​ភ្នំពេញៈ​ ​រដ្ឋលេ​ខាធិ​ការ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក ​នេត្រ ភក្ត្រា បាន​ចាត់​ទុក​សកម្ម​ភាព​ហែ​ក្បួន​របស់​យុវជន​ដែល​យក​ញត្តិ​ទៅ​ដា​ក់នៅ​ក្រសួង​បរិស្ថាន​ថា ​ជា​ក្រុម​សកម្ម​ជន​នយោ​បាយ​មួយ​ក្តាប់​តូច​ស្ថិត​ក្រោម​ការ​បញ្ជា​ដោយ​ជន​បរទេស​ជ្រក​ក្រោម​ស្លាក​ស្រឡាញ់​បរិស្ថាន​ និង​ធន​ធានធម្ម​ជាតិ កំពុង​ធ្វើ​សកម្ម​ភាព​សម្តែង​ឱ្យ​ល្អមើល ​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​តាម​ខ្សែ​ញាក់​របស់​ជន​បរទេស​ខ្លះ និង​បំពេញ​ចិត្ត​ម្ចាស់​ជំនួយ​របស់​ខ្លួន​ដោយ​មាន​ចេតនា​ទុច្ចរិត​បំផ្លាញ​មុខ​មាត់​កម្ពុជា​។


​ការ​លើក​ឡើង​របស់​ម​ន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​រូបនេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ ១ ​ក្រុម​ បាន​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដា​ក់នៅ​ក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​ ២៩ ខែកញ្ញា ​ក្នុង​គោល​បំណង​ដើម្បី​ស្នើ​ឱ្យ​មន្ត្រី​ក្រសួង​បរិស្ថាន​ឈប់​បិទ​សិទ្ធិ​ការពារ​ព្រៃឈើ និង​បើក​ចំហ​សេរី​ភាព​សាធា​រណជន​ក្នុង​ការ​ចូល​រួម​ល្បាត​ព្រៃ​ឈើ​។​

​លោក នេត្រ ភក្ត្រា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា​ថា ក្រសួង​បរិស្ថាន​ស្វា​គមន៍​រាល់​សកម្ម​ភាព​ស្រប​ច្បាប់ទាំង​អស់​ក្នុង​ការ​ចូល​រួម​ការពា​រ ​និង​អភិរក្ស​ធនធាន​ធម្ម​ជាតិ​។លោក​ថា ​រាល់​សហ​គមន៍ សមា​គម​ និង​អង្គការ​ក្រៅរដ្ឋាភិ​បាល​ដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់និង​មាន​កិច្ច​ព្រម​ព្រៀង​ត្រឹម​ត្រូវ ត្រូវបាន​លើក​ទឹកចិត្ត​ និង​ស្វា​គមន៍​ដោយ​ក្រសួង​ក្នុងការ​ចូលរួម​ការពា​រ​ធន​ធាន​ព្រៃឈើ​ សត្វព្រៃ​ដូច​ដែល​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​សមា​គម​ និង​អង្គការ​ជាតិ​និង​អន្ត​រជាតិ​ក្នុង​កិច្ចការងារ​អភិរក្ស​ធន​ធាន​ធម្មជាតិ ក៏ដូច​ជា ​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​ជាង ១៩០ ​នៅ​ក្នុង​និង​ជុំវិញ​តំបន់​ការពា​រធម្ម​ជាតិ​។


​លោក​បញ្ជាក់​ថា​៖ «​សកម្ម​ភាព​ដែល​ក្រុម​សកម្មជន​នយោ​បាយ​មួយ​ក្តាប់​តូច​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​ដោយ​ជនបរទេស​ជ្រក​ក្រោម​ស្លាក​ស្រឡាញ់​បរិស្ថាន ​និង​ធន​ធាន​ធម្មជាតិ​ដែល​បាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​ក្រោម​ទម្រង់​រូបភាព​ផ្សេងៗ​ វា​គ្រាន់តែ​ជាការ​សម្តែង​ឱ្យ​ល្អ​មើលដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​តាម​ខ្សែ​ញាក់​របស់​ជន​បរទេស​ខ្លះនិង​បំពេញ​ចិត្ត​ម្ចាស់​ជំនួយ​ខ្លួន​ ហើយ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​របៀប​វារៈ​នយោ​បាយ​ទុច្ចរិត​មួយ​ពិត​ប្រាកដ​ក្នុង​ចេតនា​បំផ្លាញ​មុខ​មាត់​កម្ពុជា​​» ។

​សកម្ម​ជន​បរិស្ថាន លោក ​សាន់ ម៉ា​ឡា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៩ ខែកញ្ញា​ថា ក្រុម​យុវជន​អ្នក​ស្រ​ឡាញ់​បរិស្ថាន​សរុបចំនួន៣៥​នាក់​បាន​នាំគ្នា​ធ្វើ​យុទ្ធនា​ការ​ជា​សាធា​រណៈ​ក្នុង​ទម្រង់​ជាការ​ហែ​សព​ព្រៃ​ឈើ ដោយ​មានការ​ស្លៀក​ស ពាក់​ស ​មាន​មឈូស​ កាន់​ផ្កា​អម​ជា​មួយ​នឹង​ធូប​ តំណាង​ឱ្យ​ការ​កាន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​ការពារ​សត្វ​ក្នុង​ប្រទេស​កម្ពុជា​។


លោក​ថា គោល​បំណង​នៃ​ការហែ​ក្បួន​នេះ​មាន​៣សំខាន់ៗ​ គឺ​ទី​១ ទាម​ទារ​ឱ្យ​ក្រសួង​បរិស្ថាន​ឈប់​រឹត​ត្បិត ​និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​ ជា​ពិសេស​គឺ​សហ​គមន៍​មូល​ដ្ឋាន​។

