ភ្នំពេញៈ តំណាង​អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ថ្មី​ប្រចាំ​កម្ពុជា ​លោកស្រី​ Sandra Bernklau ​ប្រាប់​លោក​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថា ​អង្គការ​របស់​លោកស្រី ​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​សុខាភិបាល ​ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​មាតា ​ទារក ​និង​កុមារ​នៅ​កម្ពុជា ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​​ទៀត​។


ការ​ថ្លែង​ដូចនេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោកស្រី ​Sandra Bernklau ​ជាមួយ​លោក​ ម៉ម ប៊ុនហេង ​នា​ទីស្តីការ​ក្រសួង​សុខាភិបាល ​នា​ថ្ងៃទី​ ២០ ​កញ្ញា ​បន្ទាប់​ពី​លោកស្រី​ទើប​ត្រូវបាន​ចាត់តាំង​ជា​ ​តំណាង UNFPA ​ថ្មី​ប្រចាំ​កម្ពុជា​។

ក្រសួង​សុខាភិបាល ​ឱ្យ​ដឹង​ថា ​លោក ​ម៉ម ប៊ុនហេង ​ក៏បាន​សម្ដែង​​ការ​ស្វាគមន៍​ចំពោះ​វត្ដមាន​របស់​លោកស្រី ​និង​ថ្លែង​អំណរគុណ​ដល់​មូលនិធិ​សហប្រជាជាតិ ​សម្រាប់​ប្រជាជន ​ដែល​បាន​សហការ​គាំទ្រ​​វិស័យ​សុខាភិបាល​កម្ពុជា​។ ជាពិសេស​ កម្មវិធី​គាំពារ​មាតា ​ទារក ​និង​កុមារ ​ដែល​ធ្វើឱ្យ​ជោគជ័យ​មុន​កាល​កំណត់​គោលដៅ​​អភិវឌ្ឍន៍​សហស្សវត្សរ៍​ទី​៥ ​ស្ដីពី​ បញ្ហា​សុខភាព​មាតា ទារក ​និង​កុមារ​។


លោកស្រី Sandra Bernklau ​លើកឡើង​ថា​​៖ «UNFPA ​បាន​ឯកភាព​ជាមួយ​ក្រសួង​សុខាភិបាល​ក្នុង​កិច្ច​សហការ​​ធ្វើឱ្យ​ប្រសើរ​ឡើង​​ នូវ​កម្មវិធី​គាំពារ​មាតា ​កុមារ ​និង​ទារក ​ជាពិសេស​បាន​កាត់បន្ថយ​អត្រា​មរណភាព​មាតា​ ៧៥% ​ពោល​ គឺ​បាន​កាត់បន្ថយ​អត្រា​ស្លាប់​របស់​​ មាតា​ ៤៧២ នាក់ ​ក្នុង​ចំណោម​ ១០០ ០០០​ កំណើត​រស់​ក្នុង​ឆ្នាំ​ ២០០៥​ មក​នៅ​ត្រឹម​ ១៥៤ នាក់ ​ក្នុង​ឆ្នាំ​ ២០២១ » ។

បើ​តាម​ក្រសួង​សុខាភិបាល ​លោក​ស្រី ​Sandra Bernklau ​ក៏​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហ​ប្រតិបត្ដិការ ​និង​ភាព​ជា​ដៃគូ ​រវាង​ក្រសួង​សុខាភិបាល​ជាមួយ​មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ ប្រជាជន ​ដែល​ជា​ដៃគូ​ដ៏​​ល្អ​ក្នុង​ការ​ចូលរួម​ឱ្យ​ប្រសើរ​នូវ​សុខភាព​មាតា ​ទារក ​និង​កុមារ​នៅ​កម្ពុជា​។


ប្រភព​ដដែល​បន្ត​ថា​ ក្រៅពី​នោះ ​UNFPA ​គ្រោង​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​កម្មវិធី​អភិវឌ្ឍន៍​ប្រចាំ​ប្រទេស​របស់​ខ្លួន​ ដែល​នឹង​ចាប់ផ្ដើម​រៀបចំ​ធ្វើ​ថ្មី ​ហើយ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួង​សុខាភិបាល​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​នេះ​។

