កំពង់ឆ្នាំងៈ ​របរ​ស្មូន​ក្អមឆ្នាំង​រួម​ទាំង​វត្ថុ​តាំង​លម្អ​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ពី​ដីឥដ្ឋ​ក្រហម​ គឺជា​មុខរបរ​ត​ពី​ដូនតា​ ដែល​អ្នក​រស់នៅ​ខេត្ត​កំពង់​ឆ្នាំង ​ជា​ពិសេស​អ្នក​ភូមិ​អណ្តូង​ឫស្សី ភូមិ​ក្តី​ត្នោត និង​ភូមិ​ត្រពាំង​ស្បូវ​ ស្ថិត​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ នៅ​តែ​រក្សា​បាន​កេរដំណែល​មួយ​នេះ​បន្ត​ពី ១ ជំនាន់​ទៅ​ ១ ​ជំនាន់​រហូត​មក​ដល់​បច្ចុប្បន្ន​។


គ្រឿង​កុលាលភាជន៍​ដែល​ផលិត​ពី​ដីឥដ្ឋ​នេះ​ មិន​ត្រឹម​តែ​ជា​ជំនាញ​អាជីព​បន្ត​ជំនាន់​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្កើត​បាន​ជា​អត្តសញ្ញាណ​ពិសេស​មួយ​ផងដែរ​សម្រាប់​អ្នក​ខេត្ត​កំពង់​ឆ្នាំង​នៅពេល​ដែល​គេ​បាន​ឃើញ​ក្អម និង​ឆ្នាំង​ដី​ដែល​ចេញពី​ស្នាដៃ​របស់​ពួក​គាត់​។

ហ៊ុម​ព័ទ្ធ​នៅ​ជុំវិញ​ខ្លួន​ ដែល​ពោរពេញ​ទៅ​ដោយ​គ្រឿង​កុលាលភាជន៍​មាន​តូច​មាន​ធំ​ពណ៌​ក្រហម​ដែល​ទើបតែ​សូន​ចេញ​ជា​រូបរាង​បាន​ពេញ​លេញ​ និង​កុលាលភាជន៍​ ខ្លះ​ទើប​តែ​សូន​​បាន​ពាក់​កណ្តាល​ អ្នក​ស្រី អ៊ួន​ ពៅ អាយុ​ ៦០ ​ឆ្នាំ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា​ អ្នកស្រី​មាន​ស្វាមី និង​មាន​កូន​ប្រុស​ ៤ ​នាក់​ រស់នៅ​ភូមិ​អណ្តូង​ឫស្សី ​ឃុំ​ស្រែ​ថ្មី ស្រុក រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង។


អ្នកស្រី​បាន​ប្រាប់​ថា អ្នក​ស្រី​មាន​ជំនាញ​ស្មូន​ដីឥដ្ឋ​ធ្វើ​ក្អម​ ឆ្នាំង​ ឬ​ផលិត​វត្ថុ​ផ្សេងៗ​ធ្វើ​ពី​ដីឥដ្ឋ​នេះ​គឺ​ចេះ​គ្រប់មុខ​អស់​ទៅ​ហើយ​ហើយ​ជំនាញ​ជា​មូលដ្ឋាន​ដំបូង​គឺ​អ្នកស្រី​បាន​រៀន​ចេះ​ពី​ម្តាយ​របស់​អ្នកស្រី​តាំងពី​នៅ​កុមារភាព​មក​ម្ល៉េះ។ កាលណោះ​ អ្នកស្រី​​ទើប​តែ​មាន​អាយុ ៩ ឆ្នាំ​ ដោយ​រៀន​អក្សរ​នៅ​សាលា​ផង និង​ពេល​ទំនេរ​ជួយ​ធ្វើ​ការងារ​ក្អម​ឆ្នាំង​ឱ្យ​ម្តាយ​ផង។

ប៉ុន្តែ​ដោយសារ​អ្នកស្រី​នៅ​ក្មេង​ក៏​ធ្វើ​តែ​កិច្ចការ​ណា​ដែល​ស្រាលៗ​ហើយ​អ្នកស្រី​ក៏​ឧស្សាហ៍​សង្កេត​ចងចាំ​ទុក​ក្នុង​ខ្លួន​បណ្តើរៗ​ដូចជា ​វិធី​ធ្វើក្អម​ តើ​មុន​ដំបូង​គេ​ចាប់​ផ្តើម​ធ្វើ​ពី​ចំណុច​ត្រង់​ណា​មុន​ជា​ដើម​។


អ្នកស្រី​បាន​បន្ត​ថា ​កាល​ពី​ជំនាន់​របប​ខ្មែរ​ក្រហម ​ដោយសារ​តែ​ពួកវា​ដឹងថា ​អ្នកភូមិ​អណ្តូង​ឫស្សី​ចេះ​ជំនាញ​ធ្វើ​ក្អម​ឆ្នាំង​ក៏​ពួកគេ​តម្រូវ​ឱ្យ​ប្រជាជន​ធ្វើ​ក្អម​ដែរ​សម្រាប់​ដាក់​ស្ករ​ត្នោត។ លុះ​ក្រោយ​ពេល​រំដោះ​ឆ្នាំ​ ១៩៧៩ ​អ្នកស្រី​បាន​ចាប់​ផ្តើម​ប្រកបរបរ​នេះ តាំង​ពី​ពេលនោះ​រហូតមក​ដល់​បច្ចុប្បន្ន។​ រីឯ​អ្នក​ភូមិ​អណ្តូង​ឫស្សី​ដែល​អ្នកស្រី​កំពុង​រស់នៅ​ស្ទើរតែ​ ៩០ ភាគរយ​ ក៏​នាំ​គ្នា​ប្រកប​របរ​ធ្វើ​ក្អមឆ្នាំង​នេះ​ដែរ​ព្រោះ​ថា ​គ្មាន​នរណា​ម្នាក់​ ដែល​ថា​ មិន​ចេះ​ជំនាញ​ត​ពី​ដូនតា​ពួកគេ​​នោះ​ទេ​ ពោល​គឺ​ចេះ​ទាំង​ក្មេង​ទាំង​ចាស់។ ចំណែក​កូន​អ្នកស្រី​វិញ​មាន​ ៤ នាក់ ​តែ​មាន​តែ ២ ​នាក់​ប៉ុណ្ណោះ​ ដែល​ស្រឡាញ់​ និង​ចាប់​យក​អាជីព​នេះ​បន្ត​មក​រហូត​ទល់​បច្ចុប្ប​ន្ន​នេះ​។

អ្នកស្រី​បន្ត​ទៀត​ថា ភ្នំ​ក្រាំង​ដីមាស​ បាន​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន​ ៣ ​ភូមិ​ ព្រោះ​ភ្នំ​ ១ នេះ ​គឺជា​ប្រភព​វត្ថុធាតុ​ដើម​ដ៏​សំខាន់​បំផុត​ ដែល​អ្នក​រស់នៅ​ក្នុង​ភូមិ​អណ្តូង​ឫស្សី ​ភូមិ​ក្តី​ត្នោត ​និង​អ្នក​ភូមិ​ត្រពាំង​ស្បូវ​តែង​នាំគ្នា​ទៅ​ជីក​យក​ដី​នៅ​ទីនោះ​មក​ប្រើប្រាស់​ផលិត​ជា​ក្អម​ឆ្នាំង​ ហើយ​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​ ១៩៧៩ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំង ​៣ ខាង​លើ​ចេះ​ធ្វើ​តែ​ក្អម​ឆ្នាំង​​ប៉ុណ្ណោះ។ លុះ​នៅ​អំឡុង​ឆ្នាំ​ ២០០៧ ​មាន​អង្គការ​មួយ​មកពី​ប្រទេស​ជប៉ុន​បាន​ជួយ​បង្ហាត់​ពី​បច្ចេកទេស​ស្មូន​ បច្ចេកទេស​លាយ​ផ្សំ​ដី និង​បច្ចេកទេស​លាយ​ផ្សំ​ថ្នាំ​សម្រាប់​លាប​វត្ថុ​សម្ភារ​ដែល​យើង​ស្មូន​រួច​ដូចជា​ ប៉ាន់​តែ ថូផ្កា​ ចាន កែវ​ជា​ដើម។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០០៩ ​ខាង​អង្គការ​ជប៉ុន​បាន​អស់​គម្រោង​ហើយ​ក៏​បាន​ដក​ទៅ​វិញ​។

អ្នកស្រី​បញ្ជាក់​ថា៖​ «ខាង​អង្គការ​គាត់​បណ្តុះបណ្តាល​យើង​ឱ្យ​ចេះ​បច្ចេកទេស​លាយ​ទឹក​ថ្នាំ បង្រៀន​លាយ​ដី​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​វត្ថុ​ ដែល​យើង​ផលិត​នោះ​ជា​ផលិតផល​សេរ៉ាមិក​រឹង​ជាប់​ប្រើការ​បាន។ ខាង​អង្គការ​គាត់​ឱ្យ​យើង​រក​ដី រក​ថ្ម​ ដើម្បី​លាយ​ផ្សំ​គ្នា​ធ្វើ​ទឹក​ថ្នាំ ​តែ​នៅ​ស្រុក​ខ្មែរ​យើង​ខ្ញុំ​រក​មិន​បាន​ទេ​ រហូត​ដល់​ពេល​នេះ»​។

