ភ្នំពេញៈ គ្រូពេទ្យ ​គិលានុបដ្ឋាយិកា ​និង​ឆ្មប ​គឺជា​ដៃគូ​ថែទាំ ​និង​ព្យាបាល ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​វិស័យ​សុខាភិបាល​ ហើយ​ពួកគេ​ត្រូវតែ​ជា​បង្អែក​ក្នុងការ​កំណត់​ជោគជ័យ ​សម្រាប់​ការព្យាបាល​ជំងឺ ​ដែល​វា​ជា​កត្តា​សំខាន់​បំផុត​។ នេះ​ជាការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​។​


​លោក​ធា ​គ្រុយ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​បញ្ជាក់​បែបនេះ ​ក្នុង​សន្និសីទ​រោគ​កុមារ​លើក​ទី៤ ​ស្តីពី​ការផ្លាស់ប្តូរ​បទពិសោធ ​នៃ​ការអនុវត្ត​គ្លីនិក​ក្នុង​ការថែទាំ​ព្យាបាល​ទារក ​និង​កុមារ ​នា​ថ្ងៃទី១​ ខែតុលា ​ដែល​រៀបចំ​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ​ រួមសហការ​ជាមួយ​អង្គការ​ KOFIH ប្រចាំ​កម្ពុជា។​


លោក​ធា គ្រុយ ​ថ្លែងថា​៖«ក្នុងនាម​ជា​គ្រូពេទ្យ ​និង​មាន​បទពិសោធ​ក្នុង​ការងារ​ព្យាបាល​អ្នកជំងឺ ​ខ្ញុំ​ដឹង​ណាស់ ​ក្នុង​កិច្ចការងារ​ដែល​គ្រូពេទ្យ​បានដាក់​ជា​វេជ្ជបញ្ជា ​ជា​បទបញ្ជា​។ ប្រសិនបើ​ដៃគូ​របស់​យើង​ជា​អ្នក​ថែទាំ​មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ​ហ្មត់ចត់ ​ប្រយ័ត្នប្រយែង​ទេ​នោះ ​គឺ​បរាជ័យ​ក៏​អាចមាន​ ជោគជ័យ​ក៏​អាចមាន ​ដែល​យើង​ត្រូវ​ដឹង​ពី​ចំណុច​នេះ ​ដែល​វា​សំខាន់​មែន​ទែន»។​


លោក​បន្ថែមថា​ ដៃគូ​ថែទាំ ​និង​ព្យាបាល ​ប្រែ​មក​ថា ​ទាំង​គ្រូពេទ្យ ​គិលានុបដ្ឋាយិកា​ និង​ឆ្មប ​គឺជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន​។ មាំទាំ​ប៉ុនណា ​ពូកែ​ប៉ុនណា​ក៏ដោយ ​តែ​គ្រូពេទ្យ​ត្រូវតែ​ពឹង​ជា​បង្អែក​ជាមួយ​នឹង​ដៃគូ​ខ្លួន ​គឺជា​កត្តា​កំណត់​ជោគជ័យ​ក្នុង​ការព្យាបាល​ជំងឺ​។​

នាឱកាស​នោះ ​លោក​ញឹប អង្គាបុស្ស ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ លើកឡើង​ដែរ​ថា ​ក្រសួង​សុខាភិបាល​ បាន​ផ្តល់​លទ្ធភាព ​និង​ឱកាស​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​ចូលរួម​យ៉ាង​សកម្ម ​ក្នុងការ​អភិវឌ្ឍ​គុណភាព​សេវា​សុខាភិបាល ​និង​ការពង្រឹង​សមត្ថភាព​របស់​បុគ្គលិក​ទាំង​ចំណេះដឹង ​ជំនាញ ​និង​ឥរិយាបថ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ។​

លោក​បន្តថា​ សមិទ្ធផល​សម្រេចបាន​គួរ​ជាទី​មោទនៈ​ទាំងអស់​នេះ ​បានមកពី​ការផ្តល់ជូន​ពី​រាជរដ្ឋាភិបាល ​ដែល​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ​អគារ ​សម្ភារ​បរិក្ខារ ​និង​ធនធាន​មនុស្ស​ស្របតាម​ផែនការ​។ ជាពិសេស ​គឺ​ដោយសារ​មាន​ការគាំទ្រ ​និង​ផ្តល់​ឱកាស​ពី​ក្រសួង​សុខាភិបាល ​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ន៏​ជាច្រើន​ផងដែរ​។​

លោក​អង្គាបុស្ស ​ថ្លែងថា​៖«គោល​បំណង ​នៃ​ការរៀបចំ​សន្និសីទ​នាពេល​នេះ ​មិនមែន​គ្រាន់តែ​ជាការចែក​រំលែក​ពី​វាគ្មិន​ល្បីៗ​ទេ ​តែ​ផ្តោត​សំខាន់​លើ​ការពិភាក្សា​ផ្លាស់ប្តូ​របទពិសោធ​ដែល​បាន​អនុវត្ត​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព»។​

លោក​បញ្ជាក់ថា​៖«កែលម្អ​ចំណុច​ខ្វះខាត​គ្នា​ទៅវិញ​ទៅមក ​និង​ត្រូវ​យកចិត្ត​ទុកដាក់ ​ប្រឹងប្រែង ​ពង្រឹង​គុណភាព​សេវា​តាម​ស្ថាប័ន​ដែល​ខ្លួន​កំពុងមាន​ទំនួល​ខុសត្រូវ ​និង​ការរក្សា​នូវ​វប្បធម៌​ចែករំលែក​ជួយ​ជ្រោមជ្រែង​គ្នា​ផងដែរ»។

បើតាម​លោក​ញឹប ​អង្គាបុស្ស ​ចាប់តាំង​ពី​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​រវាង​មន្ទីរពេទ្យ​កុមារ​ជាតិ ​និង​ អង្គការ ​KOFIH ​នៅ​ចុង​ឆ្នាំ២០១៩ ​មកដល់​ពេលនេះ ​មន្ទីរពេទ្យ​កុមារ​ជាតិ ​បាន​ជួយ​បណ្តុះបណ្តាល ​ជំនាញ​គ្លីនិក​ក្នុង​ការថែទាំ​ព្យាបាល​ទារក ​ដល់​គ្រូពេទ្យ ​គិលានុបដ្ឋាក ​ឆ្មប ​នៅតាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ចំនួន​៤០ នាក់​ រួច​មក​ហើយ​។​

លោក​ថា​ ក្នុងនោះ​មាន​វេជ្ជបណ្ឌិត​២០នាក់ ​គិលានុបដ្ឋាក ​និង​ឆ្មប​២០នាក់ ​ដែល​មកពី​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍​សាត់ ​បាត់ដំបង​ ប៉ៃលិន ​រតនគិរី ​បន្ទាយមានជ័យ ​ស្ទឹងត្រែង ​សៀមរាប ​កំពង់ធំ ​កំពង់ឆ្នាំង ​កំពង់ស្ពឺ ​កោះកុង​ ព្រៃវែង ​តាកែវ ​ឧត្តរមានជ័យ ​និង​ខេត្ត​មណ្ឌលគិរី។​

លោក​ធា គ្រុយ ​បានចាត់ទុក​ការចូលរួម​ធ្វើ​សន្និសីទ​បែបនេះ ​ជា​ការជួយ​ពង្រឹង​ពង្រីក​ចំណេះ​ដឹង ​និង​បទពិសោធ​ល្អ ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅ​វិញមក ​សម្រាប់​ឱ្យ​គ្រូពេទ្យ ​ក៏ដូចជា​អ្នក​ថែទាំ​កាន់​តែ​មាន​សមត្ថភាព ​ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ​។

លោក​មាន​ប្រសាសន៍​ថា​៖«មន្ទីរពេទ្យ​កុមារ​ជាតិ ​ជា​គំរូ​គេ​ក្នុង​ការថែទាំ​ព្យាបាល​កុមារ ​ហើយ​ជា​មន្ទីរពេទ្យ​បានផ្តល់​ការបណ្តុះ​បណ្តាល​ជំនាញ​ដល់​ក្រុម​គ្រូពេទ្យ​តាម​បណ្តា​ខេត្ត​ផ្សេង ​ឱ្យ​ចំណេះដឹង​កាន់តែ​ប្រសើរ ​ហើយ​ការបង្រៀន​គេ​ក៏​អាចជួយ​ឱ្យ​កាន់តែ​មាន​សមត្ថភាព​បន្ថែម​ទៀត​ដែរ»។

ប្រធាន​អង្គការ ​KOFIH ​ប្រចាំ​កម្ពុជា​ លោក​ Kim SANG GYEUN ​ឱ្យដឹង​ដែរ​ថា ​អង្គការ​លោក​បាននិង​កំពុង​ធ្វើ​ការងារ​លើកកម្ពស់​សុខភាព ​មាតា ​និង​ទារក ​ដែល​បានចាប់​ផ្តើម​តាំងពី​ឆ្នាំ​២០១១​។ អង្គការ​នេះ​ក៏បាន​ចាប់​ដៃគូ​សហការ​ថ្នាក់ជាតិ​ក្នុង​ការថែទាំ​ទារក ​និង​កុមារ ​និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​មរណភាព​ទារក​ក្នុង​ប្រទេស​នេះ​ផងដែរ​។​

លោក​ថា ​សន្និសីទ​នេះ ​នឹង​ចូលរួម​ចំណែក​ក្នុង​ការបង្កើន​ជំនាញ ​និង​ចំណេះដឹង​លើ​មុខវិជ្ជា​គ្លីនិក​ផ្សេងៗ ​តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅ​វិញ​ទៅមក ​ពិសេស​សម្រាប់​អ្នកជំនាញ​វេជ្ជសាស្ត្រ​វ័យក្មេង​នេះ ​ដែលជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ចាប់យក​ចំណេះដឹង ​និង​បច្ចុប្បន្នភាព ​ទៅលើ​ចំណេះដឹង​របស់​ពួកគេ​កាន់តែ​ប្រសើរ​ថែម​ទៀត។​

លោកស្រី​យក់ សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​ធ្លាប់បាន​លើកឡើងថា ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ​ដូចជា ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ប្រទេស​ជប៉ុន ​សាធារណរដ្ឋ​កូរ៉េ ​សហរដ្ឋអាមេរិក​ ប្រទេស​អូស្ត្រាលី​ជាដើម​ បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា។​

លោកស្រី​ថ្លែងថា​៖«ប្រទេស​ជា​មិត្ត​ទាំងនោះ ​បាន​ជួយ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល ​ការពង្រឹង​សមត្ថភាព​មន្ត្រី​សុខាភិបាល ​ការពង្រឹង​សមត្ថភាព​មន្ទីរពេទ្យ ​និង​ស្ថាប័ន ​ការផ្គត់ផ្គង់​ឧបករណ៍ ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ ​ជាដើម​»៕