ភ្នំពេញៈ «​បើសិន​ជាមាន​ជម្រើស យាយ​មិន​ចិញ្ចឹម​ចៅ​ទេ ពិបាក​មើលថែ​ណាស់​! តែ​ស្រួល​មិន​ស្រួល​ត្រូវ​កូន​ស្ដីបន្ទោស​ថា​មើលថែ​កូន​គេ​មិនបាន​ល្អ​ទៀត​» នេះ​ជាការ​លើកឡើង​របស់លោក​យាយ​ម្នាក់​រស់នៅ​ខេត្តកំពង់ចាម ដែល​សព្វថ្ងៃ​មាន​បន្ទុក​មើលថែ​ចៅ​ដល់​ទៅ​ ៣ ​នាក់​។


ចូលដល់​ជន្មាយុ ៦០ ឆ្នាំ​ប្លាយ​ទៅហើយ អ្នកស្រី នៅ ស្រី កំពុង​ទទួលបន្ទុក មើលថែទាំ​ចៅ​ទាំង​៣ ដោយហេតុថា​មិនមាន​ជម្រើស​។ មិនមាន​ជម្រើស​ព្រោះ កូនៗ​មាន​ជីវភាព​ខ្សត់ខ្សោយ​ដែល​ចាំបាច់​ត្រូវធ្វើ​ចំណាកស្រុក​ចេញទៅ​ធ្វើការ​ដើម្បី​ទ្រទ្រង់​ជីវភាព​។

កំពុងតែ​ដាំ​ស្ល​សម្រាប់​ចៅៗ​បណ្ដើរ អ្នកស្រី នៅ ស្រី រៀបរាប់​បណ្ដើរ​ថា​៖ «​កូន​គេ​ផ្ញើ​ឱ្យជួយ​មើលទៅ​ហើយ បើ​មិន​ទទួល​ក៏​មិនកើត​...​ណាមួយ​កូន​វា​ក្រ​ទៅហើយ បើ​មិន​ជួយ​វា​ទេ​ក៏​លំបាក​ដល់​ទាំង​ចៅៗ​ដែល​មិន​ដឹងអី​ឯណេះ​ទៀត​»។​


ដោយ​ពាក្យ​ថា ​បន្ទុក​នេះ អ្នកស្រី​ត្រូវ​ទទួល​រ៉ាប់រង​គ្រប់យ៉ាង ទាំង​ការហូបចុក ទាំង​ការសិក្សា​រៀនសូត្រ ទាំង​សុខភាព​របស់​ចៅ​ទាំង​៣​នាក់ ដោយ​មិនសូវមាន​ពេល​សម្រាក​។ អ្នកស្រី ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​ធ្វើ​ការងារ​រៀបចំផ្ទះ ចម្អិនម្ហូប​សម្រាប់​ចៅៗ​ទៅ​រៀន និង​រៀបចំ​ជូន​ចៅៗ​ទៅ​សាលា​ផង​។ ការណ៍​នេះ ញ៊ាំង​ឱ្យ​អ្នកស្រី សម្រេចចិត្តថា​នឹង​បញ្ជូន​ចៅ​ឱ្យទៅ​នៅ​ជាមួយ​ឪពុកម្ដាយ​ពួកគេ​វិញ​នៅ​ឆ្នាំក្រោយ ខណៈ​កម្លាំង​គាត់​កាន់តែ​ថមថយ​ទៅហើយ​។

ស្ត្រី​វ័យ​ចំណាស់​រូបនេះ បញ្ជាក់ថា​ចៅ​ដែល​ត្រូវ​ប្រគល់ឱ្យ​ឪពុកម្ដាយ​វិញ​នៅ​ឆ្នាំក្រោយ​។​អ្នកស្រី បាន​ចិញ្ចឹម​ចៅៗ​តាំងពី​អាយុ​៣​ឆ្នាំ រហូត​ពេលនេះ​ចៅ​ច្បង​មាន​អាយុ​ ១៤ ​ឆ្នាំ ចៅ​កណ្ដាល​មាន​អាយុ​ ១០ ​ឆ្នាំ​ទៅហើយ​។ រីឯ​ចៅ​ពៅ​គេ ដែល​លោកយាយ​បាន​ចិញ្ចឹម​មើលថែ​តាំងពី​ទើបតែ​មាន​អាយុ ​២​ ខែ មកដល់ពេលនេះ​មាន​អាយុ ១០ ​ឆ្នាំ ហើយ​។


មិន​ខុសគ្នា​ប៉ុន្មាន អ្នកស្រី អ៊ី​ម ដែល​រស់នៅ​ជិតខាង​គ្នា​ដែរ​នោះបាន​ចិញ្ចឹម​ចៅ​២០​ឆ្នាំ​មកហើយ ពោលគឺ​ពេល​ចៅ ​១ ​ធំ​ហើយ មាន​ចៅ​មួយទៀត​ចូលមកក្នុង​បន្ទុក​បន្ថែ​ម​។ បច្ចុប្បន្ននេះ អ្នកស្រី អ៊ី​ម មាន​ជន្មាយុ​ ៦៥ ​ឆ្នាំ​ហើយ ចំណែក​ចៅៗ​របស់លោក​យាយ​ក៏​ទើបតែ​ចាក​ចេញទៅ​នៅ​ជាមួយ​ឪពុកម្ដាយ​វិញ​ដូចគ្នា​។

អ្នកស្រី អ៊ី​ម​៖ «​ចិញ្ចឹម​ចៅ​ហត់​ណាស់ តែ​ធ្វើ​ម៉េច​បើ​ម្ដាយ​ឪពុក​វា​ត្រូវ​ចេញទៅ​ធ្វើការ​ឱ្យគេ​...​មិន​ត្រឹមតែ​ហត់​ខ្លួនឯង​ទេ ចិញ្ចឹម​កូន​គេ​មិន​ស្រួល​ត្រូវគេ​ស្ដី​ថាឱ្យ​យើង​ទៀត​​»។

អ្នកស្រី​បន្ថែមថា ៖ «​យាយ​មិនចេះ​អក្សរ អ៊ីចឹង​ហើយ​មិនដឹង​បង្រៀន​ចៅ​យ៉ាងម៉េច​ទេ មានតែ​បញ្ជូន​វា​ទៅ​សាលា​...​វា​ទៅ​រៀន​បាត់ៗ​ក៏​មិនដឹងថា រៀន​ចេះ​ឬ​មិនចេះ​»​។​

អ្នកស្រីក៏បាន​បញ្ជាក់​ផងដែរ​ថា ការចិញ្ចឹម​ចៅ​ប្រឈម​នឹង​បញ្ហា​ច្រើន ដោយ​លោកយាយ​ផ្ទាល់​ចេះតែ​ចិញ្ចឹម​តាម​បទពិសោធ​ដែល​លោកយាយ​ធ្លាប់​ចិញ្ចឹម​កូន​កន្លងមក មិនបាន​យល់​ឬ​រៀនសូត្រ​បន្ថែម​ពី​វិធី​ចិញ្ចឹម​កូន ជាពិសេស​ក្នុង​សម័យនេះ​។ និយាយ​ជារួម​គឺ​ចិញ្ចឹម​ចៅ​ឱ្យតែ​រស់ សម្រាប់​ការអប់រំ​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​សាលា​តែម្ដង​។​

​បើសិន​រឿងនេះ​នៅតែមាន តិច​ឬ​ច្រើន​នឹង​ប៉ះពាល់​ទៅដល់​ការអភិវឌ្ឍ​របស់​កុមារ​តូច ដោយ​កុមា​រវ័យ​នេះ​ទាមទារ​នូវ​ការយកចិត្តទុកដាក់​ច្រើន ដើម្បី​ឈានទៅ​ធំធាត់​ដោយ​គ្រប់លក្ខណៈ​។ នេះ​បើ​ផ្អែក​តាម​ការលើកឡើង​រប​ស់ លោក ប្រាក់ កុសល ប្រធាន​នាយកដ្ឋាន​អប់រំ​កុមារ​តូច​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ លោក​ កុសល បានឱ្យដឹងថា កុមារ​អាយុ​ក្រោម​៣​ឆ្នាំនេះ​គឺ​ត្រូវការ​ការមើល​ថែ​យ៉ាង​ដិតដល់ ទាំង​ផ្នែក​សុខភាព ផ្នែកអនាម័យ និង​ជាពិសេស​លើ​ការវិវត្ត​នៃ​ខួរក្បាល​របស់​ពួកគេ​។

