ជនជាតិចិន ១៨ នាក់ ក្នុងចំណោម ៤១ នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកពួកគេជិះបានលិចនៅសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុៈ ជនរងគ្រោះជាជនជាតិចិនចំនួន ១៨ នាក់ ក្នុងចំណោម ៤១ នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនទឹកខេត្តព្រះសីហនុ ជួយសង្គ្រោះកាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញា ហើយរហូតមកដល់ថ្ងៃទី ២៣ កញ្ញានេះ កងកម្លាំងទាំងនោះនៅតែកំពុងបន្តស្វែងរកអ្នកដែលបានបាត់ខ្លួនផ្សេងទៀត បន្ទាប់ពីទូកដែលពួកគេជិះបានលិចនៅលើផ្ទៃសមុទ្រ។
រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ២៣ កញ្ញា បានប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីជួយសង្គ្រោះបានជនរងគ្រោះចំនួន ០១ នាក់ រដ្ឋបាលខេត្តនឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២ លានរៀល។
បើតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុចុះផ្សាយនៅរសៀលថ្ងៃទី ២៣ កញ្ញានេះបានឱ្យដឹងថា កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ មានករណីលិចទូកចំនួន ០១ គ្រឿង ស្ថិតនៅចំណុចនិយាមកាម ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានដឹកនាំកម្លាំងអង្គភាពបង្ក្រាបចំនួន ១៦ នាក់ និងមធ្យោបាយចំនួន ០២ គ្រឿង (១.៦០០ សេស ០១ គ្រឿង និង ៧០០ សេស ០១ គ្រឿង) ចេញទៅជួយសង្គ្រោះ និងសង្គ្រោះមនុស្សបានចំនួន ១៨ នាក់។
ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិនជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១ នាក់ ស្រី ០៣ នាក់ សង្គ្រោះបាន ១៨ នាក់ បាត់ខ្លួនចំនួន ២៣ នាក់ ស្រី ០៣ នាក់។
បច្ចុប្បន្នជនរងគ្រោះទាំង ១៨ នាក់ ត្រូវបានបញ្ចូនទៅវរសេនាតូចលេខ ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ២៣ នាក់បន្តទៀត។
ជាមួយគ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១ គ្រឿងផ្សេងទៀត មានមនុស្សចំនួន ០២ នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព។
សូមជម្រាបជូនថា ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង ២៣ នាក់ បាន និងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រ ដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ៕