តើលោក ខៀវ សំផន ជាបុគ្គលបែបណាក្នុងកែវភ្នែកអ្នកស្រាវជ្រាវ?
ភ្នំពេញៈ លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់ក្នុងឋានៈជាប្រមុខរដ្ឋនារបបខ្មែរក្រហម ជាបញ្ញាវន្តខ្មែរមួយរូប ដែលបានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចពីប្រទេសបារាំង ហើយលោកធ្លាប់ជាសមាជិកសភាចំនួន ២ អាណត្តិ ក្នុងសម័យសង្គមរាស្ត្រនិយម។
ក្រោយមកលោកបានក្លាយជាកម្មាភិបាលជាន់ខ្ពស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ដែលក្រោយមករបបនេះត្រូវបានដួលរលំនៅដើមឆ្នាំ ១៩៧៩។ ប៉ុន្តែលោកនៅកាន់មុខតំណែងជាន់ខ្ពស់រហូតដល់ថ្ងៃចាប់ខ្លួន ដើម្បីប្រឈមមុខនឹងសាលាក្តីខ្មែរក្រហម។
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ លោក ខៀវ សំផន មានវ័យ ៩២ ឆ្នាំ ជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចុងក្រោយតែម្នាក់គត់ ដែលនៅរស់រានមានជីវិត ហើយត្រូវប្រឈមនឹងសវនាការរបស់សាលាក្តីខ្មែរក្រហមចុងក្រោយគេ។
តុលាការនេះ បានប្រកាសសាលាដីកាជុំវិញបណ្តឹងសារទុក្ខអតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ក្នុងសំណុំរឿង ០០២/០២ ដោយបន្ត រក្សាការដាក់ទោសឱ្យជាប់ពន្ធនាគារអស់ ១ ជីវិតដដែល លើបទឧក្រិដ្ឋនានា ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ ក្នុងរបបដែលលោកបានដឹកនាំ ហើយដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ១ លាន ៧ សែននាក់។
ក្រៅពីនេះ រួមមានបទចោទដូចជា បទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាក្រុងហ្សឺណែវ (Geneva Conventions)។
កិច្ចចរចាររកសន្តិភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ លោកខៀវ សំផន គឺជាតំណាងដ៏ខ្ពស់បំផុត នៃក្រុមខ្មែរក្រហម ហើយក្រោយមក បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិ (Supreme National Council) ហៅកាត់ SNC។
អាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិ (UNTAC) សម្រាប់កម្ពុជា បានរៀបចំការបោះឆ្នោតជាតិឆ្នាំ ១៩៩៣ ប៉ុន្តែក្រុមខ្មែរក្រហម របស់លោកខៀវ សំផន បានធ្វើពហិការមិនចូលរួម ដែលនៅបន្តតស៊ូក្នុងព្រៃមានឈ្មោះជាក្រុមទ័ពឧទ្ទាមរហូតដល់ឆ្នាំ ១៩៩៨ ។
ក្រោយមក លោក បានចាកចេញពីចលនាខ្មែរក្រហម និងបានទៅរស់នៅក្នុងខេត្តប៉ៃលិន រហូតដល់ពេលចាប់ខ្លួននិងឃុំខ្លួននៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬគេស្គាល់ថា សាលាក្តីខ្មែរក្រហម នៅខែវិច្ឆិកា ឆ្នាំ ២០០៧។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងជាអ្នកបានសិក្សាពីរបបខ្មែរក្រហមលោក កែង ឌួង លើកឡើងថា លោក ខៀវ សំផន ត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់មួយរូបដែរ ព្រោះលោកស្ថិតក្នុងតំណែងជាប្រមុខរដ្ឋ ហើយដែលស្របតាមយុត្តាធិការរបស់សាលាក្តីខ្មែរក្រហម ដែលកាត់ទោសតែចំពោះមេដឹកនាំជាន់ខ្ពស់ ឬអ្នកទទួលខុសត្រូវខ្ពស់បំផុតតែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យ កែវ ឌួង និយាយថា៖ «សម្រាប់ខ្ញុំ មិនថា លោក ខៀវ សំផន និងមេដឹកនាំកំពូលខ្មែរក្រហមផ្សេងៗទៀតទេ សុទ្ធតែជាអ្នកស្នេហាជាតិនិយម តែជាអ្នកស្នេហាជាតិនិយមជ្រុល ជាមេដឹកនាំបើត្រឹមមានគំនិតស្នេហាជាតិ វាមិនទាន់គ្រប់គ្រាន់ទេ ពាក្យស្នេហាជាតិ មិនអាចយកមកបិតបាំងអំពើបំផ្លាញជាតិបានទេ។ តែទង្វើគាត់ជាទង្វើឧក្រិដ្ឋត្រូវតែទទួលទោស ទោះបីជាយើងមានគោលដៅល្អ ប៉ុន្តែទង្វើសម្រេចគោលដៅយើងជាបទឧក្រិដ្ឋ។ ខៀវ សំផន ក៏ដូចគ្នា គាត់ជាអ្នកស្នេហាជាតិ មានគោលដៅល្អចង់អភិវឌ្ឍន៍ជាតិប៉ុន្តែគាត់បង្ខំប្រជាជន សម្លាប់អ្នកទៃ ដែលគាត់ចាត់ទុកជាខ្មាំង ដូច្នេះវាមិនល្អទេ»។
លោក កែវ ឌួង យល់ស្រមនឹងសេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហម ដែលលោកថា តុលាការនេះមានភាពសុក្រឹត្យបានជជែកអង្គហេតុបានត្រឹមត្រូវនិងមានសេចក្តីសម្រេចកាត់ទោសករណីលោក ខៀវ សំផន បានត្រឹមត្រូវ ទោះបីមានការលើកឡើងថា លោក ខៀវ សំផន គ្រាន់តែជាអ្នកចេញមុខតំណាងរបបកម្ពុជាប្រជាធិបតេយ្យ មិនបានប្រព្រឹត្តកំហុសណាមួយក្តី។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងធ្លាប់បម្រើការជាអ្នកកាសែតផងនោះ លោក មាជ សុណ្ណារ៉ា បានប្រាប់ឱ្យដឹងថា កាលលោកនៅជាជំនួយការស្រាវជ្រាវរបស់ប្រវត្តិវិទូអាមេរិក Steve Heder លោកបានចូលជួបសម្ភាសជាមួយលោក ខៀវ សំផន ក្នុងខេត្តប៉ៃលិន ដែលលោកថា លោក ខៀវ សំផន ហាក់បង្ហាញថា លោកជាមនុស្សម្នាក់ ដែលមិនពាក់ព័ន្ធនឹងសកម្មភាពប្រល័យពូជសាសន៍នោះទាល់តែសោះ។
លោក ម៉ាជ សុណ្ណារ៉ា បញ្ជាក់ថា៖ «តាមរយៈការឆ្លើយឆ្លងសម្ភាសនោះ ចម្លើយរបស់លោក ខៀវ សំផន ហាក់បង្ហាញថា ទោះបីលោកជាប្រមុខរដ្ឋក្នុងរបបខ្មែរក្រហមក្តី តែលោកមិនចង់ឱ្យរាស្ត្រត្រូវបានកាប់សម្លាប់ឡើយ ក្នុងន័យគាត់គ្រាន់តែនាំប្រជាពលរដ្ឋធ្វើបដិវត្តន៍ប៉ុណ្ណោះ»។
បើតាមរយៈលោក ម៉ាជ សុណ្ណារ៉ា លោក ខៀវ សំផន បានអះអាងថា លោកជាក្រុមកុម្មុយនីស្តខ្មែរដែលស្អាតស្អំ ខុសពីក្រុមកុម្មុយនីស្តក្រុមផ្សេងទៀត ដែលទទួលការបំពាក់បំប៉នពីប្រទេសវៀតណាម ឬពីចិន ក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយ ប្រទាញប្រទង់របស់មហាអំណាច សេរីនិងកុម្មុយនីស្តនាសម័យសង្គ្រាមត្រជាក់នោះ។
