ភ្នំពេញៈ «ជាជនមានពិការភាពតិចឬច្រើនតែងតែទទួលរងនូវការរើសអើងពីអ្នកដែលមានកាយសម្បទាធម្មតា ឬសូម្បីតែពីជនមានពិការភាពដូចគ្នា ប៉ុន្តែខ្ញុំមិនបានត្រាំត្រែងនឹងភាពពិការរបស់ខ្ញុំទេ! ផ្ទុយទៅវិញខ្ញុំ ចង់ប្រើជីវិតដែលនៅសេសសល់របស់ខ្ញុំ ដើម្បីជួយជាតិ»។ នេះជាការលើកឡើងរបស់កីឡាករបាល់បោះពិការ ១រូប ដែលទទួលរងការរើសអើង ក្រោយពេលដែលលោកជួបគ្រោះថ្នាក់ រហូតដល់មានពិការភាព។
ក្នុងវ័យ ៣៩ឆ្នាំ លោក សែ សារ៉ា បានជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារជាជាងសំណង់ ដែលកាលណោះលោកត្រូវបានសង្កត់ដោយរថយន្ដកិនស៊ីម៉ងត៍។ បន្ទាប់ពីហេតុការណ៍នេះ លោកបានបាក់ទឹកចិត្តដល់ចំណុចសូន្យ លែងចង់បន្តរស់រានមានជីវិតលើលោកនេះតទៅទៀត។ ការណ៍នេះបានជំរុញឱ្យរូបលោកបង្អត់អាហារខ្លួនឯង ដើម្បីឱ្យបាត់បង់ជីវិតតែម្ដង។
ប៉ុន្តែដោយជីវិតលោកថ្លៃ លោកបានចាប់ផ្ដើមផ្លាស់ប្ដូរការគិតរបស់ខ្លួនបន្ទាប់ពីបានស្ដាប់វិទ្យុចំពេលដែល អ្នកសម្របសម្រួលកម្មវិធីវិទ្យុនិយាយទៅដល់ «គោលបំណងនៃការរស់នៅរបស់មនុស្ស» ដោយគេបានចោទជាសំណួរថា តើរស់នៅធ្វើអ្វីបើសិនជារស់ដើម្បីតែជាបន្ទុកដល់គេឯង? ១ឃ្លានេះ បានទាញកម្លាំងចិត្តរបស់លោកឱ្យងើបឡើង ហើយឈប់ត្រាំត្រែងធ្វើជាបន្ទុករបស់គេតទៅទៀត។
លោកបានចាប់ផ្ដើមជាថ្មី ដោយការបង្រៀនក្មេងៗនៅជិតខាងលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ជាអ្វីដែលលោកអាចផ្ដល់ឱ្យគេបានបើទោះជាលោកបានក្លាយខ្លួនជាជនពិការក៏ដោយ។
រហូតដល់ឆ្នាំ២០១៩ ជាពេលដែលលោកបានស្គាល់ក្រុមបាល់បោះរទេះជនពិការ និងបានឃើញជាលើកដំបូងនូវការលេងបាល់បោះរបស់ជនពិការ វាហាក់បានអន្ទងចិត្តរបស់លោកជាប់ជាមួយនឹងកីឡាប្រភេទនេះ និងសូមចូលរួមលេងជាមួយជនមានពិការភាពដទៃទៀត។
ដោយការចូលចិត្ត និងការខិតខំប្រឹងប្រែង លោកបានអភិវឌ្ឍខ្លួនយ៉ាងលឿនពីរបៀបនៃការប្រើប្រាស់រទេះសម្រាប់លេងកីឡា។ មកដល់ឆ្នាំ២០២២ នេះលោកក៏បានចូលរួមក្នុងការប្រកួតថ្នាក់ជាតិនៅឯប្រទេសឥណ្ឌូនេស៊ី ជាពេលដែលលោកបើកចិត្ត បើកបេះដូងរបស់លោក ក្នុងការមើលទៅកាន់ប្រទេសដទៃទៀត និងបន្ថែមស្មារតីជាតិនិយម ក្នុងការប្រកួតយកឈ្នះគូប្រកួត។
មែនទែនទៅ វាមិនស្រួលណាស់ណាទេសម្រាប់លោកសែ សារ៉ា ក្នុងការលេងបាល់ទះ ខណៈដែលខ្លួនបានបាត់បង់អវយវៈផ្នែកខាងក្រោមទៅហើយនោះ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី លោក សារ៉ា នៅតែមានជំនឿជាក់ និងយល់ថា ទំហំទឹកចិត្តជាតិនិយមរបស់លោក ជំរុញឱ្យលោកឆ្លងកាត់ការប្រកួតបាន។
