អង្គជំនុំជំម្រះតុលាការខ្មែរក្រហមសម្រេចតម្កល់ការផ្តន្ទាទោសលោក ខៀវ សំផន ដាក់គុក១ជីវិត ហើយបានបិទផ្លូវតវ៉ា និងបញ្ចប់សំណុំរឿង

ភ្នំពេញៈ អង្គជំនុំជំម្រះតុលាការកំពូលនៃតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលហៅកាត់ថា (អ.វ.ត.ក) នៅថ្ងៃទី ២២ ខែកញ្ញា បានប្រកាសសាលដីកា ដោយបានតម្កល់សេចក្តីសម្រេចរបស់អង្គជំនុំជំម្រះសាលាដំបូង ដែលបានផ្តន្ទាទោសលោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ដាក់ពន្ធនាគារអស់ ១ ជីវិត ពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើអមនុស្សធម៌ដទៃទៀត ហើយបានបិទផ្លូវតវ៉ា និងបញ្ចប់សំណុំរឿង ០០២/០២ ផងដែរ។
អង្គជំនុំជំម្រះតុលាការកំពូល បានឱ្យដឹងថា សម្រាប់បទឧក្រិដ្ឋដែលអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់ ១ ជីវិត គឺជារឿងសមស្រប។ ដូច្នេះអង្គជំនុំជំម្រះតុលាការកំពូល សម្រេចតម្តល់ទុកអង្គជំនុំជម្រះសាលាដំបូង ដោយចាត់ទុកថា ការដាក់ទោសអស់ ១ ជីវិត ជាការសមស្រប ដែលបានបង្កសោកនាដកម្មដល់ប្រជាពលរដ្ឋក្នុងសម័យខ្មែរក្រហម។
អង្គជំនុំជំម្រះតុលាការកំពូលសម្រេចថា៖ «ប្រកាសតម្កល់ការដាក់ទោសដាក់ពន្ធនាគារអស់ ១ ជីវិតជនជាប់ចោទ ខៀវ សំផន របស់អង្គជំនុំជម្រះសាលាដំបូង និងប្រកាសថា ទោសដាក់ពន្ធនាគារអស់ ១ ជីវិត ក្នុងសំណុំរឿង ០០២/០២ នេះត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគារអស់១ជីវិតក្នុងសំណុំរឿង ០០២/០១»។
ជាមួយគ្នានេះដែរ អង្គជំនុំជំម្រះតុលាការកំពូល បង្គាប់ការលោក ខៀវ សំផន ឱ្យស្ថិតនៅមន្ទីរឃុំឃាំង អ.វ.ត.ក ដោយរង់ចាំការចេញសាលដីកាមានសំអាងហេតុពេញលេញ និងការរៀបចំសម្រាប់ការផ្ទេរឱ្យអនុវត្តតាមច្បាប់ ទៅពន្ធនាគារដែលត្រូវបន្តអនុវត្តទោសរបស់គាត់។
លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែម្នាក់គត់ដែលនៅរស់រានមានជីវិតដែលមានបច្ចុប្បន្នមានអាយុ ៩១ ឆ្នាំ ដែលកំពុងបន្តអនុវត្តនីតិវិធីជាប់ឃុំនៅមន្ទីរឃុំឃាំងបណ្តោះអាសន្ននៅអង្គជំនុំជំម្រះវិសាមញ្ញតុលាការកម្ពុជា។
លោកត្រូវបានអង្គជំនុំជំម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា បានរកឃើញថា មានពិរុទ្ធភាពក្រោមបទចោទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិវៀតណាម និងជនជាតិចាម ខណៈលោកគឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។
ការសម្រេចរបស់អង្គជំនុំជំម្រះតុលាការកំពូល គឺផ្អែកលើសាលក្រមរបស់អង្គជំនុំជំម្រះសាលាដំបូង ដែលបានប្រកាសសាលក្រម កាលពីថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨៕