ត្រីប៉ាសាណាក ត្រូវបានកត់ត្រាជាលើកដំបូង ក្រោយសំណាកត្រីជិត ៦ គីឡូ ត្រូវបានប្រទះនៅផ្សារត្រីនៃខេត្តស្ទឹងត្រែង
ស្ទឹងត្រែងៈ ត្រីប៉ាសាណាកពេញវ័យជាប្រភេទត្រី ដែលអាចធំធាត់ និងមានទម្ងន់ដល់ទៅ៣០គីឡូក្រាម ត្រូវបានគេកត់ត្រាជាលើកដំបូងនៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា ក្នុងរយៈពេល ១៨ឆ្នាំមកនេះ បន្ទាប់ពីសំណាកត្រីទម្ងន់ជិត ៦គីឡូក្រាមប្រវែងជិត ១ម៉ែត្រ ត្រូវបានគេប្រទះឃើញនៅផ្សារត្រីនៃដងទន្លេមេគង្គនៃខេត្តស្ទឹងត្រែង។
សេចក្តីប្រកាសព័ត៌មានរួម រវាងទីភ្នាក់ងារជំនួយអាមេរិក USAID សាកលវិទ្យាល័យណេវ៉ាដារីណូ (University of Nevada Reno) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងរដ្ឋបាលជលផល បញ្ជាក់កាលពីខែកញ្ញា ថា៖«ត្រី១ប្រភេទ ក្នុងចំណោមប្រភេទត្រី ដែលរងការគំរាមកំហែងខ្លាំងបំផុតរបស់ពិភពលោក ត្រូវបានគេរកឃើញឡើងវិញ ដោយមិនបានរំពឹងទុក នៅឯភាគខាងជើងប្រទេសកម្ពុជា»។
ត្រីប៉ាសាណាកពេញវ័យ (Aaptosyax grypus) មិនធ្លាប់ត្រូវបានគេកត់ត្រាជាផ្លូវការឡើយ ចាប់តាំងពីឆ្នាំ២០០៤។ ប៉ុន្តែនៅដើមឆ្នាំនេះ សំណាកត្រីទម្ងន់ជិត៦គីឡូក្រាម ត្រូវបានរាយការណ៍ថា ប្រទះឃើញនៅផ្សារត្រីនៃដងទន្លេមេគង្គ ដែលជាប្រព័ន្ធទន្លេតែ១គត់នៅលើផែនដី ដែលប្រភេទត្រីនេះរស់នៅ។
សេចក្តីប្រកាសព័ត៌មានបន្តថា ការត្រឡប់មកវិញ របស់ត្រីប៉ាសាណាក ត្រូវបានបញ្ជាក់ បន្ទាប់ពីសំណាកត្រីប្រវែងជិត១ម៉ែត្រ ត្រូវបានគេឃើញនៅផ្សារត្រី។ បន្ទាប់មក អាជីវករបានទាក់ទងទៅលោកចាន់ សុខហេង ជីវវិទូ នៃរដ្ឋបាលជលផលកម្ពុជា។ តាមរយៈការផ្ញើសាររូបថត ១សន្លឹក លោកចាន់ សុខហេង អាចកំណត់អត្តសញ្ញាណបានថា វាជាត្រីប៉ាសាណាកដ៏ធំសម្បើម ដោយផ្អែកលើថ្គាមកោងយ៉ាងមុត ឆ្នូតពណ៌លឿងនៅលើក្បាល និងរាងមូលទ្រវែង ស្រដៀងទៅនឹងត្រីសាលម៉ុន។
លោកឈុត ឈាណា អ្នកសម្របសម្រួលផ្សព្វផ្សាយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលទទួលមូលនិធិពីUSAID ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី២ ខែតុលា ថា៖«ត្រីនេះនៅខេត្តស្ទឹងត្រែង»។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្រុមអ្នកវិទ្យាសាស្ត្រ នឹងប្រើប្រាស់ DNA របស់ត្រីដែលងាប់នេះ ដើម្បីបង្កើតជាឧបករណ៍ផ្សេងៗ សម្រាប់សិក្សាពីរបាយ នៃត្រីប្រភេទនេះ។ ពួកគេក៏សង្ឃឹមថា នឹងរកឃើញគំរូសត្វត្រី ដែលមានជីវិតជាច្រើនទៀត ដែលអាចដាក់ស្លាកសញ្ញាបាន និងលែងទៅវិញ សម្រាប់ការសិក្សាបន្តទៀត។
លោកហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូមច្ឆជាតិ នៃសាកលវិទ្យាល័យណេវ៉ាដារ៉េណូ ដែលជាអ្នកដឹកនាំគម្រោងស្រាវជ្រាវអច្ឆរិយភាពនៃទន្លេមេគង្គ ដែលទទួលមូលនិធិពី USAID ថ្លែងថា ឆ្នាំនេះ គឺជាឆ្នាំទទួលបាន នូវភាពភ្ញាក់ផ្អើលដ៏សម្បើមរបស់វត្តមានសត្វព្រៃរស់នៅតាមដងទន្លេមេគង្គ។ ប៉ុន្តែល្បែង ១នេះ នៅមិនទាន់ចប់ទេ ហើយភាពជោគជ័យនៃការអភិរក្សជីវចម្រុះក៏នៅសែនឆ្ងាយផងដែរ។
លោកថ្លែងថា៖«ការរកឃើញសត្វដ៏អស្ចារ្យ ១ទៀតនេះ ប៉ុន្តែវាជិតផុតពូជទៅហើយនៅក្នុងតំបន់ ដែលទ្រទ្រង់ដល់ការចិញ្ចឹមជីវិត និងសន្តិសុខស្បៀងរបស់មនុស្សរាប់លាននាក់ បង្ហាញយ៉ាងច្បាស់ពីតម្រូវការបន្ទាន់នូវកម្មវិធីអភិរក្ស និងជាប្រយោជន៍ដ៏មានសក្តានុពលដល់រដ្ឋាភិបាល ក្រុមអ្នកវិទ្យាសាស្ត្រ និងសហគមន៍មូលដ្ឋាន ចូលរួមគ្នាការពារសុវត្ថិភាពនៃអច្ឆរិយភាពនៃទន្លេមេគង្គ»។
ត្រីប៉ាសាណាក ជាប្រភេទកម្រណាស់ ដែលត្រូវបានប្រសិទ្ធនាមថា «ខ្មោចទន្លេមេគង្គ»។ វាត្រូវបានគេចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការជិតផុតពូជ ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ(IUCN)។ ទោះជាត្រីនេះមិនត្រូវបានគេចាប់បានពេលវានៅរស់ និងមិនដឹងពីមូលហេតុងាប់ របស់វាក៏ដោយ ក៏ការរកឃើញវត្តមានរបស់វាបានបង្កើនក្តីសង្ឃឹមថា ប្រភេទសត្វនេះនៅតែមាននៅក្នុងទន្លេមេគង្គ។
លោក ចាន់ សុខហេង ថ្លែងថា បន្ទាប់ពីធ្វើការលើប្រធានបទនេះជាង២ទសវត្សរ៍ លោកពិតជាមានសេចក្ដីរីករាយណាស់ក្នុងការបញ្ជាក់ពីវត្តមាននៃសត្វកម្រដ៏អស្ចារ្យនេះ។
ទន្លេមេគង្គ ដែលហូរកាត់ប្រទេស ចំនួន៦នៅអាស៊ី គឺជាទីប្រជុំ នៃជីវចម្រុះពិភពលោក និងជាជម្រករបស់ត្រីប្រហែល ១០០០ប្រភេទផ្សេងៗគ្នា ដែលទាំងនោះរួមមានត្រីទឹកសាបដ៏ធំបំផុតមួយចំនួនរបស់ពិភពលោកផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ប៉ុន្តែទន្លេនេះ និងដៃជាច្រើនរបស់វា ដែលទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សរាប់សិបលាននាក់ បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីការសាងសង់ទំនប់ ការនេសាទហួសប្រមាណ និងការប្រែប្រួលអាកាសធាតុ ជាមួយការប្រឈមនានា នៃប្រភេទត្រីដ៏ធំបំផុត ដែលមានវត្តមាននៅក្នុងទន្លេនេះ។
លោកស្រីជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ ដែលទទួលមូលនិធិពី USAID ថ្លែងថា ការរកឃើញវត្តមានជីវចម្រុះនាពេលថ្មីៗនៅតាមដងទន្លេមេគង្គ គឺជាលទ្ធផលនៃការផ្សព្វផ្សាយដល់ប្រជាជនក្នុងតំបន់ ដែលភាគច្រើនមានចំណេះដឹងជ្រៅជ្រះអំពីទន្លេ និងពឹងផ្អែកលើទន្លេ និងសត្វព្រៃផ្សេងៗដែលអាស្រ័យនៅទន្លេនោះ៕