បើ​តាម​អ្នកស្រី​ អ៊ួន ពៅ អង្គការ​ដែល​បាន​មក​បង្ហាត់​បង្រៀន​ក្រុម​អ្នក​ស្រី​កាលណោះ​ ​គាត់​បង្រៀន​ឱ្យ​ចេះ​លាយ​ទឹក​ថ្នាំ​ហើយ​ ដើម្បី​ឱ្យ​បាន​ជា​ទឹក​ថ្នាំ​ត្រូវ​មាន​វត្ថុ​ធាតុ​ដើម​ដូចជា​ ផេះ​លឿង ដី​ខ្មៅ ផេះ​អុស ​ដី​ក្រហម​ ផេះ​អង្កាម​ ថ្មបាយ​ក្រៀម ដី​ពណ៌​ស ថ្ម​D និង​ថ្ម​B។ ទាំងអស់​នេះ​គេ​ប្រើ​លាយ​ជា​ទឹក​ថ្នាំ​ដើម្បី​​ជ្រលក់​លើ​ផលិតផល​បើ​យើង​ចង់បាន​ពណ៌​អី​ គឺ​យក​វត្ថុធាតុ​ដើម​ខាង​លើ​ផ្សំ​លាយ​គ្នា​ទៅ​តាម​ពណ៌​ណា​ដែល​យើង​ចង់​បាន។

ចំពោះ​ផលិតផល​ដែល​ស្មូន​ពី​ដីឥដ្ឋ​ចេញ​ជា​រូបរាង​ហើយ​គឺ​គេ​យក​វា​ទៅ​ដុត​ក្នុង​ឡ​ក្នុង​កម្ដៅ​ ៨០០ អង្សាសេ​​ ហើយ​រយៈពេល​ដុត​ដើម្បី​ឱ្យ​ឆ្អិន​ ដែល​ត្រូវ​ដុត​រយៈពេល​ ២៤ ម៉ោង។ បន្ទាប់​ពី​ដុត​រួច​គេ​យក​ផលិតផល​នោះ​ទៅ​ជ្រលក់​ទឹក​ថ្នាំ​ទើប​បាន​យក​ទៅ​ដុត​ម្តង​ទៀត​ឱ្យ​ឡើង​ទៅ​ជា​សេរ៉ាមិក​ដែល​ត្រូវការ​កម្ដៅ​ពី​ ១ ២៥០ ទៅ​ ៣ ០០០​ អង្សាសេ ហើយ​ក្រោយពី​ដុត​កំណត់​បាន​ ២៤ ​ម៉ោង​មក​ គឺ​ផលិតផល​នោះ​ឆ្អិន និង​មាន​ភាព​រលោង​ល្អ​ផង។

អ្នកស្រី អ៊ួន ពៅ ឱ្យ​ដឹង​ថា ក្រៅពី​ស្មូន​ក្អម​ឆ្នាំង​ពី​ដី​ឥដ្ឋ ក៏​នៅ​មាន​ផលិតផល​ច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​អណ្តូង​ឫស្សី ​ភូមិ​ក្តី​ត្នោត និង​ភូមិ​ត្រពាំង​ស្បូវ មាន​សមត្ថភាព​អាច​ផលិត​បាន​ដូច​ជា​វត្ថុ​អនុស្សាវរីយ៍ ជា​រូប​សត្វ​តូចៗ​គ្រប់​ប្រភេទ​ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត​ដែល​ពួកគេ​ចេះ​ធ្វើ។ ប៉ុន្តែ​ក្រោយពី​ស្ថានភាព​ប្រទេស​កើត​មាន​ជំងឺ​កូវីដ​មក​គឺ​ធ្វើឱ្យ​អ្នក​ផលិត​ក្អម​ឆ្នាំង​ជួប​ការ​លំបាក​ដោយសារ​តែ​ភ្ញៀវ​បរទេស​លែង​ចូល​ទៅ​ធ្វើ​ទេសចរណ៍​ដើរ​មើល​កម្សាន្ត​នៅ​ក្នុង​ភូមិ​របស់​អ្នកស្រី​ដូច​កាល​ពី​មុន​មាន​ជំងឺ​កូវីដ​ដែល​ធ្វើឱ្យ​បាត់​ចំណូល​ព្រោះ​លក់​មិន​ដាច់​។

