​ភ្នំពេញៈ​ ថ្វីដ្បិតតែ​ជា​ប្រទេស​តូច​និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច ប៉ុន្តែ​កម្ពុជា​បាន​បង្កើន​ថវិកាជាតិ​ចំនួន ៣ ​ដង សម្រាប់​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ការ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ និង​បានកំណត់​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ប្រមាណ ​៤២% នៅត្រឹម​ឆ្នាំ​ ២០៣០​។​ ​


នេះ​ជាការ​ថ្លែង​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​សន្និសីទ​គណបក្ស​អន្តរជាតិ ក្រោម​ប្រធានបទ «​គោលនយោបាយ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នៅ​ទីក្រុង Yuzhno-Sakhalinsk, សហព័ន្ធ​រុស្សុី តាម​ប្រព័ន្ធ​វីដេអូ ថ្ងៃទី​ ៦ ខែតុលា ឆ្នាំ ​២០២២​។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ក្នុងការ​រួមចំណែក​ការពារ​បរិស្ថាន​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ដើម្បី​ជំរុញ​សេដ្ឋកិច្ច​បៃតង ដែល​ធន់​នឹង​អាកាសធាតុ ជាមួយនឹង​ការបញ្ចេញ​កាបូន​តិច។ កម្ពុជា​ក៏បាន​កំណត់​ផងដែរ ការអភិវឌ្ឍ​បៃតង និង​ការ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ ជា​សមាសភាព​ដ៏​សំខាន់​នៃ​ការកសាង​ភាព​ធន់​របស់​សេដ្ឋកិច្ចកម្ពុជា នៅក្រោយ​វិបត្តិ​នៃ​ជំងឺកូ​វីដ​ ១៩ និង​បានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ច្បាប់ វិនិយោគ​ថ្មី នូវ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​ថាមពលបៃតង សេដ្ឋកិច្ច​ច​ក្រា និង​កិច្ចការពារបរិស្ថាន។


​លោក​ថ្លែងថា​៖ «​បញ្ហា​បរិស្ថាន​មិន​ស្គាល់​ព្រំដែន​ប្រទេស​ឡើយ ហេតុនេះ​មានតែ​កិច្ចសហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ​ជា​ធ្លុង​មួយ​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម បរិស្ថាន​សកល​ដោយ​ប្រសិទ្ធភាព និង​ជួយសង្គ្រោះ​ភពផែនដី​យើង​ពី​គ្រោះមហន្តរាយ​ទាំងឡាយ​សម្រាប់​ជនានុជន​របស់​យើង​ជា​រៀង​ដរាប​តទៅ​។ ខ្ញុំ​ជឿជាក់ថា យើង​ទាំងអស់​ពិតជា​អាច​ធ្វើបាន​»​។

លោក​បន្តថា​ទៀតថា​៖ «​ឧទាហរណ៍​ល្អៗ​ជាច្រើន​នៃ​សាមគ្គីភាព និង​កិច្ចសហការ​ទាំងនេះ ដូចជា ការអនុវត្ត​ពិធីសារ​ម៉ុងរ៉េអាល់ ដែល​បាន​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​សារធាតបំផ្លាញ​ស្រទាប់​អូហ្សូន បានធ្វើឱ្យ​ខ្ញុំ​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​ពិតជា​អាច​ជម្នះ​នូវ​រាល់បញ្ហា​ទាំងនេះជាមួយគ្នា​បាន​។​»


​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​លើក​កិច្ចសហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ ទាំង​ទ្វេភាគី និង​ពហុភាគី ដោយ​ទុក​ភាពខុសគ្នា​ផ្នែក​ប្រព័ន្ធ​ដឹកនាំ​, នយោបាយ​, វប្បធម៌ និង​ជំនឿ​សាសនា​ដោយឡែក​។ ការគាំទ្រ​ហិរញ្ញវត្ថុ និង​ការផ្ទេរ​បច្ចេកវិទ្យា​ពី​ប្រទេស​អភិវឌ្ឍន៍​ដល់ ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺជា​ការចាំបាច់ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន​សកល​ឱ្យ​កាន់តែ​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

​លោក​បញ្ជាក់ថា​៖«​ជាមួយគ្នានេះ​, យើង​ក៏​គួរ​ផ្តោតជាសំខាន់ ផងដែរ លើ​ការកសាង និង​ការធ្វើសមាហរណកម្ម​ធ​ន​ធាន​មនុស្ស តាមរយៈ​ការចែករំលែក ចំណេះដឹង​អំពី​ការដោះស្រាយ​បញ្ហា​បរិស្ថាន និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ជាដើម ដើម្បី​ឆ្លើយតប​ទៅនឹង​ភាព​បន្ទាន់​នៃ​បញ្ហា​បរិស្ថាន​សកល​»​។

​លោក ​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន​បាននិងកំពុង​អនុវត្ត​វិធានការ​ច្បាប់​ផង និង​វិធានការ​សេដ្ឋកិច្ច​ផង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ ក្នុង​នោះបាន​ជំរុញ និង​គាំទ្រ​ទាំង​បច្ចេកទេស និង​ធនធាន​ដល់​ប្រជា​សហគមន៍​ពង្រឹង​ការដាំដុះ និង​ចិញ្ចឹមសត្វ​សម្រាប់ធ្វើ​ការផ្គត់ផ្គង់​គ្រួសារ និង​ធ្វើការ​នាំចេញ​នៅ​ហ្នឹង​កន្លែង ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន​។​

​លោក​បន្តថា៖ «​បច្ចុប្បន្ននេះ​គឺជា​របត់​ថ្មី​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​យើង​ពេលបច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ចំណូល​ពី​ការអភិរក្ស​របស់ខ្លួន និង​បាននិងកំពុង​លុបបំបាត់​ទស្សនៈ​ថា ទាល់តែ​កាប់​ព្រៃឈើ​ទើបបាន​ប្រាក់ចំណូល​មកជា​ប្រទេស ដែល​ទទួលបាន​ប្រាក់ចំណូល​ពី​ការពារ​និង​អភិរក្ស​ព្រៃឈើ​របស់ខ្លួន ក្រោម​ទិស​ស្លោក​«​រក្សា​ឈើ​ឈរ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​សង្គមជាតិ​។​»

​លោក​គូសបញ្ជាក់ថា កាលដែល​កម្ពុជា​ទទួល​បាន​ជោគជ័យ​លើ​ការលក់​ឥណទាន​កាបូន បាន​លើកតម្កើង​នូវ​កិត្យានុភាព​ជាតិ​កម្ពុជា លើ​ឆាក​អន្តរជាតិ ដែល​មិនមាន​ប្រទេស​ច្រើន​ទេ​ក្នុង​ពិភពលោក​អាចធ្វើ​បាន និង​បាន​ទប់ទល់​ជាមួយនឹង​យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​ក្នុង​រូបភាព​ថា​កម្ពុ​ជាមាន​បទល្មើស​ព្រៃ​ឈើ​ច្រើនជាងគេ​លើ​ពិភពលោក​៕