គណៈប្រតិភូចំនួន ៣០ ប្រទេសបានថ្លែងគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន និងបានអំពាវនាវឱ្យអ្នករាយការណ៍ ពិសេសប្រកាន់យកវិធីសាស្ត្រការងារប្រកបដោយតុល្យភាព និងស្ថាបនា ដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ ស្តីពី «សិទ្ធិមនុស្សក្នុងវិស័យជាច្រើន នៅកម្ពុជាត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ» កាលពីថ្ងៃទី ៦ ខែតុលា កន្លងមកនេះ។
កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះមានការចូលរួមពីគណៈប្រតិភូសរុបចំនួន ៣៩ ប្រទេស។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «គណៈប្រតិភូបានកោតសរសើរចំពោះជោគជ័យ ដែលមានជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាពិសេសយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ ១៩ ដល់ប្រជាជនស្ទើរទូទាំងប្រទេស និងគំនិតផ្តួចផ្តើមនៃកម្មវិធីគាំពារសង្គមជាច្រើន ដើម្បីជួយដល់ស្ត្រី បុគ្គលិកកម្មករដែលត្រូវបានព្យួរពីការងារ នឹងក្រុមងាយរងគ្រោះជាដើម»។
ដោយឡែក គណៈប្រតិភូចំនួន ៩ ប្រទេសផ្សេងទៀតបានចូលរួមក្នុងកិច្ចពិភាក្សានេះដែរ ដោយបានបញ្ចេញមតិទិតៀន និងអំពាវនាវឱ្យកម្ពុជាលើកកម្ពស់លម្ហពលរដ្ឋ និងនយោបាយ រួមទាំងការគោរពបន្ថែមទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្ដុំដោយសន្តិវិធី ព្រមទាំងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ។
ជាមួយគ្នានោះដែរ គណៈប្រតិភូស្ទើរទាំងអស់នោះបានស្វាគមន៍កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួមទាំងការសម្របសម្រួលទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនៅប្រទេសកម្ពុជា និងវឌ្ឍនភាពនៃសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសក្នុងវិស័យសុខាភិបាល។
ក្នុងឱកាសនៃកិច្ចពិភាក្សាគ្នានោះដែរ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ លោក អាន សុខខឿន បានផ្តល់នូវការសង្កេតចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស ដូចជា របាយការណ៍របស់អ្នករាយការណ៍ពិសេស ទទួលស្គាល់យ៉ាងសង្ខេប និងតិចតួចនូវទិដ្ឋភាពវិជ្ជមាននៅកម្ពុជា។
លោកថា៖ «សោកស្តាយចំពោះរបាយការណ៍ ដែលមិនបានឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន ដោយមិនលើកឱ្យមានតុល្យភាព និងពេញលេញនូវអង្គហេតុ និងអង្គច្បាប់ ដែលផ្តល់ដោយស្ថាប័នជាច្រើនរបស់រដ្ឋ បើទោះបីជារាជរដ្ឋាភិបាលបានផ្តល់កិច្ចសហប្រតិបត្តិការពិតប្រាកដយ៉ាងណាក៏ដោយ»។
ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជារូបនេះបានបន្តថា ដោយផ្អែកទៅលើមូលដ្ឋានមិនពេញលេញនោះ អ្នករាយការណ៍ពិសេសបានធ្វើការសន្និដ្ឋានដែលមានចរិតនយោបាយ។ កង្វះភ័ស្តុតាងរឹងមាំបានធ្វើឱ្យប៉ះពាល់ដល់ភាពអាចទុកចិត្តបាន និងភាពមិនលម្អៀងរបស់របាយការណ៍។
តំណាងអចិន្ត្រៃយ៍កម្ពុជាបានថ្លែងបញ្ចប់ដោយគូសបញ្ជាក់ថា៖ «សិទ្ធិមនុស្សមិនផ្តោតលើភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែគឺជាការរត់រយៈចម្ងាយវែង និងផ្តោតលើវឌ្ឍនភាព។ អ្នកតាមដានដែលយុត្តិធម៌ និងមិនលម្អៀង ប្រាកដជាវាយតម្លៃកម្ពុជា ដោយសុទិដ្ឋិនិយម ដូចដែលយើងបានស្ដាប់ឮពីគណៈប្រតិភូដ៏ច្រើនលើសលប់ក្នុងកិច្ចសន្ទនានេះ»។
លោកថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាសន្តិភាពនៅកម្ពុជា ដែលសម្រេចបានដោយលំបាក និងបន្តដំណើរប្រជាធិបតេយ្យប្រកបដោយពហុនិយម ដោយឥតថយក្រោយ៕