អ្នកស្រី​ត្អូញត្អែរ​ថា ការ​បាត់បង់​ប្រាក់​ចំណូល​ វា​ជា​បញ្ហា​មួយ​ហើយ ​តែ​ចំពោះ​​បញ្ហា​មួយ​ទៀត​នោះ​គឺ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ដី​ឥដ្ឋ​សម្រាប់​ផលិត​ដែល​ពីមុន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ជីក​ដី​នៅ​ភ្នំ​ក្រាំង​ដី​មាស។ ប៉ុន្តែ​ពេលនេះ​ខាង​ទាហាន​បាន​ហ៊ុមព័ទ្ធ​ដំឡើង​អង់តែន​នៅលើ​កំពូល​ភ្នំ​ក្រាំង​ដីមាស​ ហើយ​គាត់​បាន​ហាម​ពលរដ្ឋ​មិន​ឱ្យ​ទៅ​ជីក​យក​ដីឥដ្ឋ​នៅ​កន្លែង​ ដែល​ធ្លាប់​ជីក​នោះ​ទៀត​ទេ។ដូច្នេះ​ប្រជាពលរដ្ឋ​ទៅ​ទិញ​ដី​អ្នក​ភូមិ​ណា​ដែល​មាន​ដីឥដ្ឋ​ក្រហម​ដោយ​ក្នុង ១ ​គោយន្ត​តម្លៃ​ពី​ ១៥ ​ម៉ឺន​ ទៅ​ ២០ ​ម៉ឺន​រៀល​​ ហើយ​ដី​នោះ​មិនមែន​យក​មក​ផលិត​ក្អម ចង្ក្រាន តែ​ម្តង​ទេ​ គឺ​ត្រូវ​ជួល​គេ​កិន​ឱ្យ​ម៉ដ្ឋ​ទៀត​ ទើប​អាច​យក​មក​ធ្វើ​ចង្ក្រាន ក្អម ​ឆ្នាំងដី​បាន​។

លោក នូ​ ខៀន មេឃុំ​ស្រែ​ថ្មី​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា របរ​ជំនាញ​ធ្វើ​ក្អមឆ្នាំង​ដី​នេះ​ជា​របរ​តំណ​តាំងពី​ដូនតា​មក​ម្ល៉េះ​របស់​អ្នក​ស្រុក​រលា​ប្អៀរ​ ដែល​មាន​ ៣ ភូមិ​ក្នុង​ឃុំ​ស្រែ​ថ្មី​ គឺ​ភូមិ​អណ្តូង​ឫស្សី ភូមិ​ក្តី​ត្នោត ​និង​ភូមិ​ត្រពាំង​ស្បូវ។ បច្ចុប្បន្ន​នេះ​ពួក​គាត់​ចេះ​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជា​ប្រភេទ​រូប​សត្វ​ ឬ​រូប​អ្វី​ផ្សេងៗ​ទៀត​បាន​គ្រប់​ប្រភេទ​ ប៉ុន្តែ​ក្រោយពី​ប្រទេស​ជួប​នូវ​បញ្ហា​ជំងឺ​កូវីដ​មក​ធ្វើឱ្យ​របរ​មួយ​នេះ​មាន​ការ​ស្រុត​ចុះ​ខ្លាំង​ ទាំង​ផ្នែក​វត្ថុ​ធាតុដើម​ដីឥដ្ឋ​ ទាំង​ចំណូល​លក់​ ពោល​គឺ​គ្មាន​ទីផ្សារ។

ចំពោះ​ដីឥដ្ឋ​គឺ​ពីមុន​ពួក​គាត់​ធ្លាប់តែ​ទៅ​ជីក​យក​ពី​ជើងភ្នំ​ក្រាំង​ដី​មាស​ តែ​ក្រោយពី​ត្រូវ​យោធា​កាន់កាប់​ហាម​មិនឱ្យ​ប្រជាពលរដ្ឋ​ចូល​ពួកគាត់​ក៏​មិន​ដឹង​ទៅ​រក​នៅ​ទីណា​ទៀត​ ព្រោះ​ភ្នំ​ក្រាំង​ដីមាស​ប្រជាពលរដ្ឋ​យក​ដី​តាំង​ពី​ដូនតា​មក​ម្ល៉េះ។

លោក​ថ្លែង​ថា៖ «ឥឡូវ​អ្នក​ភូមិ​អណ្តូង​ឫស្សី ​ភូមិ​ក្តី​ត្នោត និង​ភូមិ​ត្រពាំង​ស្បូវ​ទិញ​ដី​គេ​យក​មក​ធ្វើ​ទេ​ រីឯ​ផលិតផល​ធ្វើបាន​ហើយ​ក៏​គ្មាន​ទីផ្សារ​ទៀត​។ ហេតុ​ដូច្នេះ​ ពួកគាត់​មិន​ដឹង​រត់​ទៅ​ច្រក​ណា​ទេ​ ខណៈ​ខាង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក៏បាន​ជួយ​រក​ទីផ្សារ​ឱ្យ​ពួកគាត់​ដែរ។​សព្វថ្ងៃ​នេះ​ពួកគាត់​ផលិត​តែ​ក្អម ​ចង្ក្រាន ​និង​ឆ្នាំង​ដី​សម្រាប់​បោះ​ឱ្យ​ឈ្មួញ​កណ្តាល​ប៉ុណ្ណោះ»​៕