្យ​ព្យាយាម​រៀន​ភាសា​ខ្មែរ​គ្រប់​គ្នា​»៕