សម្រាប់លោក បើទោះបីជាក្រុមរបស់លោកមិនបានទទួលមេដាយនៅក្នុងការប្រកួត ប៉ុន្តែមានក្រុមកីឡាការិនីផ្សេងទៀតដែលបានទទួលមេដាយមាស ហើយលោកនៅតែបន្តហ្វឹកហាត់ឱ្យកាន់ តែខ្លាំងបន្ថែមទៀត ត្រៀមសម្រាប់កីឡាប៉ារ៉ាហ្គេមដែលមានកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួត។
លោក សែ សារ៉ាបញ្ជាក់ថា៖ «ដោយសារតែកម្ពុជាយើងទើបតែបានចូលរួមប្រកួតកីឡាប៉ារ៉ាហ្គេមជាលើកទី១ កាលពីពេលកន្លងទៅ ដូច្នេះហើយសមត្ថភាពយើងគឺនៅមានគម្លាតឆ្ងាយពីកីឡាករអន្តរជាតិ...ប៉ុន្តែបើ យើងខិតខំបន្ថែមសម្រាប់រយៈពេលដែលនៅសល់ យើងនឹងអាចប្រសើរបាន ១កម្រិតទៀត»។
យ៉ាងណាមិញ ការខិតខំហ្វឹកហាត់មិនមានពេលសម្រាករបស់ក្រុមលោក ក៏ទាមទារការគាំទ្រផងដែរ មិនថា ពីប្រជាពលរដ្ឋដែលមិនមានពិការភាព និងអ្នកដែលមានពិការភាពដូចគ្នា ព្រោះកន្លងមក លោកបានឃើញការគាំទ្រ ការលើកទឹកចិត្តគឺនៅមានតិចតួចនៅឡើយ។
លោក សែ សារ៉ាបញ្ជាក់ថា៖ «ខ្ញុំជាជនមានពិការភាពប៉ុន្តែខ្ញុំខិតខំរហូតបានតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ចុះហេតុអ្វីបានជាបងប្អូនដែលមានកាយសម្បទាគ្រប់គ្រាន់បែរជាមិនគាំទ្រ ហើយថែមទាំងរើសអើងទៀត?»។
បន្ទាប់ពីរូបលោកមានការអាក់អន់ស្រពន់ចិត្ត លើការរើសអើងដែលលោកបានជួបប្រទះកន្លងមក ក្នុងនាមលោកជាតំណាងឱ្យជនមានពិការភាពដទៃទៀតលោកសូមឱ្យមានក្តីយោគយល់ និងបង្ហាញការគាំទ្រនៅក្នុងការប្រកួតនៅឆ្នាំក្រោយ នៅលើទឹកដីកំណើតនេះ។
ជាការចូលរួមចំណែក សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី៣០ កញ្ញា បានបើកយុទ្ធនាការ ដែលមានឈ្មោះថា #BeyondTheGames ក្នុងគោលបំណងកៀរគរការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ក្នុងការគាំទ្រ ក៏ដូចជាចូលរួមលើកមុខមាត់កម្ពុជាក្នុងឱកាសដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
លោក សុខ សប្បាយណា ដែលជាសមាជិកអចិន្ត្រៃយ៍ តំណាងឱ្យលោក ហ៊ុន ម៉ានី បានមានប្រសាសន៍នៅក្នុងកម្មវិធីបើកយុទ្ធនាការថា៖ «នេះជាឱកាសដ៏កម្រ ជាឱកាសមាស និងឱកាសប្រាក់ដើម្បីយើងអាចបង្ហាញពីមុខមាត់ ពីសន្តិភាព ពីសមត្ថភាព ពីវិសាលភាពជាតិ ពីឧត្តមភាព និងសក្ដានុពលរបស់កម្ពុជាបច្ចុប្បន្ន»។
លោកក៏បានរំលេចនូវបុគ្គលឆ្នើមជាច្រើនរូប ដែលកន្លងមកបានធ្វើសកម្មភាពលះបង់ផ្សេងៗ ដើម្បីជួយសង្គម និងលើកទឹកចិត្តបន្ថែមដល់បងប្អូនជាជនមានពិការភាពក្នុងការបន្តសាងស្នាដៃជូនកម្ពុជាក្នុងស្មារតីជាតិតែមួយ សម្រាប់ឆ្នាំ២០២៣៕