កម្ពុជា និងម៉ាល់ឌីវ ប្តេជ្ញាពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំង ២ និងវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ
ភ្នំពេញៈ កម្ពុជា និងម៉ាល់ឌីវប្តេជ្ញាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំង ២ ការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងវិស័យផ្សេងៗទៀតដែលមានសក្តានុពល។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Abdulla Shahid រដ្ឋមន្ដ្រីការបរទេសម៉ាល់ឌីវ កាលពីថ្ងៃទី ២០ ខែកញ្ញា ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាដែលផ្សព្វផ្សាយនាថ្ងៃទី ២៣ ខែកញ្ញា បញ្ជាក់ថា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកម្ពុជា-ម៉ាល់ឌីវ រដ្ឋមន្ត្រីការបរទេសទាំង ២ បានឯកភាពគ្នាពិចារណាលើការសម្រេចឱ្យបាននូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា និងម៉ាល់ឌីវ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ភាគីទាំង ២ ប្តេជ្ញាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងម៉ាល់ឌីវ ការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ សម្រាប់ការនាំចេញ រួមទាំងនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវផង និងវិស័យផ្សេងៗទៀតដែលមានសក្តានុពល»។
ភាគីទាំង ២ ក៏បានពិភាក្សាគ្នាផងដែរទៅលើការរៀបចំការសម្រួលការផ្តល់ទិដ្ឋាការ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងធុរកិច្ចរវាងប្រទេសទាំង ២។
កាលពីខែសីហា លោក Abdulla Shahid បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយរដ្ឋមន្ត្រីទាំង ២ បានពិភាក្សាអំពីការសម្រេចឱ្យបាននូវការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ២ ខណៈនៅដើមឆ្នាំក្រោយ ប្រធានាធិបតីម៉ាល់ឌី លោក Ibrahim Mohamed Solih គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា។
រដ្ឋមន្ត្រីទាំង ២ បានឯកភាពគ្នាថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ាល់ឌីវ មកកាន់កម្ពុជាលើកនេះ និងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ហើយនឹងឈានទៅដល់ការពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង ២។
លោក ប្រាក់ សុខុន និងលោក Abdulla Shahid បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងម៉ាល់ឌីវ រួមទាំងការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកនៅក្នុងអង្គការតំបន់ និងអន្តរជាតិផងដែរ៕