ជា​ការ​ឆ្លើយតប ​លោក​ ម៉ម ប៊ុនហេង ​ក៏​បង្ហាញ​ពី​ការ​គាំទ្រ ​និង​សហការ​ជាមួយ​អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត​។

តាម​លទ្ធផល​បឋម​នៃ​ការអង្កេត​ប្រជាសាស្ត្រ ​និង​សុខភាព​កម្ពុជា ​ឆ្នាំ ២០២១-២០២២ ​ប្រៀបធៀប​នឹង​​លទ្ធផល​អង្កេត​ប្រជាសាស្ត្រ ​និង​សុខភាព​កម្ពុជា ​ឆ្នាំ ២០១៤ ​អត្រា​មរណភាព​មាតា ​ទារក ​និង​កុមារ​នៅ​ប្រទេស​កម្ពុជា ​មាន​ការ​ថយចុះ​ច្រើន​គួរឱ្យ​កត់​សម្គាល់​។

របាយការណ៍​សូចនាករ​ស្នូល​នៃ​ការអង្កេត​ប្រជាសាស្ត្រ​ និង​សុខភាព​កម្ពុជា ​ឆ្នាំ​ ២០២១-២០២២ ​ចេញ​ផ្សាយ​ពី​ខែ​មិថុនា​ ​ឱ្យ​ដឹងថា​ សម្រាប់​​អត្រា​មរណភាព​មាតា​ បាន​​ថយចុះ​ពី ១៧០ ​នាក់ ​មក​នៅ​ ១៥៤ ​នាក់​នៅ​ឆ្នាំ ២០១៤ ​ក្នុង​ចំណោម​ទារក​កើត​រស់​ ១០០ ០០០​ ​​នាក់ ​នៅ​ឆ្នាំ ២០២១-២០២២ ​។

របាយការណ៍​ថា​​ ការ​ប៉ាន់ស្មាន​អនុបាទ​មរណភាព​មាតា​ (MMR) ​រវាង​ឆ្នាំ ២០១៤ ​ដល់ ​ឆ្នាំ ២០២១-២០២២ ​មាន​ ១៥៤ នាក់ ​ក្នុង​ចំណោម​ ១០០ ០០០ ​កំណើត​រស់​ មាន​ន័យថា ០,០០៤ ​នៃ​មាតា​ប្រឈម​នឹង​ការ​ស្លាប់​ពេញ ១ ​ជីវិត ​ឬ​អាច​និយាយ​បាន​ថា ​ស្ត្រី​មាន ៤ ​នាក់ ​ក្នុង​ចំណោម​ស្ត្រី ១ ០០០ ​នាក់​​ ជា​មរណភាព​មាតា» ​។

បើ​តាម​លទ្ធផល​បឋម​នៃ​ការ​អង្កេត​ប្រជាសាស្ត្រ ​និង​សុខភាព​កម្ពុជា​ ​ភាគរយ​ស្ត្រី​បាន​ទទួល​ការ​ថែទាំ​ផ្ទៃពោះ​សម្រាប់​កំណើត​រស់ ​ឬ​កូន​ស្លាប់​កើត​ថ្មីៗ​បំផុត ​២ ឆ្នាំ ​មុន​​ អង្កេត​បាន​កើនឡើង​ពី​ ៣៩%​ ​នៅ​ឆ្នាំ​ ២០០០ ដល់​ ៩៩% ក្នុង​ឆ្នាំ ២០២១-​២០២២ ​។ ភាគរយ​ស្ត្រី​​ បាន​ទទួល​ការ​ថែទាំ​ផ្ទៃពោះ​ មុន​សម្រាល​ចំនួន​ ៤ ​ដង ​ឬ​ច្រើន​ដង ​​កើន​ពី​ ៩% នៅ​ឆ្នាំ ២០០០ ដល់​ ៨៦% ឆ្នាំ ២០២១-២០២២ ៕