លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ស្នើឱ្យ​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​អំឡុងពេល​ធ្វើដំណើរ​តាម​ផ្លូវទឹក ខណៈ​ដែល​ខេត្ត​មួយ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ខ្យល់ នៅ​ថ្ងៃ​ពុធ​ទី​ ២៩ ​កញ្ញា និង​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៣០ ​កញ្ញា​។


យោង​តាម​សារ​ជា​សំឡេង​ជាង​ ២ ​នាទី នៅ​ថ្ងៃ​ពុធ​ទី​ ២៩ ​កញ្ញា លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា ៖ «​លទ្ធផល​នៃ​ការ​ព្យាការណ៍​អាកាសធាតុ បាន​បង្ហាញ​ថា ចាប់ពី​ថ្ងៃនេះ ថ្ងៃ​ស្អែក ខាន​ស្អែក​នេះ ស្ថានភាព​ភ្លៀង ខ្យល់ និង​រលក​ខ្ពស់ៗ​នៅក្នុង​សមុទ្រ អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ការ​ធ្វើដំណើរ​នៅក្នុង​ផ្លូវទឹក​។ ដូច្នេះ​ខ្ញុំ​ស្នើសុំ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ​ ២ ​យ៉ាង​»​។

បើ​តាម​លោក គួច ចំរើន ទី​១​ គឺ​អាជ្ញាធរ​ត្រូវ​ណែនាំ​ដល់​ពលរដ្ឋ អ្នក​នេសាទ និង​អ្នកដំណើរ ត្រូវ​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅតាម​កោះ​ជា​បណ្តោះអាសន្ន ដ្បិត​អាច​ជួប​ហានិភ័យ​ជាយថាហេតុ​។ រីឯ​បញ្ហា​ទី​២ ​នោះ​គឺ អ្នក​នេសាទ និង​អ្នកដំណើរ​ដែល​កំពុង​ចេញ​ដំណើរ​ទៅតាម​កោះ លោក គួច ចំរើន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រូវ​ជូនដំណឹង​ឱ្យ​អ្នក​ទាំងនោះ ត្រូវ​រក​ទីតាំង​សុវត្ថិភាព ឬ​ត្រូវ​ត្រលប់​មក​ដីគោក​វិញ​។ តាម​លោក គួច ចំរើន គឺ​ការ​ធ្វើ​ដំណើរ​ត្រលប់​មក​វិញ ក៏​ត្រូវ​មាន​សម្ភារ​សុវត្ថិភាព តួយ៉ាង​ដូចជា​អាវ​ពោង ព្រោះ​អាច​ជួប​ឧបសគ្គ​ណាមួយ ពេលធ្វើ​ដំណើរ​។


លោក គួច ចំរើន​៖ «​ខ្ញុំ​សូម​ទាំងអស់​គ្នា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទៅដល់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ប្រជាពលរដ្ឋ ប្រជា​នេសាទ​អ្នក​ទេសចរ​ជាតិ​អន្តរជាតិ ម្ចាស់​ទូក​កាណូត​ជាដើម​ហើយ​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​»​។

គិត​ត្រឹម​រសៀល​ថ្ងៃទី​ ២៨ ​ខែ​កញ្ញា​នៅ​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ជាប់​មាត់​សមុទ្រ​កម្ពុជា​សុទ្ធ​តែ​មាន​ភ្លៀង​ធ្លាក់​រលឹម​ជាប់​ឥត​ដាច់​។​ចំពោះ​តំបន់ឆ្នេរ​ក៏​ចាប់ផ្ដើម​មាន​ខ្យល់​បក់បោក​ក្នុង​ល្បឿន​មធ្យម​។


គួរ​ជម្រាប​ថា កម្ពុជា​កំពុង​រង​នូវ​ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ​ណូ​រុ ពីថ្ងៃ​ទី​ ២៨ ​ដល់​ថ្ងៃទី​ ២៩ ​ខែ​កញ្ញា​។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ពុធ​។ ព្យុះ​ទី​១៦ ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នោះ​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។

គួរ​បញ្ជាក់​ផងដែរ​ថា បញ្ហា​ទឹកភ្លៀង និង​ខ្យល់​កន្ត្រាក់​នេះ បាន​បណ្តាល​ឱ្យ​ទូក​ដឹក​ជនជាតិ​ចិន​ចំនួន​ ៤១ ​នាក់ មួយ​គ្រឿង​បាន​លិច​នៅ​តំបន់​កោះតាង ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ២២ ​ខែ​កញ្ញា​។ ព័ត៌មាន​ចុងក្រោយ គឺមាន​ជនជាតិ​ចិន​ចំនួន​ ៣៣ ​នាក់ ត្រូវបាន​ជួយ​សង្គ្រោះ ហើយ​ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន​ ៣​ នាក់​។ ចំណែក​ឯ​ជនជាតិ​ចិន​ចំនួន​ ១៨ ​នាក់​ផ្សេង​ទៀត នៅ​បន្ត​បាត់​ខ្លួន ខណៈ​ដែល​អាជ្ញាធរ​កំពុង​ស្វែងរក​ជា​បន្ត​៕