លោក ប្រាក់ កុសល​ បញ្ជាក់ថា​៖ «​កុមារ​នៅក្នុង​វ័យ​ដំបូង ១ ​ឆ្នាំ ២ ​ឆ្នាំ ឬ​ ៣​ ឆ្នាំនេះ​គឺ​កុមារ​មាន​តម្រូវការ​អភិវឌ្ឍ​ខ្ពស់ ជា​វ័យ​មួយ​ដែល​កោសិកា​ខួរក្បាល​មានការ​អភិវឌ្ឍ​ខ្លាំង ជាហេតុ​នាំឱ្យ​កុមារ​ត្រូវ​បំ​ផ្លាស់​ទី​គ្រប់ពេលវេលា (​ការដើរ ការ​អង្គុយ វា តោង​) និង​ផ្លាស់ប្ដូរ​របស់​លេង​ជា​ញឹកញាប់»​។​

លោក​បន្តថា សម្រាប់​សមត្ថភាព​ចំណេះដឹង​មនុស្ស​ចាស់​ គឺ​មិនទាន់​សមស្រប​ទៅនឹង​ការ​មើលថែ​កុមារ​ឱ្យ​ត្រឹមត្រូវ​ឡើយ ពោលគឺ​មើល​ចៅ​កុំ​ឱ្យតែ​យំ​។ ម្យ៉ាងទៀត នៅពេល​កុមារ​មានការ​បំ​ផ្លាស់​ទី​ច្រើន មនុស្ស​ចាស់​គាត់​មិនមាន​កម្លាំង​ក្នុង​ការចាប់​ឃាត់​កុមារ​ទេ ដែល​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ណាមួយ​ដល់​កុមារ​។ ​

ដំណាក់​កាលដែល​កុមារ​មាន​អាយុ​ក្រោម​ ៣ ​ឆ្នាំនេះ ក៏​ជា​ឱកាស​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ខួរក្បាល​ពួកគេ​មុននឹង​ចូលទៅ​រៀន​នៅ​ម​តេ្ត​យ្យ​សិក្សា ដែល​រាប់បញ្ចូល​ជាការ​ជំរុញ​សមត្ថភាព​កុមារ​កាន់តែខ្លាំង​។ ​ក្រសួង​អប់រំ​កំពុង​រៀបចំ​ជា​កញ្ចប់​អប់រំ​មាតាបិតា អាណាព្យាបាល​អំពី​ការថែទាំ​ក្មេង ជាពិសេស​គឺ​បាន​បង្កើតជា​ទារកដ្ឋាន​មួយ​ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ ទារកដ្ឋាន​នេះ មានការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ជួយ​ទៅដល់​ការថែទាំ​កុមារ​ដែលមាន​អាយុ​ក្រោម​៣​ឆ្នាំ ខណៈដែល​ខេត្ត​នេះ​មាន​ប្រជាជន​ធ្វើការ​រោងចក្រ​ច្រើន​។

​លោក ប្រាក់ កុសល បាន​សង្កត់ធ្ងន់ថា​៖ «​តួនាទី​របស់​ឪពុកម្ដាយ ក្នុងការ​ថែទាំ​កូន គឺ​សំខាន់​ជាង​គ្រូបង្រៀន ដោយហេតុថា កុមារ​ទទួល​បានការ​មើលថែ​ពី​ឪពុកម្ដាយ មុននឹង​ទទួល​ការអប់រំ​ពី​គ្រូបង្រៀន​។ លោក​លើកទឹកចិត្ត​ថា មិនគួរ​ទុក​កូន​នៅ​នឹង​ជីដូន​ចាស់ៗ​ទេ តែ​គួរ​យក​កូន​ទៅ​ដា​ក់នៅ​ទារកដ្ឋាន (​ប្រសិនបើ​មាន​) ឬ​ដា​ក់នៅ​សា​លាម​តេ្ត​យ្យ​សិក្សា​នៅពេល​កូន​មាន​អាយុ​ ៣ ​ឆ្នាំ​»៕ ​

ឈិន ម៉ានិច្ច