ភ្នំពេញៈ លោក ស ខេង រួមទាំង​រដ្ឋមន្ត្រី និង​ប្រធាន​ប្រតិភូ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​សម្តែង​ការកោត​សរសើរ និង​អបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ ដែល​បាន​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ នាំ​ដល់​ការសម្រេច​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ដំណើរការ​ស្ដារ​ឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច​។


លោក ស ខេង រួមទាំង​រដ្ឋមន្ត្រី និង​ប្រធាន​ប្រតិភូ​ក៏បាន​សរសើរ​ផងដែរ ចំពោះ​កិច្ចសហការ​ជិតស្និទ្ធ ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​លេចឡើង​ថ្មីៗ​នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​ ១៩ ស្រប​ទៅ​នឹង​មូលបទ​អាស៊ាន​ឆ្នាំ​ ២០២២ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា​»​។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន និង​ជា​ម្ចាស់ផ្ទះ​បាន​សរសើរ​បែបនេះ នៅពេល​ដែល​លោក​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើក​ទី​ ១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពី​ថ្ងៃទី ​២១-២២ ខែកញ្ញា ឆ្នាំ​ ២០២២ តាម​ប្រព័ន្ធ​វីដេអូ​។

បើតាម​ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ កិច្ចប្រជុំ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្ដេជ្ញាចិត្ត​របស់​ស្ថាប័ន អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ក្នុង​កិច្ចសហប្រតិបត្តិការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ព្រម​ទាំង​បាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​នូវ​បច្ចុប្បន្នភាព​អំពី​និន្នាការ​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅក្នុង​តំបន់​។

កិច្ចប្រជុំ​ក៏បាន​កត់សម្គាល់​ពី​ការវិវត្ត​កើនឡើង​នូវ​បទល្មើស​មួយ​ចំនួន ដូចជា​៖ អំពើ​ភេរវកម្ម​អំពើ​ហិង្សា​ជ្រុលនិយម ការជួញដូរ​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស រត់ពន្ធ​មនុស្ស បទល្មើស​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា បទល្មើស​ជួញដូរ​សត្វព្រៃ និង​ឈើ​ខុសច្បាប់ បទល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​សេដ្ឋកិច្ច​អន្តរជាតិ​ជាដើម​។


សូមបញ្ជាក់​ថា ក្នុង​ស្មារតី​បង្កើន​ការយកចិត្ត​ទុកដាក់​ឆ្លើយតប​ទៅនឹង​និន្នាការ​នៃ​បទល្មើស​ទាំងនេះ កិច្ចប្រជុំ​បាន​ផ្លាស់ប្តូរ​យោបល់ និង​លើកឡើង​នូវ​គំនិត​ផ្តួចផ្ដើម​សំខាន់ៗ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការអនុវត្ត​ច្បាប់ តាមរយៈ​យន្តការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស ព្រមទាំង ចែករំលែក​បទពិសោធ និង​ជំនាញ​បច្ចេកទេស​សំដៅ​លើកកម្ពស់​សមត្ថភាព​កងកម្លាំង​អនុវត្ត​ច្បាប់ ដើម្បី​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​នឹង​ការប្រែប្រួល​នៃ​សភាពការណ៍​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក​៕