សៀមរាបៈ ក្នុង​រយៈពេល​ ១៤ ​ឆ្នាំ​ចុងក្រោយ នេះ ផ្នែក​ថត​ឆ្លុះ និង​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​ ៧ ឬ​គន្ធបុប្ផា​ទី​ ៣ ខេត្ត​សៀមរាប បាន​ធ្វើការ​ឆ្លុះ​សរុប​ចំនួន​ជាង ១ ៨០០ ករណី ខណៈ​ជាង​ ៩ ​ខែ​ចុងក្រោយ​ឆ្នាំនេះ មន្ទីរពេទ្យ​នេះ​បាន​ឆ្លុះ​ជំងឺ​ក្រពះ​ និង​ពោះវៀន​ផ្សេងទៀត​ចំនួន​ជាង ​១០០ ករណី​។


ហ្វេសប៊ុក Dr. Beat Richner បាន​បញ្ជាក់​នា​ថ្ងៃទី ​២៩ ខែ​កញ្ញា ថា​៖ «​ផ្នែក​ថត​ឆ្លុះ និង​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​ ៧ (​គន្ធបុប្ផា​ទី​ ៣) ខេត្ត​សៀមរាប​បាន​ធ្វើការ​ឆ្លុះ​ចាប់ពី​ឆ្នាំ​ ២០០៨ មកដល់ ២០២២ បាន​សរុប​ចំនួន ១ ៨៣៦​ ករណី​»​។

ប្រភព​ដដែល​បន្តថា ក្នុង​រយៈពេល ៩ ​ខែ ក្នុង​ឆ្នាំ ២០២២ មន្ទីរពេទ្យ​នេះ​បានធ្វើការ​កាត់​ដុំ​សាច់​ក្នុង​ពោះវៀន​ចំនួន ២៣ ​ករណី ចោះ​ក្រពះ​ដោយ​ម៉ាស៊ីន​អង់ដូស្កុប​ចំនួន​ ១០ ករណី និង​ចង​សរសៃឈាម​ប៉ោង​ក្នុង​បំពង់​អាហារ​ ដែល​បណ្ដាល​មកពី​ជំងឺ​ក្រិន​ថ្លើម​បាន​ ១០ ​ករណី​។


មន្ទីរពេទ្យ​នេះ​ក៏បាន​ធ្វើការ​ពង្រីក​បំពង់​អាហារ​រួម​ត្បៀត​ ដែល​បណ្ដាល​មកពី​ច្រឡំ​ផឹកទឹក​ក្បុង ១១ ករណី និង​ឆ្លុះ​ជំងឺ​ក្រពះ និង​ពោះវៀន​ផ្សេងទៀត​ចំនួន ១២១ ករណី​៕