ភ្នំពេញៈ គ្រូបង្រៀននៅក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ខ្មែរ គឺជា​ជន​គំរូ ជា​បុគ្គល ​១ ​រូប​ ដែល​តំណាងឱ្យ​ការ​ប្រៀនប្រដៅ​អប់រំ​។ ផ្នត់គំនិត​នេះ​ពិតជា​មិន​ខុស​ទេ​ប៉ុន្តែ​នៅពេលដែល​មនុស្ស​មិនបាន​បែងចែក​ឱ្យ​ច្បាស់លាស់​ទៅលើ​ព្រំដែន​នៃ​ភាពជា​គំរូ វា​បង្ក​ជា​គំនាប​មួយ​ដល់​សិទ្ធិសេរីភាព​គ្រូបង្រៀន​នៅក្រៅ​ម៉ោង​ធ្វើការ​។


គ្រូបង្រៀន​បច្ចុប្បន្ន ជាពិសេស​គ្រូបង្រៀន​ភេទ​ស្រី ជារឿយៗ​តែងតែ​ត្រូវបាន​សង្គម​វាយតម្លៃ​លើ​ការ​ស្លៀកពាក់ លើ​ការ​ដើរហើរ ឬ​សូម្បីតែ​ការសម្រេចចិត្ត​ក្នុង​ជីវិត​របស់​បុគ្គល​ផ្ទាល់​បើទោះបីជា​សកម្មភាព​ទាំងនោះ​ប្រព្រឹត្តទៅ​នៅក្រៅ​ម៉ោង​ការងារ​ក៏ដោយ​។

កញ្ញា លឹម ជីវ​អៀន ជា​គ្រូ​ដែល​ទើបតែ​ចេញ​បង្រៀន​បាន​ ៤​ ឆ្នាំ និង​ទើប​តែមាន​អាយុ ២៣ ​ឆ្នាំ​ទៀត​នោះ បាន​រង​នូវ​គំនាប រង​នូវ​ពាក្យរិះគន់​ពី​មជ្ឈដ្ឋាន​ជុំវិញ ដោយ​គ្រាន់តែ​អ្នកគ្រូ​ស្លៀកពាក់ តុបតែង​ខ្លួន​ទៅតាម​សម័យកាល និង​ទៅតាម​វ័យ​របស់ខ្លួន​នៅក្រៅ​ម៉ោង​ការងារ​។ កញ្ញា​យល់ថា ខ្លួន​គួរតែ​ត្រូវ​ទទួលរង​ការរិះគន់ បើសិនជា​ខ្លួន​បានធ្វើ​អ្វី​ខុសច្បាប់​ប្រការ​ណាមួយ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិសេរីភាព​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ ហេតុអ្វី​ត្រូវ​រង​គំនាប​នេះ​?


កញ្ញា លឹម ជីវ​អៀន​៖ «ចំណុច​នេះ​ខ្ញុំ​យល់ថា​វា​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​សិទ្ធិសេរីភាព​របស់​គ្រូ ព្រោះ​ពួកគាត់​ក៏​ជា​ពលរដ្ឋ​ម្នាក់​ដែរ គាត់​ត្រូវការ​ការកម្សាន្ត ត្រូវការ​បទពិសោធ​ក្នុង​ជីវិត កុំ​ឱ្យតែ​រឿង​នោះ​វា​ខុស​នឹង​ច្បាប់​​»។​

គ្រូបង្រៀន​រូបនេះ​បន្ថែមថា​៖ «​វប្បធម៌​ក្នុងការ​ប្រកាន់​ជ្រុល​នេះ វា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​គ្រូ សូម្បីតែ​ខ្ញុំ​ផ្ទាល់​ពេល​ទៅ​កម្មវិធី​ផ្សេងៗ ត្រូវ​ជ្រើសរើស​សម្លៀកបំពាក់​ណា​ឱ្យ​ត្រូវ​ហើយ​កុំ​ឱ្យគេ​មើល​មក​លើសលស់​...​ពេលខ្លះ​យល់ថា ហេតុ​អី្វ​បានជា​អាជីព​ ១​ ហ្នឹង​មិនអាច​ធ្វើឱ្យ​យើង​មាន​សិទ្ធិសេរីភាព​ក្នុងការ​សម្រេច​ចិ​ត្ព​ពេញលេញ​?»​។​