បើសំដៅទៅលើអត្តចរិតរបស់លោក ខៀវ សំផន លោក ម៉ាជ សុណ្ណារ៉ា ថា តាមរយៈការជួបសម្ភាសផ្ទាល់លោកយល់ថា លោក ខៀវ សំផន ជាមនុស្សទន់ភ្លន់ គ្មានសេចក្តីលោភលន់ តាមរយៈសកម្មភាពរស់នៅរបស់លោកដែលកាលលោកនៅបម្រើការជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសម័យសង្គមរាស្ត្រនិយមនោះ លោកជិះកង់ទៅធ្វើការប៉ុណ្ណោះ ។
លោក មាជ សុណ្ណារ៉ា សង្កត់ធ្ងន់ថា លោកជាមេដឹកនាំខ្មែរក្រហមក្រជាងគេ ក្នុងចំណោមមេដឹកនាំដទៃទៀត តួយ៉ាង លោក អៀង សារី លោក នួន ជា លោក សាឡុត សហៅ ប៉ុល ពត បើប្រៀបធៀបទៅ ដែលលោកជាមេដឹកនាំសាមញ្ញ គ្មានទ្រព្យសម្បត្តិបង្ហាញថា លោកមិនមែនជាមនុស្សសម្ភារនិយមអ្វីឡើយ ក្នុងសភាពរស់នៅក្នុងផ្ទះសង់ពីឈើប្រក់ស័ង្កសីនៅកណ្តាលក្រុងប៉ៃលិន។
លោក មាជ សុវណ្ណារ៉ា បន្តថា៖ «ក្នុងទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា លោកជាអ្នកស្នេហាជាតិម្នាក់ តែសម័យនោះលោកកាន់អំណាចគ្រាន់តែជាទីងមោងម្នាក់នោះទេ ទោះកាន់តំណែងជាប្រមុខរដ្ឋក្តី ក្នុងសម្ពាធនយោបាយរបស់ប៉ុល ពត, នួន ជា ឥទ្ធិពលយួន ចិនជាដើម។ តែទោះជាយ៉ាងណា ក្នុងអង្គច្បាប់ លោកត្រូវតែទទួលខុសត្រូវចំពោះសោកនាដកម្មនេះហើយ ព្រោះគាត់ជាមេដឹកនាំជាន់ខ្ពស់មួយរូប»។
លោក សុវណ្ណារ៉ា យល់ថា សមាសភាពតុលាការកូនកាត់ខ្មែរក្រហមនៅមានកម្រិត បានត្រឹមជជែកសំណុំរឿងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដោយមិនបានជីករកការពិតនិងយុត្តិធម៌បានពេញលេញនោះឡើយ។
សម្រាប់លោក Timothy Williams ជាអ្នកស្រាវជ្រាវលើបញ្ហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងធ្លាប់សិក្សាពីបញ្ហាខ្មែរក្រហម បានគូសបញ្ជាក់ចំពោះអំពើប្រល័យពូជសាសន៍មិនថា របបខ្មែរក្រហម មិនថា នៅប្រទេស Rwanda ឬនៅ Holocaust ឡើយ មនោគមន៍វិជ្ជាបានដើរតួនាទីយ៉ាងសំខាន់ ដែលក្រុមអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍នានា បានរៀបចំជាប្រព័ន្ធទស្សនៈសាកលមួយ ហើយពួកគេនឹងកំណត់ដោយស្វយប្រវត្តិថា នរណាជាមិត្ត នរណាជាសត្រូវ ឬនរណាជាគ្នាយើង នរណាជាគ្នាគេ ។
លោកបណ្ឌិត Timothy Williams និយាយថា៖ «ពួកគេនឹងបង្កើតភស្តុតាងបង្ហាញសម្រាប់អំណាចគ្រប់គ្រង និងការប្រើអំពើហិង្សា ព្រោះពួកគេនឹងបែងចែកថា នរណាត្រូវបានពួកគេមើលឃើញថា ជាគ្នា នរណាមិនមែនគ្នាគេដែលពួកកគេគិតថា ក្រុមមនុស្សអាក្រក់ អាចមានគ្រោះថ្នាក់ ដែលសក្តិសមនឹងសម្លាប់ចោល»។
លោកបញ្ជាក់ថា ទោះបីជារបបខ្មែរក្រហមទទួលបានការគាំទ្រពីរបបផ្សេងៗទៀត ពីបណ្តាប្រទេសផ្សេងៗទៀតពិតមែន ប៉ុន្តែក្រុមខ្មែរក្រហម មិនមែនជារបបអាយ៉ងឡើយ ព្រោះពួកគេមានស្វយភាពដឹកនាំរដ្ឋ មានឯករាជ្យក្នុងការបង្កើតគោលនយោបាយ ដែលត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត៕