លោក​ថ្លែងថា​៖ «​យើង​មើល​ឃើញ​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​ ២០១៩ ​ក្រោយ​ពី​មាន​ការ​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​របាយកា​រណ៍​នៃ​វិនាស​កម្ម​ព្រៃ​ឈើ​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​កម្រិត​អង្គការ​ជាតិ អន្តរ​ជាតិ ក្រសួង​លែង​ឱ្យ​សហ​គមន៍​មូលដ្ឋាន​ចុះទៅ​បំបួស​ព្រៃឈើ រៀបចំ​កម្ម​ពិធី​បុណ្យ ឬក៏​ល្បាត​ទៀត​ហើយ​​»។

​លោក​បន្ត​ថា ដោយ​ឡែក​គោល​បំណង​ទី​២ គឺជា​ការ​ផ្សព្វ​ផ្សាយ​ទៅកាន់​សាធារ​ណជន​អំពី​ស្ថានភាព​ដ៏​គួរឱ្យ​អា​ណោ​ច​អ​ធ័​ម​នៃ​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា រី​ឯគោល​បំណង​ទី​៣ គឺជា​ការ​លើក​ទឹកចិត្ត​ដល់​យុវ​ជន មហា​ជន​ទូទៅ​ឱ្យ​ក្លាហាន​ក្នុង​ការ​ហ៊ាន​អនុវត្ត​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន ដូច​មាន​ចែង​នៅក្នុង​មាត្រា ៣៥ ​និង មាត្រា ៥៩ នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ក៏ដូច​ជា​ច្បាប់​ពាក់​ព័ន្ធ​ដទៃ​ទៀត​។

​សកម្មជន​បរិស្ថាន​រូ​ប​នេះ​បញ្ជាក់​ថា យុទ្ធ​នា​ការហែ​ក្បួន​នេះ​ផ្តើម​ចេញពី​ចំណុច​ម្តុំ​ផ្លូវ​ម៉ៅ​សេទុង​ទល់​មុខ​ផាក​កាហ្វេ​ឆ្ពោះ​សំដៅ​ទៅ​កាន់​ក្រសួង​បរិស្ថាន ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​វិថី ម៉ៅ​សេទុង​ ឆ្លង​កាត់​ស្តុ​ប​បូក​គោ ​បន្ត​ទៅ​ស្តុ​ប​ចំការ​មន ​និង​ដើម​តាម​ចំហៀង​ស្ថាន​ទូត​រុស្ស៊ី ឆ្លង​កាត់​រដ្ឋ​សភា សួន​ណា​ហ្គា​វើ​លដ៍ រហូត​ដល់​ទីស្តី​ការ​ក្រសួង​បរិ​ស្ថាន​។

​គណនី​ហ្វេ​ស​ប៊ុ​ក SAVE PREY PREAH ROKA បាន​ឱ្យដឹង​នៅ​ថ្ងៃទី ​២៩ ​ខែកញ្ញា​ថា ក្នុង​ញត្តិ​ដែល​ក្រុម​យុវជន​បាន​ដាក់​ជូន​លោក ​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ពី​ច្បាប់​មួយ​ចំនួន​ដែល​សំដៅ​ដល់​កា​រចូលរួម​ក្នុង​កិច្ច​ការពា​របរិស្ថាន ដែល​ក្នុង​នោះ​មាត្រា​ ២៩ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពា​រធម្មជាតិ បាន​ចែងថា ប្រជា​ពលរដ្ឋ​ ព្រះ​សង្ឃ សិស្សា​នុ​សិស្ស មន្ត្រីរាជ​ការ ក​ងកម្លាំង​ប្រដាប់​អាវុធនិង​អាជ្ញា​ធរ​មូល​ដ្ឋានមាន​ករណី​យកិច្ច​ចូល​រួម​ការពារ​ អភិរក្ស ​និង​ស្ដារ​ធន​ធាន​ធម្មជាតិ​ឡើង​វិញ​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​។​ ការណ៍​នេះជាការ​បង្ហាញ​ឱ្យឃើញ​ថា ការហាម​ឃាត់​មិន​ឱ្យ​ចូលទៅ​ការ​ពារ​ព្រៃឈើ ​គឺជា​ការ​អនុវត្ដ​​ផ្ទុយ​ពី​ច្បាប់​ដែល​មាន​ចែង​ក្នុង​ប្រទេស​កម្ពុជា​។​

​យ៉ាង​ណាក៏​ដោយ ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ លោក​ នេត្រ​ ភក្ត្រា បាន​បញ្ជាក់​ថា ​ពួកគេ​គ្រាន់​តែ​ជា​ជន​ឱកាស​និយម​យក​ការ​សម្តែង​ជាការ​ស្រឡាញ់​ធនធាន​ធម្មជា​តិ​ ដើម្បី​ផល​ប្រយោជន៍​បក្ខ​ពួក​ខ្លួន​ប៉ុណ្ណោះ​។ ក្រសួង​បរិស្ថាន​ដែល​មាន​ដែន​យុត្តា​ធិការ​ក្នុង​ការ​ការពារ​ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​នឹង​បន្ត​សហ​ការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​សហ​គមន៍ សមា​គម​ និង​អង្គការ​ក្រៅរ​ដ្ឋាភិបាល​ស្រប​ច្បាប់​ក្នុង​កិច្ច​ការ​ពារ និង​អភិ​រក្ស​ធន​ធាន​ធម្មជាតិ​ឱ្យ​បាន​គង់​វង្ស​៕