មិន​ខុសគ្នា​ប៉ុន្មាន​ពី​អ្នកគ្រូ លឹម ជីវ​អៀន អ្នកគ្រូ សុង ស្រីអូន ដែល​បង្រៀន​នៅ​ខេត្តកំពត​ឯណោះ​វិញ ក៏​ត្អូញត្អែរ​ផងដែរ​លើ​គំនាប​ដែល​ខ្លួន​ទទួលបាន​កន្លងមក​។

កញ្ញា សុង ស្រីអូន​៖ «​នៅ​សាលា​យើង​ជា​គំរូ​ដល់​សិស្ស​ក៏ពិតមែន ក៏ប៉ុន្តែ​យើង​ក៏មាន​ពេលវេលា​ឯកជន​របស់​យើង​ដូចគ្នា​»។​

កញ្ញា​បន្តទៀតថា​៖ «​បើ​ខ្ញុំ​ស្លៀកពាក់​ទាន់សម័យ​ទៅ​បំពេញការងារ គឺ​មិន​សមរម្យ​ព្រោះ​ជា​គំរូ​មិនល្អ​ដល់​សិស្ស ប៉ុន្តែ​នៅក្រៅ​ម៉ោង​សិក្សា​គ្រូ​ក៏​មិន​ខុសពី​មនុស្ស​ដទៃទៀត​ដែរ​​»។

អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​ក​ម្ព​ជា​លោក យង់ ពៅ បាន​បង្ហាញថា ការ​ស្លៀកពាក់​ដែល​មិន​ជ្រុល​ហួសហេតុ​ពេក មិន​ចាត់ទុកថា ខុសសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន​ទេ​។ ម្យ៉ាងទៀត គុណ​តម្លៃ​របស់​គ្រូ​ក៏​មិន​កំណត់​លើ​ការ​ស្លៀកពាក់ លើ​ឥរិយាបថ លើ​ការកម្សាន្ដ​របស់​ពួកគេ​នៅក្រៅ​ម៉ោង​បង្រៀន​ដែរ​។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ថ្លែងថា​៖ «​គ្រូ​ជាម​នុស្ស​សាមញ្ញ​ដូច​គេ​ដូច​ឯង ក៏​មិនមែនជា​គំរូ​គ្រប់​រឿង​ដែរ​! បើ​គ្រូ​ជា​គំរូ​គ្រប់​រឿង​នោះ មានន័យថា សង្គម​ឃុំ​គ្រូ​នៅ​នឹង ​១​ កន្លែង ដោយ​មិនឱ្យ​គាត់​មាន​សិទ្ធិ​ទៅ​បំពេញ​សេរីភាព​គាត់​»​។

លោកបង្ហាញ​ការ​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ​សូមឱ្យ​មានការ​កែប្រែ​ទស្សនៈ​លើ​សិទ្ធិសេរីភាព​របស់​គ្រូបង្រៀន ព្រោះ​យូរៗ​ទៅ​វា​អាច​នឹង​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​ក្មេងជំនាន់ក្រោយ​ក្នុងការ​ជ្រើសរើស​អាជីព​ជា​គ្រូបង្រៀន និង​សូមឱ្យ​ពលរដ្ឋ​បង្វែរ​មកឱ្យ​តម្លៃ​លើ​ការបម្រើ​ការងារ​របស់​គ្រូ​ទៅវិញ ព្រោះ​អាជីព​នេះ​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ច្រើនណាស់​៕

កែវ បុស្បា​